លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ចាប់ដៃជាមួយប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ពេលចេញពីប្រជុំនៅរដ្ឋសភា កាលពីព្រឹកថ្ងៃទី១៦ កញ្ញា ឆ្នាំ២០១៣។
RFA/Mom Sophon
អ្នកវិភាគ រំពឹងថា បញ្ហាជាប់គាំង នយោបាយ នឹងត្រូវបាន ដោះស្រាយ ក្រោយជំនួបកំពូល
ដោយ ទីន ហ្សាការីយ៉ា / អាស៊ីសេរី | ២១ កក្កដា ២០១៤
អ្នកដឹកនាំ គណបក្ស ប្រជាជន កម្ពុជា និងគណបក្ស សង្គ្រោះជាតិ គ្រោងនឹងជួបចរចា ថ្នាក់ដឹកនាំកំពូលនៅថ្ងៃទី២២ កក្កដា ដែលមានសមាសភាព ចូលរួមម្ខាង ៨នាក់។
អ្នកវិភាគ លើកឡើង ថា ការចរចា រវាង គណបក្ស ទាំងពីរនេះ អាចនឹង ដោះស្រាយ បញ្ចប់ជម្លោះនយោបាយ ជាប់គាំង ជិតមួយឆ្នាំនេះ បាន ព្រោះថា គណបក្ស ទាំងពីរ ហាក់បី ដូចជាបន្ទន់ឥរិយាបថ រៀងៗខ្លួន។ យ៉ាងនេះក្ដី អ្នកវិភាគ ហៅថា ការចរចានេះ ជាការចាប់បង្ខំ ពីខាងគណបក្ស ប្រជាជន កម្ពុជា ពីព្រោះ បេក្ខជន តំណាងរាស្ត្រជាប់ឆ្នោត គណបក្ស សង្គ្រោះជាតិ ៧នាក់ និងសកម្មជន ម្នាក់ទៀត នៅក្នុងពន្ធនាគារ ដែលអ្នកវិភាគ ហៅការចរចានេះ ថា ជាការចរចា មិនស្មើភាព។
គម្រោង ជួបចរចា ថ្នាក់ដឹកនាំកំពូល រវាង គណបក្ស ទាំងពីរ នឹងជួបគ្នា នៅព្រឹទ្ធសភា នៅថ្ងៃទី២២ កក្កដា នេះ ធ្វើឲ្យ ប្រជាពលរដ្ឋភាគច្រើន និងអ្នកវិភាគ មានការសង្ឃឹមទុកជាមុន ថា អាចដោះស្រាយ ការជាប់គាំង នយោបាយ កើតមានជិត ១ឆ្នាំមកហើយ ក្រោយការបោះឆ្នោត។
មានទឡ្ហីករណ៍ជាច្រើនដែលថា កាលៈទេសៈត្រូវតែឲ្យគណបក្សទាំងពីររកច្រកសមស្របណាមួយ ដើម្បីបញ្ចប់វិបត្តិជាប់គាំងនេះ ពីព្រោះថា គណបក្សប្រជាជនកម្ពុជា នឹងមិនអាចដឹកនាំប្រទេស និងសភាដោយឯកបក្សមិនស្របច្បាប់ទៀតបានទេ ដោយហេតុថា វិបត្តិសង្គមជាច្រើនបានលាតត្រដាងឡើងនៅក្នុងពេលជាប់គាំងនយោបាយ ដែលធ្វើឲ្យប្រជាពលរដ្ឋងើបតវ៉ាប្រឆាំងរដ្ឋាភិបាល។
គណបក្សសង្គ្រោះជាតិវិញ ក៏លំបាកនៅក្នុងការនៅក្រៅសភាបន្តទៀត ដោយសារការតវ៉ាទាមទារផ្សេងៗ ត្រូវបានរដ្ឋាភិបាលឯកបក្សបង្ក្រាបរហូតដល់មានការចាប់ខ្លួនសមាជិករបស់ខ្លួនចំនួន ៨នាក់ថែមទៀត។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត កែម ឡី មានប្រសាសន៍ថា ការចរចានៅថ្ងៃទី២២ កក្កដា កាលៈទេសៈគណបក្សទាំងពីរល្មមរកច្រកបញ្ចប់ជម្លោះនយោបាយដ៏តឹងតែងដាក់គ្នានេះ ដើម្បីបន្ធូរបន្ថយស្ថានភាពនយោបាយឡើងវិញ ពីព្រោះថា វិបត្តិសង្គមជាច្រើនកើតមានដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជា លំបាកនិងទប់ស្កាត់ ហើយកើតមាននូវការធ្វើបាតុកម្មផ្សេងៗជាដើម៖ «សំឡេង»។
គណបក្សជាប់ឆ្នោតទាំងពីរបានចេញសេចក្ដីប្រកាសព័ត៌មានរួមមួយកាលពីថ្ងៃទី២០ កក្កដា អំពីការចរចាបន្តដែលថ្នាក់ដឹកនាំកំពូលគណបក្សទាំងពីរនឹងជួបគ្នានៅថ្ងៃទី២២ កក្កដា ក្នុងស្មារតីបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ និងឯកភាពជាតិ ដោយឈរលើការគោរពផលប្រយោជន៍ប្រទេសជាតិ និងប្រជារាស្ត្រ។ ការចរចានេះផ្អែកលើមូលដ្ឋាននៃការព្រមព្រៀងគ្នាជាគោលការណ៍រវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី តាមទូរស័ព្ទកាលពីថ្ងៃទី៩ មេសា ឆ្នាំ២០១៤។
ការចរចាតាមទូរស័ព្ទរវាងថ្នាក់ដឹកនាំកំពូលកាលពីថ្ងៃទី៩ មេសា បានត្រូវគ្នាស្ទើរតែ ៨០% ទៅហើយ។ ចំណុចដែលលោក ហ៊ុន សែន និងលោក ហ៊ុន សែន ព្រមព្រៀងគ្នានោះ មានដូចជាការស្ថាប័ន គ.ជ.ប នឹងក្លាយជាស្ថាប័នមួយថ្មីចេញពីកិច្ចព្រមព្រៀងនៃគណបក្សទាំងពីរនឹងមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ ការកែទម្រង់ប្រព័ន្ធផ្សព្វផ្សាយ និងការបោះឆ្នោតមុនអាណត្តិ។
ការជួបគ្នាតាមទូរស័ព្ទនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់ឲ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ បង្ខិតមកនៅខែកុម្ភៈ ឆ្នាំ២០១៧ និងចង់បោះឆ្នោតជាតិអាណត្តិទី៦ នៅខែកុម្ភៈ ឆ្នាំ២០១៨ តែលោក សម រង្ស៊ី ចង់បានការបោះឆ្នោតពាក់កណ្ដាលអាណត្តិ គឺនៅឆ្នាំ២០១៦។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ឲ្យលោក អេង ឆៃអ៊ាង មានប្រសាសន៍ថា ការចរចានៅថ្ងៃទី២២ កក្កដា នេះ គណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោក សម រង្ស៊ី ជាប្រធានគណបក្សលោក កឹម សុខា ជាអនុប្រធាន និងលោក ប៉ុល ហំម រួមនឹងជំនួយការជាមន្ត្រីជាន់ខ្ពស់គណបក្សចំនួន ៥រួបទៀត។
រីឯខាងគណបក្សប្រជាជនកម្ពុជាវិញ ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ស ខេង លោក សាយ ឈុំ រួមនឹងជំនួយការជាមន្ត្រីជាន់ខ្ពស់គណបក្សចំនួន ៥រួបទៀត។
លោក អេង ឆៃអ៊ាង បញ្ជាក់ថា ការចរចានេះគឺចរចាជាកញ្ចប់ ដែលគណបក្សសង្គ្រោះជាតិបានបញ្ជូនកញ្ចប់ចរចានេះទៅគណបក្សសង្គ្រោះជាតិរួចហើយកាលពីថ្ងៃទី១៨ កក្កដា។ លោកអះអាងថា ការចរចាជាកញ្ចប់នេះ រួមមាននិយាយពីការដោះលែងបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិទាំង ៧នាក់ និងជំនួយការអ្នកស្រី មូរ សុខហួរ មួយរួបទៀត។
ក្រៅពីនេះមានជជែកអំពីការការកែទម្រង់ គ.ជ.ប និងសភា ការកែទម្រង់ គ.ជ.ប គណបក្សសង្គ្រោះជាតិ ចង់ឲ្យមានសមាសភាពខាងគណបក្សទាំង ២ ម្ខាង ៣ និងមកពីខាងអង្គការសង្គមស៊ីវិលចំនួន ៣នាក់ទៀត សរុបទាំងអស់ ៩នាក់។ ចំពោះការបោះឆ្នោតអនុម័តសមាសភាព គ.ជ.ប នេះ គឺគណបក្សសង្គ្រោះជាតិ ចង់ឲ្យមានការឯកភាពពីគ្រប់គណបក្សដែលមានអាសនៈក្នុងសភា៖ «សំឡេង»។
យ៉ាងនេះក្ដី អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត កែម ឡី បានហៅការចរចានេះជាការចរចាមិនស្មើភាពនៅពេលសមាជិកគណបក្សសង្គ្រោះជាតិចំនួន ៨រួបនៅក្នុងពន្ធនាគារនោះ។ លោកបណ្ឌិត កែម ឡី ហៅការចរចានេះមិនខុសពីការចាប់បង្ខំនោះឡើយ៖ «សំឡេង»។
តំណាងគណបក្សសង្គ្រោះជាតិ និងតំណាងគណបក្សប្រជាជនកម្ពុជា បានជួបគ្នាជាថ្មីម្ដងទៀត កាលពីថ្ងៃទី១២ មិថុនា នៅក្រោយពេលការចរចាតាមទូរស័ព្ទរវាងលោក សម រង្ស៊ី នឹងលោក ហ៊ុន សែន មិនបានសម្រេចទាំងស្រុងនោះ។ ការចរចានៅថ្ងៃទី១២ មិថុនា គណបក្សទាំងពីរបានខ្វែងគំនិតគ្នាទៅលើការជ្រើសរើសសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងការបោះឆ្នោតជ្រើសរើសក្នុងសភា ដោយខាងគណបក្សប្រជាជនកម្ពុជា ចង់បោះឆ្នោតដោយសំឡេង ៥០% បូក ១ ឬសំឡេងភាគច្រើនដាច់ខាត។ ខាងគណបក្សសង្គ្រោះជាតិវិញ ចង់ឲ្យមានការបោះឆ្នោតអនុម័តក្នុងសភាដោយតាមរួបមន្ត ២ ភាគ ៣។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា នៅដំណាក់កាលដែលគណបក្សទាំងពីរមិនទាន់ត្រូវរ៉ូវគ្នាលើការចរចានេះ គណបក្សប្រជាជនកម្ពុជា ហាក់ដូចជាមានបំណងកម្ទេចចោលគណបក្សសង្គ្រោះជាតិ ព្រោះគណបក្សប្រជាជនកម្ពុជា ដឹងខ្លួនថា គណបក្សនេះនឹងធ្លាក់ប្រជាប្រិយកាន់តែខ្លាំង ដូច្នេះហើយបានជារដ្ឋាភិបាលធ្វើសព្វបែបយ៉ាងចំពោះគណបក្សសង្គ្រោះជាតិ រហូតដល់ការចាប់ខ្លួនទៀតនោះ៖ «សំឡេង»។
អ្នកវិភាគពន្យល់ថា របៀបវារៈនៃការចរចាថ្ងៃទី២២ កក្កដា នេះ មិនបានបង្ហាញពីការដូរប្រព័ន្ធបោះឆ្នោត និងដាក់ស្ថាប័ន គ.ជ.ប ជាស្ថាប័នឯករាជ្យ ១០០% ក្ដី តែការជាប់គាំងនយោបាយកន្លងមកនេះ ធ្វើឲ្យប្រជាពលរដ្ឋយល់ដឹងពីសង្គមច្រើន ប្រជាពលរដ្ឋហ៊ានធ្វើការតស៊ូមតិ និងយល់អំពីតម្លៃប្រទេសជាតិ ហើយគណបក្សសង្គ្រោះជាតិ ទាញយកប្រជាប្រិយបានច្រើនពីការជាប់គាំងនយោបាយនេះ។ បញ្ហានេះហើយដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជា គ្មានជម្រើសទើបបានចាប់ខ្លួនបេក្ខជនតំណាងរាស្ត្រ ដើម្បីជាការតថ្លៃក្នុងការចរចា។ អ្នកវិភាគពន្យល់ថា អ្នកជាប់ឃុំទាំងនោះ នឹងដោះលែងវិញភ្លាមៗ ប្រសិនបើការចរចាថ្ងៃទី២២ កក្កដា គណបក្សទាំងពីរឯកភាពគ្នាដោះស្រាយលើរឿងជាប់គាំងនយោបាយនេះ៕
No comments:
Post a Comment