Paris Peace Accords 23 Oct. 1991

Wednesday, July 2, 2014

មន្ត្រី​ជាន់​​​ខ្ពស់ ​របស់​ រដ្ឋាភិបាល​ យោធា​ថៃ ​ស្វែង​រក ​ការ​គាំទ្រ ​ពី​រាជរដ្ឋាភិបាល​ កម្ពុជា


មន្ត្រី​ជាន់​​​ខ្ពស់ ​របស់​ រដ្ឋាភិបាល​ យោធា​ថៃ ​ស្វែង​រក ​ការ​គាំទ្រ ​ពី​រាជរដ្ឋាភិបាល​ កម្ពុជា

វិទ្យុ ​អាស៊ី សេរី | ១ កក្កដា ២០១៤
 
មន្ត្រី​ខ្មែរ ថៃ ៦១០
រដ្ឋមន្ត្រី​ ស្ដីទី ​ក្រសួង ​ការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeon) [ឆ្វេង] ជួប​ពិភាក្សា​ ជាមួយ ​រដ្ឋមន្ត្រី​ ក្រសួង​ ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង នៅ​ថ្ងៃ​ទី​១ កក្កដា ២០១៤។  RFA/Van Vichar

មន្ត្រី​ការ​ទូត​ ជាន់​ខ្ពស់​ របស់ ​រដ្ឋាភិបាល​ យោធា​ថៃ ស្វែងរក​ ការ​គាំទ្រ​ ពី​រាជរដ្ឋាភិបាល​ កម្ពុជា។  នៅ​ថ្ងៃ​ ទី​១ ខែ​កក្កដា រដ្ឋមន្ត្រី​ ស្ដីទី ក្រសួង​ ការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeon) មក​បំពេញ ​ទស្សនកិច្ច​ នៅ​កម្ពុជា ដោយ​ជួប​ពិភាក្សា​ ជាមួយ​លោក ហោ ណាំហុង និង​ជួប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ ពិភាក្សា ​ពី​បញ្ហា​ទំនាក់ទំនង ​ទ្វេ​ភាគី និង​ដោះស្រាយ​ បញ្ហា​មួយ​ចំនួន ​ដែល​កំពុង​ កើតមាន​ រវាង​ ប្រទេស​ ទាំង​ពីរ។


ប្រមុខ​ការទូត​នៃ​រដ្ឋាភិបាល​យោធា​ថៃ សន្យា​ចំពោះ​មន្ត្រី​កម្ពុជា ថា​នឹង​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រទេស​របស់​ខ្លួន​វិល​ត្រឡប់​ទៅ​កាន់​របប​ ប្រជាធិបតេយ្យ​ឡើង​វិញ។ ប្រទេស​ថៃ​ ក៏​​នឹង​រៀបចំ​ការ​បោះ​ឆ្នោត​ឡើង​វិញ​នៅ​ខែ​តុលា ឆ្នាំ​២០១៥ ខាង​មុខ។ ភាគី​ទាំង​ពីរ​ពិភាក្សា​គ្នា​លើ​បញ្ហា​មួយ​ចំនួន រួម​មាន៖ ដំណោះស្រាយ​បញ្ហា​ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ការ​ឯកភាព​គ្នា​បើក​ច្រក​អន្តរជាតិ​ស្ទឹង​បត់ កិច្ច​ព្រមព្រៀង​សាងសង់​ស្ពាន​ផ្លូវ​ដែក​ត​ភ្ជាប់​រវាង​ថៃ និង​កម្ពុជា បញ្ហា​ពលករ​នៅ​ខេត្ត​តាកែវ ចំនួន ១៤​នាក់ ដែល​ត្រូវ​ថៃ ចាប់​ខ្លួន​ពី​បទ​ធ្វើ​ឯកសារ​ស្នាក់នៅ​ក្លែងក្លាយ  និង​បញ្ហា​ទាហាន​ថៃ បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ដែល​ចូល​កាប់​ឈើ​គ្រញូង។ ទោះ​ជា​បែប​ណា​ក្តី សំណុំ​រឿង​ប្រាសាទ​ព្រះវិហារ​ដែល​តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ សម្រេច​សេចក្ដី​ឲ្យ​កម្ពុជា ឈ្នះ​ថៃ ហើយ​តម្រូវ​ឲ្យ​ថៃ ដក​ទ័ព​ចេញ​ពី​ដី​មាន​ជម្លោះ​នោះ មិន​ត្រូវ​បាន​ភាគី​ទាំង​ពីរ​លើក​យក​ពិភាក្សា​ឡើយ។

រដ្ឋមន្ត្រី​ស្ដីទី​ក្រសួង​ការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ ថ្លែង​ប្រាប់​អ្នក​កាសែត​ថា ភារកិច្ច​របស់​លោក​គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន​ជឿ​ ជាក់​លើ​រដ្ឋាភិបាល​យោធា ដែល​ដឹកនាំ​ដោយ​លោក ប្រាយុទ្ធ។

លោក​បន្ត​ថា រដ្ឋាភិបាល​ថៃ នឹង​ធ្វើ​យ៉ាងណា​ឲ្យ​ទំនាក់ទំនង​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំង​ពីរ​កាន់​តែ​ ប្រសើរ និង​ប្រយោជន៍​ទាំង​សង​ខាង។ លោក​បញ្ជាក់​ថា ចំពោះ​រឿងរ៉ាវ​ព្រំដែន​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​នោះ ភាគី​ថៃ​នឹង​ដោះស្រាយ​ជា​ជំហានៗ​តាម​សេចក្ដី​សម្រេច​របស់​តុលាការ​ អន្តរជាតិ៖ «យើង​នឹង​ធ្វើ​តាម​អ្វី​ដែល​បាន​ព្រមព្រៀង​តាម​សាលដីកា​របស់​ តុលាការ​អន្តរជាតិ ហើយ​រឿង​ចាំបាច់​ពេល​នេះ​របស់​ប្រទេស​ថៃ គឺ​ថៃ​រៀបចំ​សណ្ដាប់ធ្នាប់​ផ្ទៃក្នុង​ប្រទេស រហូត​ដល់​បង្កើត​រដ្ឋាភិបាល​រួច​សិន​ចាំ​ធ្វើ​រឿង​នេះ។»

​ចំណែក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ  ណាំហុង វិញ​មាន​ប្រសាសន៍​ថា កម្ពុជា​មិន​បាន​បំភ្លេច​សាលដីកា​តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ ដែល​សម្រេច​បកស្រាយ​សាលក្រម​ក្នុង​សំណុំ​រឿង​ប្រាសាទ​ព្រះវិហារ​ឡើយ។ ប៉ុន្តែ​ការ​ដែល​កម្ពុជា មិន​ទាន់​មាត់​ក​រឿង​អនុវត្ត​សាលដីកា​​នោះ ដោយសារ​កម្ពុជា យោគយល់​ចំពោះ​ភាគី​ថៃ ប៉ុណ្ណោះ ក៏ប៉ុន្តែ​ការ​រង់ចាំ​របស់​កម្ពុជា ក៏​មាន​ពេល​វេលា​កំណត់​ដែរ។

ក្នុង​ជំនួប​ជាមួយ​លោក ហោ ណាំហុង ភាគី​ថៃ បាន​យល់ព្រម​ផ្ដល់​កាដូ​មួយ​ចំនួន​ដល់​ប្រទេស​កម្ពុជា។ ថៃ​យល់​ព្រម​បង្កើត​ទីស្នាក់ការ​ចុះ​ឈ្មោះ​ពលករ​ចំណាកស្រុក​នៅ​តាម​បណ្ដា​ ខេត្ត​តាម​ព្រំដែន​មួយ​ចំនួន​ដើម្បី​ទទួល​ពលករ​ខ្មែរ​ងាយ​ស្រួល​ចុះ​ឈ្មោះ​ ធ្វើ​ការ​ដោយ​ស្រប​ច្បាប់។ យល់​ព្រម​បន្ថយ​រយៈពេល​នៃ​ការ​ស្នើ​សុំ​ទិដ្ឋាការ​ទៅ​ពី​រយៈពេល ៣​ថ្ងៃ​មក​នៅ​ត្រឹម​១​ថ្ងៃ។ ពិចារណា​រឿង​ទាហាន​​ថៃ បាញ់​ពលរដ្ឋ​ខ្មែរ​ដែល​ចូល​កាប់​ឈើ​គ្រញូង និង​យល់​ព្រម​សាងសង់​ស្ពាន​ផ្លូវដែក​ឆ្លង​ព្រំដែន​ជាដើម។ ភាគី​ថៃ ក៏​ចាត់​ទុក​ថា ពលករ​កម្ពុជា ជា​ផ្នែក​មួយ​នៃ​កំណើន​សេដ្ឋកិច្ច​របស់​ថៃ​ទៀត​ផង។

​ទាក់ទង​នឹង​បញ្ហា​នេះ អ្នកស្រាវជ្រាវ​ទំនាក់ទំនង​អន្តរជាតិ លោក​សាស្ត្រាចារ្យ រស់ រ៉ាវុធ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​យោធា​ថៃ ងាក​មក​ពង្រឹង​ការទូត​ជាមួយ​កម្ពុជា ដោយសារ​ប្រយោជន៍​ពីរ​ធំៗ​រួម​មាន ប្រយោជន៍​សេដ្ឋកិច្ច​ពី​វត្តមាន​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​ថៃ និង​រារាំង​កុំ​ឲ្យ​ក្រុម​ប្រឆាំង​រដ្ឋាភិបាល​យោធា​ថៃ ណា​មួយ​មាន​វត្ត​មាននៅ​កម្ពុជា។

លោក​បន្ត​ថា ការ​ពន្យារ​ពេល​ជជែក​រឿង​បញ្ហា​ប្រាសាទ​ព្រះវិហារ អាច​មក​ពី​មន្ត្រី​ធំៗ​កម្ពុជា មាន​ផល​ចំណេញ​ផង​ក៏​មិន​ដឹង។ លោក​យល់​ថា រដ្ឋាភិបាល​កម្ពុជា មិន​ត្រូវ​ពន្យារ​ពេល​អនុវត្ត​សាលដីកា​របស់​តុលាការ​អន្តរជាតិ​របស់​កម្ពុជា ត​ទៅ​ទៀត​ឡើយ៖ «បើ​និយាយ​ពី​រឿង​ខ្សែ​បន្ទាត់​ព្រំដែន​វិញ វា​នៅ​បិទ​បាំង វា​នៅ​លាក់លៀម ហាក់​បី​ដូច​ប្រទេស​ហ្នឹង​សម្រាប់​តែ​អ្នកដឹកនាំ អ៊ីចឹង​កុំ​ភ្លេច​ថៃ អត់​ដែល​ទុក​​មុខ​ឲ្យ​យើង​ទេ។ ទី​១ ថៃ​រុញ​ទម្លាក់​ភ្នំ​ដក​រែក​ដេញ​ឲ្យ​រត់​កាត់​ចំការ​មីន​រាប់​ម៉ឺន​នាក់ ប្រជាជន​ខ្មែរ​តែង​ស្លាប់ ធនធាន​រ៉ែ និង​ទ្រព្យសម្បត្តិ​វប្បធម៌​ខ្មែរ​ជាច្រើន​តែង​ត្រូវ​បាន​ថៃ រំលោភ​យក ថៃ​មិន​ដែល​ទុក​មុខ​ឲ្យ​ខ្មែរ​ទេ។»

​មក​ដល់​ពេល​នេះ ពលករ​ខ្មែរ​ដែល​ថៃ ចាប់​បញ្ជូន​មក​កម្ពុជា​វិញ មាន​ចំនួន​ជាង ២​សែន​នាក់។ ក្នុង​នោះ​មាន​ពលករ​ខ្មែរ​ចំនួន​ជាង ១​ម៉ឺន​នាក់​ហើយ​ដែល​បាន​ស្នើ​សុំ​ទិដ្ឋាការ​ពី​ប្រទេស​ថៃ ដើម្បី​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ៕



No comments:

Post a Comment