អំពើហិង្សានៅជិតស្ពានស្ទឹងមានជ័យ នាថ្ងៃបោះឆ្នោត២៨ កក្កដា ២០១៣
សង្គមស៊ីវិល៖ ជិត១ឆ្នាំ នៃការជាប់គាំង នយោបាយ ស្ថានភាព សិទ្ធិមនុស្ស អាក្រក់បំផុត
ដោយ៖ ពៅ មេត្តា / វីអូឌី | ថ្ងៃព្រហស្បតិ៍ ទី10 កក្កដា 2014
មន្ត្រី អង្គការ សង្គមស៊ីវិល ផ្នែការពារ សិទ្ធិមនុស្ស លើកឡើង ថា ជិត១ឆ្នាំ នៃការជាប់គាំង នយោបាយនេះ ស្ថានភាព នៃការគោរព សិទ្ធិមនុស្ស អាក្រក់បំផុត បើប្រៀបធៀប នឹងការបោះឆ្នោត បួនអាណត្តិមុន។
ការលើកឡើងរបស់មន្ត្រីអង្គការសង្គមស៊ីវិលនៅថ្ងៃទី១០ ខែកក្កដានេះ ខណៈនៅសល់តែ១៨ថ្ងៃទៀតដល់ពេលមួយឆ្នាំ នៃការជាប់គាំងនយោបាយ តែគណបក្ស ទាំងពីរ ដែលមានអាសនៈនៅក្នុង សភា មិនទាន់ រកចំណុច ឯកភាព គ្នាឃើញ។
អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនៃអង្គការលីកាដូ លោក អំ សំអាត លើកឡើងថា នៅក្នុងអំឡុងពេលបក្សទាំងពីរមិនទាន់ឯកភាពគ្នា សិទ្ធិសេរីភាពពលរដ្ឋស្ទើរបាត់ទាំងស្រុង។
អនុប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុកលោក ចាន់ សុវ៉េត លើកឡើងថា បើប្រៀបធៀប៤អាណត្តិមុនគឺជាអាណត្តិទី៥នេះ អាក្រក់ជាងគេ ដោយសារ មានការបាញ់សម្លាប់ប្រជាពលរដ្ឋមិនមានអាវុធក្នុងដៃ ការរំលោភដីធ្លីផ្ទះពលរដ្ឋ វាយដំ គំរាមកំហែងអ្នកសារព័ត៌មាន និងមន្ត្រីការពារសិទ្ធិមនុស្សជាដើម។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ និងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិនៅកម្ពុជា ក៏ធ្លាប់ជំរុញឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ ក្នុងការគោរពសិទ្ធិមនុស្សក្នុងអំឡុងពេល មានវិបត្តិនយោបាយនេះ។
នៅចន្លោះពេលជិត១ឆ្នាំនេះ មនុស្ស៨នាក់បានស្លាប់ដោយសារការបាញ់បង្ក្រាប គឺនៅស្ពានអាកាសក្បាលថ្នល់ម្នាក់ ស្ពានស្ទឹងមានជ័យម្នាក់ និងនៅតាមបណ្តោយផ្លូវវ៉េងស្រេង៦នាក់។
អ្នកស្លាប់ទាំង៨នាក់នោះ សមត្ថកិច្ចមិនទាន់រកអ្នកទទួលខុសត្រូវចំពោះមុខច្បាប់នៅឡើយ បើទោះជារដ្ឋាភិបាលបង្កើតគណៈកម្មការជំនាញស៊ើបអង្កេតក៏ដោយ។
ជុំវិញហិង្សាការរំលោភសិទ្ធិមនុស្សនេះ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិរុញការទទួលខុសត្រូវដាក់គ្នាទៅវិញទៅមក។ គណបក្សប្រជាជនកម្ពុជារបស់លោកហ៊ុនសែន ចោទថា ដោយសារគណបក្សប្រឆាំងញុះញង់ពលរដ្ឋឲ្យតវ៉ាទើបកើតអំពើហិង្សា ចំណែកគណបក្សសង្គ្រោះជាតិចោទថា គណបក្សប្រជាជនកម្ពុជាលួចបន្លំសន្លឹក ឆ្នោត ហើយប្រើអំណាចយោធារំលោភបំពានសិទ្ធិសេរីភាពរបស់ពលរដ្ឋ ទើបនាំឲ្យមានហិង្សាបណ្តាល ឲ្យ ពលរដ្ឋ ស្លាប់៕
No comments:
Post a Comment