លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សម រង្ស៊ី ជួបពិភាក្សារកដំណោះស្រាយនយោបាយ(រូបភាពដោយតាំង វីដា)
លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី ចាប់ផ្តើមចរចាគ្នា
ដោយ៖ តាំង វីដា / វីអូឌី | ថ្ងៃអង្គារ ទី22 កក្កដា 2014
លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន តំណាង ឲ្យគណបក្ស ប្រជាជន កម្ពុជា (CPP) នៅវេលាម៉ោង ជាង៩ព្រឹក ថ្ងៃអង្គារនេះ ចាប់ផ្តើម ការចរចា ជាមួយ លោក សម រង្ស៊ី ប្រធាន គណបក្ស សង្គ្រោះជាតិ (CNRP)។
សមាសភាព គណបក្ស ប្រជាជន កម្ពុជា មានលោក ហ៊ុន សែន លោក សាយ ឈុំ លោក ស ខេង លោក ប្រាក់ សុខុន លោក ព្រុំ សុខា លោក សោម សឿន លោក សក់ សេដ្ឋា និង លោក កើត រឹទ្ធ។ ចំណែក សមាសភាព ពីគណបក្ស សង្គ្រោះជាតិ រួមមាន លោក សម រង្ស៊ី លោក កឹម សុខា លោក ប៉ុល ហំម លោក យឹម សុវណ្ណ លោក យ៉ែម បុញ្ញឫទ្ធិ លោក សុន ឆ័យ លោក គួយ ប៊ុនរឿន និង លោក អេង ឆៃអ៊ាង។
ប្រធានបទ សំខាន់ៗចំនួន៤ ដែលគណបក្ស ទាំងពីរ នឹងចរចារ រកដំណោះស្រាយ គឺ កំណែទម្រង់ ការបោះឆ្នោត, កាលបរិច្ឆេទការ នៃថ្ងៃបោះឆ្នោត, កំណែទម្រង់ ក្នុងស្ថាប័ន រដ្ឋសភា និងកំណែទម្រង់ ស្ថាប័នជាតិ។
ជំនួបនេះ ត្រូវធ្វើឡើង នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០១៤ វេលាម៉ោង ៩ព្រឹក នៅវិមាន ព្រឹទ្ធសភា។សេចក្តីប្រកាសព័ត៌មាន ដែលធ្វើឡើង ដោយគណបក្ស ទាំងពីរ ចេញផ្សាយ កាលពីថ្ងៃអាទិត្យ ឲ្យដឹង ថា គណបក្ស សង្គ្រោះជាតិ និងគណបក្ស ប្រជាជន កម្ពុជា បានឯកភាពគ្នា ដោះស្រាយបញ្ចប់ បញ្ហានយោបាយ ដែលកើតមាន ក្រោយការបោះឆ្នោត ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ដោយផ្អែកលើ មូលដ្ឋាន នៃការព្រមព្រៀងគ្នា ជាគោលការណ៍ រវាង លោក ហ៊ុន សែន និងលោក សម រង្ស៊ី កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៤។ សេចក្តីប្រកាស បន្តថា ការឯកភាពគ្នានេះ ធ្វើឡើង ក្នុងស្មារតី បង្រួបបង្រួមជាតិ ផ្សះផ្សារជាតិ និងឯកភាពជាតិ៕
No comments:
Post a Comment