ប្រជាពលរដ្ឋ ព្រះសង្ឃ និងនិស្សិត ប្រមាណជាង៤០០អង្គ នាក់ ប្រមូលផ្តុំ នៅមុខទូត វៀតណាម ជាថ្មី
ដោយ៖ ណាត សុភាព / វីអូឌី | ថ្ងៃអង្គារ ទី22 កក្កដា 2014
ប្រជាពលរដ្ឋ ព្រះសង្ឃ និងសិស្សនិស្សិត ប្រមាណ៤០០ អង្គ នាក់ បន្តជួបជុំ នៅមុខស្ថានទូត វៀតណាម នៅព្រឹកថ្ងៃអង្គារនេះ ទៀត ដើម្បី ទាមទារ ឲ្យមន្ត្រីស្ថានទូតនេះ សុំទោស ចំពោះការនិយាយ ថា "ទឹកដី កម្ពុជាក្រោម ជារបស់វៀតណាម តាំងពីដើមមក"។
ប្រជាពលរដ្ឋ ព្រះសង្ឃ និងសិស្សនិស្សិត ជាង៤០០នាក់ នោះ មានលើកបដា ប្រើឧបករណ៍បំពងសំឡេង មានច្រៀងចម្រៀង ទឹកដី កម្ពុជាក្រោម ច្រៀងបទចម្រៀង ដែលបង្ហាញ ពីការរួបរួមជាតិ និងការថ្លែងសារ ពីតំណាង ក្រុមដឹកនាំ ទាមទារ ឲ្យអ្នកនាំពាក្យ ស្ថានទូត វៀតណាម សុំទោស ជាដើម។
កាលពីដើមខែមិថុនា អ្នកនាំពាក្យស្ថានទូតវៀតណាម លោក ត្រឹង វ៉ាន់ថុង ថ្លែងថា "ទឹកដីកម្ពុជាក្រោមដែលមានប្រជាជនខ្មែររស់នៅជាង១០លាននាក់នោះ ជាទឹកដីវៀតណាមតាំងពីដើមមក មិនមែនកាត់ចេញពីកម្ពុជាទេ"។ ការថ្លែងនេះ នាំឲ្យប្រជាពលរដ្ឋខ្មែរតវ៉ាជាបន្ទាប់ ហើយអះអាងថា អ្នកនាំពាក្យស្ថានទូតវៀតណាមរូបនោះ បន្លំប្រវត្តិសាស្ត្រ ដោយសំអាងថា ទឹកដីកម្ពុជាក្រោមបារាំងកាត់ចេញពីកម្ពុជានៅឆ្នាំ១៩៤៩ ឲ្យវៀតណាមគ្រប់គ្រង។
នៅព្រឹកថ្ងៃចន្ទម្សិលមិញព្រះសង្ឃ ប្រជាពលរដ្ឋ និងនិស្សិតប្រមាណ១ម៉ឺនអង្គនាក់ បានយកញត្តិទៅដាក់នៅស្ថានទូតវៀតណាម បន្ទាប់ពីពួកគាត់បានដាក់ញត្តិទៅស្ថានទូតចំនួន៦ទៀត រួមមានស្ថានទូតបារាំង អង់គ្លេស អាមេរិក រុស្សី ចិន និងសហគមន៍អឺរ៉ុប។ តែស្ថានទូតវៀតណាម មិនចេញទទួលញត្តិនោះទេ ខណៈទូតចំនួន៦ផ្សេងទៀតទទួលយក៕
No comments:
Post a Comment