បណ្ដាញសហគមន៍ ព្រៃឡង់ នៅក្រចេះ បារម្ភ ចំពោះ ការវិនាស ហិនហោច ព្រៃឈើ
RFA | ៤ កក្កដា ២០១៤
ពលរដ្ឋ និងបណ្ដាញ សហគមន៍ ការពារ ព្រៃឡង់ នៅខេត្ត ក្រចេះ កំពុងព្រួយបារម្ភ កាន់តែ ខ្លាំង ចំពោះ ការវិនាស ហិនហោច ព្រៃឈើ ក្នុងតំបន់ ព្រៃឡង់ បន្ទាប់ ពីកើតមាន ករណី ចូលរួម បំផ្លាញ ធនធានធម្មជាតិ ទាំងនោះ ពីសំណាក់ កងកម្លាំង ប្រដាប់អាវុធ។
បណ្ដាញសហគមន៍បានរកឃើញថា កងទាហាននៅវរៈសេនាតូចលេខ០២ នៅឃុំកំពង់ចាម ស្រុកសំបូរ បានធ្វើសកម្មភាពកាងឈើដែលកាប់នៅក្នុងតំបន់ព្រៃឡង់ដោយខុស ច្បាប់។
ការរកឃើញថា កងទាហាននៅកងវរៈសេនាតូចលេខ០២ ជាអ្នកចូលដៃជើងក្នុងការបិទបាំងបទល្មើស និងការពារឈ្មួញ គឺនៅក្នុងពេលដែលប្រជាសហគមន៍ការពារធនធានព្រៃឈើដើរល្បាត នៅតំបន់ព្រៃឡង់ក្នុងស្រុកសំបូរ ខេត្តក្រចេះ កាលពីថ្ងៃទី២ កក្កដា ស្របពេលដែលបទល្មើសកាប់បំផ្លាញព្រៃឈើនៅតែបន្តកើតមាន។
ប្រជាពលរដ្ឋម្នាក់នៅឃុំកំពង់ចាម ស្រុកសំបូរ អ្នកស្រី ម៉ៅ ឱ្យដឹងថា ពួកគាត់ប្រមាណ ៦០នាក់ នាំគ្នាចុះល្បាតនៅក្នុងតំបន់ព្រៃឡង់ ដើម្បីពិនិត្យករណីកាប់បំផ្លាញព្រៃឈើ កាលពីពេលកន្លងទៅ។ ក្នុងការពិនិត្យនោះ ពួកគាត់បានខកចិត្តនៅពេលឃើញទាហាននៅកងវរៈ០២ ប្រដាប់ដោយអាវុធ បែរជាការពារដល់អ្នកប្រព្រឹត្តិបទល្មើសទៅវិញ។
អ្នកស្រី ម៉ៅ៖ «ព្រួយបារម្ភដែរ ព្រោះថា នៅពេលខ្ញុំចុះធ្វើការទៅ គេមានគ្រឿងអាវុធគ្រឿងអីអ៊ីចឹង មិនអាចធ្វើអីគេបានអ៊ីចឹង យើងខ្លាចៗគេនៅក្នុងព្រៃ បើយើងធ្វើការដោះស្រាយទៅ បើដៃទទេដូចគ្នាទៅមានអី។»
បណ្ដាញស្នូលសហគមន៍ព្រៃឡង់ ម្នាក់ទៀតថ្លែងក្នុងលក្ខខណ្ឌមិនឱ្យបញ្ចេញឈ្មោះ ឱ្យដឹងដែរថា ខណៈពួកគាត់កំពុងល្បាតព្រៃនោះ ឃើញមានបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ជាច្រើនរទេះ។ លោកបន្តថា ឃើញមានទាហានកងវរៈ០២ នៅក្នុងឃុំកំពង់ចាម ៣នាក់ ប្រដាប់ដោយកាំភ្លើង ធ្វើការរារាំងដំណើររបស់ពួកគាត់ មិនឱ្យចូលទៅតំបន់ដែលមានករណីកាប់បំផ្លាញព្រៃឈើទៅវិញ។ លោកយល់ថា ការកាប់បំផ្លាញព្រៃឈើនៅស្រុកខ្មែរ គឺកើតចេញពីមន្ត្រីកងកម្លាំងប្រដាប់អាវុធ រួមនឹងអាជ្ញាធរមន្ត្រីដែលពាក់ព័ន្ធបែបនេះឯង៖ «បើតាមពិត ខ្ញុំយល់ថា ពួកគាត់ជាអ្នករួមបំផ្លាញព្រៃឈើ ដោយសារអាថ៌កំបាំងពួកមេខាងលើ ប្រហែលជាគាត់មិនយកចិត្តទុកដាក់លើកូនចៅរបស់ពួកគាត់ទេ។ អ៊ីចឹងការកាប់បំផ្លាញព្រៃឈើ គឺកើតឡើងដោយពួកគាត់ទាំងអស់នេះឯង។»
ពលរដ្ឋបារម្ភថា ប្រសិនបើក្រុមកងកម្លាំងអាជ្ញាធរ និងមន្ត្រីជំនាញថ្នាក់លើ មិនអើពើចំពោះសកម្មភាពរបស់មន្ត្រីខ្លួន ឬកម្លាំងខ្លួន ដែលតែងតែឆក់យកឱកាស ដើម្បីប្រព្រឹត្តបទល្មើសកាប់បំផ្លាញព្រៃឈើតទៅទៀតនោះ អនាគតព្រៃនៅស្រុកខ្មែរ នឹងវិនាសក្នុងពេលឆាប់ៗ។
ទាក់ទងទៅនឹងការចោទប្រកាន់នេះ មេកងកម្លាំងអនុសេនាធំលេខ០៦ ស្ថិតក្រោមចំណុះកងវរៈសេនាតូចលេខ០២ លោក មាស ចាន់នឿង បានបដិសេធទៅនឹងការចោទប្រកាន់ ដោយលោកបញ្ជាក់ថា នៅពេលក្រុមកងកម្លាំងលោកចុះទៅនោះ គឺមានការបញ្ជាពីថ្នាក់លើ ដើម្បីចុះទៅពិនិត្យពីបញ្ហាបទល្មើសកាប់បំផ្លាញព្រៃឈើខុសច្បាប់ តំបន់នោះដែរ។ លោកបន្តថា នៅពេលចុះ គាប់ជួនគោយន្តរបស់ទាហានទាំងនោះជាប់ផុងនៅចំណុចថ្មកំបោជ្រោង ក៏បានជួបជាមួយក្រុមបណ្ដាញព្រៃឡង់តែម្តង ប៉ុន្តែបែរជាប្រជាពលរដ្ឋចោទប្រកាន់ថា ពួកគាត់កាងឈើទៅវិញ៖ «អត់ មានទេបង! កម្លាំងហ្នឹងខ្ញុំឱ្យចុះទៅធ្វើការចុះទៅធ្វើការ ព្រោះគេថាមានរាយការណ៍ថា មានកម្លាំងចុះទៅកាប់ឈើកាប់អីនៅព្រៃឡង់ហ្នឹង មេគាត់ឱ្យចុះទៅមើល។»
លោកបន្ថែមទៀតថា នៅតំបន់នោះពិតជាមានបទល្មើសព្រៃឈើមែន ហើយភាគច្រើន គឺប្រជាពលរដ្ឋនៅទីនោះ គាត់នាំគ្នាកាប់យកសង់ផ្ទះ។ ចំណែកឈើ ៥គោយន្ត ដែលប្រជាសហគមន៍អះអាងថា ទាហានកាងនោះ គឺជារបស់ប្រជាពលរដ្ឋដែលកាប់យកធ្វើផ្ទះតែប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ នាយកអង្គការការពារធនធានធម្មជាតិ លោក ឈឹម សាវុធ មើលឃើញថា តាមការចុះពិនិត្យរបស់លោកកន្លងមក ភាគច្រើននៃអ្នកកាប់បំផ្លាញព្រៃឈើ និងរកស៊ីរបរឈើខុសច្បាប់នៅក្នុងប្រទេសកម្ពុជា គឺជាកម្លាំងប្រដាប់អាវុធ និងមន្ត្រីមានអំណាចតែម្តង។ បើទោះបីជាពួកគេទាំងនោះមិនបានប្រព្រឹត្តផ្ទាល់ ក៏បានប្រព្រឹត្តដោយប្រយោលដែរ។ លោកបញ្ជាក់ថា ប្រសិនបើយកច្បាប់ព្រៃឈើមកអនុវត្តត្រឹមត្រូវវិញនោះ កងកម្លាំងប្រដាប់អាវុធ មន្ត្រីជំនាញ និងអាជ្ញាធរភាគច្រើន នៅក្នុងជួររដ្ឋាភិបាល សុទ្ធតែពាក់ព័ន្ធក្នុងការរួមចំណែកបំផ្លាញធនធានធម្មជាតិមួយនេះ៕
No comments:
Post a Comment