ក្រុមជនពិការ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថតរូបអនុស្សាវរីយ ក្នុងខួបលើកទី៤ នៃការប្រកាសឲ្យប្រើប្រាស់ច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់ជនពិការ នាសណ្ឋាគារភ្នំពេញ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៣។
RFA/Ouk Savborey
រដ្ឋាភិបាល ដាក់កំហិត ឲ្យស្ថាប័នរដ្ឋ រើសជនពិការ ចូលធ្វើការ ឲ្យបាន ២% នៃបុគ្គលិកសរុប
ដោយ កែវ និមល / អាស៊ីសេរី | ០៣ កក្កដា ២០១៤
រដ្ឋាភិបាល កម្ពុជា បានដាក់កំហិត ឲ្យក្រសួងស្ថាប័ន ក្រោមបង្គាប់ របស់ខ្លួន អនុវត្ត ការជ្រើសរើស ជនពិការ ចូលធ្វើការ តាមអត្រាកំណត់ទូទៅ ចំនួន ២% និងធ្វើការ ផាកពិន័យ ឲ្យបង់ប្រាក់ បើសិន ជាមិនអាច អនុវត្ត បញ្ជានេះបាន។
រដ្ឋាភិបាលកម្ពុជា បានចាប់ផ្ដើមរឹតបន្តឹងក្រសួង មន្ទីរ ក្រោមបង្គាប់របស់ខ្លួន ឲ្យអនុវត្តគោលនយោបាយលើកកម្ពស់សិទ្ធិជនពិការ ជាពិសេសការជ្រើសរើសជនពិការឲ្យចូលធ្វើការតាមស្ថាប័នរដ្ឋ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅថ្ងៃទី៣ កក្កដា ថា មកទល់បច្ចុប្បន្ននេះ មានជនពិការចំនួនជាង ២ពាន់នាក់ (២.៤៦០) ហើយ ដែលបានទទួលការងារធ្វើនៅតាមក្រសួងមន្ទីរចំនួន៤០៖ «គ្រប់ក្រសួងស្ថាប័នរដ្ឋ និងវិស័យឯកជន ត្រូវអនុវត្តការជ្រើសរើសជនពិការឲ្យចូលរួមបម្រើការងារតាមស្ថាប័ន និងក្រុមហ៊ុននីមួយៗ តាមអត្រាកំណត់ក្នុងរយៈពេល ៣ឆ្នាំ ដោយត្រូវជ្រើសរើសជនពិការ ២% សម្រាប់ក្រសួងស្ថាប័នរដ្ឋ និង ១% សម្រាប់វិស័យឯកជន។ ក្នុងន័យនេះ ក្រុមប្រឹក្សាសកម្មភាពជនពិការ ត្រូវបន្តជំរុញការអនុវត្តអត្រាជនពិការក្នុងការងារឯកជន។»
មន្ត្រីលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានឲ្យដឹងថា ប្រាក់ដែលត្រូវបង់នោះមានចំនួនប្រហែល ២០ម៉ឺនរៀល សម្រាប់ការខកខានក្នុងការជ្រើសរើសជនពិការមួយរូបចូលធ្វើការតាមក្រសួងស្ថាប័នរដ្ឋ។ ដូច្នេះ បើសិនជាស្ថាប័នណាមួយខកខានជ្រើសរើសច្រើនរូប គឺត្រូវបង់ប្រាក់ច្រើនទៅតាមចំនួនកំណត់នោះ។
លោក ឡៅ វ៉េង នាយកលេខាធិការដ្ឋាននៃក្រុមប្រឹក្សាសកម្មភាពជនពិការ មានប្រសាសន៍ឲ្យដឹងថា ការគិតអត្រា ២% នោះ គឺតាមចំនួនជាក់ស្តែងនៃមន្ត្រីស្ថាប័ននីមួយៗ។ ឧទាហរណ៍ថា ក្រសួងមួយមានមន្ត្រីសរុប ១.០០០នាក់ ដូច្នេះក្រសួងនោះត្រូវជ្រើសរើសជនពិការចំនួន ២% នៃចំនួនមន្ត្រីរបស់ខ្លួនដែលត្រូវជា ២០នាក់។ បើសិនជាក្រសួងនោះរើសជនពិការបានតែ ១០នាក់ ដូច្នេះគេត្រូវបង់ប្រាក់ខកខានការជ្រើសរើសនោះចំនួន ១០នាក់ ទៅក្នុងហិបមូលនិធិជនពិការ។
ទាក់ទងចំនួនជនពិការត្រូវជ្រើសរើសតាមអត្រាកំណត់ ២% នៃចំនួនសរុបរបស់មន្ត្រីនៃក្រសួងមន្ទីរនីមួយៗ ចូលធ្វើការតាមក្រសួងស្ថាប័នរដ្ឋនោះ លោក ហ៊ុន សែន បានសុំឲ្យរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងក្រសួងអប់រំ ពិចារណាឡើងវិញពីចំនួននេះ ពីព្រោះក្នុងចំណោមមន្ត្រីរាជការរដ្ឋធ្វើការទាំងអស់ ១៩ម៉ឺននាក់នោះ គឺក្រសួងអប់រំ យុវជន និងកីឡា មានចំនួនមន្ត្រីប្រមាណ ១១ម៉ឺននាក់។ ដូច្នេះ បើជ្រើសរើសជនពិការមិនបានតាមអត្រាកំណត់ ២% នោះ គឺក្រសួងអប់រំ យុវជន និងកីឡា ត្រូវបង់ប្រាក់ភាគទានជាច្រើនឲ្យដល់ហិបប្រាក់ជនពិការ៖ «បើយើងគ្របដណ្ដប់ទាំងអស់ហ្នឹង គឺវាធ្ងន់ធ្ងរពេកសម្រាប់ក្រសួងអប់រំ។ នេះគ្រាន់តែជាការផ្តល់មតិបន្តិច ដើម្បីឲ្យមានការពិភាក្សាគ្នា ធ្វើឲ្យបានភាពជាក់ស្តែង បើមិនអ៊ីចឹងទេ វាគ្រាន់តែដាក់ទៅអនុវត្តអត់បាន។ ប៉ុន្តែនិយាយដូច្នេះមិនមែនបើកឲ្យក្រសួងនានា មកសុំឲ្យខ្លួនរួចខ្លួនទេ។»
លោក ឡៅ វ៉េង នាយកលេខាធិការដ្ឋាននៃក្រុមប្រឹក្សាសកម្មភាពជនពិការ បានឲ្យដឹងថា ការជ្រើសរើសជនពិការចូលធ្វើការតាមក្រសួងស្ថាប័នរដ្ឋនោះ មានស្ថាប័នខ្លះរើសបានគ្រប់ និងលើសចំនួនកំណត់ តែស្ថាប័នខ្លះរើសមិនបានគ្រប់អត្រាកំណត់ទេ។ ចំពោះមូលហេតុនៃការរើសមិនបានតាមការកំណត់នោះ គឺមានទាក់ទងជាមួយស្ថាប័នខ្លះ និងករណីខ្លះ គឺទាក់ទងជាមួយជនពិការខ្លួនឯងតែម្តង៖ «យើងសង្កេតឃើញថា ជនពិការគាត់មិនមកដាក់ពាក្យទី១ ទី២ ទាក់ទងលក្ខណៈគាត់ត្រូវជ្រើសរើសនោះ គាត់លើសអាយុ។ យើងមិនរើសអើងទេ អំពីពិការភាពរបស់គាត់ ប៉ុន្តែលក្ខខណ្ឌអាយុ គឺយើងអនុវត្តដូចអ្នកមិនពិការដែរ»។
ចំពោះជនពិការខ្លួនឯងវិញមានកត្តាលំបាកខ្លះ ដែលធ្វើឲ្យពួកគេមិនអាចស្វែងរកការងារធ្វើតាមក្រសួងមន្ទីរស្ថាប័នរដ្ឋបាន។
លោក ងិន សៅរត្ន នាយកប្រតិបត្តិអង្គការជនពិការកម្ពុជា មានប្រសាសន៍ឲ្យដឹងថា ជនពិការភាគច្រើននៅមានការភ័យខ្លាច ក្នុងការដាក់ពាក្យធ្វើការនៅតាមក្រសួងមន្ទីរស្ថាប័នរដ្ឋ ហើយបច្ចុប្បន្ននៅតាមក្រសួងមន្ទីរនានានោះ មិនទាន់មានជនពិការគ្រប់ ២% តាមអត្រារដ្ឋាភិបាលកំណត់នៅឡើយទេ៖ «ក្នុងករណីគាត់ចង់ចូលរួម ចំណេះដឹងទូទៅមានការលំបាក អ៊ីចឹងទេការចូលរួមប្រកួតរបស់គាត់មានការស្ទាក់ស្ទើរច្រើន។ មួយទៀត បងប្អូនជនពិការទាំងអស់នោះ ខ្វះភាពក្លាហាន និងមិនជឿលើប្រព័ន្ធជ្រើសរើស។ គាត់ខ្លាចមានការទាមទារលុយកាក់។»
លោក ងិន សៅរត្ន បានឲ្យដឹងបន្ថែមថា ការអាណិត និងគោរពជនពិការពីសាធារណជន គឺនៅតិចតួច និងនៅមានការរើសអើងនៅឡើយ។ ម្យ៉ាងទៀត ជនពិការភាគច្រើន រៀនបានតិចតួច ហើយការចូលរួមក្នុងសកម្មភាពសង្គមក៏នៅតិចដែរ។
ជនពិការមួយរូប លោក ចាប ទីតូ នៅក្នុងសមាគមតន្ត្រីសំនៀងជនពិការ បានឲ្យដឹងថា នៅក្នុងសង្គមកម្ពុជា នៅមានការរើសអើងជនពិការច្រើន។ លោកថ្លែងថា លោកធ្លាប់ទទួលការប្រមាថដោយសាររូបលោកជាជនពិការ និងមានការយកចិត្តទុកដាក់តិចតួច បើធៀបជាមួយមនុស្សមិនពិការ៖«ភាគច្រើនរើសអើង និងធ្វើត្រាប់ និងពេលខ្លះមើលងាយ ដោយជេរប្រមាថជនពិការតែម្តង។ ប្រជាពលរដ្ឋខ្លះគេមិនឲ្យតម្លៃលើជនពិការទេ។ កាលណាគាត់ឃើញជនពិការកាន់ស៊ីឌីលក់អី គាត់ស្រែកជេរជនពិការ ថាអើយរូបរាងប៉ុណ្ណឹងដែរម៉េចមកលក់អ៊ីចឹងៗណា។»
បច្ចុប្បន្ន តួលេខសរុបជនពិការនៅកម្ពុជា មិនដូចគ្នាទេ ប៉ុន្តែប្រភពអង្គការនានាបានឲ្យដឹងថា មានចំនួនពី ៣០ម៉ឺននាក់ ទៅដល់ ៥០ម៉ឺននាក់៕
No comments:
Post a Comment