អូស្ត្រាលី សន្យា ផ្តល់ជំនួយថវិកា ជិត៣លានដុល្លារ អាមេរិក ដល់សាលាក្តីខ្មែរក្រហម
ដោយ៖ ស៊ុន ណារិន / វីអូឌី | ថ្ងៃចន្ទ ទី7 កក្កដា 2014
រដ្ឋាភិបាល អូស្ត្រាលី សន្យា ផ្តល់វិភាគទាន ហិរញ្ញវត្ថុ ថ្មីចំនួន ៣,២៥លានដុល្លារ អូស្ត្រាលី (ប្រមាណ ៣លាន ដុល្លារ អាមេរិក) ជូនដល់ ភាគីអន្តរជាតិ នៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក)។
សេចក្តីប្រកាសព័ត៌មាន របស់ សាលាក្តី ខ្មែរក្រហម ចេញផ្សាយកាលពីសប្តាហ៍មុន ឲ្យដឹងថា ជាមួយការសន្យាថ្មីនេះ រហូតមកដល់ពេលនេះ ប្រទេសអូស្ត្រាលី បានផ្តល់វិភាគទាន ហិរញ្ញវត្ថុ សរុបចំនួន ជាង២៦លានដុល្លារ អូស្ត្រាលី ដល់ អ.វ.ត.ក ។ សេចក្តីប្រកាស បន្តថា អូស្ត្រាលី គឺជាម្ចាស់ជំនួយ ធំទី២ របស់ អ.វ.ត.ក និងបានគាំទ្រ តុលាការ នេះ ចាប់តាំងពី ការបង្កើតមកម្ល៉េះ។
ថ្មីៗនេះ មហាសន្និបាតអង្កការសហប្រជាជាតិ បានអនុម័តលើកញ្ចប់ថវិកាឧបត្ថម្ភធនចំនួន១៥,៥លានដុល្លារអាមេរិកដល់ភាគីអន្តរជាតិនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលនឹងបន្ថែមទៅលើការផ្តល់វិភាគទានស្ម័គ្រចិត្តសម្រាប់ភាគីអន្តរជាតិនៃសាលាក្តី សម្រាប់រយៈពេលពីថ្ងៃទី១ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤។
តាមគម្រោងថវិកាសម្រាប់ឆ្នាំ២០១៤-២០១៥ ភាគីជាតិ និងអន្តរជាតិ ត្រូវការថវិកាសរុបសម្រាប់ឆ្នាំ២០១៤ ចំនួន៣១,៦លានដុល្លារអាមេរិក និងសម្រាប់ឆ្នាំ២០១៥ ចំនួន២៨,៩លានដុល្លារអាមេរិក។ក្នុងឆ្នាំ២០១៤ ភាគីជាតិនៃសាលាក្តីខ្មែរក្រហម ត្រូវការ ៦,៤លាន ដុល្លារអាមេរិក និងភាគីអន្តរជាតិ ២៥,២លានដុល្លារអាមេរិក។ ក្នុងឆ្នាំ២០១៥ ភាគីជាតិ ត្រូវការ៦លានដុល្លារអាមេរិក និងភាគីអន្តរជាតិ ត្រូវការ២២,៩ លានដុល្លារអាមេរិក៕
No comments:
Post a Comment