ពលរដ្ឋខ្មែរ ធ្វើបាតុកម្ម មុខទូត វៀតណាម នៅវ៉ាស៊ីនតោន
វិទ្យុ អាស៊ី សេរី | ២៥ កក្កដា ២០១៤
ព្រះសង្ឃជា ច្រើនអង្គ និងពលរដ្ឋ ខ្មែរ-អាមេរិកាំ រាប់រយនាក់, រួមមាន ខ្មែរក្រោម ផងដែរ, បាននាំគ្នា ធ្វើបាតុកម្ម តវ៉ា កាលពីថ្ងៃសុក្រ ទី២៥ ខែកក្កដា នេះ ដើម្បី តវ៉ា និងទាមទារ ឲ្យស្ថានទូត វៀតណាម ប្រចាំ នៅរដ្ឋធានី វ៉ាស៊ីនតោន ទទួលស្គាល់ ប្រវត្តិសាស្ត្រ នៃទឹកដី ខ្មែរកម្ពុជាក្រោម ដែលបារាំង បានកាត់ ឲ្យវៀតណាម កាន់កាប់កាល ពីថ្ងៃ ទី៦ ខែមិថុនា ឆ្នាំ១៩៤៩។
ប្រជាពលរដ្ឋ ខ្មែរ ប្រមាណជា ៥០០នាក់ ដែលបាន ធ្វើដំណើរ មកពីរដ្ឋ ជាច្រើន, ក្នុងនោះ រួមមាន រដ្ឋ Georgia, North Carolina, New Jersey, Ohio, Pennsylvania, Maryland, Virginia និង DC ជាដើម, បាននាំគ្នា លើកបដា រៀងខ្លួនៗ នៅមុខស្ថានទូត វៀតណាម ដែលសរសេរ ថា, វៀតណាម ត្រូវ សុំទោសខ្មែរ និងទទួលស្គាល់ ការពិត ថា, ទឹកដី កម្ពុជាក្រោម ជារបស់ខ្មែរ។
ស្ត្រី ខ្មែរ-អាមេរិកាំង ម្នាក់មក ពីរដ្ឋ Virginia អ្នកស្រី ជា ម៉ារី បានប្រាប់ វិទ្យុ អាស៊ី សេរី ថា, ខ្មែរ នៅសហរដ្ឋ អាមេរិក ដែលមក ចូលរួម ធ្វើបាតុកម្មនេះ គឺ មិនចង់ ទាមទារ យកទឹកដី ខ្មែរក្រោម មកវិញទេ គឺ គ្រាន់តែ ចង់ឲ្យ រដ្ឋាភិបាល វៀតណាម ទទួលស្គាល់ ការពិតប៉ុណ្ណោះ។
ប្រធានវិទ្យុសំបុក្រឃ្មុំ លោក ម៉ម សូណង់ដូ ដែលកំពុងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក ក៏បានចូលរួមក្នុងបាតុកម្មនោះដែរ។
តំណាងក្រុមបាតុករបានប្រគល់ញត្តិទៅឲ្យឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន និងបានរំសាយគ្នានៅរសៀលថ្ងៃដដែល។
កាលពីខែមិថុនា ឆ្នាំ២០១៤ កន្លងមកនេះ អ្នកនាំពាក្យស្ថានទូតវៀតណាម នៅប្រចាំកម្ពុជា បានប្រាប់វិទ្យុអាស៊ីសេរីតាមទូរស័ព្ទថា ទឹកដីកម្ពុជាក្រោម ជារបស់វៀតណាម ជាយូរលង់ណាស់មកហើយ។ ចាប់ពីពេលនោះមក សមាគមយុវជន និងសមាគមខ្មែរកម្ពុជាក្រោម បានធ្វើបាតុកម្មតវ៉ាជាបន្តបន្ទាប់ ដើម្បីឲ្យស្ថានទូតវៀតណាម សុំទោសនិងទទួលស្គាល់ការពិត ប៉ុន្តែរហូតមកដល់ពេលនេះ នៅពុំមានទាន់មានការឆ្លើយតបណាមួយនោះឡើយ៕
No comments:
Post a Comment