លោក ឈាង វុន ថា, អំពើហិង្សា នៅផ្លូវ វ៉េងស្រេង មិនធ្ងន់ធ្ងរ ដូចនៅ ទីលាន ប្រជាធិបតេយ្យ
RFA | ១៨ កក្កដា ២០១៤
សមាជិក សភា គណបក្ស ប្រជាជនកម្ពុជា ថ្លែង នៅក្នុង សន្និសីទសារព័ត៌មាន ថា, អំពើហិង្សា នៅស្ពាននាគ ក្បែរទីលាន ប្រជាធិបតេយ្យ កាលពីថ្ងៃ ទី១៥ កក្កដានេះ គឺ ធ្ងន់ធ្ងរ ជាងអំពើហិង្សា នៅពេល កងកម្លាំង នៃកងពល ពិសេស៩១១ បង្ក្រាប ការតវ៉ា របស់ ក្រុមកម្មករ រោងចក្រ នៅផ្លូវ វ៉េងស្រេង ដែលធ្វើ ឲ្យមនុស្សស្លាប់ ៤នាក់ និងរបួស ជាច្រើននាក់ នោះទៅទៀត។
លោក ឈាង វុន ប្រធានគណៈកម្មការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា មានប្រសាសន៍ ថា, អំពើហិង្សា នៅផ្លូវ វ៉េងស្រេង និងនៅរោងចក្រ យ៉ាក ជីន ដែលរហូត ដល់បាញ់ មនុស្សស្លាប់ក្ដី, តែ មើលទៅ គ្មាន រូបភាពអាក្រក់ និងសាហាវ ដូចអំពើហិង្សា នៅក្បែរ ទីលាន ប្រជាធិបតេយ្យ នេះទេ។ លោក ថ្កោលទោស ចំពោះ អំពើ អនាធិបតេយ្យនេះ។
លោក ឈាង វុន ចាត់ទុកសកម្មភាពប៉ះទង្គិចគ្នារវាងក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះ ជាតិ និងកងសន្តិសុខខណ្ឌដូនពេញ នេះ ជាការចាត់តាំងគិតទុកជាមុន បានធ្វើការវាយប្រហារប្រើដំបងដែក និងដុំថ្មទៅលើកងកម្លាំងសន្តិសុខខណ្ឌដូនពេញ។ លោកហៅទង្វើនេះថា ជាអំពើហិង្សាឃោរឃៅព្រៃផ្សៃ អមនុស្សធម៌ ជាអំពើឧក្រិដ្ឋដែលរំលោភច្បាប់ព្រហ្មទណ្ឌ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
អំពើហិង្សា រវាង កម្លាំងអាជ្ញាធរ និងកម្មករ នៅផ្លូវ វ៉េងស្រេង
ក្រុមមន្ត្រីសិទ្ធិមនុស្សបញ្ចេញប្រតិកម្មចំពោះ លោក ឈាង វុន សមាជិករដ្ឋសភានៃគណបក្សប្រជាជនកម្ពុជា ដែលថា អំពើហិង្សានៃការបាញ់សម្លាប់ប្រជាពលរដ្ឋ និងកម្មករ ថាមិនធ្ងន់ធ្ងរដូចអំពើហិង្សានៅក្បែរទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ កក្កដា ទេនោះ។មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា លោកមិនចង់ឲ្យមានអំពើហិង្សា នៅពេលប្រជាពលរដ្ឋទាមទារសិទ្ធិសេរីភាព ឬការធ្វើបាតុកម្មផ្សេងៗនោះឡើយ។ ទោះជាយ៉ាងនេះក្ដី លោកបញ្ជាក់ថា បើប្រៀបធៀបសកម្មភាពនៃការប៉ះទង្គិចគ្នារវាងកម្លាំងរដ្ឋាភិបាល និងបាតុករនៅរោងចក្រ យ៉ាក ជីន និងផ្លូវវ៉េងស្រេង នោះ ជាអំពើហិង្សាធ្ងន់ធ្ងរ ដែលកងកម្លាំងរដ្ឋាភិបាលបាញ់ប្រហារកម្មករ និងប្រជាពលរដ្ឋ ដើម្បីបង្ក្រាបក្រុមកម្មករនោះ។
ការលើកឡើងដូច្នេះ ធ្វើឡើងភ្លាមៗនៅបន្ទាប់ពី លោក ឈាង វុន ប្រធានគណៈកម្មការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា មានប្រសាសន៍ថា អំពើហិង្សានៅផ្លូវវ៉េងស្រេង និងនៅរោងចក្រ យ៉ាក ជីន មិនអាក្រក់ដូចអំពើហិង្សានៅក្បែរទីលានប្រជាធិបតេយ្យ ដែលដឹកនាំដោយ អ្នកស្រី មូរ សុខហួរ បេក្ខជនជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ។ លោក ឈាង វុន បានចាត់ទុកបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ ដែលតុលាការចាប់ខ្លួននោះថា ជាក្រុមអនាធិបតេយ្យ ដែលធ្វើឲ្យកងកម្លាំងសន្តិសុខខណ្ឌដូនពេញ ៣៨នាក់រងរបួស ក្នុងនោះ ៣នាក់របួសធ្ងន់។
ទោះបីជាយ៉ាងនេះក្ដី អគ្គលេខាធិការនៃគណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា លោក សួន ប៊ុនស័ក្ត មានប្រសាសន៍ថា តួនាទីរបស់រដ្ឋសំខាន់ណាស់ក្នុងការដោះស្រាយជូនប្រជាពលរដ្ឋនូវការ ទាមទារសិទ្ធិសេរីភាពនេះ។ ផ្ទុយទៅវិញ រដ្ឋាភិបាល ឬសភាឯកបក្សនេះ ដាក់វិធានការបង្ក្រាបទៅលើអ្នកទាមទារទៅវិញ។
ក្រុមអង្គការសង្គមស៊ីវិលលើកឡើងថា អង្គការសង្គមស៊ីវិលចង់ឲ្យមានសន្តិភាព និងប្រទេសគោរពច្បាប់ និងគោរពសិទ្ធិមនុស្ស ដែលរដ្ឋាភិបាលត្រូវធានាឲ្យមានការគោរពច្បាប់ពិតប្រាកដ ជាជាងការទម្លាក់កំហុសដាក់គ្នាទៅវិញទៅមករវាងគណបក្សដឹកនាំ រដ្ឋាភិបាល និងគណបក្សនៅក្រៅរដ្ឋាភិបាលនោះ។
លើសពីនេះ មន្ត្រីសិទ្ធិមនុស្សអំពាវនាវឲ្យតំណាងរាស្ត្រជាតំណាងរបស់ ប្រជាពលរដ្ឋពិតប្រាកដ មិនមែនជាតំណាងរបស់គណបក្សនយោបាយនោះទេ។ ម្យ៉ាងវិញទៀត ក៏ជំរុញឲ្យរដ្ឋាភិបាលធ្វើការស៊ើបអង្កេត និងរកជនដៃដល់បាញ់សម្លាប់ប្រជាពលរដ្ឋនៅស្ពានក្បាលថ្នល់ នៅស្ពានស្ទឹងមានជ័យ និងបាញ់សម្លាប់នៅផ្លូវវ៉េងស្រេង សរុបទាំងអស់ធ្វើឲ្យមនុស្សស្លាប់ ៧នាក់ របួសជាច្រើននាក់ និងបាត់ខ្លួនក្មេងប្រុសម្នាក់យកជនដៃដល់មកផ្ដន្ទាទោស ប្រសើរជាងរដ្ឋាភិបាលចាត់វិធានការបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត គណបក្សសង្គ្រោះជាតិ ដែលមិនមែនជាអ្នកប្រព្រឹត្តិបទល្មើសឧក្រិដ្ឋនោះ៕
No comments:
Post a Comment