ពលរដ្ឋ មួយចំនួន នៅព្រៃវែង ទាមទារ ឲ្យដោះលែង តំណាងរាស្ត្រ បក្សប្រឆាំង
RFA | 17 July 2014
ពលរដ្ឋ នៅខេត្ត ព្រៃវែង មួយចំនួន រិះគន់អាជ្ញាធរ រាជធានីភ្នំពេញ ថា, ចាប់ខ្លួន បេក្ខជន តំណាងរាស្ត្រ ជាប់ឆ្នោត គណបក្ស សង្គ្រោះជាតិ ដាក់ពន្ធនាគារ ដោយគ្មានកំហុស។ ពួកគាត់ អំពាវនាវ ឲ្យតុលាការ ក្រុងភ្នំពេញ ទម្លាក់ការចោទប្រកាន់ ព្រមទាំង ដោះលែង អ្នកទាំង ៦រូបនោះ ឲ្យមានសេរីភាព ជាបន្ទាន់។
ប្រជាពលរដ្ឋ ទាំងនោះលើកឡើងថា ការចាប់ខ្លួនតំណាងរាស្ត្រ និងយុវជនគណបក្សប្រឆាំង ថាជារឿងនយោបាយ និងបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។
ពលរដ្ឋម្នាក់ គឺលោក ចាប សេងលី រស់នៅភូមិកុកត្រុំ ឃុំតាកោ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ថ្លែងនៅថ្ងៃទី១៧ កក្កដា ថា អាជ្ញាធរមិនគួរចាប់តំណាងរាស្ត្រជាប់ឆ្នោត និងយុវជនសង្គ្រោះជាតិ ដាក់ពន្ធនាគារនោះទេ ព្រោះហេតុថា ពួកគាត់ទាំងនោះ គឺគ្រាន់តែទាមទារទីកន្លែង ដើម្បីបញ្ចេញមតិរបស់ប្រជាពលរដ្ឋ ឲ្យស្របតាមប្រទេសបែបលទ្ធិប្រជាធិបតេយ្យ។
លោក ចាប សេងលី បន្តថា ការចាប់ខ្លួនតំណាងរាស្ត្រដាក់ពន្ធនាគារ ពុំមែនជាច្រកចេញដែលល្អសម្រាប់នយោបាយកម្ពុជា នាពេលបច្ចុប្បន្ននោះឡើយ។ ផ្ទុយទៅវិញ ការធ្វើដូចនេះជាការបន្ថែមកម្ដៅ ធ្វើឲ្យបែកបាក់សាមគ្គីគ្នារវាងគណបក្សជាប់ឆ្នោតទាំង២កាន់តែ ខ្លាំងឡើង៖ «គឺ ខាងគាត់ អ្នក បង្កមុនណាស់។ ខ្ញុំ ថា បាតដៃ ទី៣ហ្នឹង តែហ្មង អ្នកបង្ក ដឹងអាវុធអី រុំក្រដាស ឈើរឹង, ហើយ រុំក្រដាស កាសែត, ហើយ យកមកដាក់ បន្លំ ប៉ុន្មានបាវ, ហើយ យកមក សម្រាប់ វ៉ៃសង្គ្រោះជាតិ គឺ អ៊ីចឹង តែហ្មង។ បាទ! បើមិនដោះលែងទេ ខ្ញុំថារឿងរ៉ាវកាន់តែវែងឆ្ងាយ គឺប្រជាពលរដ្ឋទាំងអស់មិនសុខចិត្តទេ ប្រហែលជាបាតុកម្មធំហ្មង។»
ប្រជាពលរដ្ឋនៅខេត្តព្រៃវែង មួយចំនួនទៀត ក៏មានមតិស្រដៀងគ្នានេះដែរ ដោយលើកឡើងថា ការចាប់ខ្លួនតំណាងរាស្ត្រ និងយុវជនរបស់គណបក្សប្រឆាំង នៅក្រោយការប៉ះទង្គិចដោយហិង្សានៅក្បែរទីលានប្រជាធិបតេយ្យនោះ ថាជារឿងនយោបាយសុទ្ធសាធ ដើម្បីដាក់សម្ពាធគណបក្សប្រឆាំង មិនឲ្យដឹកនាំប្រជាពលរដ្ឋតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល។
ក្រុមប្រជាពលរដ្ឋថ្លែងទាំងខឹងសម្បាដូចៗគ្នាថា ក្រុមតំណាងរាស្ត្រ និងយុវជនគណបក្សសង្គ្រោះជាតិ ពុំមានកំហុសដូចការចោទប្រកាន់នោះទេ តែជាកំហុសរបស់រដ្ឋាភិបាល និងក្រុមសន្តិសុខទៅវិញទេ។ ពួកគាត់បញ្ជាក់ថា ប្រសិនបើតុលាការនៅតែបន្តឃុំដោយមិនទម្លាក់ការចោទប្រកាន់ និងដោះលែងឲ្យមានសេរីភាពនោះ ប្រជាពលរដ្ឋអាចនឹងលើកគ្នាទៅតវ៉ាទ្រង់ទ្រាយធំនៅរាជធានីភ្នំពេញ ក្នុងពេលឆាប់ៗ៖ «ព្រោះគាត់អត់មានកំហុសអីទេ បាតុកម្មនេះជាកម្លាំងចិត្តកម្លាំងប្រជារាស្ត្រ ដើម្បីទៅទាមទារយកទីលានប្រជាធិបតេយ្យ។ ហើយបើបិទទីលានប្រជាធិបតេយ្យ សួរថា ប្រជាធិបតេយ្យកើតពីណាមក ហើយប្រជារាស្ត្រតវ៉ាទៅតវ៉ាកន្លែងណា។ រូបខ្ញុំជាប្រជារាស្ត្រ សូមឲ្យលែងតំណាងរាស្ត្រទាំងអស់ជាបន្ទាន់ ឥតមានលក្ខខណ្ឌ។ ធ្វើទៅខាតដល់ប្រជាពលរដ្ឋបាទ! ព្រោះគាត់អ្នកទាមទាររកសេរីភាពប្រជាពលរដ្ឋអ៊ីចឹងណាស់ ដូចខ្ញុំជាប្រជាពលរដ្ឋចង់បានតែសេរីបាទ!»
កាលពីថ្ងៃទី១៦ កក្កដា តុលាការបានចោទប្រកាន់បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះ ជាតិ ទាំង ៥រូប និងសកម្មជនម្នាក់ទៀត ពីបទដឹកនាំធ្វើកុបកម្មញុះញង់ឲ្យមានការប្រព្រឹត្តឧក្រិដ្ឋ ជាអាទិ៍ និងបទផ្ដើមគំនិតក្នុងការប្រព្រឹត្តអំពើហិង្សាដោយចេតនា និងមានស្ថានទម្ងន់ទោស។ ជនជាប់ចោទទាំងនោះ គឺអ្នកស្រី មូរ សុខហួរ លោក ម៉ែន សុថាវរិន្ទ្រ លោក ហូរ វ៉ាន់ លោក រៀល ខេមរិន្ទ្រ លោក កែវ ភីរម្យ ជាបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត និងលោក អឿ ណារិទ្ធ ជាសកម្មជនបក្សសង្គ្រោះជាតិ។
អ្នកវិភាគសង្គម លោកបណ្ឌិត កែម ឡី មានប្រសាសន៍ជុំវិញការចាប់ខ្លួនតំណាងរាស្ត្រ និងសកម្មជនបក្សសង្គ្រោះជាតិ នេះថា ធ្វើឡើងក្រោមហេតុផលសំខាន់មួយចំនួនរបស់រដ្ឋាភិបាលកម្ពុជា គឺទី១ ធ្វើឡើងដើម្បីជាថ្នូរផ្នែកនយោបាយ ទៅតាមសេនារីយោរបស់រដ្ឋាភិបាលសព្វថ្ងៃ។ ទី២ ដើម្បីបន្ថយកម្ដៅកុំឲ្យមានការតវ៉ារឿងជម្លោះដីកម្ពុជាក្រោម នៅមុខស្ថានទូតវៀតណាម នៅថ្ងៃទី២១ កក្កដា ខាងមុខ។ ទី៣ អនុវត្តទៅតាមការស្នើសុំរបស់ស្ថានទូតវៀតណាម នៅកម្ពុជា មិនឲ្យមានការតវ៉ានៅមុខស្ថានទូត។ ទី៤ ដើម្បីបង្កើតទិសដៅថ្មីមួយ ដោយបង្វែរមិនឲ្យពលរដ្ឋចាប់អារម្មណ៍រឿងបាតុកម្មប្រឆាំងស្ថានទូត វៀតណាម៖ «ហើយចំណុចចុងក្រោយ គឺរដ្ឋាភិបាលគាត់មិនចង់ឃើញនៅកម្លាំង ឬចលនាមហាជនបន្តទៅទៀតនៅក្នុងសង្គមខ្មែរ។ ប៉ុន្តែសមរភូមិថ្មីដែល ហ៊ុន សែន គាត់ជ្រើសរើសនេះអាចមានគ្រោះថ្នាក់ខ្ពស់ ហើយជាសមរភូមិដែលគាត់ពុំមានបទពិសោធន៍ អាចនឹងទទួលបរាជ័យក៏អាចថាបាន ពីព្រោះសត្រូវកាន់តែច្រើន ហើយចំណងការទូតក៏កាន់តែចង្អៀត ហើយសហគមន៍អន្តរជាតិក៏ទម្លាក់ការយល់ឃើញច្រើនមកលើរដ្ឋាភិបាល កម្ពុជា បច្ចុប្បន្ន។»
លោកបណ្ឌិត កែម ឡី បញ្ជាក់បន្ថែមថា ព្រឹត្តិការណ៍ដែលកើតឡើងកាលពីថ្ងៃទី១៥ កក្កដា កន្លងទៅនេះ ពុំមានគណបក្សណាមួយមានជ័យជម្នះនោះទេ គឺគណបក្សទាំង២ធ្លាក់ប្រជាប្រិយភាពទាំងសង្ខាង។ ទន្ទឹមនឹងនេះ គណបក្សដែលយ៉ាប់យ៉ឺនជាងគេដែលពិបាកនឹងស្ដារឡើងវិញនោះ គឺគណបក្សកាន់អំណាចតែម្ដង៕
No comments:
Post a Comment