Paris Peace Accords 23 Oct. 1991

Wednesday, July 23, 2014

លោក សម រង្ស៊ី ផ្ញើ​សារ​ ពន្យល់ ​អ្នក​គាំទ្រ ​ឲ្យ​យល់​ ពី​ការ​ចូលរួម​ សភា | Sam Rainsy explains to supporters about entering Parliament

លោក សម រង្ស៊ី ផ្ញើ​សារ​ ពន្យល់ ​អ្នក​គាំទ្រ ​ឲ្យ​យល់​ ពី​ការ​ចូលរួម​ សភា

សម រង្ស៊ី ៦១០
លោក សម រង្ស៊ី (ស្ដាំ) ប្រធាន​ គណបក្ស​ សង្គ្រោះ​ជាតិ ថ្លែង​ក្នុង ​សន្និសីទ​កាសែត នា​ស្នាក់​ការ​ កណ្ដាល គណបក្ស​ សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ ​ទី២៩ ខែ​សីហា ឆ្នាំ​២០១៣។  RFA/Tin Zakariya

លោក សម រង្ស៊ី ប្រធាន ​គណបក្ស​ សង្គ្រោះជាតិ ផ្ញើ​សារ​ លួង​ចិត្ត​ អ្នកគាំទ្រ​ កុំ​ឲ្យ​អន់ចិត្ត ​ពេល​សង្គ្រោះ​ជាតិ ​ចូល​សភា ​ជា​មួយ ​បក្ស​ប្រជាជន។

លោក សម រង្ស៊ី បាន​ផ្ញើ​សារ​ នយោបាយ​ អំពាវនាវ​ ទៅកាន់​ អ្នកគាំទ្រ​ បក្ស​សង្គ្រោះ ​ឲ្យ​ទប់​ចិត្ត កុំ​អាក់​អន់​ចិត្ត ឬ​ខឹង ​នឹង​ថ្នាក់​ដឹក​នាំ​បក្ស ដែល​បាន​ សម្រេច​ ចូល​រួម​សភា​ ជាមួយ​ បក្ស​ប្រជាជន​ នៅ​ពេល​ថ្មី​ យ៉ាង​តក់​ក្រហល់ ដែល​ធ្វើ ​ឲ្យ​អ្នក​គាំទ្រ​ខ្លះ​ មិន​ពេញ​ចិត្ត។

លោក សម រង្ស៊ី ថ្លែង ​នៅ​ក្នុង​វីដេអូ​ឃ្លីប​មួយ មាន​រយៈពេល​ជិត ៥​នាទី ព្យាយាម​ពន្យល់​ប្រាប់​អ្នក​គាំទ្រ​ថា ការ​សម្រេច​ចិត្ត​ចូល​នេះ​គឺ​ជា​ការ​ត្រឹមត្រូវ ​និង​ស្របតាម​តាម​កាលៈទេសៈ នៃ​សភាព​ការ​នយោបាយ​បច្ចុប្បន្នភាព ដែល​អាច​ឲ្យ​បក្ស​សង្គ្រោះ​ជាតិ​បន្ត ទាមទារ​ធ្វើការ​កែ​ទម្រង់​ស្ថាប័ន​នានា ដូច​កែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​ដែល​នឹង​ឈានឡើង​ឲ្យ​មាន​ការផ្លាស់ប្ដូរ​បាន​សម្រេច​ដូច​បំណង​អ្នក​គាំទ្រ​ បក្ស​ទៅ​អនាគត។

លោក សម រង្ស៊ី ថ្លែង​ដូច្នេះ ៖ «មុន ​នឹង​វិនិច្ឆ័យ ឬ​ធ្វើការ​ ថ្កោលទោស ​អ្វី​មួយ, សូម​ បងប្អូន​ ជន​រួម​ជាតិ រង់ចាំ​ បន្តិច​សិន ទាល់តែ ​ពេល​វេលា​ ការងារ​ របស់​យើង និង​លទ្ធផល ​ដែល​យើង​ ទទួល​បាន បាន​ចេញ​ ជា​រូបរាង​ ច្បាប់​លាស់ ទើប​ បង​ប្អូន​ ជន​រួម​ជាតិ​ អាច​វិនិច្ឆ័យ​ ថា, ​ត្រូវ ឬ​ក៏​មិន​ត្រូវ។   ចំពោះ​ខ្ញុំ​ យល់​ថា ​គ្មាន​ ជម្រើស​ណា​ល្អ​ ជាង​ជម្រើស ​ដែល​យើង​ បាន​​សម្រេច​ នេះ​ទេ។  ទី១ គឺ​ យើង​ បាន​បញ្ចប់​ សភាពការណ៍ តានតឹង, អ្នក​ ដែល​ត្រូវ​ បាន​គេ​ ចាប់​ខ្លួន, ហើយ​ យក​ទៅ​ដាក់​ ពន្ធនាគារ គឺ​ ត្រូវ​ បាន​ដោះលែង ​អស់​ហើយ​។  បន្តិច​ទៀត​នេះ​ ទីលាន​ ប្រជាធិបតេយ្យ ​នឹង​ត្រូវ​ បើក​ឡើង​វិញ ដើម្បី ឲ្យ​ប្រជា​ពល​រដ្ឋ​ ឲ្យ​ប្រជាពលរដ្ឋ​ ទៅ​ជួប​ជុំ​គ្នា​ ដូច​ពេល មុន​ៗ​ ទៀត, បម្រាម​ហាម​ឃាត់ ​មិន​ឲ្យ ​ប្រជាពលរដ្ឋ​ ធ្វើបាតុកម្ម​ ដង្ហែ​ក្បួន ​តាម​ផ្លូវ, បម្រាម​នោះ​ ត្រូវ​ លប់​ចោល, គឺ​ យើង​ នឹង​មាន​ សិទ្ធិ​សេរីភាព​ ដូច​ដើម​វិញ។»

សារ​នយោបាយ​របស់​លោក សម រង្ស៊ី ពេលនេះ បន្ទាប់​ពី​មាន​ពលរដ្ឋ និង​អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ ខ្លះ​បាន​បង្ហោះ​មតិ​យោបល់ អាក់​អន់​ចិត្ត និង​បញ្ចេញ​កំហឹង​របស់​ខ្លួន ដៀមដាម​ដាក់​មេ​ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ តាមរយៈ​ហ្វេសប៊ុក ដោយសារ​ពួកគាត់​មិន​ពេញចិត្ត និង​មិន​ចង់​ឲ្យ​បក្ស​សង្គ្រោះជាតិ ចូលរួម​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​បក្ស​ប្រជាជន ដែល​ពួកគាត់​យល់ថា នឹង​ចាញ់​ល្បិចកល​នយោបាយ​របស់​បក្ស​ប្រជាជន ហើយ​បក្ស​ប្រជាជន នឹង​បំផ្លាញ​បក្ស​សង្គ្រោះ​ជាតិ​ឲ្យ​រលាយ ដូច​ដែល​បក្ស​ប្រជាជន បាន​កម្ទេច​បក្ស​នយោបាយ​មួយ​ចំនួន​កន្លង​មក ដូចជា បក្ស​សេរីនិយម​ព្រះពុទ្ធសាសនា ដែល​ដឹក​នាំ​ដោយ លោក សឺន សាន និង​បក្ស​ហ៊្វុនស៊ីនប៉ិច​ជាដើម។
ទោះ​យ៉ាងណា​ការ​សម្រេច​ចិត្ត​របស់​បក្ស​សង្គ្រោះ​ជាតិ ចូល​សភា​នឹង​បក្ស​ប្រជាជន ក្នុង​ចំនួន​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា បាន​ទម្លាយ​ភាព​ទាល់​ច្រក​នយោបាយ ដែល​បាន​ជាប់​គាំង​អស់​ជិត​មួយ​ឆ្នាំ​មក​ហើយ​នោះ ត្រូវ​បាន​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​នានា អបអរ​សាទរ ជាពិសេស​អង្គការ​សហប្រជាជាតិ​ដែល​បាន​ទទូច​ឲ្យ​បក្ស​ទាំងពីរ​ចរចា​គ្នា បញ្ចប់​នយោបាយ​ជាប់​គាំង​ប្រកប​ដោយ​សន្តិ​វិធី និង​ស្ងៀមស្ងាត់ កាល​ពី​ពេល​កន្លងមក៕



No comments:

Post a Comment