Paris Peace Accords 23 Oct. 1991

Saturday, July 19, 2014

លោក សម រង្ស៊ី ថា, ​កិច្ច​ចរចា​ នឹង​អាច​ប្រព្រឹត្ត​ ទៅ​បាន​ ចាប់​ពី​ថ្ងៃ​ ទី​២១​ កក្កដា | Sam Rainsy: Negotions possible staring on July 21

លោក សម រង្ស៊ី ថា, ​កិច្ច​ចរចា​ នឹង​អាច​ប្រព្រឹត្ត​ ទៅ​បាន​ ចាប់​ពី​ថ្ងៃ​ ទី​២១​ កក្កដា

RFA | ១៩ កក្កដា ២០១៤

សម រង្ស៊ី ៦១០ លោក សម រង្ស៊ី ប្រធាន ​គណបក្ស​ សង្គ្រោះ​ជាតិ ធ្វើ​ដំណើរ​ តាម​បណ្ដោយ ​មហា​វិថី​ សហព័ន្ធ​រុស្ស៊ី​ ឆ្ពោះ​ទៅ ​រមណីយដ្ឋាន ​វត្ត​ ភ្នំ នៅ​ថ្ងៃ​ ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៤។  RFA/Uon Chhin


មេ​ដឹក​នាំ ​គណបក្ស​ សង្គ្រោះ​ជាតិ ប្រកាស​ ចរចា​ ជាមួយ​ ថ្នាក់​ដឹក​នាំ​ កំពូល​ គណបក្ស ​ប្រជាជន​កម្ពុជា។  ប្រធាន​ គណបក្ស​ សង្គ្រោះ​ជាតិ លោក សម រង្ស៉ី ថ្លែង​ នៅ​ខាង​មុខ ​ស្នាក់​ការ​ គណបក្ស​ ថា, កិច្ច​ចរចា​ រវាង ​ថ្នាក់​ដឹក​នាំ ​កំពូល ​គណបក្ស​ ទាំង​ពីរ នឹង​អាច​ប្រព្រឹត្ត​ ទៅ​បាន​ ចាប់​ពី​ថ្ងៃ​ ទី​២១ ខែ​កក្កដា ត​ទៅ។

របៀបវារៈ​ នៃ​កិច្ច​ចរចា​នោះ រួម​មាន៖ ការ​ដោះ​លែង ​អ្នក​តំណាង​រាស្ត្រ និង​សកម្មជន ​ដែល​កំពុង​ ជាប់​គុក, សេរីភាព ​ក្នុង​ការ​បញ្ចេញ​មតិ, បើក​ទីលាន​ ប្រជាធិបតេយ្យ​ ឡើង​វិញ, និង​ការ​កែ​ទម្រង់​ ការ​បោះ​ឆ្នោត។  លោក សម រង្ស៉ី បញ្ជាក់​ថា, លោក​ ជឿ​ថា ខ្មែរ និង​ខ្មែរ នឹង​ដោះស្រាយ ​បញ្ចប់​បញ្ហា​ ជាប់​គាំង​ នយោបាយ​ នេះ​បាន។

លោក សម រង្ស៊ី នឹង​ជួប​ប្រជុំ​ ជាមួយ​ អ្នក​គាំទ្រ​ នៅ​ទីស្នាក់ការ​ ជំនួស ​ការ​ជួប​ នៅ​វត្ត​ភ្នំ

លោក សម រង្ស៊ី នឹង​ជួប​ប្រជុំ​ ជាមួយ ​អ្នក​គាំទ្រ ​របស់​ គណបក្ស​ សង្គ្រោះ​ជាតិ នៅ​ទីស្នាក់ការ​ គណបក្ស នា​សង្កាត់​ ចាក់អង្រែ លើ ខណ្ឌ​មានជ័យ ជំនួស​ ឲ្យ​ការ​ជួប​ប្រជុំ​ នៅ​វត្តភ្នំ។  អ្នក​នាំ​ពាក្យ​ គណបក្ស​ សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ពុំ​បាន​បញ្ជាក់​ អ្វី​ច្រើន​ទេ ​ចំពោះ​ ការ​ផ្លាស់​ប្ដូរ​ ទិសដៅ ​របស់​ គណបក្ស ពី​ការ​ជួប​ជុំ​ នៅ​វត្តភ្នំ ទៅ​ទីស្នាក់ការ​ បក្ស​នេះ​ទេ ដោយ​អះអាង ​ថា គឺ​ ប្រធាន​ គណបក្ស លោក សម រង្ស៊ី ចង់​ជួប ​អ្នក​គាំទ្រ ​នៅ​ស្នាក់​ការ​ បក្ស​វិញ។

ក្បួន ​ដែល​ដឹក​នាំ ​ដោយលោក សម រង្ស៊ី បាន​សម្រេច ​បត់​ក្បាល​ ចូល​ទៅ​ផ្លូវ​ មុនីវង្ស នៅ​ពេល​ ទៅ​ដល់ ​រង្វង់​មូល ​ធនាគារ​ កាណាឌីយ៉ា ដោយ​មិន​បន្ត​ ទៅ​វត្ត​ភ្នំ​ឡើយ។  ដោយ​ឡែក​ នៅ​ទីលាន ​ប្រជាធិបតេយ្យ អាជ្ញាធរ​ ពង្រាយ​កម្លាំង ​រឹត​បន្តឹង​ សុវត្ថិភាព ​ក្នុង​តំបន់​ ជុំវិញ​នោះ ហាក់​ដូច​ ជា​ត្រៀម​ ជា​ស្រេច ដើម្បី​ រក្សា​សុវត្ថិភាព ​ក្នុង​តំបន់​នោះ, ប៉ុន្តែ​ ពុំ​ឃើញ​ មាន​ក្រុម​សន្តិសុខ​ សាលា​ខណ្ឌ ​ត្រូវ​ ដាក់​ពង្រាយ​ ដូច​សព្វ​ដង​ឡើយ។

លោក សម រង្ស៊ី ប្រកាស​ស្នើ ​ឲ្យ​មាន​ ការ​ចរចា​បន្ទាន់​ ជាមួយ​ បក្ស​ប្រជាជន

មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង ប្រកាស​ជា​សាធារណៈ​ដោយ​ស្នើ​ឲ្យ​មាន​ការ​ចរចា​បន្ទាន់​ជាមួយ​គណបក្ស​ប្រជាជន ​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​ចម្រូងចម្រាស​នយោបាយ​កម្ពុជា បច្ចុប្បន្ន និង​ឲ្យ​មាន​ការ​ដោះ​លែង​បេក្ខជន​តំណាង​រាស្ត្រ​គណបក្ស​នេះ​ពី​ពន្ធនាគារ។

លោក សម រង្ស៊ី បាន​ប្រកាស​បែប​នេះ​ពេល​ក្បួន​ដឹក​នាំ​អ្នក​គាំទ្រ​បាន​ទៅ​ដល់​ខាង​មុខ​ ទីស្ដីការ​គណៈរដ្ឋមន្ត្រី។ លោក​បញ្ជាក់​ទៀត​ថា បញ្ហា​ឃុំ​ខ្លួន​បេក្ខជន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បញ្ហា​ជាប់​គាំង​នយោបាយ និង​ការ​បិទ​ទីលាន​ប្រជាធិបតេយ្យ គឺ​ឋិត​នៅ​ក្នុង​កញ្ចប់​តែ​មួយ ដែល​ត្រូវ​ដោះស្រាយ​បញ្ចប់​តាម​រយៈ​ការ​ចរចា​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ ពីរ ដែល​លោក​គិត​ថា​អាច​នឹង​ធ្វើ​ឡើង​ក្នុង​ពេល​ឆាប់ៗ​នេះ។

លោក សម រង្ស៊ី ប្រកាស​ដឹក​នាំ​យុទ្ធនាការ​រំដោះ​ទីលាន​ប្រជាធិបតេយ្យ

លោក សម រង្ស៊ី ប្រកាស​ដឹក​នាំ​យុទ្ធនាការ​ទាមទារ​ដោះ​លែង​បេក្ខជន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​រំដោះ​ទីលាន​ប្រជាធិបតេយ្យ។

ថ្លែង​នៅ​ខាង​មុខ​ប្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​ពេល​ទើប​មក​ដល់​ភ្លាមៗ លោក សម រង្ស៊ី សង្ឃឹម​ថា ដំណើរ​ត្រឡប់​មក​វិញ​របស់​លោក នឹង​ធ្វើ​ឲ្យ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា បាន​ធូរ​ស្រាល។ លើស​ពី​នេះ លោក​នឹង​ចាប់​ផ្ដើម​ដឹក​នាំ​ការ​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​បេក្ខជន​តំណាង​ រាស្ត្រ​ទាំង ៧​នាក់ ដែល​កំពុង​ជាប់​ឃុំ​ដោយ​ពុំ​មាន​លក្ខខណ្ឌ និង​រំដោះ​ទីលាន​ប្រជាធិបតេយ្យ។
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដឹក​នាំ​អ្នក​គាំទ្រ​ឆ្ពោះ​ទៅ​រមណីយដ្ឋាន​វត្ត​ភ្នំ ដើម្បី​ជួប​ប្រជុំ​អ្នក​គាំទ្រ​របស់​គណបក្ស និង​ទាមទារ​អោយ​អាជ្ញាធរ​ដោះ​លែង​ទីលាន​ប្រជាធិបតេយ្យ។
ភ្លាមៗ​បន្ទាប់​ពី​បាន​មក​ដល់​កម្ពុជា លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​សហព័ន្ធ​រុស្ស៊ី នាំ​មុខ​អ្នក​គាំទ្រ​សំដៅ​ទៅ​តំបន់​ដែល​ទីលាន​ប្រជាធិបតេយ្យ តាំង​នៅ។

លោក សម រង្ស៊ី មក​ដល់​កម្ពុជា​នៅ​ម៉ោង​ប្រមាណ ៩​ព្រឹក​ថ្ងៃ​ទី​១៩ កក្កដា

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា វិញ​ហើយ​នៅ​ម៉ោង​ប្រមាណ ៩​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៩ កក្កដា តាម​ការ​គ្រោង​ទុក។

អ្នក​គាំទ្រ​ជាច្រើន បាន​ចាំ​ទទួល​ដំណើរ​វិល​មក​វិញ​របស់​មេ​បក្ស​ប្រឆាំង​រូប​នេះ។ ចរាចរណ៍​លើ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ចាប់​តាំង​ពី​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បន្ត​រហូត​ដល់​ខាង​មុខ​វិទ្យាស្ថាន​បច្ចេកវិទ្យា​នៃ​កម្ពុជា (តិចណូ) ចាប់​ផ្ដើម​កក​ស្ទះ។
ចាប់​តាំង​ពី​ព្រឹក​ព្រលឹម​ថ្ងៃ​សៅរ៍ នេះ ប្រជាពលរដ្ឋ​អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ បាន​ប្រមូល​ផ្ដុំ​គ្នា​ជា​ក្រុមៗ​ចាំ​ទទួល លោក សម រង្ស៊ី ដោយ​ក្នុង​១​ក្រុមៗ​មាន​មនុស្ស​ពី ៥០ ទៅ ១០០​នាក់ ប្រមូល​ផ្ដុំ​ជា​ដុំៗ។




No comments:

Post a Comment