បទវិភាគ៖ ប្រភព នៃសង្គ្រាម ពាក្យសម្ដី រវាង លោក ហ៊ុន សែន និងមន្ត្រី សង្គមស៊ីវិល
RFA | ២៣ សីហា ២០១៤
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងប្រតិកម្ម រឿយៗ ទៅកាន់មន្ត្រី សង្គមស៊ីវិល ដែលបាន បញ្ចេញទស្សនៈ រិះគន់ ប្រសាសន៍ របស់លោក តាមរយៈ បណ្ដាញសារព័ត៌មាន។ លោក ហ៊ុន សែន ហៅអ្នក ទាំងនោះ ថា, «អស់លោក», ពេលខ្លះហៅថា «អាល្ងង់» ឬហៅថា «អាព្រហើន»។
ការជេរ ប្រទេចនេះ ប្រហែល ដោយសារ លោក គិតថា, មន្ត្រី សង្គមស៊ីវិល និងអ្នកកាសែត យល់ខុស ពីខ្លឹមសារ នៃប្រសាសន៍ របស់លោក។
តើ កត្តា អ្វីខ្លះ ជាប្រភព នៃសង្គ្រាម ពាក្យសម្ដី ទាំងនេះ?
យូរៗ ម្តង ប្រជាពលរដ្ឋកម្ពុជា បានស្តាប់អាយ៉ៃឆ្លើយឆ្លងរវាងមេដឹកនាំកំពូលនៃរាជរដ្ឋាភិបាល និងមន្ត្រីសង្គមស៊ីវិល មួយរោង។ ខុសពីអាយ៉ៃដែលធម្មតាដែលអ្នកច្រៀង ច្រៀងលែបខាយអោយគ្នា អ្នកមើលសប្បាយចិត្ត តួសម្ដែងដែលជាប្រមុខដឹកនាំកំពូលរបស់ជាតិ កាន់ក្បាលមេក្រូស្រែកជេរប្រទេចគេឯងដោយសម្ដីគំរោះគំរើយ រួចអួតអាងថា ខ្លួនមានលទ្ធភាពគ្រប់យ៉ាងក្នុងការផ្សព្វផ្សាយ។
ទោះជាអួតអាងយ៉ាងនេះក្តី ទំនាស់ពាក្យសម្ដីនេះអាចបណ្ដាលមកពីការមិនបានផ្តល់ព័ត៌មានពិត ជូនសាធារណជន និងសមត្ថភាពថ្លែងសន្ទរកថារបស់លោកនាយករដ្ឋមន្ត្រី។
កាលពីថ្ងៃទី១៨ ខែសីហា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសព្រមាន និងគំរាមមន្ត្រីរបស់ខ្លួនជុំវិញរឿងរ៉ាវទំនាស់ដីធ្លីនៅក្រចេះ ថា កុំស្ទក់ពេក។ ស្ទក់រហូតដល់ប្រជាពលរដ្ឋមកដល់នាំគ្នាខ្ទប់ យកប៉ូលិសទៅខ្ទប់ រួចហើយទទួលយកញត្តិ។ ញត្តិនេះមិនដឹងទៅដល់កន្លែងណាទេ? លោកក៏ប្រាប់ពលរដ្ឋថា ញត្តិនោះមិនដល់ដៃលោកទេ។ ផ្អែកតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់បែបនេះ មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋ ក៏ចាប់ផ្តើមបាញ់ផ្ទួនៗតាមបណ្ដាញសារព័ត៌មាន និងបណ្ដាញសង្គមភ្លាមៗ។ អ្នកខ្លះថាជារឿងគួរឲ្យអស់សំណើច។ អ្នកខ្លះក៏ឆ្ងល់ថា លោកនាយករដ្ឋមន្ត្រីមានចារកិច្ចរាប់ពាន់នាក់ ម៉េចក៏មិនដឹង? អ្នកខ្លះក៏ថា ផ្ទះរបស់ លោក ហ៊ុន សែន បំពាក់កាមេរ៉ារាប់ភ្លេច ម៉េចលោកមិនមើល? រហូតដល់មានអ្នកខ្លះសង្ស័យពីកម្រិតវិជ្ជាជីវៈក្នុងការបំពេញ ការងាររបស់មន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រីទៀតផង។ ថាហេតុអ្វីក៏មន្ត្រីទាំងនោះថ្លើមធំ ហ៊ានលាក់ព័ត៌មានបែបនេះ? មិនខ្លាចបាត់ ២២កៅអីដូចអាណត្តិមុនទេឬ?
ជាការឆ្លើយតបនឹងមតិរិះគន់ទាំងអស់នេះ នៅថ្ងៃទី២១ ខែសីហា លោក ហ៊ុន សែន គំរាមឲ្យមន្ត្រីសង្គមស៊ីវិលម្នាក់ឲ្យប្រយ័ត្ន កុំចេះតែហ៊ានមាត់ផ្ដេសផ្ដាស។ លោកហៅមន្ត្រីសង្គមស៊ីវិលម្នាក់នោះថា អាក្មេងព្រហើន អាក្មេងភ្លើ ដែលមិនស្គាល់ប្រវត្តិរបស់លោកច្បាស់ ថាលោកជានរណា។ លោកក៏លើកពីប្រវត្តិរបស់លោកក្នុងការដោះស្រាយបញ្ហាទំនាស់ដីធ្លី ជាច្រើនកន្លែង រហូតដល់លោកបង្កើតក្រុមនិស្សិត ចុះវាស់ដីធ្លីជូនពលរដ្ឋបានជាង ១លានហិកតារ ដើម្បីបញ្ចប់ឫសគល់នៃបដិវត្តន៍ដីធ្លីនៅស្រុកខ្មែរទៀត។ ប៉ុន្តែ គ្រាន់តែសាធារណជនមិនបានដឹងថា លោកនាយករដ្ឋមន្ត្រីដោះស្រាយវិវាទបានច្រើនកន្លែងរួចហើយនោះទេ។ ការនេះ ទំនងជាលោកមិនបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដ៏សម្បូរបែបរបស់ ខ្លួនឲ្យមានប្រសិទ្ធភាព។ ម្យ៉ាង មកពីទំនាស់ដីធ្លីនៅក្រោមក្លៀកធំៗពីរកន្លែង គឺដីនៅតំបន់បុរីកីឡា និងនៅបឹងកក់ មិនត្រូវបានដោះស្រាយ។
ចំពោះប្រសិទ្ធភាពនៃការផ្សាយព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងប្រព័ន្ធផ្សព្វផ្សាយគាំទ្របក្សកាន់អំណាចវិញ គឺដល់ចិត្តតាហ្មង។ ពលរដ្ឋមិនសូវជឿនោះឡើយ។ តាមការស្រាវជ្រាវរបស់វិទ្យាស្ថានសាធារណៈរដ្ឋ អាយ.អ.អាយ (IRI) ឆ្នាំ២០១៣ បង្ហាញថា ពលរដ្ឋខ្មែរភាគច្រើនទុកចិត្តលើវិទ្យុអន្តរជាតិ ដែលផ្សាយជាភាសាខ្មែរ ជាងស្ថាប័នផ្សាយព័ត៌មានក្នុងស្រុក។ ស្ថាប័នផ្សាយព័ត៌មានក្នុងស្រុកភាគច្រើន និយមផ្សាយព័ត៌មានបែបលើកជើង ព័ត៌មានបែបពិធីការ និងស្ថិតក្រោមសម្ពាធនយោបាយទៀតផង។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានលើកឡើងនៅក្នុងពិធីជួបជុំជាមួយអ្នកកាសែតនៅព្រឹទ្ធសភា កាលពីថ្ងៃទី២០ ខែសីហា ថា មានឯកឧត្តមម្នាក់នោះបានបង្គាប់ឲ្យទូរទស្សន៍ជាតិកម្ពុជា ទ.ទ.ក ផ្សាយព័ត៌មានពីពិធីបុណ្យឆ្លងចេតិយរបស់ឪពុកម្ដាយខ្លួន។ លោករដ្ឋមន្ត្រីទទួលស្គាល់ថា ការផ្សាយព័ត៌មានបែបនេះ ធ្វើឲ្យស្ថាប័នព័ត៌មានរបស់ជាតិមួយទាំងមូលងាប់ ព្រោះតែពលរដ្ឋលែងមើល និងលែងជឿ។ ពលរដ្ឋលែងសូវមើល លែងសូវជឿស្ថាប័នផ្សាយព័ត៌មានរបស់ខ្លួនប៉ុណ្ណឹងហើយ មន្ត្រីរដ្ឋាភិបាលភាគច្រើនក៏មិនសូវនិយាយជាមួយអ្នកកាសែតឯករាជ្យ ទៀតផង។
នៅស្រុកខ្មែរ មានអ្នកកាសែតមិនច្រើនទេ ដែលហ៊ានសួរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយផ្ទាល់នោះ ព្រោះថា បើបុរសដ៏មានអំណាចមិនសប្បាយចិត្ត គាត់នឹងជេរមិនប្រណីមាត់ឡើយ។ អ្នកកាសែតទាំងនោះ អាចនឹងត្រូវស្ពឹកមុខជាយថាហេតុ។ មួយវិញទៀត អស់លោកមន្ត្រីធំៗទាំងនោះ ក៏មិនមានទម្លាប់និយាយជាមួយអ្នកកាសែតនោះដែរ។ សូម្បីតែពេលប្រជុំអាស៊ាននៅកម្ពុជា មន្ត្រីការទូតប្រទេសដទៃទៀត ពេលមុនប្រជុំ គេជួបអ្នកកាសែត ពេលប្រជុំចប់ ក៏មកនិយាយពីខ្លឹមសារប្រាប់អ្នកកាសែត ព្រមទាំងត្រៀមឯកសារហើយស្រេចសម្រាប់ចែកឲ្យអ្នកកាសែត។ រីឯឯកឧត្តមអស់លោកមន្ត្រីរបស់កម្ពុជា វិញ ដល់កហើយ ឯកសារក៏មិនសូវមាន និងថែមទាំងដើរគេចអ្នកកាសែតទៀត មិនដឹងថា តើពួកគាត់ខ្លាចជ្រុះមាសពីមាត់ ឬខ្លាចត្រូវព្រនូង ពេលបង្ហើបព័ត៌មានប្រាប់អ្នកកាសែតនោះ?
មិនតែប៉ុណ្ណោះទេ រាជរដ្ឋាភិបាលសម័យកែទម្រង់ស៊ីជម្រៅនេះ បានបង្កើតឲ្យមានអ្នកនាំពាក្យគ្រប់ក្រសួងស្ថាប័នរួចហើយ ប៉ុន្តែអ្នកនាំពាក្យដែលឆ្លើយសំណួរអ្នកកាសែត មានតែប៉ុន្មានស្ថាប័នប៉ុណ្ណោះ។ កាសែតឧស្សាហ៍សម្ភាសបាននោះមាន អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យរដ្ឋសភា លោក ឈាង វុន និងលោក ជាម យៀប អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ អ្នកនាំពាក្យប៉េអិមផ្ទៃប្រទេស លោក ខេង ទីតូ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន និងអ្នកនាំពាក្យជំនាន់ថ្មីរបស់ក្រសួងអប់រំ លោក រស់ សាលីន។ ម្តងម្កាល អ្នកនាំពាក្យទាំងនោះ ក៏រៀបឫកជាគ្រូកាសែត រៀបឫកជាអ្នកចេះដឹង ពេលខ្លះក៏ព្រលះអ្នកកាសែតមិនសំចៃមាត់ ឯអ្នកកាសែតចេះតែទ្រាំទៅ ព្រោះថាអស់ជម្រើសទៅហើយ។ ចំពោះក្រសួងស្ថាប័នរដ្ឋដទៃទៀត ភាគច្រើនមិននិយាយជាមួយអ្នកកាសែតតាហ្មង។ អ្នកខ្លះយកលេសថារវល់ អ្នកខ្លះប្រាប់ថាកំពុងហាត់ប្រាណ អ្នកខ្លះមិនលើកទូរស័ព្ទ ហើយបើលើកទូរស័ព្ទវិញ និយាយប៉ាតណាប៉ាតណី យកជាការមិនបាន។
មិនមែនតែមន្ត្រីទេ គេហទំព័រក្រសួងមួយចំនួនធំ និងអាជ្ញាធរជាតិនានា ក៏អសកម្មដែរ។ គេហទំព័រសវនកម្មជាតិដែលជាស្ថាប័នត្រួតពិនិត្យថវិកាជាតិមួយទាំង មូល បែរជាបង្ហោះព័ត៌មានតាំងពីជាង ១ឆ្នាំមុន ហើយមិនមានផុសព័ត៌មានថ្មីណាមួយសោះ។ អាជ្ញាធរឯករាជ្យដែលចាយលុយជាតិវាល់លានដុល្លារក្នុង១ឆ្នាំៗនេះ បែរជាបង្ហោះរបាយការណ៍សវនកម្មជាតិតាំងពីឆ្នាំ២០០៦។
មន្ត្រីអ្នកនាំពាក្យភាគច្រើន មិននិយាយជាមួយអ្នកកាសែត គេហទំព័រក្រសួងស្ថាប័ននានាមិនមានព័ត៌មាន រដ្ឋមន្ត្រីក្រសួងនីមួយៗក្លាយជាអធិរាជក្នុងក្រសួង។ ប្រការទាំងនេះ ជាហេតុផលគ្រប់គ្រាន់ធ្វើឲ្យអ្នកកាសែតភាគច្រើនផ្សាយព័ត៌មានមិន មានតុល្យភាពគ្រប់ជ្រុងជ្រោយ និងជាឱកាសដ៏ល្អសម្រាប់មន្ត្រីបក្សប្រឆាំង ក្នុងការប្រជែងយកឈ្នះលើសមរភូមិសារព័ត៌មាន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកថា មន្ត្រីបក្សប្រឆាំង និងសង្គមស៊ីវិល ជាកញ្ចក់ឆ្លុះបញ្ចាំងមន្ត្រីអាក្រក់ៗរបស់លោក។ ប៉ុន្តែបើបក្សប្រឆាំង មន្ត្រីសង្គមស៊ីវិល អ្នកកាសែតរិះគន់លោក លោកនឹងព្រមានគំរាមបំបែកកញ្ចក់វិញភ្លាម។ លោកតែងថ្លែងសុន្ទរកថាវែងអន្លាយ ហើយពេលខ្លះគ្រាន់តែចំណាយពេលជេរគេឯង ក៏អស់រាប់សិបនាទីដែរ។ សន្ទរកថាមួយចំនួនបានព្រៀងទុក និងមួយចំនួនទៀត លោកមានប្រសាសន៍ស្រេចតែចិត្តតែម្តង។ ជេរស្តីបន្ទោស ព្រមានដកមន្ត្រី ជាប្រធានបទក្តៅដែលអ្នកកាសែតស្រង់ប្រសាសន៍របស់ប្រមុខរដ្ឋាភិបាល យកទៅផ្សាយបន្ត ចំណែកឯពលរដ្ឋខ្មែរដែលស្ងាត់ៗកេះឆ្នាំងបាយធ្លុះ ក៏ចាំបោះឆ្នោតទម្លាក់នៅពេលដែលប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេច អគ្គមហាសេនាបតី មិនមានប្រសិទ្ធភាព។ បើសិនជារដ្ឋាភិបាលនៅតែត្បៀតព័ត៌មាន មិនទម្លាយ ហើយចាំតែប្រតិកម្មនោះ ការចូលរួមរបស់ពលរដ្ឋ នឹងមិនបានពេញលេញឡើយ។ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ក៏ទំនងជាមិនជោគជ័យដែរ។ ហើយបើយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនេះមិនជោគជ័យហើយ កុំស្រមៃថា គណបក្សប្រជាជនកម្ពុជា អាចរក្សាអាសនៈសភាបាន ៦៨អាសនៈទៀតឲ្យសោះ៕
No comments:
Post a Comment