អាដហុក៖ សេរីភាព បញ្ចេញមតិ បានធ្លាក់ចុះ ពេលរដ្ឋាភិបាល រឹតត្បិត និងហាមឃាត់ ការជួបជុំ
RFA | ២៨ សីហា ២០១៤
របាយការណ៍ របស់ សមាគម ការពារ សិទ្ធិមនុស្ស (អាដហុក, ADHOC) ដែលត្រូវ ប្រកាស របាយការណ៍ នៅថ្ងៃ ទី២៨ សីហា បង្ហាញ ថា, សេរីភាព បញ្ចេញមតិ នៅកម្ពុជា ធ្លាក់ចុះ ជាបន្តបន្ទាប់ ជាពិសេស នៅក្នុងឆ្នាំ ២០១៤។ មន្ត្រី រដ្ឋាភិបាល ថា របាយការណ៍នេះ គ្មានការ ទទួលខុសត្រូវ។
ក្នុងរបាយការណ៍ ស្ដីពី សិទ្ធិសេរីភាព បញ្ចេញមតិ ឆ្នាំ២០១៤ នៅក្នុងប្រទេស កម្ពុជា ដែលប្រកាស ដោយអាដហុក បង្ហាញថា, សេរីភាព បញ្ចេញមតិ បានធ្លាក់ចុះ នៅពេល ដែលរដ្ឋាភិបាល រឹតត្បិត និងហាមឃាត់ ការជួបជុំ។
ក្នុងសន្និសីទ សារព័ត៌មាន នៅព្រឹកថ្ងៃ ទី២៨ សីហា, ប្រធាន ផ្នែកស៊ើបអង្កេត នៃអាដហុក, លោក នី ចរិយា មានប្រសាសន៍ ថា, សេរីភាព បញ្ចេញមតិ នៅកម្ពុជា មានតែ លើបបូរមាត់ និងលើក្រដាស តែប៉ុណ្ណោះ។ ប្រសាសន៍ របស់លោក គឺ យោងទៅលើ ការវាយប្រហារនានា នៅក្នុងអំឡុងពេល មានបាតុកម្ម និងការបិទ ទីលាន ប្រជាធិបតេយ្យ កន្លងមក។
ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី២៨ សីហា ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី ចរិយា មានប្រសាសន៍ថា សេរីភាពបញ្ចេញមតិនៅកម្ពុជា មានតែលើបបូរមាត់ និងលើក្រដាសតែប៉ុណ្ណោះ។ ប្រសាសន៍របស់លោក គឺយោងទៅលើការវាយប្រហារនានា នៅក្នុងអំឡុងពេលមានបាតុកម្ម និងការបិទទីលានប្រជាធិបតេយ្យកន្លងមក៖ «អាជ្ញាធរ មានសមត្ថកិច្ច បានវាយប្រហារ និងកំណត់ គោលដៅ លើអ្នកសារព័ត៌មាន។ ជាក់ស្ដែង នៅក្នុង ខែកញ្ញា ឆ្នាំ២០១៣, អ្នកសារព័ត៌មាន ត្រូវ បានវាយប្រហារ និងឆក់ ដោយដំបងឆក់ នៅតំបន់ វត្តភ្នំ ក្រុងភ្នំពេញ នៅពេល ដែលអ្នករងគ្រោះ ដីធ្លី កំពុងធ្វើ ការតាំងសមាធិ, ហើយ នៅខែឧសភា ឆ្នាំ២០១៤ នេះទៀត។ អ្នករាយការណ៍ របស់ វិទ្យុសំឡេង ប្រជាធិបតេយ្យ ( វីអូឌី, VOD) ក៏ត្រូវ ក្រុមសន្តិសុខ ខណ្ឌដូនពេញ វាយឱ្យ របួសធ្ងន់ធ្ងរ។ ហើយ មកដល់ពេលនេះ, តុលាការ ក្រុងភ្នំពេញ មិនបាន ចោទប្រកាន់ និងចាត់វិធានការ ផ្លូវច្បាប់ នោះទេ បោះទោះបី ជាជនរងគ្រោះ បានដាក់ពាក្យប្ដឹង ទៅតុលាការ ក៏ដោយចុះ។»
ទោះបីជាលោកបានសរសើរពីការបើកទូលាយនៅមុន និងក្រោយពេលបោះឆ្នោត ឆ្នាំ២០១៣ ក្ដី ក៏លោកចាត់ទុកថា ការរឹតត្បិតសេរីភាពបញ្ចេញមតិ ដោយការបង្ក្រាបបាតុកម្ម និងវាយប្រហារអ្នកកាសែតនៅឆ្នាំ២០១៤ គឺជាការរំលោភសិទ្ធិមនុស្សជាមូលដ្ឋាន។ លោកបញ្ជាក់ដែរថា ហើយមានស្ថាប័នរដ្ឋចូលរួមក្នុងការរំលោភសិទ្ធិមនុស្សនេះ ឧទាហរណ៍ដូចជា ការប្រើប្រាស់តុលាការ ដើម្បីកាត់ទោសអ្នកប្រើប្រាស់សេរីភាពបញ្ចេញមតិកន្លងមក ជាដើម។
លោកបន្តថា អ្នកនយោបាយនៅកម្ពុជា បានយកសេរីភាពបញ្ចេញមតិ ដែលជាសិទ្ធិមូលដ្ឋានធ្វើជាចំណាប់ខ្មាំងនៃនយោបាយរបស់ខ្លួន ព្រោះបន្ទាប់ពីការចរចានយោបាយម្ដងៗ ស្ថានភាពសេរីភាពនេះតែងបានធូរស្រាល។
មន្ត្រីនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែងថា នៅកម្ពុជា មានសេរីភាពបញ្ចេញពេញលេញ ១០០% រហូតដល់មានអ្នកហែក្បួនតវ៉ាជេរប្រមាថនាយករដ្ឋមន្ត្រី និងមន្ត្រីសាធារណៈ មិនគោរពច្បាប់ និងសហការជាមួយអាជ្ញាធរ។ លោកហៅការលើកឡើងនៅក្នុងរបាយការណ៍របស់សមាគមការពារសិទ្ធិមនុស្ស អាដហុក ថាគ្មានការទទួលខុសត្រូវ៖ «ពីព្រោះរដ្ឋាភិបាលមានអាណត្តិ ហើយមានកាតព្វកិច្ចក្នុងការថែរក្សាសណ្ដាប់ធ្នាប់ ហើយនិងធ្វើឱ្យមានការគោរពច្បាប់។ ដូច្នេះ ប្រជាពលរដ្ឋត្រូវតែសហការជាមួយរាជរដ្ឋាភិបាល គឺរដ្ឋាភិបាលកើតចេញពីប្រជាពលរដ្ឋ ហើយមានច្បាប់ត្រឹមត្រូវ ដែលយើងត្រូវតែអនុវត្ត។ អាហ្នឹងជាកាតព្វកិច្ចរបស់យើង ហើយមិនចង់ឱ្យអ្វីដែលជាអាទិភាពនៃផលប្រយោជន៍កម្ពុជា មិនចង់ឱ្យកម្ពុជា ក្លាយទៅជាប្រទេសមួយចំនួនដូចនៅមជ្ឈិមបូព៌ា គឺយើងមិនអញ្ញាតឱ្យដាច់ខាត គ្មានភាពវឹកវរ។ ដូច្នេះ ការប្រកួតប្រជែងនយោបាយ មានកន្លែងសម្រាប់ប្រកួតប្រជែង មានស្ថានភាពត្រូវប្រកួតប្រជែង។ ប៉ុន្តែហួសពីអ្វីដែលយើងយល់ថា មិនសមស្របនឹងស្ថិរភាពនយោបាយ មិនសមស្របនឹងស្ថិរភាពសង្គម។ ដូច្នេះ យើងចាត់វិធានការតាមច្បាប់អនុញ្ញាតឱ្យ។ អាស្រ័យហេតុដូច្នេះ សេរីភាពណាក៏ដោយ ក៏ស្ថិតនៅក្នុងរង្វង់ច្បាប់ដែរ។»
អនុប្រធានផ្នែកដីធ្លី នៃសមាគមអាដហុក លោក ចាន់ សុវ៉េត ថ្លែងថា អ្វីដែលអង្គការសង្គមស៊ីវិលចង់បាននៅពេលបច្ចុប្បន្ននេះ គឺចង់ឱ្យគណបក្សនយោបាយទាំងពីរ បំបាត់ចោលនិទ្ទណ្ឌភាព ឬភាពរួចទោស និងបំបាត់ចោលការគំរាមកំហែងសេរីភាពបញ្ចេញមតិ ដោយការស៊ើបអង្កេតអ្នកដែលរំលោភបំពានលើអ្នកប្រើសិទ្ធិបញ្ចេញមតិ នោះ។
នៅក្នុងរបាយការណ៍ស្ដីពីសេរីភាពបញ្ចេញមតិ សមាគមអាដហុក ក៏លើកឡើងអំពីការបង្ក្រាបអ្នកបញ្ចេញមតិ លើការរំលោភសិទ្ធិ ការបំផ្លាញបរិស្ថាន អំពើពុករលួយ និងការរំលោភដីធ្លីទូទាំងប្រទេស ព្រមទាំងការសម្លាប់អ្នកកាសែត ១១នាក់ទៀតផង៕
No comments:
Post a Comment