Paris Peace Accords 23 Oct. 1991

Tuesday, August 12, 2014

តុលាការ​ ដោះលែង​ ជន​សង្ស័យ​ ពាក់​ព័ន្ធ​ នឹង​ការ​ជួញដូរ​ អវយវៈ​មនុស្ស

តុលាការ​ ដោះលែង​ ជន​សង្ស័យ​ ពាក់​ព័ន្ធ​ នឹង​ការ​ជួញដូរ​ អវយវៈ​មនុស្ស

ក្រលៀន​មនុស្ស​បាន​ក្លាយ​ជា​មុខ​សញ្ញា​នៃ​ការ​ជួញ​ដូរ​សម្រាប់​​ជំនួស​ក្រលៀន​មនុស្ស​ចាស់​ឬ​អ្នក​ដែល​ខ្សោយ​ក្រលៀន។
ក្រលៀន​មនុស្ស​បាន​ក្លាយ​ជា​មុខ​សញ្ញា​នៃ​ការ​ជួញ​ដូរ​សម្រាប់​​ជំនួស​ក្រលៀន​មនុស្ស​ចាស់​ឬ​អ្នក​ដែល​ខ្សោយ​ក្រលៀន។
ឃួន ធារ៉ា / ១២ សីហា ២០១៤​​ / វីអូអេ
ភ្នំពេញមនុស្ស​៩​នាក់​ រួម​ទាំង​ មន្ត្រី​យោធា​ ជាន់​ខ្ពស់​ ដែល​ជាប់​ពាក់ព័ន្ធ​ នឹង​ការ​ជួញ​ដូរ​ អវយវៈ​មនុស្ស​ ដ៏​ចម្រូងចម្រាស​ មួយ ត្រូវ​បាន​តុលាការ​ សម្រេច​ដោះលែង​ ឱ្យ​មាន​សេរីភាព​វិញ​ហើយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ បន្ទាប់​ពី​បាន​ ឃាត់​ខ្លួន​ ចំនួន​ពីរ​ថ្ងៃ។ 
កាល​ពី​ថ្ងៃ​សៅរ៍​នេះ ក្រុម​សមត្ថកិច្ច​បាន​ចុះ​ទៅចាប់​ខ្លួន​មនុស្ស​៩​នាក់​រួម​ទាំង​លោក​ឧត្ដម​សេនីយ៍​ឯក លី សុវណ្ណ អនុ​ប្រធាន​នាយកដ្ឋាន​ភស្តុភារ​ក្រសួង​ការពារ​ជាតិ និង​ជា​ប្រធាន​មន្ទីរ​ពេទ្យ​ព្រះ​កេតុមាលា លោក កែវ ដាវុធ អនុ​ប្រធាន​មន្ទីរ​ពេទ្យ ក្រុម​វេជ្ជបណ្ឌិត​ជនជាតិ​ខ្មែរ ​វៀតណាម​និងចិន និង​ជនជាតិ​វៀតណាមចំនួន​២​នាក់ ក្នុង​ករណី​សង្ស័យជាប់​ពាក់ព័ន្ធ​ហ្នឹង​ការ​ជួញ​ដូរ​ក្រលៀន​ដែល​ជា​អវយវៈ​មនុស្ស​ខុស​ច្បាប់។ ជន​ទាំង​នោះ​ត្រូវ​បាន​សង្ស័យ​ថា​បាន​ជាប់​ពាក់ព័ន្ធ​ហ្នឹង​ការ​ជួញ​ដូរ​នេះ​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា។ មន្ទីរពេទ្យ​ព្រះ​កេតុមាលា​ជា​មន្ទីរពេទ្យយោធា​មួយ​មាន​ទីតាំង​នៅក្បែរ​វត្ត​ភ្នំ ​ក្រុង​ភ្នំពេញ ដែល​ទទួល​យក​អ្នក​ជំងឺ​ជា​ជន​ស៊ីវិល​ផង​ដែរ។
ក៏​ប៉ុន្តែ​ជន​សង្ស័យ​ទាំង​នោះ​ត្រូវ​បាន​ដោះលែង​មក​វិញ​ហើយ​នៅ​ថ្ងៃ​នេះ ​ដោយ​តុលាការ​សំអាង​ថា​ពុំ​មាន​ភស្តុតាង​គ្រប់គ្រាន់។ នេះ​បើ​តាម​លោក ព្រំ សន្ធរ ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ។
លោក ព្រំ សន្ធរ ដែល​បាន​ស៊ើប​អង្កេត​ករណី​នេះ​អះអាង​ថា​ពិត​ជា​មាន​ការ​វះកាត់​យក​ក្រលៀន​មែន​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កេតុមាលា ប៉ុន្តែ​វា​ជា​ការ​ព្រមព្រៀង​ទាំង​សង​ខាង​ប៉ុណ្ណោះ។
«ក្រោយ​ពី​យើង​ធ្វើ​ការ​សាកសួរ​ហ្នឹង​ទៅ យើង​ឃើញ​ព័ត៌មាន​និង​ឯកសារ​មួយ​ចំនួន គឺ​យើង​សន្និដ្ឋាន​បាន​ថា​ការងារ​របស់​គាត់​ហ្នឹង​គឺ​មាន​គោលការណ៍​ពីរ​សំខាន់។ ទី​មួយ​គឺ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ និង​ទី​ពីរ​គឺ​ជា​រឿង​មនុស្ស​ធម៌។​ មាន​ការ​ឯកភាព​គ្នា​រវាង​អ្នក​ផ្តល់​និង​អ្នក​ជំងឺ​ហ្នឹង គឺ​អត់​មាន​ការ​បង្ខិត​បង្ខំ​ទេ»។
លោក មាស ច័ន្ទពិសិដ្ឋ ព្រះ​រាជ​អាជ្ញា​ដឹកនាំ​ការ​ចុះ​ឃាត់​ខ្លួន​នេះ​មិន​អាច​ទាក់ទង​បាន​ទេ​នៅ​ថ្ងៃ​នេះ។ ប៉ុន្តែ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​អះអាង​ថា«ករណី​ខាង​លើ​នេះ​ពុំ​មែន​ជា​បទល្មើស​ជួញដូរ​សរីរាង្គ​មនុស្ស (ក្រលៀន) ​តាម​ច្បាប់​ព្រហ្មទណ្ឌ​កម្ពុជា​ដូច​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​មួយ​ចំនួន​នោះ​ឡើយ»។
សេចក្តី​ថ្លែង​ការណ៍​នេះ​បន្ត​ថា ​«ករណី​ការ​វះកាត់​ប្តូរ​ក្រលៀន​នៅ​មន្ទីរពេទ្យ​ព្រះកេតុមាលា​គឺ​ធ្វើ​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​ការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ក្រសួង​ការពារ​ជាតិនៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ក្នុង​ក្របខណ្ឌ​ជំនួយ​ឥត​សំណង​ដោយ​មាន​ការ​បញ្ជូន​អ្នក​ឯកទេស​ដែល​ជា​វេជ្ជបណ្ឌិត​ចិន​ឱ្យ​មក​បណ្តុះ​បណ្តាល​វេជ្ជបណ្ឌិត​យោធា​កម្ពុជា​ដើម្បី​អភិវឌ្ឍន៍​បច្ចេកវិទ្យា​និង​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ផ្នែក​វះកាត់​ប្តូរ​ក្រលៀន​ក្នុង​គោលដៅ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុង​ពេល​អនាគត»។
ក្រលៀន​មនុស្ស​បាន​ក្លាយ​ជា​មុខ​សញ្ញា​នៃ​ការ​ជួញ​ដូរ​សម្រាប់ជំនួស​ក្រលៀន​មនុស្ស​ចាស់​ឬ​អ្នក​ដែល​ខ្សោយ​ក្រលៀន។
នា​ពេល​កន្លង​មក​មាន​មនុស្ស​១០​នាក់​ហើយ ដែល​បាន​មក​វះ​កាត់​ផ្ដល់​ក្រលៀននៅ​មន្ទីរពេទ្យ​យោធា​មួយ​នេះ ហើយ​អ្នកស្ម័គ្រចិត្ត​ទាំង​នោះ​សុទ្ធ​សឹង​តែ​ជា​ជនជាតិ​វៀតណាម។ នេះ​បើ​តាម​លោក ព្រំ សន្ធរ។
យ៉ាង​ណា​ក៏​ដោយ លោក ព្រំ សន្ធរ​ នៅ​តែ​អះអាង​ថា​ករណី​នេះ​មិន​មែន​ជា​ការ​ជួញដូរ​នោះ​ទេ ក៏​ប៉ុន្តែ​លោក​បាន​បង្ហើប​ឱ្យ​ដឹង​ថា​អ្នក​ដែល​បរិច្ចាគ​ក្រលៀន​ទាំង​នោះ​បាន​សារភាព​ថា​ពួកគេ​បង្ខំ​ចិត្ត​ធ្វើ​ដូច្នេះ​ដោយសារ​បញ្ហា​ជីវភាព​ប៉ុណ្ណោះ។
«តាម​ការ​ប្រាប់​យើង​គឺ​ដោយ​សារ​ជីវភាព​គាត់​ខ្វះ​ខាត អញ្ចឹង​ទៅ​គាត់​បរិច្ចាគ​ទៅ ខាង​នោះ​គេ​ដឹង​គុណ​គាត់​យ៉ាង​ម៉េច​ អី​យ៉ាង​ម៉េច​ យើង​មិន​ដឹង​ទេ»។
តាម​ច្បាប់​របស់​កម្ពុជា ការ​ជួញ​ដូរ​អវយវៈ​មនុស្ស​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី​៧​ឆ្នាំ​ដល់​១៥​ឆ្នាំ​ហើយ​បើ​តាម​ប្រភព​នានា​ឱ្យ​ដឹង​ថា​ក្រលៀន​មួយ​មាន​តម្លៃ​រហូត​ដល់​៤​ម៉ឺន​ដុល្លារ​នៅ​លើ​ទីផ្សារ​ងងឹត​ក្នុង​ប្រទេស​កម្ពុជា។ 
លោក មឿន តុលា មន្ត្រី​កម្មវិធី​សិទ្ធិ​ការងារ​របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ អះអាង​ថា​ការ​ជួញ​ដូរ​អវយវៈ​មនុស្ស​នៅ​កម្ពុជា​កំពុង​កើត​មាន​ច្រើន ប៉ុន្តែ​អ្នក​ជួញ​ដូរ​ខុស​ច្បាប់​ដែល​ជា​មន្ត្រី​ធំៗ​មិន​ដែល​ត្រូវ​បាន​នាំ​មក​ផ្ដន្ទាទោស​នោះ​ទេ។ ហើយ​លោក មឿន តុលា យល់​ថា​ករណី​វះកាត់​ផ្ដល់​ក្រលៀន​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​មិន​មែន​ជា​ការ​ស្ម័គ្រ​ចិត្ត​ទេ។
«ខ្ញុំ​គិត​ថា​វា​មិនមែន​ជា​រឿង​មួយ​ស្ម័គ្រចិត្ត​ទេ។ ខ្ញុំ​នៅ​តែ​ជឿជាក់​ថា​វា​ជា​ការ​ជួញដូរ​អវៈយវៈ​មនុស្ស ដូច​ច្បាប់​ហាម​ឃាត់​ហើយ​ថា​មនុស្ស​មិនមែន​ជា​ទំនិញ​ទេ មិន​អាច​ជួញ​ដូរ​បាន​ទេ។ ការ​ជួញ​ដូរ​វា​តែង​តែ​ជាប់​ពាក់ព័ន្ធ​ហ្នឹង​មន្ត្រី​ធំ​ៗ​ហ្នឹង ហើយ​កាល​ណា​វា​ចូល​ដល់​អ្នក​ធំ​ៗ​ហ្នឹង គឺ​តែង​តែ​ទទួល​បាន​និទណ្ឌភាព​រហូត មិន​ដែល​ទទួល​បាន​ការ​ដាក់​ទោស​ទណ្ឌ​ឱ្យ​បាន​ច្បាស់​លាស់​ទេ»។
លោក មឿន តុលា បញ្ជាក់​ថា​ប្រសិន​បើ​មន្ត្រី​ធំ​ៗ​ដែល​នៅ​ពី​ក្រោយ​ខ្នង​ការ​ជួញ​ដូរ​ខុស​ច្បាប់​បែប​នេះ​មិន​ត្រូវ​បាន​យក​ទៅ​ផ្ដន្ទាទោស​ខុស​ច្បាប់ បទល្មើស​បែប​នេះ​នឹង​នៅ​តែ​កើត​មាន​បន្ត​ទៀត៕

1 comment:

  1. Anonymous4:43 PM

    Hun Sen bought Mr. Sam Rainsy, Mr. Kem Sokha and 55 MP of CNRP in just $ 20 millions US. Sam Rainsy , Kem Sokha and 55 MP CNRP sell out Cambodia and betray the Cambodians and the victims since 1997. KI media = Communist Vietnam Hun Sen CPP media that betray Khmer nation. KI media suppress people from freedom of speech and expression. Every dicks are the same and KI media, Sam Rainsy, Kem Soka, 55 MP CNRP are great example.

    ReplyDelete