ក្រុមហ៊ុនប្រេង អាមេរិក លក់ហ៊ុននៅ កម្ពុជា ឱ្យសិង្ហបុរី
ក្រុមហ៊ុន Chevron និងក្រុមហ៊ុន KrisEnergy គឺជាដៃគូភាគហ៊ុនសំខាន់ពីរក្នុងចំណោមដៃគូភាគហ៊ុនចំនួនបួនក្នុងការរុករកនិងធ្វើអាជីវកម្មប្រេងក្នុងប្លុក A ក្នុងដែនសមុទ្រកម្ពុជាដែលមានទំហំ៤.៧០៩គីឡូម៉ែត្រការ៉េ។
គង់ សុឋានរិទ្ធ / វីអូអេ / ១៥ សីហា ២០១៤
ភ្នំពេញ—តំណាងក្រុមហ៊ុន Chevron Global Energy Inc ដែលមានក្រុមហ៊ុនសាខារបស់ខ្លួនឈ្មោះថា Chevron Overseas Petroleum (Cambodia) Ltd សម្រាប់រុករកប្រេងនៅក្នុងប្រទេសកម្ពុជានិងក្រុមហ៊ុន KrisEnergy Ltd បានប្រគល់ឯកសារដល់ក្រសួងថាមពលនិងរ៉ែនៅព្រឹកថ្ងៃព្រហស្បតិ៍នេះដើម្បីស្នើការសម្រេចរបស់រាជរដ្ឋាភិបាលខ្មែរលើការផ្ទេរភាគហ៊ុនរបស់ខ្លួន។
នេះបើយោងតាមការឲ្យដឹងរបស់មន្ត្រីរដ្ឋាភិបាល។ យ៉ាងណាក៏ដោយមន្ត្រីដដែលបញ្ជាក់ថា ថ្វីបើក្រុមហ៊ុន Chevron លក់ភាគហ៊ុនរបស់ខ្លួន ប៉ុន្តែក្រុមហ៊ុននេះនឹងបន្តប្រតិបត្តិការរុករកប្រេងនៅដែនសមុទ្រកម្ពុជាជាមួយក្រុមហ៊ុនដៃគូរបស់ខ្លួនដដែល។
ក្រុមហ៊ុន Chevron និងក្រុមហ៊ុន KrisEnergy គឺជាដៃគូភាគហ៊ុនសំខាន់ពីរក្នុងចំណោមដៃគូភាគហ៊ុនចំនួនបួនក្នុងការរុករកនិងធ្វើអាជីវកម្មប្រេងក្នុងប្លុក A ក្នុងដែនសមុទ្រកម្ពុជាដែលមានទំហំ៤.៧០៩គីឡូម៉ែត្រការ៉េ។
កាលពីថ្ងៃទីច័ន្ទទី១១ខែសីហាក្រុមហ៊ុនChevronបានសម្រេចលក់ភាគហ៊ុនរបស់ខ្លួនទាំងមូលចំនួន៣០ភាគទៅឲ្យក្រុមហ៊ុន KrisEnergy ដែលមានទឹកប្រាក់សរុបចំនួន៦៥លានដុល្លារអាមេរិក។
លោកម៉េង សាក់ធារ៉ា រដ្ឋលេខាក្រសួងរ៉ែនិងថាមពលបានឲ្យដឹងថារាជរដ្ឋាភិបាលកម្ពុជានឹងត្រូវផ្តល់ការឯកភាពឬយ៉ាងណាចំពោះការផ្ទេរភាគហ៊ុនក្រោយពីធ្វើការសិក្សាលើផលប៉ះពាល់លើបញ្ហានេះរួចរាល់។
«ទាំងតំណាងក្រុមហ៊ុន Chevron ទាំងតំណាងក្រុមហ៊ុន KrisEnergy បានមកជួបផ្ទាល់ជាមួយនឹងរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលនិងថ្នាក់ដឹកនាំរបស់ក្រសួងកាលពីព្រឹកមិញជាមួយនឹងឯកសាររបស់ខ្លួន»។
ក្រុមហ៊ុន Chevron ដោយសហការជាមួយក្រុមហ៊ុន KrisEnergy និងដៃគូពីប្រទេសជប៉ុននិងក្រុមហ៊ុនមួយផ្សេងទៀតបានចាប់ផ្តើមប្រតិបត្តិការរុករកប្រេងនៅក្នុងប្រទេសកម្ពុជាអស់រយៈពេល១២ឆ្នាំមកហើយ។
លោក Alexander Yelland អ្នកនាំពាក្យរបស់ក្រុមហ៊ុន Chevron បានឆ្លើយនឹងវីអូអេសំឡេងសហរដ្ឋអាមេរិកតាមសារអេឡិកត្រូនិកថាក្រុមហ៊ុន Chevron និងក្រុមហ៊ុន KrisEnergyបានព្រមព្រៀងគ្នាលើគោលការណ៍សម្រាប់លក់ភាគហ៊ុនរបស់ខ្លួនទាំង៣០ភាគរយក្នុងប្រតិបត្តិការរុករកនៅក្នុងប្លុកA នេះ។ ប៉ុន្តែលោកមិនផ្តល់ព័ត៌មានពិស្តារនោះទេ។
កាលពីថ្ងៃច័ន្ទក្រុមហ៊ុន KrisEnergy បានប្រកាសថាខ្លួននឹងបើកប្រតិបត្តិការដោយរំពឹងថានឹងអាចបូមប្រេងបាន១ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ។
លោករីឆាត ឡូរិន (Richard Lorentz) នាយកផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្មរបស់ក្រុមហ៊ុន KrisEnergyបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃច័ន្ទថាបន្ទាប់ពីទិញភាគហ៊ុនរបស់ក្រុមហ៊ុនChevron នេះក្រុមហ៊ុន KrisEnergy នឹងមានលទ្ធភាពគិតគូពីផែនការ «សម្រាប់ការផលិតប្រេងជាលើកដំបូងឲ្យបានឆាប់រហ័ស»។
ក្រុមហ៊ុន Chevron ធ្លាប់បានប្រកាសថាខ្លួននឹងបូមដំណក់ប្រេងលើកទី១នៅខែធ្នូឆ្នាំ២០១២ ប៉ុន្តែក្រោយមកក្រុមហ៊ុននេះរំពឹងថានឹងអាចបូមប្រេងជាលើកដំបូងនៅឆ្នាំ២០១៦វិញ។
ទោះជាបែបនេះក្តីលោកម៉េង សាក់ធារ៉ា រដ្ឋលេខាក្រសួងរ៉ែនិងថាមពល មានប្រសាសន៍ថាកម្ពុជាមិនទាន់មានលក្ខណៈគ្រប់គ្រាន់សម្រាប់ចាប់ផ្តើមបូមប្រេងរបស់ខ្លួននៅឆ្នាំ២០១៦ទេ៕
No comments:
Post a Comment