រដ្ឋមន្ត្រី ក្រសួង ពាណិជ្ជកម្ម ដឹកនាំមន្ត្រី លេងល្បែង ចាក់ទឹកកក ស្វែងរកជំនួយ មនុស្សធម៌
ដោយ៖ ស៊ុន ណារិន / វីអូអេ | ២៩ សីហា ២០១៤
រដ្ឋមន្ត្រី ក្រសួង ពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល នឹងដឹកនាំ ការលេងល្បែង ចាក់ទឹកកក (Ice Bucket Challenge) ដើម្បី រៃអង្គាសប្រាក់ ទុកសម្រាប់ ជាជំនួយ មនុស្សធម៌។
លិខិត អញ្ជើញមួយ របស់ ក្រសួង ពាណិជ្ជកម្ម ចុះថ្ងៃ ទី២៩ ខែសីហា ឲ្យដឹង ថា, ក្រសួង អញ្ជើញប្រធាន, អនុប្រធាន នាយកដ្ឋាន, ក្រោមឱវាទ ទាំងអស់, ប្រធាន, អនុប្រធាន ការិយាល័យ មន្ត្រី បុគ្គលិក ជាប់កិច្ចសន្យា និងអណ្តែត ទាំងអស់ ចូលរួម លេងល្បែង ចាក់ទឹកកក់ ដើម្បី រៃអង្គាសប្រាក់ សម្រាប់ បរិច្ចាគ ក្នុងសកម្មភាព មនុស្សធម៌ ក្រោមអធិបតីភាព របស់ រដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល។
កម្មវិធីនេះ នឹង ត្រូវធ្វើឡើងនៅ ថ្ងៃទី៣០ខែសីហា វេលាម៉ោង២និង៣០នាទី ដល់ម៉ោង៥និង៣០នាទី នៅទីស្តី ការក្រសួង។ ក្រសួងពាណិជ្ជកម្ម មិនបានប្រកាស ថាតើថវិកា ដែលរៃអង្គាសបាន នឹងត្រូវបរិច្ចាគ ទៅណានៅឡើយទេ។
ល្បែងចាក់ទឹកកក់នេះ បានក្លាយជាចំណាប់អារម្មណ៍ របស់យុវជន មួយចំនួន ហើយអ្នកទាំងនោះ បានបង្ហោះវីដេអូ នៃការចាក់ទឹកកក នៅលើបណ្តាញសង្គមហ្វេសប៊ុក ជាហូរហែ។ ភាគច្រើននៃ អ្នកលេងល្បែងនោះ បាន សន្យាថា នឹងបរិច្ចាគ ថវិកា ទៅមន្ទីរពេទ្យ គន្ធបុប្ផា។
កាលពីថ្ងៃ ទី២៣ខែសីហា កូនប្រុស របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាតំណាងរាស្ត្រ មួយរូប លោក ហ៊ុន ម៉ានី ក៏បានចូលរួម លេងល្បែង នេះផងដែរ។ លោកសរសេរ នៅលហ្វេសប៊ុកថា «ក្នុងឱកាសនេះផងដែរ តាមរយៈកម្មវិធី Ice Bucket Challenge ខ្ញុំបានសម្រេចចូលរួមកម្មវិធីនេះ ក្នុងគោលបំណងរួមចំណែករៃអង្គាសថវិកា ជួយអង្គការ Taramana ដែលកំពុងជួយកុមារជួបការលំបាក និងក្រីក្រ នៅតំបន់ស្ទឹងមានជ័យ រាជធានីភ្នំពេញ...។ជាមួយគ្នានេះដែរ ខ្ញុំបាទសូមអំពាវនាវដល់សមាជិក សមាជិកាសហភាពសហព័ន្ធយុវជកម្ពុជាទាំងអស់ ចូលរួមកម្មវិធីនេះផងដែរ ក្នុងស្មារតីចែករំលែក មនុស្សធម៌ និងជួយសង្គម ទោះបីតិចក្តី ច្រើនក្តី។»
ល្បែងចាក់ទឹកកកនេះ ក៏ត្រូវបានរិះគន់ពីមនុស្សមួយចំនួនថាជាការខ្ជះខ្ជាយទឹក ចំណាយថវិកា និងជាការបង្ខំមនុស្សក្នុងការចូលរួមជាជំនួយមនុស្សធម៌។
តែអ្នកខ្លះយល់ថានេះការជំរុញឲ្យមានការផ្តល់ជំនួយមនុស្សធម៌ ដល់អ្នកជួបការលំបាក ហើយមិនមែនជាការខ្ជះខ្ជាយទឹកទេសម្រាប់នៅកម្ពុជា៕
តែអ្នកខ្លះយល់ថានេះការជំរុញឲ្យមានការផ្តល់ជំនួយមនុស្សធម៌ ដល់អ្នកជួបការលំបាក ហើយមិនមែនជាការខ្ជះខ្ជាយទឹកទេសម្រាប់នៅកម្ពុជា៕
No comments:
Post a Comment