ទីលានប្រជាធិបតេយ្យ ត្រូវបើកឲ្យប្រើប្រាស់វិញ ហើយចាប់ពីថ្ងៃនេះទៅ
ដោយ៖ ស៊ុន ណារិន | វីអូឌី / ថ្ងៃពុធ ទី6 សីហា 2014
សាលារាជធានីភ្នំពេញ សម្រេចបើកទីលានប្រជាធិបតេយ្យវិញហើយចាប់ពីថ្ងៃនេះតទៅ បន្ទាប់ត្រូវបានបិទអស់រយៈពេល ជាច្រើនខែ ដើម្បីបើកការស៊ើបអង្កេតករណីហិង្សាមួយចំនួន។
សេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ចេញផ្សាយថ្ងៃទី០៥ខែសីហា ឲ្យដឹងថា កន្លងមកទីលានប្រជាធិបតេយ្យ ត្រូវបានប្រើប្រាស់ប្រាសចាកពីច្បាប់ធ្វើឲ្យលេចចេញនូវបាតុភាពអសកម្មផ្សេងៗ ដូចជាការអុជអាល ការញុះញង់នានាដែលនាំទៅដល់ការបង្កឲ្យមានអំពើហិង្សា បាត់បង់អាយុជីវិតិមនុស្ស និងបំផ្លិចបំផ្លាញទ្រព្យសម្បតិផ្សេងៗជាដើម។សេចក្តីជូនដំណឹងបន្តថា ដោយពិនិត្យឃើញថា ស្ថានភាពសន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ ត្រូវបានស្តារឲ្យមានប្រក្រតីភាពឡើងវិញ អាជ្ញាធររាជធានីភ្នំពេញ សម្រេចបើកឲ្យដំណើរការទីកន្លែងបញ្ចេញមតិទីលានប្រជាធិបតេយ្យ ចាប់ពីថ្ងៃនេះតទៅ។
សាលារាជធានីភ្នំពេញ ក៏សុំការអធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋនៅជុំវិញទីនោះ ដែលទទួលរងផលប៉ះពាល់ពីការបិទផ្លូវ ឬប្រការផ្សេងៗទៀត ដែលរំខានដល់អាជីវកម្ម និងជីវភាពប្រចាំថ្ងៃ។
សាលារាជធានី ក៏អំពាវនាវឲ្យប្រជាពលរដ្ឋដែលមានបំណងប្រើប្រាស់ទីលានប្រជាធិបតេយ្យ ដើម្បីសម្តែងមតិ ចាំបាច់ត្រូវគោរពតាមច្បាប់ និងបទបញ្ញតិ្តជាធរមានរបស់កម្ពុជា ព្រមទាំងកិច្ចសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធានាឲ្យបាននូវស្ថិរភាព សុវត្ថិភាព និងសន្តិសុខសង្គម ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។
ការប្រកាសបើកទីលានប្រជាធិបតេយ្យនេះ ធ្វើឡើងស្របពេលដែលតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានសម្រេចចូលធ្វើសច្ចាប្រណិធាននៅព្រះបរមរាជវាំង កាលពីថ្ងៃទី០៥ខែសីហា ដើម្បីទទួលបានអភ័យឯកសិទ្ធិជាតំណាងរាស្ត្រពេញលេញ។កន្លងទៅ គណបក្សសង្គ្រោះជាតិ សង្គមស៊ីវិលជាតិ និងអន្តរជាតិ បានទាមទារឲ្យរដ្ឋាភិបាលកម្ពុជា បើកទីលានប្រជាធិបតេយ្យឡើងវិញ ដើម្បីឲ្យប្រជាពលរដ្ឋអាចបញ្ចេញមតិបាន។
ទីលានប្រជាធិបតេយ្យដែលបង្កើតឡើងកាលពីឆ្នាំ២០១០ មានទីតាំងនៅក្បែរស្ពាននាគជិតវត្តភ្នំនោះ ត្រូវក្រសួងមហាផ្ទៃប្រកាសបិទបណ្តោះអាសន្ន ដោយមិនកំណត់កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤ ក្រោមហេតុផលរក្សាសន្តិសុខ និងបើកការស៊ើបអង្កេត ករណីហិង្សាពេលកម្លាំងប្រដាប់អាវុធបង្ក្រាបលើកម្មករកាលពីថ្ងៃទី២ និង៣ ខែមករាណឆ្នាំ២០១៤៕
No comments:
Post a Comment