សមាជិកសភា នឹងចូលគាល់ ព្រះមហាក្សត្រ ធ្វើសច្ចាប្រណិធាន ថ្ងៃស្អែក
VOA / វីអូអេ | ៥ សីហា ២០១៤
ពិធីស្បថចូលកាន់តំណែងតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ ដោយមិនមានវត្តមានតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។ (វីអូអេ)
ភ្នំពេញ —តំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ ចំនួន ៥៥រូប គ្រោង នឹងធ្វើសច្ចាប្រណិធាន នៅព្រះបរមរាជវាំង នៅថ្ងៃអង្គារ ស្អែក វេលាម៉ោង ៤រសៀល ដើម្បី បំពេញអភ័យឯកសិទ្ធិ សមាជិកសភា របស់ខ្លួន។ ការចូលស្បថនេះ ធ្វើឡើង បន្ទាប់ ពីកិច្ចចរចាលម្អិតរបស់ខ្លួនជាមួយគណបក្សប្រជាជនកម្ពុជាត្រូវបានចាត់ទុកថា បានបញ្ចប់ទៅជាស្ថាពរ។ នេះបើតាមការបញ្ជាក់របស់លោក យឹម សុវណុ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ។
«ថ្ងៃនេះគណៈអចិន្ត្រៃយ៍របស់គណបក្សបានសម្រេចថា តំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិទាំងអស់នឹងចូលធ្វើសច្ចាប្រណិធាននៅព្រះបរមរាជវាំងនៅថ្ងៃស្អែកវេលាម៉ោងបួនរសៀល ដោយសារថា ក្រុមការងារទាំងបីដែលបានជួបជុំគ្នារៀបចំក្របខ័ណ្ឌច្បាប់ដើម្បីអនុវត្តនៃកិច្ចព្រមព្រៀងដែលបានចុះនៅថ្ងៃទី២២ហ្នឹងគឺបានសម្រេចការងាររបស់ខ្លួនចប់សព្វគ្រប់អស់ហើយ ហើយនៅមានចំណុចនៅសេសសល់បន្តិចបន្តួច យើងនឹងចាប់ផ្តើមធ្វើការងារក្រោយពីចូលប្រជុំសភា។»
កិច្ចចរចាលម្អិតរវាងគណបក្សទាំងពីរដែលសម្រេចបាននោះ រួមមានការបង្កើតឱ្យមានតុល្យភាពអំណាចនៅគណៈកម្មការជាតិរៀបចំការបោះឆ្នោត ដោយមានសមាសភាពជាសមាជិកគណបក្សទាំងពីរ ម្ខាង៤នាក់ និងសមាជិកឯករាជ្យម្នាក់ ដែលគណបក្សទាំងពីរសម្រេចជ្រើសរើសលោកស្រីពុង ឈីវកេក ប្រធានអង្គការលីកាដូ។ ក្រៅពីនោះក៏មានគោលការណ៍សំខាន់ៗនៃវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា និងព្រមព្រៀងលើសេចក្តីព្រាងនៃវិសោធនកម្មរដ្ឋធម្មនុញ្ញ ជំពូកទី៥ មាត្រា៧៦ ទាក់ទងនឹងអង្គការបោះឆ្នោត។ នេះបើតាមលោកយឹម សុវណ្ណ។
យ៉ាងណាក៏ដោយ លោក យឹម សុវណ្ណ បញ្ជាក់ថា គណបក្សលោកមិនទាន់កំណត់ថ្ងៃចូលប្រជុំសភានៅឡើយទេ ដោយរង់ចាំពិភាក្សាជាមួយថ្នាក់ដឹកនាំគណបក្សលោកបន្តទៀត។
សូមបញ្ជាក់ថា ថ្នាក់ដឹកនាំកំពូលនៃគណបក្សទាំងពីរបានឈានដល់កិច្ចព្រមព្រៀងរួមនៅថ្ងៃទី២២ ខែកក្កដា ជាលទ្ធផលដែលបញ្ចប់ភាពជាប់គាំងនយោបាយរយៈពេលមួយឆ្នាំនៅកម្ពុជា។ ហើយគណបក្សទាំងពីរបានសម្រេចបង្កើតគណៈកម្មការចំនួនបីដើម្បីចរចាលម្អិតលើស្មារតីនៃកិច្ចព្រមព្រៀងនេះ។
លោក ឈាង វ៉ុន តំណាងរាស្ត្រ និងជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ចាត់ទុកការស្បថចូលកាន់តំណែងនៅរដ្ឋសភារបស់គណបក្សប្រឆាំងនៅពេលនេះជាការគោរពឆន្ទៈម្ចាស់ឆ្នោត និងធ្វើការជាមួយគ្នាដើម្បីប្រយោជន៍ជាតិ។
«ខ្ញុំយល់ថា ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ជាការល្អហើយក្នុងនាមជាមន្ត្រីជាន់ខ្ពស់គបក្សប្រជាជន ដែលធ្វើការនៅក្នុងរដ្ឋសភា ការចូលរួមរបស់គណបក្សដែលមានសំឡេងភាគតិចនៅក្នុងរដ្ឋសភាចំពោះខ្ញុំ គឺល្អពីរដង ព្រោះយើងត្រូវរួបរួមគ្នាកាន់ដៃគ្នា ធ្វើការជាមួយគ្នានៅក្នុងរដ្ឋសភា បម្រើឆន្ទៈប្រជាពលរដ្ឋ៦,៣លាននាក់ដែលបានបោះឆ្នោតផ្តល់ការទុកចិត្តលើគណបក្សយើងទាំងពីរ។»
លោក នី ចរិយា ប្រធានផ្នែកអង្កេតនៃសមាគមសិទ្ធិមនុស្សអាដហុក ថ្លែងថាចំណាត់ការរបស់គណបក្សសង្គ្រោះជាតិនៅពេលនេះជាការសមហេតុសមផល និងជាការត្រួសត្រាយផ្លូវឱ្យគណបក្សទាំងពីរពិភាក្សាលើកំណែទម្រង់ដែលខ្លួនបានព្រមព្រៀងគ្នា និងកំណែទម្រង់ដទៃទៀត។
«យើងកុំគិតរឿងឆាប់ពេក រឿងយឺតពេក។ ខ្ញុំគិតថា បើឆាប់កាន់តែល្អ ឱ្យតែការចូលស្បថនេះដើម្បីបំពេញភារកិច្ចរបស់ខ្លួនបាន ក្នុងការដែលយើងចូលទៅធ្វើកំណែទម្រង់ក្នុងស្ថាប័នសំខាន់ៗបាន។ ឧទាហរណ៍ថា យើងបានជជែកគ្នាហើយនៅខាងក្រៅនេះ មុនយើងចូលទៅនេះ អំពីរឿងកែទម្រង់ផ្សេងៗ ដូចជាគណៈកម្មការរៀបចំការបោះឆ្នោត អំពីកំណែទម្រង់ប្រព័ន្ធតុលាការ ឬស្ថាប័នផ្សេងៗទៀតនោះបានចប់សព្វគ្រប់ហើយ យើងក៏មិនដឹងថា នៅខាងក្រៅហ្នឹងដើម្បីអ្វីដែរ។ យើងត្រូវតែចូលទៅស្បថទៅធ្វើកិច្ចការហ្នឹងនៅក្នុងរដ្ឋសភា។»
យ៉ាងណាក៏ដោយ លោកនី ចរិយាយល់ថា ការសម្រេចចិត្តចូលរដ្ឋសភារបស់គណបក្សសង្គ្រោះជាតិនេះជាឱកាសដើម្បីឱ្យគណបក្សទាំងពីរបង្ហាញស្នាដៃ ក៏ដូចជាប្រសិទ្ធិភាពនៃកំណែទម្រង់នានាសម្រាប់ការប្រកួតប្រជែងការបោះឆ្នោតនៅអាណត្តិក្រោយឆ្នាំ២០១៨៕
No comments:
Post a Comment