Paris Peace Accords 23 Oct. 1991

Sunday, August 17, 2014

តុលាការ​ កោះ​ហៅ​ យុវជន ​និង​អ្នក​គាំទ្រ ​បក្ស​ប្រឆាំង ​២​នាក់​ទៀត ​ឲ្យ​ចូល​បំភ្លឺ

តុលាការ​ កោះ​ហៅ​ យុវជន ​និង​អ្នក​គាំទ្រ ​បក្ស​ប្រឆាំង ​២​នាក់​ទៀត ​ឲ្យ​ចូល​បំភ្លឺ

RFA | ១៧ សីហា ២០១៤


​ទី​លាន​ប្រជាធិបតេយ្យ ៦១០
ការ​ប៉ះ​ទង្គិច​គ្នា​ នៅ​ទី​លាន ​ប្រជាធិបតេយ្យ​ ខាង​ជើង​ ស្ពាន​នាគ​ នៅ​ថ្ងៃ ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤។
RFA/Sek Bandith

ចៅក្រម ​ស៊ើបសួរ​ សាលាដំបូង​ រាជធានី​ភ្នំពេញ លោក កែវ មុនី ចេញ​ដីកា​ បង្គាប់​ ឲ្យ​យុវជន គណបក្ស​ សង្គ្រោះ​ជាតិ និង​អ្នក​គាំទ្រ​ គណបក្ស​នេះ ២​នាក់​ទៀត ចូល​បំភ្លឺ ​នៅ​តុលាការ​ នា​ចុង​ខែ​ សីហា​នេះ ពាក់ព័ន្ធ ​ពី​បទ​ចូលរួម ​ធ្វើ​កុបកម្ម​ ប្រឆាំង ​នឹង​អ្នក​រាជការ​ សាធារណៈ និង​ហិង្សា ​ដោយ​ចេតនា និង​ផ្តើម​គំនិត ​ក្នុង​អំពើ​ហិង្សា​ ដោយ​ចេតនា ​មាន​ស្ថាន​ទម្ងន់​ទោស ​ដែល​ប្រព្រឹត្ត​ទៅ​ កាល​ពី​​ថ្ងៃ​ ទី​១៥ កក្កដា នៅ​ក្បែរ ​ទីលាន​ ប្រជាធិបតេយ្យ។

គិត​ មក​ដល់​ពេល​នេះ មាន​សមាជិក​ ជាន់​ខ្ពស់ ​គណបក្ស យុវជន និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ សរុប ៥​នាក់ ហើយ ដែល​ត្រូវ​ចៅក្រម​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​នៅ​តុលាការ​ជា​បន្តបន្ទាប់។ ក្នុង​នោះ​មាន​លោក មាជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​១ កញ្ញា។ លោក សាន សីហៈ លោក ទេព ណារិន លោក អាន បឋម ពួកគេ​ជា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក អ៊ុក ពេជ្រសំណាង អាយុ ៥១​ឆ្នាំ ជា​អ្នក​គាំទ្រ​គណបក្ស។ ពួកគេ​ត្រូវ​បំភ្លឺ​នៅ​តុលាការ​ចន្លោះ​ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៨ សីហា ខាង​មុខ។
លោក អាន បឋម និង​លោក អ៊ុក ពេជ្រសំណាង ទើប​តែ​ទទួល​ដីកា​ដល់​ដៃ​កាល​ពី​ថ្ងៃ​ទី​១៦ សីហា។ ដោយ​ឡែក ៣​នាក់​ទៀត ទទួល​ដីកា​កាលពី​សប្ដាហ៍​មុន។

​ចៅក្រម​ស៊ើប​សួរ​រូប​នេះ​បង្គាប់​ឲ្យ​ឈ្មោះ អាន បឋម សមាជិក​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ រាជធានី​ភ្នំពេញ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ជាប់​ឆ្នោត​នៅ​សង្កាត់​អូរឫស្សី១ ឲ្យ​ចូល​បង្ហាញ​ខ្លួន​នៅ​តុលា នៅ​ថ្ងៃ​ទី​២៨ សីហា ខាង​មុខ។ រី​ឯ​លោក អ៊ុក ពេជ្រសំណាង ជា​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បង្ហាញ​ខ្លួន​នៅ​តុលាការ​នៅ​ថ្ងៃ​ទី​២៦ សីហា។ អ្នក​ទាំង​ពីរ​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ចូល​រួម​ធ្វើ​កុបកម្ម​ ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់​ទោស និង​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ដែល​ប្រព្រឹត្ត​ទៅ​នៅ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា។

ចៅក្រម​ក៏​បាន​ព្រមាន​ចាប់​ខ្លួន​ពួកគេ​ប្រសិនបើ​ខកខាន​មិន​ចូល​បំភ្លឺ​នៅ​តុលាការ​តាម​ការ​កំណត់។

យុវជន​គណបក្ស​សង្គ្រោះ​ជាតិ លោក អាន បឋម ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ សីហា ថា លោក​គ្រោង​ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ​តាម​ការ​កំណត់ ដោយ​មាន​មេធាវី​ដែល​ខាង​គណបក្ស​សង្គ្រោះ​ជាតិ រក​ឲ្យ​ទៅ​ជា​មួយ​ផង។ លោក​គិត​ថា ការ​កោះហៅ​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ម្តង​មួយៗ​ឲ្យ​ចូល​បំភ្លឺ​នៅ​តុលាការ​ពាក់ព័ន្ធ​នឹង​រឿង​ហិង្សា​នោះ គឺ​ជា​ការ​បំបាក់​ស្មារតី​របស់​យុវជន​មិន​ឲ្យ​ចូល​រួម​ធ្វើ​សកម្មភាព​ក្នុង​ បញ្ហា​សង្គម និង​បញ្ហា​នយោបាយ៖ «ខ្ញុំ​គិត​ទី​១ ជា​ការ​បំបាក់​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ។ មួយ​ទៀត គឺ​រាជរដ្ឋាភិបាល​គាប​សង្កាត់​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ។»

​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ រាជធានី​ភ្នំពេញ លោក ម៉ន ផល្លា គិត​ថា ករណី​នេះ​ជា​ការ​គំរាមកំហែង​ផ្នែក​នយោបាយ​មួយ។ លោក​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ត្រៀម​មេធាវី​រួច​ហើយ​សម្រាប់​ជួយ​ការពារ​ក្តី​ឲ្យ​ពួកគេ ហើយ​ពួកគេ​ទាំង​អស់​នោះ​គ្រោង​ចូល​ខ្លួន​បំភ្លឺ​តាម​ការ​កំណត់​របស់​តុលាការ ​គ្រប់ៗ​គ្នា។

​ការ​ចេញ​ដីកា​កោះហៅ​មន្ត្រី​និង​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ៥​​នាក់​នេះ គឺ​ធ្វើ​ឡើង​នៅ​ខណៈ​ដែល​យុវជន ៣​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ រួម​មាន លោក ឃិន ជំរឿន លោក សាន គឹមហេង និង​លោក នាង សុឃុន កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ​នៅ​ឡើយ បើ​ទោះ​បី​ជា​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​បក្ស​សង្គ្រោះ​ជាតិ អះអាង​ថា ពួកគេ​នឹង​មាន​សេរីភាព បន្ទាប់​ពី​មាន​ភ្លើង​ខៀវ​រួច​ហើយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្នុង​កិច្ច​ព្រមព្រៀង​នយោបាយ​ជាមួយគ្នា​នោះ៕



No comments:

Post a Comment