ស.រ.អ. បង្ហាញជំហរ ចង់ពង្រឹង ទំនាក់ទំនង ជាមួយ កម្ពុជា បន្ថែមទៀត
លោក Scot Marciel ឧបការីរងជាន់ខ្ពស់រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងបាស៊ីហ្វិក ផ្តល់បទសម្ភាសន៍ផ្តាច់មុខមួយជាមួយលោក គង់ សុឋានរិទ្ធនៃវីអូអេ កាលពីថ្ងៃពុធទី២៧ ខែសីហា ឆ្នាំ២០១៤ នៅរាជធានីភ្នំពេញ។ (វីអូអេ)
ភ្នំពេញ—មន្ត្រីជាន់ខ្ពស់ ស.រ.អ. មួយរូប បានអះអាងថា ស.រ.អ. ចង់ពង្រឹង កិច្ចសហការ ជាមួយកម្ពុជា ថែមទៀតលើវិស័យផ្សេងៗ ទាំងនយោបាយ និង សេដ្ឋកិច្ច ដើម្បីធ្វើយ៉ាង ណាឲ្យកម្ពុជា ទទួលបានជោគជ័យ បន្ទាប់ពីគូភាគី ជម្លោះទាំងពីរ ក្នុងប្រទេសកម្ពុជា បានព្រមព្រៀង បញ្ចប់វិបត្តិនយោបាយ ដែលអូសបន្លាយ រយៈពេលមួយឆ្នាំ ក្រោយការបោះឆ្នោត។ នេះបើតាម ការអះអាង របស់ លោក ស្កត់ ម៉ាស៊ែល (Scot Marciel) ឧបការីរងរដ្ឋមន្ត្រី ការបរទេស ស.រ.អ. ដែលបានថ្លែងប្រាប់ វីអូអេ ក្នុងរាជធានី ភ្នំពេញ ក្នុងកិច្ចសម្ភាសន៍ ផ្តាច់មុខមួយ ជាមួយ វីអូអេ ក្នុងរាជធានីភ្នំពេញ បន្ទាប់ពី លោកបាន ជួបជាមួយ មន្ត្រីកម្ពុជា។
លោកម៉ាស៊ែលបានថ្លែងដូច្នេះ ក្រោយពីលោកបានជួបជាមួយនឹងរដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជាគឺលោកអ៊ុច បូរិទ្ធ កាលពីថ្ងៃពុធម្សិលមិញ ក្នុងដំណើរបេសកកម្មជាផ្លូវការទៅកាន់ប្រទេសប្រទេសបីគឺ ថៃ វៀតណាម និង កម្ពុជាដែលលោកត្រួតពិនិត្យមើលស្ថានការណ៍សេដ្ឋកិច្ច និងនយោបាយនោះ។
លោកក៏បានកត់សម្គាល់ឃើញពីការរីកចម្រើនផ្នែកនយោបាយ ដែលគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានឈានដល់កិច្ចព្រមព្រៀងគ្នា ហើយបានចូលរួមប្រជុំសភាផងដែរ តែលោកថា ស.រ.អ. ក៏ដូចជាពលរដ្ឋកម្ពុជាដែរ រំពឹងថា នឹងឃើញមានការកែទម្រង់ជាច្រើនកើតឡើង នាពេលខាងមុខ។
«ខ្ញុំគិតថា អ្វីដែលយើងចង់ឃើញបន្ត ដូចជាពលរដ្ឋកម្ពុជាដែរ ដែលពួកគេបាន បញ្ជាក់ច្បាស់ថា ពួកគេចង់ឃើញមានការកែទម្រង់ថែមទៀត មានការរីកចម្រើន ថែមទៀត លើបញ្ហាប្រឈមនានា ដែលកម្ពុជាជួបប្រទះ ហើយយើងមាន អារម្មណ៍ចង់បានដូចគ្នានេះដែរ។ យើងសង្ឃឹមថា រដ្ឋាភិបាលនិងសភាដែលបាន ចូលប្រជុំពេលនេះ អាចដំណើរការកំណែទម្រង់មួយចំនួន ដែលពលរដ្ឋកម្ពុជា បានទទូច។ ហើយយើងគិតថា នេះជាជំហ៊ានវិជ្ជមានមួយ។»
សេចក្តីថ្លែងការណ៍របស់លោកស្កត់ ម៉ាស៊ែលដូច្នេះកើតឡើងក្រោយពេលមួយ ថ្ងៃដែលសភាទាំងពីរគណបក្សបានចូលរួមប្រជុំដំបូងកាលពីថ្ងៃអង្គារ ក្រោយពេលដែលគណបក្សទាំងពីរអាចដោះស្រាយវិបត្តិនយោបាយបាន ហើយចូលរួមប្រជុំសភាដើម្បីអ្វីមួយដែលគេគិតថា ជាការធ្វើឲ្យរដ្ឋាភិបាលកម្ពុជាថ្មី មានភាពស្របច្បាប់ត្រឹមត្រូវនឹងបន្តប្រក្រតីភាពរបស់រដ្ឋាភិបាល។ ស.រ.អ. ធ្លាប់បានទទូចឲ្យភាគីទាំងពីរដោះស្រាយបញ្ហានយោបាយ ដោយសន្តិវិធី និងតាមច្បាប់ពាក់ព័ន្ធនឹងជម្លោះនៃការបោះឆ្នោតកន្លងមក។
ក្នុងពេលជួបជាមួយលោកអ៊ុច បូរិទ្ធនោះ លោកស្កត់ ម៉ាស៊ែលត្រូវក្រុមមន្ត្រីអះអាងថា បានពិភាក្សាបញ្ហាផ្សេងៗទៀត ទាំងបញ្ហាទ្វេភាគី និងបញ្ហាក្នុងតំបន់ផងដែរ។
No comments:
Post a Comment