Paris Peace Accords 23 Oct. 1991

Thursday, August 28, 2014

កម្ពុជា ​សម្រេច ​ទទួល​យក ​ជន​ភៀស​ខ្លួន​ ពី​អូស្ត្រាលី​ | Cambodia agrees to take in refugees from Australia

កម្ពុជា ​សម្រេច ​ទទួល​យក ​ជន​ភៀស​ខ្លួន​ ពី​អូស្ត្រាលី​

RFA | ២៧ សីហា ២០១៤

អ៊ុច បូរិទ្ធិ ៦២០
រដ្ឋលេខាធិការ ​ក្រសួង​ ការ​បរទេស ​កម្ពុជា លោក អ៊ុច បូរិទ្ធិ ថ្លែង​ប្រាប់ ​អ្នក​កាសែត​ បន្ទាប់​ជំនួប​ ទ្វេភាគី​ ជាមួយ ​ឧបការី​រង​ រដ្ឋមន្ត្រី​ ការ​បរទេស​ សហរដ្ឋ​អាមេរិក លោក ស្កុត ម៉ាកសែល (Scot Marciel) នា​ទីស្ដីការ ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៤។
RFA/Vann Vichar

កម្ពុជា សម្រេច​ចិត្ត​ ទទួល ​ជន​ភៀស​ខ្លួន ​ពី​​អូស្ត្រាលី ឲ្យ​មក​រស់នៅ ​ក្នុង​​កម្ពុជាហើយ។  នេះ ​ជា​ការ​បញ្ជាក់​ ជា​ថ្មី ​របស់​ មន្ត្រី​ជាន់​ខ្ពស់​ ក្រសួង ​ការ​បរទេស​ កម្ពុជា នៅ​ក្នុង​ជំនួប​ ជាមួយ ​ឧបការី​រង ​រដ្ឋមន្ត្រី​ ក្រសួង​ ការ​បរទេស​ សហរដ្ឋ​ អាមេរិក នៅ​ព្រឹក​ថ្ងៃ ​ទី​២៧ ខែ​សីហា នា​ទីស្ដីការ​ ក្រសួង ​ការ​បរទេស ​កម្ពុជា។

ក្នុង​ជំនួប​ទ្វេ​ភាគី​រវាង​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា ជាមួយ​ឧបការី​រង​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក លោក ស្កុត ម៉ាកសែល (Scot Marciel) បាន​ពិភាក្សា​លើ​កិច្ចការ​បរទេស​មួយ​ចំនួន ក្នុង​នោះ​ក៏​បាន​ផ្ដោត​សំខាន់​លើ​បញ្ហា​កម្ពុជា គ្រោង​ទទួល​ជន​ភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី នៅ​ពេល​ខាង​មុខ​នេះ។

រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​កម្ពុជា លោក អ៊ុច បូរិទ្ធិ បាន​បញ្ជាក់​ជំហរ​របស់​កម្ពុជា ថា កម្ពុជា នឹង​ទទួល​យក​ជន​ភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី ពិត​មែន តែ​ទទួល​យក​តាម​គោលការណ៍​មនុស្ស​ធម៌​ប៉ុណ្ណោះ។ លោក អ៊ុច បូរិទ្ធិ មាន​ប្រសាសន៍​បន្ត​ថា កម្ពុជា និង​អូស្ត្រាលី បាន​ជជែក​គ្នា​ពី​យន្តការ​ផ្សេងៗ​មុន​នឹង​ទទួល​យក​ជន​ភៀស​ខ្លួន​ពី​ អូស្ត្រាលី ប៉ុន្តែ​ពេល​វេលា និង​ទីកន្លែង​ទទួល​ជន​ភៀស​ខ្លួន ដែល​ភៀស​ខ្លួន​ពី​ប្រទេស​កំណើត​របស់​ខ្លួន​ទៅ​អូស្ត្រាលី ហើយ​អូស្ត្រាលី គ្រោង​បញ្ជូន​បន្ត​មក​កម្ពុជា នោះ មិន​ទាន់​ត្រូវ​បាន​មន្ត្រី​កម្ពុជា ប្រាប់​ឲ្យ​ដឹង​ទេ។ លោក អ៊ុច បូរិទ្ធិ ពន្យល់​ថា កម្ពុជា និង​អូស្ត្រាលី នៅ​ពិភាក្សា​លម្អិត​ជា​មុន​សិន។

ចំណែក​មន្ត្រី​ការទូត​អាមេរិក លោក ស្កុត ម៉ាកសែល វិញ មិន​និយាយ​ជាមួយ​អ្នក​កាសែត​ឡើយ។

លោក អ៊ុច បូរិទ្ធិ លើក​ឡើង​ថា ភាគី​អាមេរិក គ្រាន់​តែ​សួរ​ប៉ុណ្ណោះ ហើយ​មិន​បញ្ចេញ​ទស្សនៈ​បែប​ណា​ជុំវិញ​បញ្ហា​នេះ​ទេ។

ក្រៅ​ពី​ជជែក​ពី​រឿង​បញ្ជូន​ជន​ភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី មក​កម្ពុជា ភាគី​អាមេរិក ក៏​ស្នើ​ឲ្យ​កម្ពុជា ឯកភាព​តាម​ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក លោក ចន ឃែររី (John Kerry) ក្នុង​កិច្ច​ប្រជុំ​មន្ត្រី​ការ​បរទេស​អាស៊ាន នៅ​ប្រទេស​ភូមា។ លោក ចន ឃែររី ចង់​ឲ្យ​ភាគី​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ចុះ​សន្ធិសញ្ញា​ថ្មី​មួយ ស្ដីពី​ការ​ធ្វើ​សកម្មភាព​ដោយ​សេរី​នៅ​ទីនោះ។
ភាគី​កម្ពុជា មិន​ទាន់​សម្រេច​ថា​យល់​ព្រម​តាម​សំណើ​របស់​អាមេរិក ឬ​អត់​នោះ​ទេ។ អាមេរិក ក៏​ជជែក​ពី​ផល​ប៉ះពាល់​ពី​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​លើ​ដង​ទន្លេ​ មេគង្គ នៅ​ប្រទេស​ឡាវ និង​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ក្នុង​ប្រទេស​កម្ពុជា ដែរ។ លោក ស្កុត ម៉ាកសែល ចង់​ឲ្យ​កម្ពុជា សាងសង់​ទំនប់​វារីអគ្គិសនី​ដោយ​គិត​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ និង​សិក្សា​ឲ្យ​បាន​ល្អិតល្អន់ លើ​ហេតុ​ប៉ះពាល់​នៃ​បរិស្ថាន។ ការ​ជជែក​នេះ ធ្វើ​ឡើង​ក្នុង​ពេល​ដែល​រដ្ឋាភិបាល មាន​គម្រោង​បំផ្លាញ​ធនធាន​ធម្មជាតិ ដើម្បី​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​ទន្លេ​សេសាន​ក្រោម​ពីរ និង​នៅ​ស្ទឹង​អារ៉ែង។ គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ទាំង​ពីរ​កន្លែង​នេះ ត្រូវ​បាន​សង្គម​ស៊ីវិល​រិះគន់​យ៉ាង​ខ្លាំង​ថា ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន និង​ប្រព័ន្ធ​អេកូឡូស៊ី។ ហើយ​ថា បើ​ទុក​ធនធាន​ធម្មជាតិ​នៅ​តំបន់​នេះ នោះ​កម្ពុជា នឹង​មាន​ប្រយោជន៍​សេដ្ឋកិច្ច​ច្រើន​ជាង​សាងសង់​ទំនប់​វារីអគ្គិសនី​ទៅ​ទៀត។

ត្រឡប់​មក​មើល​សំណុំ​រឿង​បញ្ជូន​ជន​ភៀស​ខ្លួន​ពី​អូស្ត្រាលី មក​កម្ពុជា វិញ សង្គម​ស៊ីវិល​នៅ​កម្ពុជា បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​ផ្តល់​ព័ត៌មាន​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ក្រោយ​ពី​គម្រោង​ការ​នេះ។ ហើយ​ អ្នក​ខ្លះ ថែម​ទាំង ​ទទូច​កុំ​ឲ្យ​ រដ្ឋាភិបាល ​ទទួល ​ជន​ភៀស​ខ្លួន​ ពី​អូស្ត្រាលី មក​កម្ពុជា ទៀត​ផង។


អ៊ុច បូរិទ្ធិ ស្កុត ម៉ាកសែល (Scot Marciel) ៦២០
រដ្ឋលេខាធិការ​ ក្រសួង​ ការ​បរទេស​ កម្ពុជា លោក អ៊ុច បូរិទ្ធិ (ស្ដាំ) និង​ឧបការី​រង ​រដ្ឋមន្ត្រី​ ការ​បរទេស ​សហរដ្ឋ​ អាមេរិក លោក ស្កុត ម៉ាកសែល (Scot Marciel) ចេញ​ពី​ជំនួប ​ទ្វេភាគី នា​ទីស្ដីការ​ គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ ទី​២៧ ខែ​សីហា ឆ្នាំ​២០១៤។ RFA/Vann Vichar

មន្ត្រី​ជាន់​ខ្ពស់​ អង្គការ​ ការពារ​ សិទ្ធិ​មនុស្ស​ លីកាដូ (Licadho) លោក អំ សំអាត លើក​ឡើង​ថា ការ​ទទួល​ជន​ភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី នេះ ជា​បន្ទុក​មួយ​ធ្ងន់ធ្ងរ​ទៀត​សម្រាប់​រដ្ឋាភិបាល​កម្ពុជា ស្រប​ពេល​ដែល​កម្ពុជា កំពុង​ញាំញី​ដោយ​វិបត្តិ​ដីធ្លី និង​ការ​រំលោភ​សិទ្ធិ​មនុស្ស។ លោក​បន្ត​ថា កម្ពុជា គួរ​គិតគូរ​ដោះស្រាយ​បញ្ហា​ផ្ទៃ​ក្នុង​ឲ្យ​បាន​ប្រសើរ​ជា​មុន​សិន មុន​នឹង​សម្រេច​ចិត្ត​ថា នឹង​ជួយ​បរទេស។

ប្រទេស​អូស្ត្រាលី បាន​ដាក់​សំណើ​តាំង​ពី​ដើម​ឆ្នាំ ដើម្បី​សុំ​ឲ្យ​កម្ពុជា ទទួល​ជន​ភៀស​ខ្លួន​ដែល​សុំ​សិទ្ធិ​ជ្រកកោន​នៅ​អូស្ត្រាលី ឲ្យ​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា។ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ បាន​បង្កើត​គណៈកម្មការ​សិក្សា​ស្រាវជ្រាវ​ពី​ផល​ប៉ះពាល់ និង​លទ្ធភាព​ក្នុង​ការ​ព្រមព្រៀង​គ្នា​លើ​បញ្ហា​នេះ។

កាសែត​អូស្ត្រាលី ក៏​ធ្លាប់​បាន​ផ្សាយ​ថា កិច្ច​ព្រមព្រៀង​រវាង​ប្រទេស​ទាំង​ពីរ អាច​នឹង​ត្រូវ​ចុះ​សន្ធិសញ្ញា​ស្ងាត់ៗ​ទៀត​ផង៕


No comments:

Post a Comment