«កាកបាទ ក្រហម កម្ពុជា ស្ថិតក្រោម ការជ្រៀតជ្រែក នយោបាយ»
RFA | ២៩ សីហា ២០១៤
បើ និយាយអំពី កាកបាទ ក្រហម មនុស្សភាគច្រើន ដឹងភ្លាម ថា ជាក្រុមមួយ សម្រាប់ ចែកជំនួយ មនុស្សធម៌ ដល់ជនរងគ្រោះ, ជនក្រីក្រ, និងជួយដល់ ការថែទាំ សុខភាព របស់ មនុស្ស ដោយមិនគិត អំពីនិន្នាការ នយោបាយ នោះឡើយ។
ទស្សនវិស័យ របស់ កាកបាទ ក្រហម គឺ ដើម្បី រួមចំណែក ដោះស្រាយបញ្ហា ប្រឈម ជាសកល ដែលមាន លក្ខណៈ ស្មុគស្មាញ ក្នុងការសង្គ្រោះ ជីវិតមនុស្ស និងដើម្បី ពន្លឿន កាត់បន្ថយ ភាពក្រីក្រ, ការពារ សេចក្តីថ្លៃថ្នូរ របស់ មនុស្សជាតិ។
តើ ស្ថាប័ន កាកបាទ ក្រហម កម្ពុជា មានទិសដៅ និងសកម្មភាព ស្របទៅតាម គោលការណ៍ ជាមូលដ្ឋាន មនុស្សធម៌នេះ ដែរ ឬទេ?
វា ដូចជា មិនពិបាក មើលឃើញ សោះថា, ស្ថាប័ន កាកបាទ ក្រហម កម្ពុជា បន្តិចម្តងៗ បានត្រូវ គេ ប្រែក្លាយ ឲ្យទៅ ជាស្ថាប័ន ដែលប្រកាន់ និន្នាការ នយោបាយ, ហើយ ញាំញីទៅ ដោយក្រុមប្រពន្ធ របស់ មន្ត្រីជាន់ខ្ពស់ ក្នុងជួ រដ្ឋាភិបាល កម្ពុជា។ មិនតែ ប៉ុណ្ណោះទេ, ស្ថាប័នមួយនេះ ក៏ក្លាយទៅ ជាកន្លែង លាងលុយ របស់ ក្រុមឧកញ៉ា កំពូលៗ និងជាកន្លែង ទទួលបាន យ័ន្តស័ក្ដិសិទ្ធិ ដើម្បី រកស៊ីជួញដូរ ខុសច្បាប់។ ក៏ប៉ុន្តែ ប្រការសំខាន់ ជាងគេ បំផុតនោះ, កាកបាទ ក្រហម កម្ពុជា គឺ ជាសេនាធិការ រកសំឡេងឆ្នោត ឲ្យគណបក្ស កាន់អំណាច តែម្តង។
ទោះបី ជាយ៉ាងណា ក៏ដោយ គេហទំព័ររបស់កាកបាទក្រហមកម្ពុជា បង្ហាញថា កាកបាទក្រហមបើកទូលាយសម្រាប់ជនគ្រប់រូប ស្ថាប័នជាតិ ឬឯកជន ដោយមិនបែងចែកពូជសាសន៍ភេទ ជំនឿសាសនា ភាសា វណ្ណៈ ឬទស្សនៈនយោបាយឡើយ។
កាកបាទក្រហមកម្ពុជា ឈរលើគោលការណ៍គ្រឹះទាំង៧របស់ចលនាអន្តរជាតិ រួមមានភាពជាមនុស្សធម៌ ភាពមិនលម្អៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព។
ក៏ប៉ុន្តែ ក្រុមអ្នកឃ្លាំមើលនិយាយថា កាកបាទក្រហមកម្ពុជា បានដើរខុសពីគោលការណ៍ទាំង ៧ប្រការរបស់ខ្លួន ដោយខកខានមិនបានបង្ហាញឲ្យសាធារណជនបានដឹងអំពីចំណូល និងចំណាយរបស់ខ្លួននោះឡើយ។
គេហទំព័ររបស់កាកបាទក្រហមកម្ពុជា បានត្រឹមតែអនុញ្ញាតឲ្យមនុស្សបង់វិភាគទានប៉ុណ្ណោះ ប៉ុន្តែមិនបានរៀបរាប់លម្អិតនូវតម្លាភាព អំពីខ្ទង់ថវិការបស់ខ្លួននោះឡើយ។
អ្នកស្រាវជ្រាវអំពីការអភិវឌ្ឍសង្គម លោក កែម ឡី មានប្រសាសន៍ថា រហូតមកដល់ពេលនេះ ខ្ទង់ចំណូលដែលបានមកពីវិភាគទានរបស់កាកបាទក្រហម ស្ថិតក្នុងភាពអាថ៌កំបាំង ហើយក៏មិនបានបង្ហាញពីរបាយការណ៍ចំណាយសរុបប្រចាំឆ្នាំដែរ៖ «កង្វះ ខាត ទីបី គឺ ប្រព័ន្ធហ្នឹងឯង ដែលយើង និយាយអំពី ប្រព័ន្ធគណនេយ្យភាព និងប្រព័ន្ធ តម្លាភាព ឬប្រព័ន្ធ ហិរញ្ញវត្ថុ ហ្នឹងឯង។ យើង មិនទាន់ ចោទប្រកាន់ ថា, ប្រព័ន្ធ គេ មិនស្អាតស្អំទេ ពីព្រោះ យើង អត់ទាន់ឃើញ។ គេ ក៏មិន ឲ្យយើងដឹង, ប៉ុន្តែ គ្រាន់តែ ថា កាលណា នៅភាព អាថ៌កំបាំង អ៊ីចឹង, យើង វា មានការសង្ស័យ។ ហើយ ម្យ៉ាងទៀត, វា អត់មាន អភិបាលកិច្ចល្អ ទេ។ បើ និយាយអំពី អភិបាលកិច្ចល្អ គឺ ទាល់តែ មានព័ត៌មាន ឬការចូលរួម ពីមហាជន។»
វិទ្យុអាស៊ីសេរី មិនអាចសុំព័ត៌មានបន្ថែមពីក្រុមមន្ត្រីកាកបាទក្រហមកម្ពុជា តាមទូរស័ព្ទបានទេអំពីបញ្ហាចំណូលចំណាយរបស់ស្ថាប័នមួយនេះ។
គេហទំព័រកាកបាទក្រហមកម្ពុជា បង្ហាញថា សមាជិករបស់កាកបាទក្រហម ត្រូវបានបែងចែកជាសមាជិកទ្រទ្រង់សកម្ម ឧបការី និងកិត្តិយស។ សមាជិករបស់កាកបាទក្រហមកម្ពុជា មានករណីយកិច្ចផ្សព្វផ្សាយ លើកកម្ពស់ និងចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការងាររបស់កាកបាទក្រហមកម្ពុជា និងការពង្រីកសមាជិកភាព។ អនុវត្ដតាមគោលការណ៍ និងលក្ខខណ្ឌរបស់កាកបាទក្រហមកម្ពុជា និងបង់ប្រាក់សមាជិកភាពប្រចាំឆ្នាំ។
ទាក់ទងនឹងរចនាសម្ព័ន្ធ លោក កែម ឡី បញ្ជាក់ថា កាកបាទក្រហម គួរតែជាស្ថាប័នអព្យាក្រឹត្យរបស់ជាតិមួយ ដែលគ្មានការជ្រៀតជ្រែកពីក្រុមអ្នកនយោបាយ ឬក្រុមប្រពន្ធរបស់អ្នកនយោបាយ៖ «វា គួរតែ មានអ្នក ដែលចូលនិវត្ត។ វា គួរតែ មានព្រះមហាក្សត្រ, សែរាជវង្សានុវង្ស ដែលស្ថិតនៅ ក្នុងជំហរ ឯករាជ្យ, មិនពាក់ព័ន្ធ នឹងនយោបាយ, ឲ្យធ្វើ ជាប្រធាន។ ការដាក់មន្ត្រី អ្នកធំអី ឲ្យចូលទៅ ក្នុងហ្នឹង ដើម្បី ធ្វើចលនា ធនធាន, វា ជារឿងមួយ។ ប៉ុន្តែ បើសិនជា ដាក់អ្នកណា ក៏បានដែរ, ឲ្យតែ ប្រព័ន្ធហ្នឹង វាល្អ។ វា មានតម្លាភាពហើយ។ នាយករដ្ឋមន្ត្រី ឬគណបក្ស ប្រឆាំង និងជនរួមជាតិហ្នឹង គាំទ្រ។ នោះ ចលនា ធនធានហ្នឹង, វា បានដូចគ្នា។ កាលណា វា ដាក់ទៅ ដើម្បី មានឥទ្ធិពល នយោបាយ ដើម្បី ធ្វើចលនា, អាហ្នឹង វា មិនត្រឹមត្រូវ ទៅវិញ ពីព្រោះអី អ្នក រកស៊ី ដើម្បី ចំណេញ។»
កាកបាទក្រហមកម្ពុជា ត្រូវបានបង្កើតឡើងតាមរយៈការធ្វើមហាសន្និបាតវិសាមញ្ញ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០០០ ហើយដែលបានឡាយព្រះហស្តលេខាទទួលស្គាល់ពីអតីតព្រះមហាវីរក្សត្រ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០០២។
ជាងនេះទៅទៀត កាកបាទក្រហម ត្រូវបានបង្កើតឡើងដោយផ្អែកលើអនុសញ្ញាក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ ពិធីសារបន្ថែមឆ្នាំ១៩៧៧ និងអនុសញ្ញានានាដែលស្ថិតក្នុងច្បាប់មនុស្សធម៌អន្តរជាតិ។ ប៉ុន្តែ អ្នកវិភាគឯករាជ្យ លោកបណ្ឌិត សុខ ទូច និងជាសាស្ត្រាចារ្យខាងផ្នែកវិទ្យាសាស្ត្រនយោបាយ និយាយថា កាកបាទក្រហមកម្ពុជា ជាប្រភេទស្ថាប័នប្រឡាយកូនកាត់៖ «យើង ឃើញមាន កាកបាទ ក្រហមក៏ ពិតមែន ដាក់សញ្ញា កាកបាទក្រហមក៏ ពិតមែន, ក៏ប៉ុន្តែ យើង ប្រឡាយ កូនកាត់, ខុសពី កាកបាទ ក្រហមគេ។ វា ពាក់កណ្ដាល នយោបាយ បន្តិចហើយ។ យើង ឃើញមាន ទិដ្ឋភាព, ការចុះជួយ របស់ កាកបាទ ក្រហមហ្នឹង។ ធម្មតាការ, ចុះជួយ, គេ មិនគិត ពីនិន្នាការទេ។ គេ អត់ខ្វល់ អ្នកណា នៅ, អ្នកណា ទេ។ ទាហាន ក៏គេជួយ។ ស៊ីវិល ក៏គេ ជួយ។ ជនចុះចាញ់ ក្នុងសង្គ្រាម ក៏គេជួយ។ ឲ្យតែ អ្នកមានបញ្ហា, ហើយ ត្រូវការ កាកបាទ ក្រហមជួយ។ អាហ្នឹង គេ ជួយទាំងអស់។ អាហ្នឹង ជាទិដ្ឋភាព ទ្រឹស្ដី របស់ កាកបាទ ក្រហម។»
ក្រៅពី អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ភរិយារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អ្នកស្រី សុខ អាន អានី ភរិយារបស់ លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី ហើយនិងអ្នកស្រី ជឹង សុភាព ហៅយាយភូ ភរិយារបស់ លោក ឡាវ ម៉េងឃីន សមាជិកព្រឹទ្ធសភារបស់បក្សកាន់អំណាច គេក៏ឃើញមានក្រុមប្រពន្ធរដ្ឋមន្ត្រីគ្រាក់ៗ ចៅហ្វាយក្រុង ចៅហ្វាយខេត្ត និងឧត្តមសេនីយ៍កំពូលៗជាច្រើនទៀតជាសមាជិករបស់កាកបាទក្រហមកម្ពុជា ផងដែរ។
រហូតមកទល់ពេលនេះ គេមិនដែលឃើញកាកបាទក្រហមកម្ពុជា ចុះចែកអំណោយដល់ប្រជាពលរដ្ឋដែលរងគ្រោះធ្ងន់ធ្ងរ ដោយសារបញ្ហារំលោភដីធ្លី ដូចជាករណីភូមិឡពាង តំបន់បឹងកក់ បុរីកីឡា និងនៅតាមបណ្ដាខេត្តផ្សេងៗ រួមនិងកម្មកររោងចក្រក្រីក្រជាច្រើនទៀតនោះទេ។
នៅពេលឃោសនារកសំឡេងឆ្នោតម្តងៗ ក្រុមកាកបាទក្រហម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចែកអំណោយមនុស្សធម៌ដល់ជនក្រីក្រ តាមជនបទ ហើយដែលគេឃើញជំនួយទាំងនោះ បានដល់ដៃតែក្រុមសកម្មជនគាំទ្របក្សប្រជាជនកម្ពុជា ប៉ុណ្ណោះ។
ជាក់ស្តែងកាកបាទក្រហម ខកខានមិនបានចុះផ្តល់ជំនួយមនុស្សធម៌ដល់ក្រុមកម្មករដែលរងគ្រោះ ដោយសារការបាញ់ប្រហារ និងការវាយទាត់ធាក់ដោយកងកម្លាំងរបស់រដ្ឋាភិបាល ដូចជាករណីរោងចក្រ យ៉ាក ជីន និងករណីផ្លូវវ៉េងស្រេង នោះឡើយ។
ប៉ុន្តែផ្ទុយទៅវិញ ក្រុមមន្ត្រីកាកបាទក្រហម ក្រុមមន្ត្រីប៉ូលិស និងក្រុមថៅកែរកស៊ីជួញដីធំៗនៅស្រុកខ្មែរ បែរជាតម្រង់ជួរគ្នាខ្ចប់លុយទៅជួយកងសន្តិសុខដល់មន្ទីរពេទ្យ នៅពេលដែលក្រុមនេះរងរបួសក្នុងការប៉ះទង្គិចគ្នា ខណៈចុះទៅវាយបំបែកក្រុមបាតុករ និងវាយអ្នកកាសែត។
ម្យ៉ាងវិញទៀត គេសង្កេតឃើញក្រុមឧកញ៉ាមហាសេដ្ឋីជួញដូរដី ជួញដូរព្រៃ និងជួញដូររ៉ែជាច្រើន អែបអបនាយករដ្ឋមន្ត្រី ដើម្បីទទួលបានដីសម្បទាន រីឯប្រពន្ធៗវិញជាអ្នកអែបអបកាកបាទក្រហម ដើម្បីរកសុវត្ថិភាពសម្រាប់មុខជំនួញរបស់ពួកគេ។
បើចង់មើលមុខក្រុមអ្នករកស៊ីខុសច្បាប់នៅកម្ពុជា គឺជាការងាយបំផុត ដោយគ្រាន់តែទស្សនាតាមកញ្ចក់ទូរទស្សន៍ជាតិ (ទទក) ទូរទស្សន៍បាយ័ន ឬអប្សរា ជាដើម គេនឹងឃើញក្រុមអ្នកស៊ីជួញដូរកំពូលៗនៅកម្ពុជា បានយកលុយទាំងកញ្ចប់ៗទៅឲ្យកាកបាទក្រហម ហើយបានថតរូបមួយប៉ុស្តិ៍ជាមួយប្រពន្ធរបស់នាយករដ្ឋមន្ត្រី ភ្ជាប់ជាមួយប័ណ្ណសរសើរដែលអាចដើរតួជំនួសយ័ន្តទេវតា ដើម្បីការពារមុខរបររកស៊ីជួញដូរខុសច្បាប់របស់ពួកគេ។
ចំណែកអ្នកដែលមិនសូវមានលុយធំ ដូចជាមន្ត្រីរាជការ តុលាការ មេធាវី យោធា និងប៉ូលិស បានបង់លុយជាប្រចាំដល់កាកបាទក្រហម ក៏ដើម្បីបានចំហាយអំណាចមួយដើម្បីការពារមុខងាររបស់គេដែរ ហើយខ្ទង់ចំណូលទាំងនោះ មិនបានលាតត្រដាងជាសាធារណៈក្នុងបញ្ជីចំណូលចំណាយរបស់ស្ថាប័ន មនុស្សធម៌របស់រដ្ឋាភិបាលកម្ពុជា នេះឡើយ។ គឺដោយសារការសង្កេតឃើញធាតុពិត និងការអនុវត្តជាក់ស្តែងរបស់កាកបាទក្រហមកម្ពុជា។ ដូច្នេះហើយ បានជាអ្នក តាមដាន ស្ថានការណ៍ នៅកម្ពុជា ចាត់ទុកថា កាកបាទក្រហមកម្ពុជា គឺជាស្ថាប័នផ្តល់ជំនួយមនុស្សធម៌ទៅឲ្យតែសកម្មជនបក្សកាន់អំណាចផង ជាស្ថាប័នរកលុយផង និងជាស្ថាប័នរក្សាសុវត្ថិភាពការងាររបស់មន្ត្រីអែបអបផង ព្រមទាំងជាស្ថាប័នការពារមុខជំនួញរបស់ក្រុមអ្នករកស៊ីជាមួយបក្ស កាន់អំណាចផង៕
None of them looks bright.
ReplyDelete