Paris Peace Accords 23 Oct. 1991

Monday, August 18, 2014

សង្គម​ស៊ីវិល ​ស្នើ​លោក ហេង សំរិន លើក​បញ្ហា​ ខ្មែរ​ក្រោម ​ឲ្យ​វៀតណាម ​ឆ្លើយ​បំភ្លឺ | Civil society appeals to Heng Samrin during his visit to Vietnam to raise issue of Khmer Krom with his Viet Master

សង្គម​ស៊ីវិល ​ស្នើ​លោក ហេង សំរិន លើក​បញ្ហា​ ខ្មែរ​ក្រោម ​ឲ្យ​វៀតណាម ​ឆ្លើយ​បំភ្លឺ

RFA | ១៨ សីហា ២០១៤

ហេង សំរិន ៦១០
ប្រធាន ​កិត្តិយស​ គណបក្ស ​ប្រជាជន​កម្ពុជា លោក ហេង សំរិន ចូលរួម ​ក្នុង​ពិធី ​រំលឹក​ខួប ៦៣​ឆ្នាំ​ នៃ​ការ​បង្កើត ​គណបក្ស នៅ​ព្រឹក​ថ្ងៃ ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៤។  RFA/Vann Vichar

មន្ត្រី​ សង្គម​ស៊ីវិល​ មួយ​ចំនួន ​ស្នើ​ដល់​លោក ហេង សំរិន ប្រធាន​ រដ្ឋសភា​កម្ពុជា លើក​យក​បញ្ហា ​ប្រវត្តិសាស្ត្រ ​នៃ​ទឹកដី​ ខ្មែរ ​កម្ពុជា​ ក្រោម ដាក់​ជូន ​ថ្នាក់ដឹកនាំ​ ប្រទេស ​វៀតណាម ឆ្លើយ​បំភ្លឺ នៅ​ក្នុង​ដំណើរ​ ទស្សនកិច្ច ៣​ថ្ងៃ​ ទៅ​កាន់​ ប្រទេស​នេះ។

ដំណើរ ​ទស្សនកិច្ច​នេះ ធ្វើ​ឡើង​ ស្រប​ពេល​ ព្រះសង្ឃ, យុវជន, និង​ពលរដ្ឋ​ កម្ពុជា រាប់​ពាន់​នាក់ ​និង​អង្គ បាន​ប្រមូល​ ផ្តុំ​គ្នា​ តវ៉ា​ ជា​បន្តបន្ទាប់ ប្រឆាំង ​ចំពោះ ​ការ​អះអាង ​របស់ ​មន្ត្រី​ នាំ​ពាក្យ​ ស្ថានទូត​ វៀតណាម ដែល​ថា, ទឹកដី ​កម្ពុជា​ក្រោម ជា​របស់​ វៀតណាម តាំង​ពី​យូរលង់​ ណាស់​មក​ហើយ, មិន​មែន ​ទើប​ បារាំង កាត់​ប្រគល់​ ឲ្យ​គ្រប់គ្រង​ នៅ​ថ្ងៃ​ ទី​៤ ខែ​មិថុនា ឆ្នាំ​១៩៤៩ នោះ​ទេ។

ប្រជាពលរដ្ឋ​ខ្មែរ និង​តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ចំនួន កំពុង​រង់ចាំ​មើល​ថា ក្នុង​ពេល​កម្ពុជា​និង​វៀតណាម កំពុង​មាន​ការ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​រឿង​ប្រវត្តិ​ទឹកដី​កម្ពុជា​ ក្រោម​នោះ តើ​អ្នកដឹកនាំ​ខ្មែរ​ហ៊ាន​លើក​យក​បញ្ហា​នេះ ទៅ​ជជែក​ជាមួយ​អ្នក​ដឹកនាំ​ប្រទេស​វៀតណាម ​ឬ​ទេ?

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ស្នើ​ឲ្យ​លោក ហេង សំរិន ដែល​ទៅ​ទស្សនកិច្ច​ប្រទេស​វៀតណាម ចាប់​ពី​ថ្ងៃ​ទី​១៨ ដល់ ២០ សីហា ត្រូវ​ជជែក​និង​លើក​យក​ប្រវត្តិសាស្ត្រ​នៃ​ទឹកដី​កម្ពុជា​ក្រោម ដែល​លោក ត្រឹង វ៉ាន់ថុង មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា មាន​បំណង​បំភ្លៃ​ប្រវត្តិសាស្ត្រ​ពិត។ ជាង​នេះ ក៏​ត្រូវ​ស្នើ​ដល់​វៀតណាម ឲ្យ​ផ្ដល់​សិទ្ធិ​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់​នៅ​ក្នុង​ទឹកដី​កម្ពុជា​ ក្រោម មាន​សិទ្ធិ​សេរីភាព​ពេញ​បរិបូណ៌។

លោក រ៉ុង ឈុន៖ «ជាពិសេស​ប្រទេស​វៀតណាម ក៏​ជា​ប្រទេស​ម្ចាស់​ហត្ថលេខី​នៃ​កម្ពុជា ស្ដីពី​សន្តិភាព គឺ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នោះ។ ដូច្នេះ​ហើយ​ត្រូវ​តែ​គោរព​នូវ​អធិបតេយ្យភាព បូរណភាព​ទឹកដី​នៃ​កម្ពុជា ក៏​ដូចជា​ត្រូវ​ទទួល​ស្គាល់​នូវ​ប្រវត្តិសាស្ត្រ​ថា ទឹកដី​កម្ពុជា​ក្រោម ជា​ទឹកដី​របស់​កម្ពុជា។»

​លោក រ៉ុង ឈុន ដែល​ធ្លាប់​ត្រូវ​សមត្ថកិច្ច​រដ្ឋាភិបាល​ចាប់​ខ្លួន​ដាក់គុក​ច្រវាក់​ជិត ១០០​ថ្ងៃ ដោយសារ​ហ៊ាន​ចេញ​មុខ​និយាយ​រិះគន់​បញ្ហា​ព្រំដែន ទាក់ទង​ការ​ចុះ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ទៅ​លើ​សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​វៀតណាម ថ្លែង​ថា វៀតណាម​នៅ​តែ​បន្ត​មាន​មហិច្ឆតា​ឈ្លានពាន ឬ​លេប​ត្របាក់​ទឹក​ដី​ខ្មែរ​នៅ​ថ្ងៃ​អនាគត។

ស្រដៀង​គ្នា​ដែរ សម្រាប់​លោក ម៉ៅ ពិសេស ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ក៏​ស្នើ​ដល់​លោក ហេង សំរិន ត្រូវ​លើក​យក​ករណី​មន្ត្រី​ស្ថានទូត​វៀតណាម មាន​បំណង​បំភ្លៃ​ប្រវត្តិសាស្ត្រ​ទឹកដី​កម្ពុជា​ក្រោម ដាក់​ជូន​ថ្នាក់ដឹកនាំ​វៀតណាម ឆ្លើយ​បំភ្លឺ ឬ​សុំទោស​ពលរដ្ឋ​ខ្មែរ ចំពោះ​កំហុស​ឆ្គង​របស់​មន្ត្រី​ខ្លួន៖ «ព្រោះ​រឿង​នេះ​មិន​មែន​ជា​រឿង​ធំ​ទេ បើសិនជា​ខាង​ក្រុង​ហាណូយ មាន​ឆន្ទៈ​ក្នុង​ការ​ឲ្យ​ប្រទេស​កម្ពុជា និង​ប្រទេស​យួន​ហ្នឹង ជា​ប្រទេស​ដែល​អាច​រស់នៅ​ស្រុះស្រួល​គ្នា និង​មិត្តភាព​រវាង​គ្នា អ៊ីចឹង​អាច​ឲ្យ​មន្ត្រី​ខ្លួន​ហ្នឹង​សុំទោស​ទៅ​ចប់​រឿង​ហើយ។»

ចំណែក​សង្គម​ស៊ីវិល​ច្រើន​ទៀត ក៏​ចង់​ឃើញ​ដំណើរ​ទស្សនកិច្ច​របស់​លោក ហេង សំរិន និង​គណៈ​ប្រតិភូ​កម្ពុជា ទៅ​ប្រទេស​វៀតណាម ពេល​នេះ ទទួល​បាន​ផល​ចំណេញ​ដល់​ផលប្រយោជន៍​ជាតិ។

ដំណើរ​ទស្សនកិច្ច​របស់​លោក ហេង សំរិន និង​គណៈប្រតិភូ​ពេល​នេះ ធ្វើ​ឡើង​តាម​ការ​អញ្ជើញ​របស់​ប្រធាន​រដ្ឋ​សភា​វៀតណាម លោក ង្វៀង ស៊ិងហ៊ុង (Nguyen Sinh Hung)។

​សេចក្ដី​ប្រកាស​ព័ត៌មាន​រដ្ឋ​សភា​កម្ពុជា បង្ហាញ​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក ហេង សំរិន គ្រោង​នឹង​ជួប​ពិភាក្សា​ការងារ​ជាមួយ លោក ង្វៀន ភូត្រុង (Nguyen Phu Trong) ជា​លេខា​បក្ស​កុម្មុយនិស្ត​វៀតណាម។ លោក ត្រឿង តាន់សាង (Truong Tan Sang) ប្រធាន​រដ្ឋ​វៀតណាម។ លោក ង្វៀង តាន់យុង (Nguyen Tan Dung) នាយករដ្ឋមន្ត្រី​វៀតណាម និង​លោក ង្វៀង ស៊ិងហ៊ុង ប្រធាន​រដ្ឋសភា​វៀតណាម ជាដើម។

គេ​កត់​សម្គាល់​ថា ទស្សនកិច្ច​របស់​លោក ហេង សំរិន ធ្វើ​ឡើង​ស្រប​ពេល​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម យុវជន ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​កម្ពុជា​រាប់ពាន់​អង្គ​និង​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​ប្រឆាំង តវ៉ា​ឲ្យ​មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា លោក ត្រឹង វ៉ាន់ថុង សុំទោស​ជា​សាធារណៈ​ចំពោះ​ការ​អះអាង​ដែល​ថា ទឹកដី​កម្ពុជា​ក្រោម ត្រូវ​វៀតណាម កាន់​កាប់​តាំង​ពី​យូរ​លង់ គឺ​មិន​មែន​ទើប​បារាំង កាត់​ប្រគល់​ឲ្យ​គ្រប់គ្រង​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​១៩៤៩ ទេ។

ការ​លើក​ឡើង​នេះ បាន​បណ្ដាល​ឲ្យ​ព្រះសង្ឃ យុវជន និង​ពលរដ្ឋ​កម្ពុជា បញ្ចេញ​ប្រតិកម្ម និង​ផ្ទុះ​ការ​តវ៉ា​ជា​បន្តបន្ទាប់ និង​ឈាន​ដល់​ក្រុម​បាតុករ​ដុត​ទង់ជាតិ​វៀតណាម នៅ​ក្បែរ​ស្ថានទូត​វៀតណាម ថែម​ទៀត​ផង។

​ករណី​នេះ​ដែរ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ថា ប្រសិនបើ​រដ្ឋាភិបាល​វៀតណាម នៅ​តែ​មិន​ព្រម​ទទួល​ស្គាល់​ប្រវត្តិសាស្ត្រ​ពិត​នៃ​ទឹកដី​កម្ពុជា​ក្រោម និង​មិន​ព្រម​សុំ​ទោស​ពលរដ្ឋ​ខ្មែរ​តាម​ការ​ទាមទារ​ទេ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​នគរ នឹង​ធ្វើ​ញត្តិ​ផ្ដិត​មេដៃ​បណ្ដេញ​អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម ចេញ​ពី​កម្ពុជា ក្នុង​ពេល​ដ៏​ឆាប់។  ​ព្រម​គ្នា​ដែរ លោក ខៀវ សុភ័គ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ មាន​ប្រសាសន៍​ថា ប្រវត្តិសាស្ត្រ​នៅ​តែ​ជា​ប្រវត្តិសាស្ត្រ គ្មាន​នរណា​ម្នាក់​អាច​លុប​បំបាត់​បាន​នោះ​ទេ៕​



No comments:

Post a Comment