តើ បក្សសង្គ្រោះជាតិ បរាជ័យ ឬជោគជ័យ ក្នុងការ រកយុត្តិធម៌ ជូនម្ចាស់ឆ្នោត?
RFA | ៦ សីហា ២០១៤
តំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ ៥៥រូប បានធ្វើ សច្ចាប្រណិធាន នៅចំពោះ ព្រះភ័ក្ត្រ ព្រះមហាក្សត្រ ដែលជាការ បោះជំហាន ឆ្ពោះទៅចូល ប្រជុំសភា នៅថ្ងៃ ទី៨ ខែសីហា ខាងមុខ។ មេបក្សនេះ ថ្លែងប្រាប់ សារព័ត៌មាន ថា, ការព្រមព្រៀង ចូលសភា គឺ ដោយសារ ការទាមទារ បានជោគជ័យហើយ។
យ៉ាងណា ក្រុមអ្នកវិភាគ សង្កេត ឃើញថា, គណបក្សនេះ ហាក់ ពុំបានសម្រេច តាមការទាមទារ ទាំងស្រុង នៅឡើយ គិតមក ដល់ពេល ដែលចូល ទៅធ្វើការ ក្នុងសភា ដើម្បី បង្គ្រប់សំឡេង ពហុបក្ស ក្នុងស្ថាប័ននេះ។
ការឈាន មួយជំហាន ថ្មីនេះ គណបក្ស សង្គ្រោះជាតិ រំពឹងថា ការចូលទៅ តស៊ូមតិ នៅក្នុងរដ្ឋសភា ក្នុងនាម ជាតំណាងរាស្ត្រ ការពារ ផលប្រយោជន៍ ជនរងគ្រោះម្តង។ ប៉ុន្តែ ប្រការនេះ បានបង្ក ឲ្យមាន ការរិះគន់ និងរំឭក ឲ្យឃើញ ពីពាក្យសន្យា មួយចំនួន របស់ អ្នកដឹកនាំ គណបក្ស ពីសំណាក់ អ្នកគាំទ្រ ផងដែរ។
សម្រែក ទាមទារ ឲ្យផ្ដល់យុត្តិធម៌ ក្នុងការបោះឆ្នោត ហាក់នៅ ថ្មីៗ នៅឡើយ នៅក្នុងអារម្មណ៍ សាធារណជន ជាពិសេស ក្រុមអ្នកគាំទ្រ គណបក្ស សង្គ្រោះជាតិ។ ប្រធាន និងអនុប្រធាន គណបក្ស សង្គ្រោះជាតិ ធ្លាប់បានប្ដេជ្ញា ជាក់លាក់ និងជាច្រើនលើក ច្រើនសា ណាស់ ក្នុងរយៈពេល ជិតមួយឆ្នាំ នៃការទាមទារ របស់ គណបក្សនេះ មិនថា ក្នុងមហាបាតុកម្ម, សមាជ មហាជន, ក្នុងសន្និសីទ កាសែត និងតាមប្រព័ន្ធផ្ស ព្វផ្សាយនានា៖ «មិនអាចទទួល យកបានទេ បងប្អូន។ ស៊ី ស្រស់ៗ ណាស់ បាទលេងស៊ី លើគោក, បាទអត់ លេងសើចទេ។ ដូច្នេះហើយ យើង ចាំមើលៗមើ៖ តើ គេ រកយុត្តិធម៌ ឲ្យយើង។ អត់ណាស់ បងប្អូនណាស់។ បើ រកយុត្តិធម៌ ឲ្យយើង ខ្មែរ រួបរួមគ្នា ដើម្បី កសាង ប្រទេស ជាមួយគ្នា។ ប្រសិនណា មិនរកយុត្តិធម៌, យើង ប្រជារាស្ត្រ រកយុត្តិធម៌ ដោយខ្លួនឯង។»
ក្នុងគោលដៅ សម្រេច ការទាមទារនោះ, ពេលខ្លះ មេដឹកនាំ បក្សនេះ ហ៊ាន រហូត ដល់ប្រកាស ថា, ពុំមាន ឥទ្ធិពលអំណាច ឬទឹកប្រាក់ ណាមួយ អាចគាបសង្កត់ បានឡើយ៖ «សង្គ្រោះជាតិនេះ សម្លុត អត់ខ្លាច, ទិញ អត់លក់, បំបែក មិនបាន។ ដូច្នេះ គាំងហើយ។»
ការអះអាងហាក់ពុំបានប្រែប្រួលទេ រហូតដល់ពេលដែលមានកិច្ចព្រមព្រៀងបញ្ចប់ភាពជាប់គាំងនយោបាយ កាលពីថ្ងៃទី២២ ខែកក្កដា នោះក៏ដោយ។ ខុសប្លែកពីការប្ដេជ្ញានេះ ការទាមទារសម្រាប់ប្រយោជន៍ជាតិ ដែលគណបក្សនេះសន្យាថាធ្វើអោយបាន ហាក់សម្រេចបានតិចតួច ប៉ុន្តែគណបក្សនេះទំនងបានផលប្រយោជន៍ដល់សមាជិកបក្សនេះច្រើនជាង។
ប្រធាន ក្រុមប្រឹក្សាភិបាល មជ្ឈមណ្ឌល សិទ្ធិមនុស្ស កម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា លទ្ធផលដែលជាគោលសំខាន់ៗពីដំបូងៗរបស់គណបក្សសង្គ្រោះជាតិ នៅក្រោយការបោះឆ្នោត គឺស្ទើរតែមិនបានទទួលជោគជ័យសោះ។ ប៉ុន្តែ ក្រោយមក គឺ នៅពេលមានការបត់បែន គណបក្សនេះបានទទួលផលប្រយោជន៍ខ្លះ។
នៅក្នុងសមាជមហាជនមួយលើកជាពីរលើករបស់គណបក្សសង្គ្រោះជាតិ បានចងក្រងសេចក្ដីសម្រេចមួយចំនួន ដែលត្រូវគណបក្សសង្គ្រោះជាតិ យកជាគោលសម្រាប់ទាមទារជាមួយគណបក្សប្រជាជន។ ចំណុចទាំងនោះរួមមាន ទាមទារអោយស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោតដោយស្ថាប័ន ឯករាជ្យ កំណត់ការបោះឆ្នោតឡើងវិញ អោយ គ.ជ.ប ជាស្ថាប័នឯករាជ្យ ទាមទារអោយមានវិទ្យុ ទូរទស្សន៍សម្រាប់គណបក្ស។
លោក អ៊ូ វីរៈ ក៏សង្កេតឃើញដែរថា គណបក្សនេះទទួលបានប្រយោជន៍បន្តិចបន្តួចដែរ នៅក្រោយពេលដែលមានការផ្លាស់ប្ដូរចំណុចទាមទារមួយចំនួន៖ «នៅពេល ដែលគាត់ដូរហើយ គាត់ហើយ គឺគាត់បានខ្លះដែរ ទាក់ទងរឿង គ.ជ.ប ឯករាជ្យ និងការកែប្រែលក្ខន្តិកៈផ្ទៃក្នុងនៃសភា ចឹងគាត់បានខ្លះដែរ មិនមែនថាអត់បានទេ ប៉ុន្តែអ្វីដែលគាត់បាន មិនខុសពីអ្វីដែលគាត់បានហ្នឹង គឺមិនខុសពីអ្វីដែលគណបក្សប្រជាជនកម្ពុជា យល់ព្រមតាំងពីបោះឆ្នោតហើយភ្លាមម្ល៉េះ ប្រសិនបើគណបក្សសង្គ្រោះជាតិ ចង់បានតែប៉ុណ្ណឹង គាត់មិនចាំបាច់រយៈពេល១ឆ្នាំ ដើម្បីបានប៉ុណ្ណឹងទេ។»
នៅខាងក្រៅគោលការណ៍ទាមទារដែលមានចែងលើក្រដាស ឬការទាមទារដែលប្រកាសជាសាធារណៈ គណបក្សសង្គ្រោះជាតិ បានព្យាយាមស្វែងរកតុល្យភាពអំណាចក្នុងសភា និងសម្របសម្រួលមួយចំនួនដែលផ្ដើមពីការគាបសង្កត់ផ្នែកនយោបាយ។
អ្នកវិភាគការអភិវឌ្ឍសង្គម លោក កែម ឡី មើលឃើញថា ការទាមទារដើម្បីប្រយោជន៍ជាតិ ប្រយោជន៍ម្ចាស់ឆ្នោត ភាគច្រើនបានប្ដូរទៅជាប្រយោជន៍បុគ្គល៖ «អ្វីដែលគាត់មិនអាច សម្រេចបានហ្នឹង វាលើសលប់ ពីព្រោះអ្វីដែលមិនអាចសម្រេចបាន គឺជាគោលការណ៍គ្រឹះសម្រាប់ធ្វើយ៉ាងម៉េចអោយប្រទេសមានយុត្តិធម៌ ធ្វើម៉េចអោយប្រទេសដើរទៅល្អ ធ្វើម៉េចអោយប្រជាពលរដ្ឋមានការឈឺចាប់តិចបំផុត ហើយអ្វីដែលគាត់សម្រេចបាន គឺគាត់គ្រាន់តែបានផលប្រយោជន៍បុគ្គល ផលប្រយោជន៍ជាតិសឹងតែសូន្យ គណបក្សប្រជាជន មិនចង់ ទោះបីជាគណបក្សសង្គ្រោះជាតិ រុញយ៉ាងណាក៏ដោយ គឺមិនអាចដូចគាត់អះអាងទេ។»
យ៉ាងណា នៅក្នុងកិច្ចព្រមព្រៀងដោះស្រាយភាពទាល់ច្រកនយោបាយរវាងគណបក្សនយោបាយ ទាំងពីរ កាលពីថ្ងៃទី២២ ខែកក្កដា បានបង្ហាញថា គណបក្សសង្គ្រោះជាតិ ទទួលបានលទ្ធផលតិចតួចដែរ មានដូចជា ការដាក់ គ.ជ.ប ជាស្ថាប័នធម្មនុញ្ញ និងការព្រមព្រៀងជ្រើសរើសសមាសភាព គ.ជ.ប និងធ្វើអោយស្ថាប័នជាតិសំខាន់ៗមួយចំនួនមានឯករាជ្យភាព ជាដើម។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានថ្លែងនៅក្រោយពេលចេញពីស្បថនៅក្នុងព្រះបរមរាជវាំងថា អភ័យឯកសិទ្ធិសភានៅពេលនេះនឹងជួយអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះ ជាតិ អោយមានសិទ្ធិអំណាចគេចផុតពីការគំរាមកំហែងតាមរយៈប្រព័ន្ធ តុលាការ៖ «ហើយយើងមានអភ័យឯកសិទ្ធិពេញលេញ។ ថ្ងៃនេះយើងអាចធ្វើការតស៊ូ ដោយអហិង្សាតទៀតដោយអត់មានប្រព័ន្ធតុលាការណា យកមកគំរាមយើង ដើម្បីអោយយើងហ្នឹងភ័យខ្លាចអីទៀតទេ។»
ចំពោះ លោក អ៊ូ វីរៈ ប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា វិញ លោកមើលឃើញថា មូលហេតុដែលធ្វើអោយការទាមទារមិនបានជោគជ័យចំណុចសំខាន់ គឺដោយសារគណបក្សនេះពុំមានយុទ្ធសាស្ត្រច្បាស់លាស់នៅឡើយ៖ «គាត់ គួរតែគិតហើយចាត់នូវអ្វីៗទាំងអស់ដែលគាត់ចង់បាន ជាធាតុសំខាន់ៗទាំងអស់ រួចហើយទៅគាត់រុញច្រើនកន្លែង បានន័យថា រុញទាមទារអោយបានច្រើន ហើយចរចាលើហ្នឹងវិញ គាត់បានច្រើន ប៉ុន្តែបើគាត់រុញតែមួយពេល គណបក្សប្រជាជនអត់ព្រមហ្នឹង គឺមានតែឈ្លោះគ្នាទេ។ ក្នុងករណីចរចាតាំងពីឆ្នាំមុនម៉ោ យកការកែទម្រង់ស្ថាប័នជាគោល ប្រហែលជាគណបក្សសង្គ្រោះជាតិ បានច្រើនជាង ព្រោះពេលនោះហាក់ដូចជាមានកម្លាំង គាត់មានកម្លាំងខ្លាំង។»
មិនខុសគ្នានេះ លោក កែម ឡី មើលឃើញដែរថា ដោយសារពុំមានយុទ្ធសាស្ត្ររឹងមាំផង ដោយសារបារម្ភនឹងតំណាងរាស្ត្រត្រូវជាប់ពន្ធនាគារ ការចុះទន់ខ្សោយនៃសន្ទុះអ្នកគាំទ្រ ការធ្លាក់ទឹកចិត្តនៃក្រុមអ្នកតំណាងរាស្ត្រ ជាដើម ជាមូលហេតុនៃការទទួលបានលទ្ធផលតិចតួច៖ «ទាំងការចាប់ដាក់ ពន្ធនាគារ ទាំងគំរាមកំហែងបម្រុងនឹងចាប់សមាជិករបស់គាត់ចឹង គាត់អត់មានជម្រើស ទី២ គឺដោយសារគាត់រាងធុញទ្រាន់នឹងស្ថានភាពហ្នឹង គាត់ក៏រាងចាស់ៗទៅហើយ ហើយគាត់ដូចជាខ្លាចផង សម រង្ស៊ី កឹម សុខ ដូចចាប់ផ្ដើមខ្លាច។ រឿងទី៣ សមាជិកសមាជិកាមួយចំនួន ដែលគាត់ក្រីក្រនិយាយរួមទៅ គាត់អត់មានប្រាក់ខែប្រាក់អីយូរ។»
ក្នុងហេតុផលនេះនៅក្រោយហេតុការណ៍អំពើហិង្សា កាលពីថ្ងៃទី១៥ ខែកក្កដា មន្ត្រីគណបក្សសង្គ្រោះជាតិ ចំនួន ៨នាក់ ត្រូវចាប់ឃុំខ្លួន។ ចំណែកអនុប្រធានបក្សនេះ គឺលោក កឹម សុខា ក៏ត្រូវតុលាការកោះហៅ ដោយប្រឈមនឹងមានទោសក្នុងបទព្រហ្មទណ្ឌ។ បញ្ហានោះជំរុញអោយគណបក្សសង្គ្រោះជាតិ វិលទៅរកតុចរចាជាថ្មី។ ចំណែកនៅក្រោយការឃាត់ខ្លួនយុវជនគណបក្សសង្គ្រោះជាតិ ៣នាក់ អ្នកតំណាងរាស្ត្របានចូលស្បថ។
អ្នកវិភាគសង្គម លោក កែម ឡី ថ្លែងថា ពិតមែនថាមានលទ្ធផលទាំងនេះ ក៏គណបក្សសង្គ្រោះជាតិ នឹងជួបបញ្ហាជាច្រើនទៀតដែលអាចចោទឡើង។
ក្រៅពីមិនអាចសម្រេចគោលដៅតាមការទាមទារ គណបក្សសង្គ្រោះជាតិ ត្រូវមើលឃើញថា បានងាកចេញពីការសន្យាដែលថា គណបក្សនេះគោរពតាមឆន្ទៈរបស់ម្ចាស់ឆ្នោត។ ត្រង់នេះ លោក កែម ឡី ផ្ដល់អនុសាសន៍ថា គណបក្សសង្គ្រោះជាតិ ត្រូវបំពេញកិច្ចការជាច្រើនទៀតទើបអាចធានាបានថា គណបក្សនេះអាចរក្សាប្រជាប្រិយភាព៖ «ជួយគាំទ្រជួយដោះស្រាយក្នុង សភាផង នៅក្រៅសភាផង ត្រូវពង្រឹងប្រព័ន្ធគណបក្សហ្នឹង គាត់នៅខ្វះច្រើនណាស់ ជាពិសេសប្រព័ន្ធទិន្នន័យលទ្ធផលសន្លឹកឆ្នោត ប្រព័ន្ធរៀបចំអោយមានអ្នកអង្កេតការណ៍គណបក្សអាជីព អ្នកអង្កេតការណ៍គណបក្សនៅតាមការិយាល័យអីអស់ហ្នឹង គឺគាត់ប្រហោងច្រើន។ សមាជិករបស់គាត់ត្រូវតែសកម្ម ដើម្បីអោយប្រជាពលរដ្ឋទាំងនោះក្នុងប្រទេសក្រៅប្រទេស ពិនិត្យឈ្មោះបោះឆ្នោតតាមដានការបោះឆ្នោតហ្នឹងអោយបានមាំ។ គាត់ត្រូវផ្លាស់ប្ដូរអកប្បកិរិយានយោបាយអោយទន់ភ្លន់ អោយមានប្រជាធិបតេយ្យ ហើយបើកចំហ។ គាត់ត្រូវចងប្រព័ន្ធសង្គមមួយដែលអាចអោយរៀបចំបេក្ខភាពតំណាង រាស្ត្រសម្រាប់ឆ្នាំ២០១៨ អោយហើយ។»
ចំណែក លោក អ៊ូ វីរៈ មើលឃើញថា ការមិនអាចសម្រេចតាមការទាមទារពេលនេះ គណបក្សសង្គ្រោះជាតិ ត្រូវចាប់ផ្ដើមរៀបចំយុទ្ធសាស្ត្រថ្មីៗទៀតសម្រាប់គណបក្ស ដើម្បីទទួលបានជោគជ័យក្នុងអនាគត។
ពិតមែនថាមានចំណុចជាច្រើនដែលខ្លួនមិនអាចធ្វើបានជោគជ័យ គណបក្សសង្គ្រោះជាតិ បន្ថែមការសន្យាមួយចំនួនទៀត ដូចជា ការមិនបណ្ដោយគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសស្រេចនឹងចិត្ត ដោយប្រើប្រាស់មធ្យោបាយសភា គ.ជ.ប ត្រូវជាស្ថាប័នឯករាជ្យ។ ក្នុងការសន្យាថ្មីនេះ មេដឹកនាំគណបក្សសង្គ្រោះជាតិ បានអំពាវនាវអោយពលរដ្ឋជាម្ចាស់ឆ្នោត រង់ចាំតាមដានការងាររបស់គណបក្សនេះសិន៕
No comments:
Post a Comment