តុលាការ សម្រេច ដាក់យុវជន បក្សសង្គ្រោះជាតិ ម្នាក់ទៀត ឲ្យស្ថិតក្រោម ការតាមដាន
RFA | ២៨ សីហា ២០១៤
ចៅក្រម ស៊ើបសួរ សាលាដំបូង រាជធានីភ្នំពេញ លោក កែវ មុនី នៅថ្ងៃ ទី២៨ សីហា បានសម្រេច ដាក់យុវជន បក្សសង្គ្រោះជាតិ ម្នាក់ទៀត, គឺ លោក អាន បឋម, ឲ្យស្ថិតក្រោម ការតាមដាន របស់ តុលាការ។
លោក អាន បឋម ឲ្យដឹង ក្រោយពេល តុលាការ សាកសួរ ថា, លោកចៅក្រម កែវ មុនី បានសាកសួរលោក ជាច្រើន ទាក់ទង ទៅនឹង អំពើហិង្សា នៅទីលាន ប្រជាធិបតេយ្យ, តែ លោក មិនបាន ដឹង និងមិនបាន ពាក់ព័ន្ធ រឿងនោះទេ៖ «(តុលាការ)សួរ ច្រើនណាស់។ ខ្ញុំ ចាំ អត់អស់ដែរ។ សួរតែ រឿងពាក់ព័ន្ធ នៅទីលាន (ប្រជាធិបតេយ្យ)។ ខ្ញុំ (ឆ្លើយ) អត់ដឹង, ព្រោះ ខ្ញុំ អត់ដឹង។ ខាងតុលាការ, គេ នៅតាមដាន សំណុំរឿង បន្តទៀត។ គាត់ អត់មាន ឃុំខ្លួនទេ, តែ គាត់ដាក់លក្ខខណ្ឌ ឲ្យយើង។»
លោក អាន បឋម បន្តថា លោកចៅក្រមបានដាក់ខ្លួនលោកក្នុងការតាមដានយ៉ាងតឹងតែង ដូចជាត្រូវចូលខ្លួនទៅបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ២ដងក្នុង១ខែ ត្រូវសុំអនុញ្ញាតពីចៅក្រមស៊ើបសួរ បើសិនជាលោកចង់ផ្លាស់ប្ដូរទីលំនៅ ឬធ្វើដំណើរទៅបរទេសជាដើម។
សាលាដំបូងរាជធានីភ្នំពេញ បានកោះហៅសកម្មជនបក្សសង្គ្រោះជាតិ ៥នាក់ ឲ្យចូលខ្លួនបំភ្លឺទាក់ទងរឿងប្រើអំពើហិង្សានៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ កក្កដា ដែលបណ្ដាលឲ្យកងសន្តិសុខនិងអ្នកតវ៉ាជិត ៤០នាក់រងរបួស ក្នុងការប៉ះទង្គិចគ្នាជាមួយក្រុមបាតុករជាអ្នកគាំទ្របក្ស សង្គ្រោះជាតិ។
សកម្មជនដែលតុលាការកោះហៅទាំងនោះមានដូចជា លោក សាន សីហៈ លោក អ៊ុក ពេជ្រសំណាង លោក ទេព ណារិន លោក អាន បឋម និងលោក មៀច សុវណ្ណារ៉ា ជាដើម។
តុលាការបានសាកសួរសកម្មជនទាំងនោះ ៣នាក់ហើយ នៅក្នុងខែសីហា នេះ។ នៅសល់តែលោក ទេព ណារិន ដែលនឹងត្រូវចូលខ្លួនបំភ្លឺនៅថ្ងៃទី២៩ សីហា និងលោក មាជ សុវណ្ណារ៉ា នឹងចូលខ្លួនបន្តនៅពេលក្រោយ៕
No comments:
Post a Comment