អ្នកសេដ្ឋកិច្ច៖ ការវិនិយោគ ផ្នែកអាកាសចរណ៍ នៅកម្ពុជា ជាការវិនិយោគ ផ្ដាច់មុខ
RFA | ២៧ សីហា ២០១៤
ក្រុមហ៊ុន អាកាសចរណ៍ អន្តរជាតិ បានចូលមក វិនិយោគ នៅកម្ពុជា ជាបន្តបន្ទាប់។ បច្ចុប្បន្ន ក្រុមហ៊ុន ថ្មីមួយ ឈ្មោះ បាយ័ន អ៊ែឡាញ បានចំណាយទុន វិនិយោគ ចំនួនជាង ៣០០លាន ដុល្លារ អាមេរិក ក្នុងដំណើរការ អាជីវកម្ម របស់ខ្លួន។
អ្នកវិភាគសេដ្ឋកិច្ច យល់ឃើញ ថា, ការវិនិយោគ លើវិស័យ ដឹកជញ្ជូន តាមផ្លូវ អាកាស នៅកម្ពុជា ជាការវិនិយោគ ដែលចំណាយ ទុនច្រើន និងស្វែងរក ផលចំណេញ យូរអង្វែង, ហើយ វិស័យនេះ ទាមទារ ឲ្យមាន ការផ្ដាច់មុខ ឬរួមគ្នា ផ្ដាច់មុខ។
ភាពជោគជ័យនៃការចាប់ផ្ដើមអាជីវកម្មដំបូង គឺអាស្រ័យលើចំនួនអតិថិជន ឬអ្នកប្រើប្រាស់។ ជាក់ស្ដែង ការវិនិយោគលើវិស័យហោះហើរ គឺត្រូវមានការគាំទ្រពីប្រជាពលរដ្ឋ អ្នកធុរកិច្ច និងអ្នកទេសចរ។ តាមការប៉ាន់ស្មាននៅកំឡុងឆ្នាំ២០១៤ ប្រទេសកម្ពុជា អាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិចំនួន ៤លាន ៦សែននាក់ ដែលជាសក្ដានុពលមួយ សម្រាប់អ្នកវិនិយោគលើវិស័យហោះហើរនៅប្រទេសកម្ពុជា។
ប៉ុន្តែ ក្រុមហ៊ុនអាកាសចរណ៍ថ្មីមួយឈ្មោះ បាយ័ន អ៊ែឡាញ ដែលជាវិនិយោគរួមទុនរវាងប្រទេសកម្ពុជា និងចិន បានប្រកាសចាប់ផ្ដើមវិនិយោគរបស់ខ្លួន ដោយគ្រោងចាប់ផ្ដើមហោះហើរនៅចុងឆ្នាំ២០១៤។ ការហោះហើរនោះ គឺចាប់សាកល្បងនៅក្នុងស្រុក ដោយយន្តហោះចំនួន២។ តាមរយៈកិច្ចព្រមព្រៀងនោះ គឺភាគីកម្ពុជា និងចិន បានយល់ព្រមទិញយន្តហោះចំនួន ២០គ្រឿង។
ថ្នាក់ដឹកនាំនៃក្រុមហ៊ុនអាកាសចរណ៍ បាយ័ន អ៊ែឡាញ យល់ឃើញថា ការវិនិយោគរបស់ខ្លួននេះ រំពឹងថានឹងមានការរីកចម្រើន និងអាចទាក់ទាញភ្ញៀវទេសចរ ជាពិសេសពីប្រទេសចិន មកកម្ពុជា យ៉ាងច្រើនសន្ធឹកសន្ធាប់។ ម្យ៉ាងវិញទៀត ការវិនិយោគនេះ គឺឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ អាជីវករ ដែលកំពុងរកស៊ីនៅប្រទេសកម្ពុជា។
អនុប្រធានក្រុមហ៊ុន បាយ័ន អ៊ែឡាញ លោក តាំង ឈុងលាង មានប្រសាសន៍ថា ការចាប់ផ្ដើមដំណើរការក្រុមហ៊ុនអាកាសចរណ៍សង្ឃឹមថានឹងជោគជ័យ ដោយសារតែដៃគូរបស់យើងមានជំនាញខ្លាំងលើការផលិតយន្តហោះ និងអាជីវកម្ម៖។
របាយការណ៍របស់ក្រុមហ៊ុនបានបង្ហាញថា តម្លៃនៃការនាំចូលយន្តហោះពីប្រទេសចិន មានតម្លៃ ១៦លានដុល្លារអាមេរិកក្នុងមួយគ្រឿង ឬសមាមាត្រនឹងការនាំចូលយន្តហោះសរុបចំនួនជាង ៣០០លានដុល្លារអាមេរិក។
ចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក៏បានសាទរចំពោះការវិនិយោគយន្តហោះថ្មីនេះ។ ការវិនិយោគរបស់ក្រុមហ៊ុនយន្តហោះ ដែលជាការវិនិយោគរបស់ចិន នេះ នឹងជួយលើកកម្ពស់ដល់កំណើនសេដ្ឋកិច្ច តាមរយៈការកើនឡើងវិស័យទេសចរណ៍ពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងប្រទេសចិន។
រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី លោកឧបនាយករដ្ឋមន្ត្រី សុខ អាន មានប្រសាសន៍ថា ការវិនិយោគរបស់ក្រុមហ៊ុនចិន ដែលមានចំណាត់ថ្នាក់លេខ១៧៨ ក្នុងចំណោមក្រុមហ៊ុនយន្តហោះធំប្រមាណ ៥០០ នៅលើពិភពលោក ជាការវិនិយោគដែលមានសក្ដានុពលបំផុតរបស់កម្ពុជា ជាពិសេសការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ មកកម្ពុជា កាន់តែខ្លាំងនាពេលអនាគត៖ ។
របាយការណ៍របស់រដ្ឋាភិបាលកម្ពុជា បានបង្ហាញថា កំឡុងឆ្នាំ២០០៣ ដល់ឆ្នាំ២០១៤ ចំណូលបានមកពីចំនួនភ្ញៀវទេសចរអន្តរជាតិមានតម្លៃជិត ២.៥០០លានដុល្លារអាមេរិក។ បន្ថែមលើនេះ ក្រុមហ៊ុនអាកាសចរណ៍ដែលកំពុងដំណើរការអាជីវកម្មរបស់ខ្លួននៅកម្ពុជា មានចំនួន ២៦ នាពេលបច្ចុប្បន្ន។
ម្យ៉ាងវិញទៀត របាយការណ៍របស់ប្រធានមន្ទីរទេសចរណ៍ រាជធានីភ្នំពេញ បានបង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០១៤ នេះ ភ្ញៀវទេសចរអន្តរជាតិ ដែលចូលតាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ សរុបចំនួន ៤៦៩.១០០នាក់ កើនជិត ៩% បើប្រៀបធៀបឆមាសទី១ ឆ្នាំ២០១៣ ខណៈដែលក្នុងឆ្នាំ២០១៣ ភ្ញៀវទេសចរអន្តរជាតិ ដែលចូលតាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានចំនួនសរុប ១.០៥០.២២២នាក់។ បន្ថែមលើនេះ បច្ចុប្បន្នរាជធានីភ្នំពេញ មានមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ប្រមាណ ២.៣៦១កន្លែង និងបង្កើតការងារផ្ទាល់ជូនប្រជាពលរដ្ឋខ្មែរប្រមាណជិត ៣ម៉ឺននាក់។
ទោះជាយ៉ាងណាក៏ដោយ ការស្រាវជ្រាវនានាបានលើកឡើងថា តាមបទពិសោធន៍ប្រទេសជាច្រើននៅលើពិភពលោកបានបង្ហាញថា ការផ្គត់ផ្គង់លើផ្នែកអាកាសចរណ៍ ត្រូវតែជាការគ្រប់គ្រងដោយរដ្ឋ ព្រោះជៀសវាងការកំណត់ថ្លៃខ្ពស់ ស្របពេលដែលមានអតិថិជនច្រើន។ ម្យ៉ាងវិញទៀត តួនាទីរបស់រដ្ឋក្នុងការគ្រប់គ្រងនេះ នឹងផ្ដល់ឲ្យប្រជាពលរដ្ឋទទួលបានសេវាកម្មនេះប្រកបដោយស្មើភាពគ្នា និងចូលរួមដល់ចំណូលថវិកាជាតិ។
បញ្ហានេះ អ្នកវិភាគសេដ្ឋកិច្ចយល់ឃើញថា ការវិនិយោគផ្នែកអាកាសចរណ៍នៅប្រទេសកម្ពុជា ជាការវិនិយោគផ្ដាច់មុខ ដោយសារតែមានអ្នកផ្គត់ផ្គង់តែម្នាក់ ឬគ្មានអ្នកផ្គត់ផ្គង់ជំនួស។ អំណាចរបស់អ្នកផ្ដាច់មុខកើតឡើងដោយសារ ទីមួយ ការគ្រប់គ្រងកត្តាផលិតកម្ម ឬវត្ថុធាតុដើម។ ជាក់ស្ដែង ការវិនិយោគរបស់ក្រុមហ៊ុនអាកាសចរណ៍ បាយ័ន អ៊ែឡាញ គឺនាំចូលមកពីប្រទេសចិន ទាំងអស់។ ទីពីរ សិទ្ធិស្របច្បាប់។ ទីបី ឧត្ដមភាពសេដ្ឋកិច្ច លើការផលិតយន្តហោះ ជាដើម។
ម្យ៉ាងវិញទៀត ការផ្គត់ផ្គង់ផ្ដាច់មុខ គឺគ្មានអ្នកណាផ្សេងទៀតអាចចូលទៅក្នុងទីផ្សារបានឡើយ ដែលអ្នកផ្គត់ផ្គង់ផ្ដាច់មុខត្រូវកំណត់បរិមាណឲ្យតិចជាងតម្រូវការ ជាក់ស្ដែង ដើម្បីកំណត់ថ្លៃខ្ពស់ទទួលយកផលចំណេញខ្ពស់។ ប្រាក់ចំណេញលើសពីធម្មតានេះ កើតមានទាំងក្នុងរយៈពេលខ្លី និងវែង ដោយសារគ្មានអ្នកប្រកួតប្រជែង។
បន្ថែមលើនេះ ការវិនិយោគលើវិស័យអាកាសចរណ៍អាចជារបរនៃការវិនិយោគរួមគ្នាផ្ដាច់ មុខ ដែលកើតឡើងដោយសហគ្រាសមួយចំនួន ដែលអាស្រ័យគ្នាទៅវិញទៅមក។ ចំនួនសហគ្រាសតិច អាចធ្វើឲ្យពួកគេព្រមព្រៀងគ្នាស្ងាត់ៗ ឬរួមគ្នាបង្កើតជាក្រុម សហការគ្នាកំណត់ថ្លៃដូចដែលធ្លាប់កើតឡើងនៅក្នុងវិស័យប្រេងឥន្ធនៈ ជាដើម។ បច្ចុប្បន្ន ក្រុមហ៊ុនយន្តហោះដែលកំពុងដំណើរការហោះហើរក្នុងស្រុកនៅកម្ពុជា មានតិចតួចបំផុត៕
No comments:
Post a Comment