Paris Peace Accords 23 Oct. 1991

Friday, August 29, 2014

មូលហេតុ ​ដែល​តំណាង​រាស្ត្រ​ បក្ស​ប្រឆាំង ​ពីរ​នាក់​ មិន​ជាប់​ ជា​ប្រធាន គណៈកម្មការ​ រដ្ឋសភា | Reasons why Mu Sochua and Yim Sovann were not elected chair of parliamentary commissions

មូលហេតុ ​ដែល​តំណាង​រាស្ត្រ​ បក្ស​ប្រឆាំង ​ពីរ​នាក់​ មិន​ជាប់​ ជា​ប្រធាន គណៈកម្មការ​ រដ្ឋសភា

RFA | ២៨ សីហា ២០១៤

សម រង្ស៊ី រដ្ឋសភា ៦២០
តំណាង​រាស្ត្រ​ នៃ​គណបក្ស​ សង្គ្រោះ​ជាតិ ចេញ​ពី​កិច្ច​ប្រជុំ ​វិសាមញ្ញ ​បោះ​ឆ្នោត ​ជ្រើស​តាំង​ សមាសភាព​ គណៈកម្មការ​ ជំនាញ​រដ្ឋសភា នៅ​ថ្ងៃ​ ទី​២៧ ខែ​សីហា ឆ្នាំ​២០១៤។  RFA/Vann Vichar

តំណាង​រាស្ត្រ​ គណបក្ស ​ប្រជាជន​កម្ពុជា ទម្លាក់​បេក្ខភាព លោក យឹម សុវណ្ណ និង​អ្នកស្រី មូរ សុខហួរ មិន​ឲ្យ​ កាន់​តំណែង​ ជា​ប្រធាន ​គណៈកម្មការ ​ទី​៨ និង​ទី​១០ នៃ​រដ្ឋសភា កាល​ពី​ថ្ងៃ​ ទី​២៧ សីហា នោះ, គឺ ​ជា​រឿង ​ដែល​គណបក្ស​ សង្គ្រោះ​ជាតិ នឹក​ស្មាន​មក​ដល់។

ការ​បោះ​ឆ្នោត ​ទម្លាក់​នេះ មិន​មែន​ មាន​ន័យ​ ថា, តំណាង​រាស្ត្រ​ គណបក្ស​ ប្រជាជន​កម្ពុជា ស្អប់​មន្ត្រី​ ជាន់​ខ្ពស់​ គណបក្ស​ សង្គ្រោះ​ជាតិ ទាំង​ពីរ​នាក់ ​នេះ​ទេ។  បញ្ហា​នេះ គឺ​ ជា​រូបភាព ​នយោបាយ ​ដ៏​ធំ​មួយ ​នៅ​ពី​ក្រោយ​ខ្នង ​រឿង​នេះ ដែល​អ្នក​វិភាគ ​លើក​ឡើង ​ថា, គណបក្ស​ សង្គ្រោះ​ជាតិ ត្រូវ​តែ ​ចងចាំ ​មេរៀន​នេះ។

ការ​បរាជ័យ ​របស់ ​មន្ត្រី​ជាន់​ខ្ពស់ ​គណបក្ស ​សង្គ្រោះ​ជាតិ ពីរ​រូប ក្នុង​ការ​ទទួល​ យក​តួនាទី​ ជា​ប្រធាន ​គណៈកម្មការ​ ទី​៨ និង​ទី​១០ នៃ​រដ្ឋសភា មិន​មែន​ ជា​ការ​បរាជ័យ ​របស់ ​បុគ្គល​ពីរ​រូប​ នេះ​ទេ, គឺ​ ជា​ការ​បរាជ័យ ​របស់ ​គណបក្ស​នេះ​ ទាំង​មូល។

អ្នក​វិភាគ​ លើក​ឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា មាន​បទពិសោធន៍​គ្រប់គ្រាន់​ក្នុង​ការ​ប្រកួត​ប្រជែង​នយោបាយ និង​ផ្ដួល​គូ​ប្រកួត។ ហើយ​សមាជិក​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា បោះ​ឆ្នោត​ទម្លាក់ អ្នកស្រី មូរ សុខហួរ និង​លោក យឹម សុវណ្ណ នេះ គណបក្ស​ប្រជាជន​កម្ពុជា ចង់​បង្ហាញ​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​អាច​ទាមទារ​អ្វី​បាន​ស្រេច​តែ​ចិត្ត​នោះ​ទេ។

អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត កែម ឡី មាន​ប្រសាសន៍​ថា គណបក្ស​ប្រជាជន​កម្ពុជា ចង់​ធ្វើ​ការ​សាកល្បង​មួយ ចំពោះ​ការ​បោះ​ឆ្នោត​ទម្លាក់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​ពីរ​នេះ ថា​តើ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ទំហំ​ប្រតិកម្ម​ដូច​ម្ដេច? ពីព្រោះ​ថា នៅ​ពេល​ខាង​មុខ អ្វី​ដែល​សំខាន់​នោះ សភា​នឹង​ត្រូវ​បោះ​ឆ្នោត​ជ្រើស​សមាសភាព គ.ជ.ប ទៀត។ បើ​សិន​ជា​គណបក្ស​ប្រជាជន​កម្ពុជា គិត​ថា សមាសភាព​នោះ​គណបក្ស​កាន់​អំណាច​ពិបាក​ធ្វើ​ការ​ជាមួយ គឺ​សភា​នឹង​មិន​បោះ​ឆ្នោត​ឲ្យ​ទៀត។

អ្នកស្រី មូរ សុខហួរ ត្រូវ​បាន​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​ជា​បេក្ខភាព​ប្រធាន​គណៈកម្មការ​ទី​៨ ទទួល​បន្ទុក​សុខាភិបាល និង​សង្គម​កិច្ច កិច្ចការ​នារី នៃ​រដ្ឋសភា។ ចំណែក លោក យឹម សុវណ្ណ ឈរ​ឈ្មោះ​ជា​ប្រធាន​គណៈកម្មការ​ជំនាញ​ទី​១០ ទទួល​បន្ទុក​អង្កេត និង​ប្រឆាំង​អំពើ​ពុក​រលួយ។ តែ​អ្នក​ទាំង​ពីរ ត្រូវ​បាន​សភា​បោះ​ឆ្នោត​គាំទ្រ​មាន​ចំនួន ៥៦​សំឡេង​ស្មើ​គ្នា ក្នុង​ចំណោម​សមាជិក​សភា ១២២​រូប ដែល​បាន​ចូលរួម​ប្រជុំ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី មាន​ប្រសាសន៍​ថា លោក​នៅ​តែ​មាន​ជំនឿ​ថា នឹង​សម្រេច​បាន​នូវ​អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ចង់​បាន ព្រោះ​ភាគី​គណបក្ស​ទាំង​ពីរ បាន​ព្រមព្រៀង​គ្នា​ធ្វើ​កំណែ​ទម្រង់​នូវ​អ្វី​ដែល​ខុស​ឆ្គង និង​ខាត​ពី​មុន​មក។

ក្រោយ​ពី លោក យឹម សុវណ្ណ និង​អ្នកស្រី មូរ សុខហួរ ត្រូវ​បាន​សភា​បោះ​ឆ្នោត​ទម្លាក់​នោះ គណបក្ស​សង្គ្រោះ​ជាតិ ក៏​ផ្លាស់​ប្ដូរ​សមាសភាព​ជំនួស​អ្នក​ទាំង​ពីរ​ភ្លាមៗ កាល​ពី​ថ្ងៃ​ទី​២៧ សីហា។ នៅ​ត្រង់​ចំណុច​នេះ អ្នក​វិភាគ​ពន្យល់​ថា គណបក្ស​សង្គ្រោះ​ជាតិ មាន​ជំហរ​មិន​រឹងមាំ គណបក្ស​នេះ​នឹង​មិន​ផ្លាស់​ប្ដូរ​សមាសភាព​ផ្សេង​ទេ រហូត​ដល់​មាន​កិច្ច​ព្រមព្រៀង​ថ្មី​មួយ​ទៀត។

ក្រៅ​ពី​នេះ​ទៀត ការ​លេង​ល្បែង​នយោបាយ​បែប​នេះ មិន​មែន​ជា​រឿង​មួយ​ថ្មី​ទេ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា។ គណបក្ស​នេះ​ធ្លាប់​លេង​ជាច្រើន​លើក​ច្រើនសា​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស សម រង្ស៊ី ផង ពីព្រោះ​ថា នេះ​ជា​ទម្លាប់​ត្រួតត្រា​គ្រប់​ស្ថាប័ន​រដ្ឋ​ទៅ​ហើយ ដែល​គណបក្ស​ប្រជាជន​កម្ពុជា ចង់​ធ្វើ​អ្វី​ក៏​បាន។ ការ​បោះ​ឆ្នោត​មិន​គាំទ្រ លោក យឹម សុវណ្ណ និង​អ្នកស្រី មូរ សុខហួរ នេះ មិន​មែន​ជា​រឿង​ចៃដន្យ​នោះ​ឡើយ គឺ​គណបក្ស​ប្រជាជន​កម្ពុជា បាន​រៀបចំ​ផែនការ​ច្បាស់​លាស់​ជា​មុន។

មួយ​វិញ​ទៀត ក៏​មិន​មែន​មាន​ន័យ​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​គោរព​កិច្ច​ព្រមព្រៀង​នយោបាយ កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ដែល​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ យល់​ព្រម​បញ្ចប់​ជម្លោះ​នយោបាយ​នោះ​ដែរ ដោយ​ហេតុ​ថា នៅ​ក្នុង​កិច្ច​ព្រមព្រៀង​នេះ គណបក្ស​ប្រជាជន​កម្ពុជា យល់​ព្រម​ផ្ដល់​ជូន​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា​ចំនួន​៥ តែ​មិន​បាន​ដាក់​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​ថា លោក យឹម សុវណ្ណ និង​អ្នកស្រី មូរ សុខហួរ ត្រូវ​តែ​ជា​បេក្ខភាព​ប្រធាន​គណៈកម្មការ​ទី​៨ និង​ទី​១០ នៃ​រដ្ឋសភា​ទេ។ ប្រការ​នេះ ជា​ការ​ថ្លោះធ្លោយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​កិច្ច​ចរចា​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា នោះ។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា នេះ​ជា​ការ​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​ជិះ​សេះ​លែង​ដៃ​ដដែល ដោយសារ​តែ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​បោះ​ឆ្នោត​ដោយ​សំឡេង ៥០​បូក​១ ឬ​ភាគ​ច្រើន​ដាច់​ខាត​នេះ។ លោក​បញ្ជាក់​ថា នេះ​ជា​សារ​នយោបាយ​មួយ​ដែល​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​កិច្ច​ព្រមព្រៀង​នយោបាយ​ណា​មួយ​នោះ។

គណបក្ស​ប្រជាជន​កម្ពុជា ពិសេស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​មនុស្ស​មាន​ឥទ្ធិពល​នៅ​ក្នុង​គណបក្ស និង​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ​ផ្សេងៗ។ ជាទូទៅ គេ​កត់​សម្គាល់​ឃើញ​ថា លោក​អាច​បញ្ជា​បញ្ហា​អ្វី​គ្រប់​បែប​យ៉ាង​ទៅ​តាម​ឆន្ទៈ​នយោបាយ​ដែល​លោក​ចង់​ បាន។ ក្រៅ​ពី​នេះ​ទៀត គណបក្ស​ប្រជាជន​កម្ពុជា មាន​បទពិសោធន៍​គ្រប់គ្រាន់​កាល​ពី​ជាប់​គាំង​នយោបាយ កាល​ពី​ឆ្នាំ​២០០៣ ដែល​គណបក្ស សម រង្ស៊ី និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ចង​សម្ព័ន្ធភាព​ជាមួយ​គ្នា ក្រោយ​ពេល​បោះ​ឆ្នោត​នោះ ដែល​គណបក្ស​ប្រជាជន​កម្ពុជា មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​តាំង​ពី​ពេល​នោះ​មក។

ការ​ជាប់​គាំង​នយោបាយ​កាល​ពី​ឆ្នាំ​២០០៣ នោះ ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ជោគជ័យ​សំខាន់ៗ ៣​ចំណុច។ ទី​១ គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​បោះ​ឆ្នោត​ជា​កញ្ចប់។ ទី​២ គណបក្ស សម រង្ស៊ី ឯកភាព​ទៅ​លើ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​បោះ​ឆ្នោត​ពី ២​ភាគ​៣ ទៅ សំឡេង ៥០​បូក​១ និង​ទី​៣ ធ្វើ​ឲ្យ​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ចេញ​ពី​ព្រះ​ប្រធាន​សភា។ ទន្ទឹម​នឹង​នេះ អ្នក​វិភាគ​ពន្យល់​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​ប្រើ​យុទ្ធសាស្ត្រ​ដដែល​នេះ​ទៀត ដើម្បី​យក​ឈ្នះ​លើ​គូប្រជែង ទោះ​បី​ជា​ក្នុង​រូបភាព​ណា​ក៏ដោយ។

លោក​បណ្ឌិត សុខ ទូច បន្ថែម​ថា គណបក្ស​ប្រជាជន​កម្ពុជា យក​ប្រៀប​លើ​គណបក្ស​សង្គ្រោះ​ជាតិ ម្ដង​ទៀត នៅ​ពេល​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​សភា និង​នាយក​រដ្ឋមន្ត្រី​ជា​កញ្ចប់។ រីឯ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​គណៈកម្មការ​បោះ​ឆ្នោត​ជា​សម្ងាត់ លោក​បញ្ជាក់​ថា បើ​សិន​ជា​បោះ​ឆ្នោត​ជា​សម្ងាត់ គឺ​ត្រូវ​បោះ​ឆ្នោត​ជា​សម្ងាត់​ទាំងអស់។

អ្នក​វិភាគ​លើក​ឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​មាន​យុទ្ធសាស្ត្រ​ជាច្រើន​ទៀត ដើម្បី​ផ្ដួល​គូប្រកួត ពីព្រោះ​ថា ភ្នំ​ដ៏​ធំ​ដែល​បាំង​គណបក្ស​កាន់​អំណាច​ប្រមាណ ៣០​ឆ្នាំ​មក​ហើយ​នៅ​ពេល​នេះ គឺ​មាន​តែ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា តាម​មើល​ទៅ​មិន​ងាយ​ឲ្យ​គណបក្ស​ផ្សេង​ដណ្ដើម​យក​ប្រជាប្រិយភាព​ពី​ខ្លួន​បាន ​ឡើយ។ គណបក្ស​នេះ​នឹង​ប្រើ​គ្រប់​យុទ្ធសាស្ត្រ​នយោបាយ ដើម្បី​ផ្ដួល​គណបក្ស​សង្គ្រោះ​ជាតិ បើ​សិន​ជា​គណបក្ស​សង្គ្រោះ​ជាតិ មិន​ប្រុង​ប្រយ័ត្ន និង​រក​វិធី​ទប់ទល់​ទេ​នោះ៕



No comments:

Post a Comment