Paris Peace Accords 23 Oct. 1991

Friday, August 15, 2014

លោក សម រង្ស៊ី សន្យា ​នឹង​ទាមទារ​ដី ​ជូន​អ្នក​ភូមិ ​ឡពាង​វិញ ​ដោយ​អហិង្សា | Sam Rainsy promises to reclaim land for villagers of Lor Peang in a non-violent way

លោក សម រង្ស៊ី សន្យា ​នឹង​ទាមទារ​ដី ​ជូន​អ្នក​ភូមិ ​ឡពាង​វិញ ​ដោយ​អហិង្សា

RFA | ១៤ សីហា ២០១៤

សម រង្ស៊ី ​អ្នក​ភូមិ​ឡពាង
លោក សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នក​ភូមិ​ឡពាង ក្នុង​តំបន់​បឹងកក់ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ ២០១៤។  RFA/Ouk Savborey  

អ្នក​ភូមិ​ ឡពាង ប្រមាន ១០០​នាក់ ដែល​បាន ​ធ្វើ​ដំណើរ ​ដោយ​ថ្មើរ​ជើង ​ក្នុង​ចម្ងាយ​ដី ​ជាង៦០​ គីឡូម៉ែត្រ ពី​ឃុំ​ តាជេស្ឋ ស្រុក​ កំពង់ ត្រឡាច, ខេត្ត ​កំពង់ឆ្នាំង ​មក​ដល់​ភ្នំពេញ ដោយ​ចំណាយ​​​ អស់​រយៈពេល ២​ថ្ងៃ ក្រោម​ការ​រារាំង និង​ចាប់​មនុស្ស ​ដាក់​ឃុំ ចោទ ​ពី​បទ​ផ្សេងៗ របស់​ អាជ្ញាធរ​ ខេត្ត​កំពង់ឆ្នាំង នឹង​នាំ​គ្នា​ បន្ត​តវ៉ា​ទៀត បន្ទាប់ ពី​សុខភាព​ ពួកគេ​ បាន​ប្រសើរ។  ពួកគេ​ មាន​បំណង​​ សូម ឲ្យ​រដ្ឋាភិបាល ​ដោះស្រាយ ​ដីធ្លី ​ពួកគេ​ ដែល​ពាក់ព័ន្ធ​ ក្រុមហ៊ុន ខេឌីស៊ី (KDC) មិន​ព្រម​ ដោះស្រាយ​​​នោះ។

ក្នុង​ពេល​កំពុង​សម្រាក​ក្នុង​តំបន់​បឹងកក់ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​សីហា ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​ចុះ​ទៅ​ជួប​ពួកគេ​បាន​សំដែង​ការ​គាំទ្រ និង​លើក​ទឹក​ចិត្ត​ឲ្យ​តស៊ូ​បន្ត​ទៀត ហើយ​អះអាង​ថា នឹង​ទាមទារ​ដី​ជូន​អ្នក​ភូមិ​វិញ។

ការ​សន្យា​របស់​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​អ្នក​ភូមិ​ដែល​កំពុង​ស្នាក់​បណ្ដោះអាសន្ន​នៅ​ក្នុង​ បន្ទប់​រួម​មួយ​ក្នុង​តំបន់​បឹងកក់។ ប៉ុន្តែ​លោក សម រង្ស៊ី ពុំ​បាន​បញ្ជាក់​អោយ​ច្បាស់​លាស់​ទេ ថា​តើ​អ្វី​ខ្លះ​ដែល​ជា​វិធានការ​ក្នុង​ការ​ទាមទារ​ដី​អោយ​អ្នក​ភូមិ។

លោក សម រង្ស៊ី  ថ្លែង​ថា ដី​មិន​ដើរ​ទេ ប៉ុន្តែ​មនុស្ស​ខូច​ទេ​ដែល​រំលោភ​យក​ដី​អ្នកភូមិ​ឡពាង ឲ្យ​រង​ទុក្ខ​​វេទនា​គ្មាន​ជម្រក គ្មាន​អាហារ គ្មាន​ដី​ដាំ​ដុះ លំនៅឋាន ព្រាត់ប្រាស​គ្រួសារ ជាប់​ពន្ធនាគារ​ដោយសារ​តែ​ដី​របស់​ខ្លួន​ត្រូវ​គេ​ជួញដូរ។

​លោក​បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ខំ​តស៊ូ​អស់​ពី​លទ្ធភាព​ដោយ​មិន​ប្រើ​ហិង្សា ដើម្បី​ជួយ​ទាមទារ​ដី​ពី​ក្រុមហ៊ុន ខេ.ឌី.ស៊ី ជូន​អ្នក​ភូមិ​ឡពាង៖ «យើង​ នឹង​ប្រើប្រាស់​គ្រប់​មធ្យោបាយ មធ្យោបាយ​ស្រប​ច្បាប់ មធ្យោបាយ​អហិង្សា​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល​នៃ​ ព្រះរាជាណាចក្រ​កម្ពុជា ទំនាក់ទំនង​ជាតិ​និង​អន្តរជាតិ គឺ​យើង​​ប្រើប្រាស់​ទាំង​អស់ ដើម្បី​ជួយ​បងប្អូន។ អ៊ីចឹង​បង​ប្អូន​កុំ​អស់​សង្ឃឹម ដី​របស់​បងប្អូន​នៅ​ឃុំ​តាជេស្ឋ គឺ​ដី​វា​អត់​មាន​ជើង​ដើរ​ទេ ដី​វា​នៅ​ត្រង់​ណា គឺ​នៅ​ត្រង់​នឹង មាន​តែ​មនុស្ស​ខូច​ដែល​មក​យក​ដី​បង​ប្អូន ខ្ញុំ​ជឿ​ថា មនុស្ស​ខូច​នឹង​វិនាស និង​ខ្ចាយ នឹង​ចាក​ចេញ»

បើ​ទោះ​ជា​មិន​បាន​បញ្ជាក់​ពី​មធ្យោបាយ​នោះ ក៏​លោក សម រង្ស៊ី បាន​បង្ហោះ​ក្នុង​ទំព័រ​ហ្វេសប៊ុក របស់​លោក កាល​ពី​យប់​ថ្ងៃ​ទី​១៣ ខែ​សីហា ថា ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល អោយ​ទៅ​ឆ្លើយ​ក្នុង​រដ្ឋ​សភា​ចំពោះ​ករណី​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី​ ដ៏​ចម្រូងចម្រាស​នៅ​ភូមិ​ឡពាង។

កាល​ពី​ថ្ងៃ​ទី​១២ ខែ​សីហា អ្នក​ភូមិ​ឡពាង ប្រមាណ ១០០​នាក់ រួម​ទាំង​កុមារ បាន​រែក​ចាន ឆ្នាំង មុង​​កន្ទេល ដើរ​សំដៅ​មក​រក​ថ្នាក់​ដឹកនាំ​នៅ​ភ្នំពេញ ឲ្យ​ជួយ​ដោះស្រាយ​ជម្លោះ​ដី​ពួកគាត់​ជាមួយ​​ក្រុមហ៊ុន ខេ.ឌី.ស៊ី ខណៈ​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង និង​ក្រុមហ៊ុន ខេ.ឌី.ស៊ី របស់​អ្នកស្រី ជា ខេង ភរិយា​លោក ស៊ុយ សែម មិន​អាច​ដោះស្រាយ​បញ្ចប់​ជម្លោះ​ដី​នោះ​ចប់​សព្វ​គ្រប់។

ក្នុង​ការ​ធ្វើដំណើរ របស់​អ្នកភូមិ​ពី​ខេត្ត​កំពង់ឆ្នាំង មក​ដល់​ភ្នំពេញ​នេះ អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង បាន​វាយ​បំបែក​អ្នក​ភូមិ និង​បាន​ចាប់​ខ្លួន​អ្នក​ស្រុក​ដាក់​ពន្ធនាគារ ៥​នាក់។

លោក សម រង្ស៊ី ថ្លែង​លើក​ទឹក​ចិត្ត​អ្នក​ភូមិ​ឡពាង ហើយ​បាន​ផ្តល់​ថវិកា​ផ្ទាល់​ខ្លួន និង​ស្វែង​រក​ជំនួយ​បន្ថែម ដើម្បី​សម្រួល​ដល់​ការ​ស្នាក់នៅ​បណ្តោះអាសន្ន​របស់​អ្នកភូមិ​ឡពាង នៅ​ក្នុង​ទីក្រុង​ភ្នំពេញ៖​ «ព្រោះ​ក្រុមហ៊ុន​របស់​ភរិយា​រដ្ឋមន្រ្តី ស៊ុយ សែម ហ្នឹគឺ​កំសាក ប្រើ​ឥទ្ធិពល អាង​ថា​ប្តី​ខ្លួន​ធ្វើ​រដ្ឋមន្រ្តី ប្រើ​ឥទ្ធិពល​ប្តី មក​លួច​ប្លន់​ដីធ្លី​ប្រជារាស្ត្រ មក​ធ្វើ​បាប​ប្រជារាស្ត្រ ជា​អំពើ​កំសាក អំពើ​ថោកទាប​ជា​ទីបំផុត ដែល​ប្រជារាស្ត្រ​ខ្មែរ​ទាំង​មូល​ថ្កោល​ទោស»

តំណាង​អ្នក​ភូមិ​ឡពាង អ្នកគ្រូ អ៊ុំ សុភី ថ្លែង​ថា ក្រុមហ៊ុន​ហ៊ុមព័ទ្ធ​ភូមិ មិន​ឲ្យ​ពួក​គាត់​ចេញ​រក​ស៊ី។ ទន្ទឹម​នោះ ក្រុមហ៊ុន ខេ.ឌី.ស៊ី រឹប​យក​ដី​ដោយ​ប្រើ​ក្រុម​ប្រដាប់​អាវុធ គាប​អ្នក​ភូមិ​មិន​ឲ្យ​ដាំ​ស្រូវ និង​​ដំណាំ ធ្វើ​ឲ្យ​អ្នក​ភូមិ​ដាច់​ពោះ បបរ​ចែក​គ្នា​ហូប ដោយសារ​តែ​មាន​អ្នក​លួច​បន្លំ​ការ​ជួញដូរ​ដី​ពួក​គាត់។ ភាព​ទាល់ច្រក​នេះ អ្នក​ភូមិ​ទម្លុះ​ការ​ហ៊ុមព័ទ្ធ ធ្វើ​ដំណើរ​ដោយ​ជើង​មក​រក​យុត្តិធម៌​នៅ​ភ្នំពេញ៖ «ប៉ុន្តែ​ដោយសារ​ពួក​ខ្ញុំ​គិត​ថា អស់​ជម្រើស ហើយ​បើ​ខ្ញុំ​នៅ​ផ្ទះ​ក៏​មាន​ការ​ហ៊ុមព័ទ្ធ​របស់​សមត្ថកិច្ច​ដែរ ដូច្នេះ​ហើយ​ទើប​ខ្ញុំ​សុខ​ចិត្ត​ចេញ​មក​នាំ​គ្នា​ពុះពារ សំដៅ​មក​ទីក្រុង​ភ្នំពេញ​នេះ ដើម្បី​ទាមទារ​យក​ទឹក​យក​ដី និង​រក​យុត្តិធម៌​សម្រាប់​អ្នក​ដែល​ជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ​ខេត្ត​កំពង់ឆ្នាំង ពេល​នេះ​ជាប់ ៥​នាក់​ហើយ»

លោកស្រី ស៊ុំ ថុន អាយុ ៥៥​ឆ្នាំ ឲ្យ​ដឹង​ថា ប្តី​គាត់​ឈ្មោះ ស សុង ជាប់​ពន្ធនាគារ ៦​ឆ្នាំ ព្រោះតែ​មិន​ព្រម​​លក់​ដី​ឲ្យ​ក្រុមហ៊ុន ខេ.ឌី.ស៊ី។ លោកស្រី​ថា ពួកគាត់​មក​ដល់​ភ្នំពេញ​នេះ មក​សុំ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​ដី​​រស់​នៅ​ស្រប​ច្បាប់​ផង មក​សុំ​ឲ្យ​ឈប់​ចាប់​អ្នក​ភូមិ​ដាក់​គុក​ផង និង​សុំ​ដោះលែង​អ្នក​កំពុង​ជាប់​ឃុំ ៥​នាក់ ដោយសារ​ដីធ្លី​ភូមិ​ឡពាង​ផង។

​ជម្លោះ​ដីធ្លី​នៅ​ភូមិ​ឡពាង ចាប់​ផ្តើម​ពី​ឆ្នាំ​២០០៦ មក​ដល់​បច្ចុប្បន្ន ដោយសារ​ការ​ជួញដូរ​ដី និង​ការ​​​ឃុបឃិត​បន្លំ​ឯកសារ​ដី​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន សហការ​ជាមួយ​ឈ្មួញ​ទិញ​ដី បណ្តាល​ឲ្យ​ពលរដ្ឋ​ក្នុង​ភូមិ រួម​ទាំង​មេ​ភូមិ​ផង បាន​ជាប់​ពន្ធនាគារ និង​មនុស្ស​ច្រើន​រយ​នាក់​ដាច់​ស្បៀង។ ក្រុម​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​ថ្កោលទោស​ចំពោះ​ការ​ប្រើ​ហិង្សា​បង្ក្រាប​អ្នក​ភូមិ​ឡពាង ដែល​ដើរ​មក​រក​ការ​ជួយ​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ក្នុង​រឿង​ជម្លោះ​ដី​នេះ។

ក្នុង​រឿង​ជម្លោះ​ដី​នៅ​ភូមិ​ឡពាង ជាមួយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី នេះ​ដែរ អង្គការ​សង្គម​ស៊ីវិល​ចំនួន​២៧ នៅ​ថ្ងៃ​ទី​១៤ ខែ​សីហា នេះ ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ សុំ​អោយ​អាជ្ញាធរ និង​តុលាការ​ខេត្ត​កំពង់ឆ្នាំង ដោះ​លែង​អ្នក​ភូមិ​ឡពាង ៥​នាក់ និង​ដោះស្រាយ​បញ្ចប់​បញ្ហា​ជម្លោះ​ដីធ្លី​អោយ​បាន​ឆាប់។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​យល់​ថា ការ​ចាប់​ខ្លួន និង​ការ​ចេញ​ដីកា​កោះ​ហៅ​តំណាង​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់ ព្រម​ទាំង​ធ្វើ​ទុក្ខបុកម្នេញ គឺ​ជា​ការ​គំរាម​កំហែង គាប​សង្កត់ ឲ្យ​បញ្ឈប់​ការ​តវ៉ា និង​យល់​ព្រម​ប្រគល់​ដីធ្លី​ទៅ​ក្រុមហ៊ុន​របស់ លោកស្រី ជា ខេង ដែល​នេះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។

តាម​រយៈ​ទង្វើ​នេះ អង្គការ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា សមត្ថកិច្ច​ទាំង​នេះ​កំពុង​តែ​រណប​ក្រុម​ឈ្មួញ និង​អ្នក​មាន​អំណាច ដោយ​មិន​គិត​ពី​សុខ​ទុក្ខ​របស់​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​កំពុង​បាត់​បង់​ដីធ្លី។ ក្រុម​អង្គការ​ទាំង​នោះ​លើក​ឡើង​ទៀត​ថា ការ​ចាប់​អ្នក​ភូមិ​ដាក់​ពន្ធនាគារ​នៅ​ពេល​នេះ គឺ​ផ្ទុយ​ស្រឡះ​ពី​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ធ្លាប់​ថ្លែង​ថា នឹង​ពុំ​អោយ​មាន​ការ​ចាប់​ខ្លួន​ពលរដ្ឋ​ណា​ម្នាក់​ដោយសារ​បញ្ហា​ដីធ្លី៕



No comments:

Post a Comment