Paris Peace Accords 23 Oct. 1991

Friday, August 29, 2014

សកម្មជន​ ដីធ្លី​ បឹងកក់​ ៤​នាក់ ត្រូវ​ សមត្ថកិច្ច​ ចាប់ខ្លួន​ ពេល​ចុះ​ចូល រួម​តវ៉ា​ ជាមួយ អ្នក​មាន​ទំនាស់​ ដីធ្លី ម​ក​ពី​៣​ខេត្ត​ នៅ​វត្ត​ចាស់ | Security arrested 4 BKL activists


សកម្មជន​ ដីធ្លី​ បឹងកក់​ ៤​នាក់ ត្រូវ​ សមត្ថកិច្ច​ ចាប់ខ្លួន​ ពេល​ចុះ​ចូល រួម​តវ៉ា​ ជាមួយ អ្នក​មាន​ទំនាស់​ ដីធ្លី ម​ក​ពី​៣​ខេត្ត​ នៅ​វត្ត​ចាស់​​

VOD | ២៩ សីហា ២០១៤

រូបភាពពីអង្គការលីកាដូ

​ស្ត្រី​ សកម្មជន ​ជម្លោះ​ដីធ្លី​ មកពី​តំបន់​ បឹង​កក់ ​៤​នាក់​ ត្រូវ​ អាជ្ញាធរ​ ខណ្ឌ​ជ្រោយចង្វារ ​ចាប់ខ្លួន ពេល​ចុះ​ ទៅ​ចូលរួម ​តវ៉ា​ នៅ​វត្ត​ ចាស់ ក្នុង​សង្កាត់​ ជ្រោយចង្វារ ជាមួយ ​អ្នក​មាន​ទំនាស់ ​ដីធ្លី​ មកពី​៣​ខេត្ត។​

​នា​ព្រឹក ​ថ្ងៃ​សុក្រ​នេះ ប្រជាពលរដ្ឋ​ មាន​ទំនាស់​ ដីធ្លី ​ជិត​១០០​នាក់​ មកពី​ខេត្ត ​ប៉ៃលិន, បាត់ដំបង, និង​បន្ទាយមានជ័យ, ដែល​កំពុង​ ស្នាក់នៅ​ក្នុង​វត្ត​ ពុទ្ធិយា​រាម (ហៅ ​វត្ត​ចាស់) ក្នុង​សង្កាត់​ ជ្រោយចង្វារ ខណ្ឌ​ ជ្រោយចង្វារ មាន​គម្រោង ​ហែញត្តិ​ចេញ ពី​វត្ត​ ទៅកាន់​ផ្ទះ​ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី ​ស្នើសុំ​ អន្តរាគមន៍, តែ​ ត្រូវ​ សមត្ថកិច្ច​ ចម្រុះ ​ចុះ​មក​រារាំង ​មិនឲ្យ​ចេញ ពី​វត្ត ទើប​ធ្វើ ឲ្យ​មាន ​ការ​រុញ​គ្នា​ ទៅវិញ ទៅមក​។  អាជ្ញាធរ ​បាន​ចាក់សោ បិទទ្វារ ​របង ដើម្បី រារាំង​ មិន​ឲ្យ​ ប្រជាពលរដ្ឋ​ ចេញពី​វត្ត។​


សកម្មជន​ជម្លោះដីធ្លី​មកពី​តំបន់​បឹងកក់​៤​នាក់​បាន​ធ្វើដំណើរ​ទៅកាន់​ វត្ត​ចាស់​ដើម្បី​ចូលរួម​ការតវ៉ា​នេះ តែ​ត្រូវ​អាជ្ញាធរ​ហាមឃាត់ ដោយ​អះអាង​ថា ពួកគាត់​មក​ពី​ខណ្ឌដូនពេញ មិន​មាន​សិទ្ធិ​មក​តវ៉ា​នៅក្នុង​ខណ្ឌ​ជ្រោយចង្វារ​ទេ ហើយ​បាន​ដេញ​ឲ្យ​ពួក​គាត់​ត្រឡប់​ទៅវិញ​។ សកម្មជន​ម្នាក់​ អ្នកស្រី ទេព វ​ន្នី សួរ​តប​ទៅ​កាន់​អាជ្ញាធរ​ថា តើ​មានច្បាប់​ណា​ដែល​ហាម​ពួកគាត់​មិនឲ្យ​មក​តវ៉ា​ឆ្លង​ខណ្ឌ ហើយ​មិន​ព្រម​ត្រឡប់​ទៅវិញ ទើប​អាជ្ញាធរ​ចាប់បង្ខំ​ស្ត្រី​ជា​សកម្មជន​ទាំង​៤​នាក់​ឡើង​ឡាន មិនដឹង​យក​ទៅ​ទីណា​ទេ។​

​ស្ត្រី​ដែល​ត្រូវបាន​ចាប់ខ្លួន​ទាំង​៤​នាក់​រួមមាន អ្នកស្រី ទេព វ​ន្នី អ្នកស្រី សុង ស្រី​លាភ អ្នកស្រី​គង់ ចន្ថា និង​អ្នកស្រីខែក ច័ន្ទរស្មី។​
អង្គការ​លីកាដូ ឲ្យដឹងថា​អ្នក​ទាំង​នោះបច្ចុប្បន្ន កំពុង​ឃាត់ខ្លួន​នៅ​ប៉ុស្តិ៍​នគរបាល​ជ្រោយចង្វារ ហើយ​ឥឡូវនេះ​អាជ្ញាធរ​បាន​បិទផ្លូវ ដោយ​មិន​ឲ្យ​អ្នក​សហគមន៍​ចេញ​ទៅ​ខាងក្រៅ​វត្ត​ចាស់​នោះ​ទេ។​



អាជ្ញាធរ​ប្រដាប់​ដោយ​ខែល  កាំភ្លើង​អាកា ដំបងឆក់ និង​បំពង់​ទី​ប ជាង​១០​នាក់ រួម​ជាមួយ​សន្តិសុខ​ខណ្ឌ​ជាង​២០​នាក់ ក៏​បាន​ហាម​ប្រជាពលរដ្ឋ​នៅ​ក្បែរ​វត្ត​ចាស់ មិនឲ្យ​ទៅ​ឈរ​មើល​នៅ​ក្បែរ​នោះ​ផងដែរ។ 

​នា​ម៉ោង​ប្រមាណ​ជិត​១០​ព្រឹក​នេះ ពលរដ្ឋ​មកពី​ខេត្ត​បាត់ដំបង​២​នាក់ ខ្យល់គរ​សន្លប់ ត្រូវបាន​ដឹក​តាម​រ៉ឺម៉ក​ម៉ូតូ​ចេញទៅ​រក​ពេទ្យ តែ​អាជ្ញាធរ​មិន​បើកទ្វារ​របង​ឲ្យចេញ ទើប​ពលរដ្ឋ​ត្រូវ​អៀវ​ដើរចេញ​ទៅ​រក​ពេទ្យ​នៅ​ក្បែរ​នោះ។​

​កាលពីដើម​សប្ដាហ៍​នេះ ក្រុម​អ្នក​មាន​ជម្លោះ​ដីធ្លី​មកពី​ខេត្ត​ប៉ៃលិន បាត់ដំបង និង​បន្ទាយមានជ័យ បាន​ឡើងមក​តវ៉ា​នៅ​រាជធានី​ដើម្បី​រក​អន្តរាគមន៍ ដោយ​ពួកគេ​អះអាងថា អាជ្ញាធរ​នៅ​ខេត្ត​មិន​អាច​ដោះស្រាយ​បញ្ហា​ឲ្យ​ពួកគាត់​បាន។ បច្ចុប្បន្ន​ពួកគាត់​ស្នាក់​នៅ​វត្ត​ពុទ្ធិយា​រាម ហៅ​វត្ត​ចាស់ ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ៕



No comments:

Post a Comment