Paris Peace Accords 23 Oct. 1991

Monday, August 25, 2014

មន្ត្រី ​អ.ស.ប. ​ជំរុញ​ ឲ្យ​កម្ពុជា ​ពន្លឿន​ ការ​បង្កើត​ ស្ថាប័ន​ សិទ្ធិ​មនុស្ស​ ថ្នាក់​ជាតិ ​ឯករាជ្យ | UN official urges Cambodia to establish independent national human rights commission

មន្ត្រី ​អ.ស.ប. ​ជំរុញ​ ឲ្យ​កម្ពុជា ​ពន្លឿន​ ការ​បង្កើត​ ស្ថាប័ន​ សិទ្ធិ​មនុស្ស​ ថ្នាក់​ជាតិ ​ឯករាជ្យ

RFA |  ២៤ សីហា ២០១៤

តវ៉ា ដីធ្លី សភា ៣០៥
១៧-វិច្ឆិកា-២០១២៖ ពលរដ្ឋ យក​ញត្តិ​ មក​ដាក់​ស្នើ​ ឲ្យ​ជួយ​ដោះលែង​ សកម្មជន​ ដីធ្លី និង​អ្នក​ការពារ​ សិទ្ធិ​មនុស្ស​ ពី​ពន្ធនាគារ នៅ​មុខ ​រដ្ឋ​សភា នា​រាជធានី ​ភ្នំពេញ។  RFA/Den Ayuthyea

អ្នក​រាយការណ៍ ​ពិសេស ​អង្គការ​ សហប្រជាជាតិ​ ទទួល​បន្ទុក ​សិទ្ធិ​មនុស្ស​ ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី ជំរុញ​ ឲ្យ​រដ្ឋាភិបាល ​កម្ពុជា ពន្លឿន​ដំណើរ​ការ បង្កើត​ស្ថាប័ន​ សិទ្ធិ​មនុស្ស​ ថ្នាក់​ជាតិ​ ឯករាជ្យ​មួយ។  ការ​ជំរុញ​ បែប​នេះ ដោយសារ​ អ្នករាយការណ៍ ​រូប​នេះ​ យល់​ថា ស្ថាប័ន ​សិទ្ធិ​មនុស្ស មាន​ស្រាប់​ បច្ចុប្បន្ន មិន​អាច ឯករាជ្យ​ឡើយ ព្រោះ​ថា មន្ត្រី ​របស់ ​ស្ថាប័ន ទាំង​នេះ​ ភាគ​ច្រើន​ ជា​មន្ត្រី​ របស់ ​រដ្ឋាភិបាល។

ពន្លឿន​ដំណើរ​ការ ​បង្កើត​ស្ថាប័ន​ សិទ្ធិ​មនុស្ស​ ជាតិ​ឯករាជ្យ គឺ ​ជា​អនុសាសន៍​មួយ ​ក្នុង​ចំណោម អនុសាសន៍​ ជា​ច្រើន ​ផ្សេង​ទៀត​ ដែល​លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ផ្ដល់​ឲ្យ​ រដ្ឋាភិបាល​ កម្ពុជា ក្នុង​របាយការណ៍​ ចុង​ក្រោយ ​របស់​លោក​ ដែល​នឹង​ត្រូវ​ ធ្វើ​បទ​បង្ហាញ​ ចំពោះ​ មុខ​ក្រុមប្រឹក្សា​ សិទ្ធិ​មនុស្ស អង្គការ​ សហប្រជាជាតិ​ នៅ​ចុង​ខែ ​កញ្ញា ខាង​មុខ។


លោក សុរិយា ស៊ូប៊ែឌី ថ្លែង​ថា ស្ថាប័ន​ជាតិ​ឯករាជ្យ​ដែល​ស្រប​តាម​គោលការណ៍​ក្រុង​ប៉ារីស ស្តីពី​ស្ថាប័ន​ជាតិ​សិទ្ធិ​មនុស្ស នឹង​ក្លាយ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ត្រួត​ពិនិត្យ និង​ឲ្យ​ដំបូន្មាន​ដល់​រដ្ឋាភិបាល​លើ​គ្រប់​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ទាំង ​អស់។ ស្ថាប័ន​នេះ​ក៏​មាន​អំណាច​ឲ្យ​ស៊ើប​អង្កេត​បណ្ដឹង​តវ៉ា​របស់​ពលរដ្ឋ ដែល​នេះ​លោក ស៊ូប៊ែឌី ថា​គឺ​ជា​យន្តការ​ការពារ​សិទ្ធិ​មនុស្ស​ប្រកប​ដោយ​ប្រសិទ្ធភាព​មួយ​ក្នុង​ ប្រទេស​ជា​ច្រើន។

​យ៉ាង​ណា​ក៏ដោយ លោក ស៊ូប៊ែឌី សម្ដែង​ការ​ព្រួយ​បារម្ភ​ថា ក្នុង​បរិបទ​កម្ពុជា​បច្ចុប្បន្ន មិន​ដឹង​ថា កម្ពុជា​អាច​បង្កើត​ស្ថាប័ន​ឯករាជ្យ​មួយ​នេះ​បាន ឬ​ក៏​អាច​ជ្រើសរើស​មនុស្ស​ឯករាជ្យ​ពិត​ប្រាកដ ដើម្បី​បម្រើ​ក្នុង​ស្ថាប័ន​នេះ ឬ​ក៏​យ៉ាងណា​នោះ​ទេ​ដោយ​លោក​លើក​ឡើង​ថា មធ្យោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា គឺ​បង្កើត​នូវ​ស្ថាប័ន​ដែល​ស្ថិត​ក្រោម​រដ្ឋាភិបាល​ជា​ជាង​ស្ថាប័ន​ដែល​ ឯករាជ្យ​ឧទាហរណ៍​ដូចជា គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា របស់​លោក ឱម យ៉ិនទៀង ជាដើម។

​ឆ្លើយ​តប​ចំពោះ​អនុសាសន៍​របស់​លោក សុរិយា ស៊ូប៊ែឌី អនុ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក ម៉ក់ សម្បត្តិ កត់​សម្គាល់​ថា រដ្ឋាភិបាល​មិន​បាន​ព្រងើយ​កន្តើយ​ចំពោះ​ការ​បង្កើត​ស្ថាប័ន​ថ្នាក់​ជាតិ​ មួយ​នេះ​ឡើយ។ លោក​ថា ក្រោយ​ពី​ការ​ប្រកាស​គាំទ្រ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ​ឯករាជ្យ​នៅ​ឆ្នាំ​២០០៦ មក រដ្ឋាភិបាល​បាន​ធ្វើ​ការ​ជាមួយ​សង្គម​ស៊ីវិល ហើយ​ក៏​បាន​ប្រគល់​ភារកិច្ច​តាក់តែង​សេចក្ដី​ព្រាង​ច្បាប់​ទៅ​ឲ្យ​ខាង​សង្គម ​ស៊ីវិល​ជា​អ្នក​រៀបចំ។ លោក ម៉ក់ សម្បត្តិ ថា​, ឥឡូវ​ សេចក្ដី​ព្រាង​ច្បាប់​ ស្ថិត​នៅ​ក្នុង​ដៃ របស់​ សង្គម​ស៊ីវិល​ នៅ​ឡើយ៖ «ឆ្នាំ​២០១១​ហ្នឹង ក្រុម​ការងារ​ របស់​ កម្ពុជា និង​ក្រុម​ការងារ ​របស់ ​សង្គម​ស៊ីវិល ក៏​បាន​ទៅ​ ទស្សនកិច្ច​ ទៅ​ស្វែង​យល់​ ពី​ការ​បង្កើត​ ស្ថាប័ន​សិទ្ធិ​មនុស្ស​ ជាតិ​ហ្នឹង​ នៅ​ប្រទេស​ ហ្វីលីពីន, ហើយ​ ដល់​ក្រោយ​មក​ហ្នឹង​ ខាង​សង្គម​ស៊ីវិល​ គាត់​ ថា សុំ​ពេល​ ដើម្បី​ ផ្សព្វផ្សាយ​ ដើម្បី​ យក​យោបល់​ ពី​មហាជន, ពី​សាធារណជន, ឬ​ក៏​ថា​ រៀបចំ​សិក្ខាសាលា​ មួយ​ទៀត ដើម្បី ​ឲ្យ​គាត់ ​ជួយ​ផ្ដល់​មតិ​ យោបល់​ នៅ​លើ​សេចក្ដី​ ព្រាង​ច្បាប់។  ដូច្នេះ​ ខាង​រដ្ឋាភិបាល​ នៅ​តែ​ ចាំ​មើល​ ខាង​សង្គម ​ស៊ីវិល ​គាត់​ រៀប​ម៉េចៗ ដើម្បី ធ្វើ​ការ ​រួម​គ្នា។»

​ទាក់ទង​ការ​លើក​ឡើង​របស់​លោក ស៊ូប៊ែឌី ដែល​ថា ស្ថាប័ន​សិទ្ធិ​មនុស្ស​ដែល​មាន​ស្រាប់ បច្ចុប្បន្ន​មិន​អាច​ធ្វើការ​ឲ្យ​ឯករាជ្យ​បាន​នោះ លោក ម៉ក់ សម្បត្តិ ថ្លែង​ថា ការងារ​ដែល​ក្រុម​លោក​ធ្វើ​សព្វថ្ងៃ គឺ​ស្របតាម​ការ​ចង្អុល​បង្ហាញ​របស់​ព្រះរាជក្រឹត្យ និង​អនុក្រឹត្យ​ស្ដីពី​ការ​បង្កើត​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា។ លោក​ថា ប្រសិនបើ​បញ្ហា​ដែល​កើត​ឡើង​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស​នោះ នោះ​អង្គភាព​របស់​លោក​ចាត់​ការ​ដោយ​មិន​ប្រកាន់​បក្សពួក​ឡើយ។

លោក ម៉ក់ សម្បត្តិ បន្ត​ថា លោក​មិន​ហ៊ាន​វាយតម្លៃ​របាយការណ៍​របស់​លោក ស៊ូប៊ែឌី ថា​យ៉ាងណា​នោះ​ទេ ប៉ុន្តែ​លោក​ថា អ្វី​ដែល​ក្រុម​លោក​ធ្វើ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​កម្ពុជា មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ផង និង​មាន​ការ​គោរព​ច្បាប់​ផង។

​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​សព្វថ្ងៃ​មាន​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​ជា​ប្រធាន​នោះ មាន​តួនាទី​ជួយ​ដល់​រដ្ឋាភិបាល ដើម្បី​រក្សា​ការពារ អភិវឌ្ឍន៍ និង​លើក​តម្កើង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ហើយ​រដ្ឋាភិបាល​កម្ពុជា មាន​ភារកិច្ច​ផ្ដល់​មធ្យោបាយ​ការងារ និង​ថវិកា​សម្រាប់​ស្ថាប័ន​នេះ​អាច​បំពេញ​ការងារ​របស់​ខ្លួន​បាន​ល្អ។

​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព ថ្លែង​គាំទ្រ​អនុសាសន៍​របស់​លោក ស៊ូប៊ែឌី ចំពោះ​ការ​ជំរុញ​ឲ្យ​មាន​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ​ឯករាជ្យ​ឲ្យ​បាន​រហ័ស​ នេះ។ អ្នកស្រី ចក់ សុភាព កត់សម្គាល់​ថា បើ​ទោះ​ជា​សព្វថ្ងៃ កម្ពុជា​មាន​ស្ថាប័ន​សិទ្ធិ​មនុស្ស​សំខាន់ៗ ៣​រួច​ហើយ​ក្តី ក្នុង​នោះ​រួម​មាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា របស់​រដ្ឋាភិបាល គណៈកម្មការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋ​សភា និង​របស់​ព្រឹទ្ធ​សភា ប៉ុន្តែ​ស្ថាប័ន​ទាំង​អស់​នោះ​មិន​ទាន់​បាន​ធ្វើ​កិច្ចការ​ដើម្បី​ដោះស្រាយ និង​រាយការណ៍​ពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដោយ​ឯករាជ្យ​នៅ​ឡើយ។

អ្នកស្រី​ថា ដើម្បី​ឲ្យ​ស្ថាប័ន​សិទ្ធិ​មនុស្ស​មួយ​ឯករាជ្យ​ទៅ​បាន លុះ​ណា​តែ​វា​មិន​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល៖ «សំខាន់​បំផុត​គឺ​បង្កើត​ឡើង​ដោយ​ច្បាប់ ហើយ​ច្បាប់​នោះ​គឺ​មាន​ចែង​ច្បាស់លាស់​ពី​សមភាព ហើយ​សមភាព​នោះ គឺ​ត្រូវ​ជា​សមភាព​មួយ​ដែល​ឯករាជ្យ មិន​មែន​ជា​សមាសភាព​មួយ​ដែល​មាន​កាន់​តួនាទី​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល ឬ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ បើ​តាម​បទពិសោធន៍ ប្រទេស​មួយ​ចំនួន​យើង​ឃើញ​ថា សមភាព​ហ្នឹង​អាច​មក​ពី​ខាង​ស្ថាប័ន​សិក្សា ឬ​ក៏​ខាង​សង្គម​ស៊ីវិល ប៉ុន្តែ​គាត់​ត្រូវ​លះបង់​តួនាទី​គាត់​បច្ចុប្បន្ន ដើម្បី​ធានា​ថា គាត់​បាន​ដើរ​តួនាទី​ក្នុង​ស្ថាប័ន​ឯករាជ្យ​មួយ​ន

​អ្នកស្រី ចក់ សុភាព ក៏​កត់សម្គាល់​ដែរ​ថា បើ​ទោះ​ជា​មាន​ភ្លើង​ខៀវ​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាំង​ពី​ឆ្នាំ​២០០៦ ក៏ដោយ ដំណើរការ​ហាក់​នៅ​មាន​ភាព​យឺតយ៉ាវ​នៅ​ឡើយ។ អ្នកស្រី​ថា រដ្ឋាភិបាល​និង​សង្គម​ស៊ីវិល គួរ​ពន្លឿន​ដំណើរការ​នេះ​ឲ្យ​បាន​ឆាប់រហ័ស ពិសេស​ក្នុង​ពេល​ដែល​បរិបទ​នយោបាយ​ហាក់​ប្រសើរ និង​ស្រប​ពេល​ដែល​មាន​ភ្លើង​ខៀវ​រួច​ជា​ស្រេច​ហើយ​នោះ​ពី​លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន។

​រដ្ឋសភា​កម្ពុជា​នៅ​ថ្ងៃ​ទី​២៦ សីហា នឹង​បោះ​ឆ្នោត​ជ្រើសរើស​ក្បាល​ម៉ាស៊ីន​ដឹកនាំ​រដ្ឋ​សភា​ថ្មី ក្នុង​នោះ​រដ្ឋ​សភា​ក៏​នឹង​បោះឆ្នោត​ផ្លាស់ប្ដូរ និង​បំពេញ​បន្ថែម​ប្រធាន និង​សមាជិក​គណៈកម្មការ​ជំនាញ​សភា​ទាំង ១០ ផង​ដែរ។ តាម​ការ​ព្រមព្រៀង​របស់​គណបក្ស​ទាំង​២ ប្រធាន​គណៈកម្មការ​ដោះស្រាយ​ទទួល​ពាក្យ​បណ្ដឹង​និង​សិទ្ធិមនុស្ស នឹង​ត្រូវ​គ្រប់គ្រង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ។ ប្រការ​នេះ គេ​ក៏​សង្ឃឹម​ថា គណបក្ស​ប្រឆាំង​នឹង​ជួយ​ជំរុញ​បន្ថែម​ក្នុង​ការ​បង្កើត​ស្ថាប័ន​សិទ្ធិ​ មនុស្ស​ជាតិ​ឯករាជ្យ។

​ក្រៅពី​បញ្ហា​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ​ឯករាជ្យ លោក ស៊ូប៊ែឌី ក៏បាន​ជំរុញ​ឲ្យ​កម្ពុជា ធ្វើ​ឲ្យ​ប្រសើរ​ស្ថាប័ន​ពាក់ព័ន្ធ​ការ​ការពារ​សិទ្ធិមនុស្ស​ដែល​មាន​ស្រាប់ ក្នុង​នោះ​មាន​ស្ថាប័ន​តុលាការ​គ្រប់​លំដាប់​ថ្នាក់ គណៈកម្មការ​សុរិយោដី និង​អាជ្ញាធរ​ជាតិ​សម្រាប់​ដោះស្រាយ​ជម្លោះដីធ្លី​ជាដើម៕

No comments:

Post a Comment