Paris Peace Accords 23 Oct. 1991

Friday, August 15, 2014

វៀតណាម ​ទទូច ​ឲ្យ​រដ្ឋាភិបាល​ ខ្មែរ​ ចាត់​វិធានការ​ រឿង​​តវ៉ា​ និង​ដុត​ទង់ជាតិ | Vietnam appeals for Cambodia to take measure re issues of protests and flag burning

វៀតណាម ​ទទូច ​ឲ្យ​រដ្ឋាភិបាល​ ខ្មែរ​ ចាត់​វិធានការ​ រឿង​​តវ៉ា​ និង​ដុត​ទង់ជាតិ

RFA | ១៤ សីហា ២០១៤
អ្នក​តវ៉ា​ដុត​ទង់​ជាតិ​វៀតណាម ៦២០
អ្នក​តវ៉ា​ នៅ​មុខ​ស្ថានទូត ​វៀតណាម​ បាន​ដុត​ទង់​ជាតិ​ វៀតណាម នៅ​រសៀល​ថ្ងៃ ​ទី១២ សីហា ឆ្នាំ ២០១៤ នៅ​ក្បែរ​ស្ថានទូត ​វៀតណាម។  Photo: បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ដើម្បី​យុត្តិធម៌​សង្គម

រដ្ឋាភិបាល​ ប្រទេស ​វៀតណាម ទទូច ​ឲ្យ​រដ្ឋាភិបាល ​កម្ពុជា ចាត់​វិធានការ​ មាន​ប្រសិទ្ធភាព ដើម្បី ​បញ្ចៀស ​នូវ​ការ​តវ៉ា និង​ដុត​ទង់ជាតិ​ វៀតណាម ដោយ​បាតុករ ​ខ្មែរ​ក្រោម។  ការ​អំពាវនាវ​ របស់ ​រដ្ឋាភិបាល ​វៀតណាម នេះ ធ្វើ​ឡើង ​បន្ទាប់​ ពី​អង្គការ​ សមាគម ខ្មែរ ​កម្ពុជា​ ក្រោម និង​បណ្ដាញ​ យុវជន ធ្វើ​បាតុកម្ម ជា​លើក​ទី​៣ ចំនួន ​បី​ថ្ងៃ​ជាប់​គ្នា ដើម្បី ទាមទារ ឲ្យ​រដ្ឋាភិបាល​ វៀតណាម ទទួល​ស្គាល់ ​ប្រវត្តិសាស្ត្រ​ពិត​ ទឹក​ដី ​កម្ពុជា​ក្រោម និង​សុំ​ទោស​ ពលរដ្ឋ​ខ្មែរ​ ជា​សាធារណៈ។  ក្នុង​ពេល​បាតុកម្ម​នោះ បាតុករ​ ក៏​បាន​ អំពាវនាវ ​ឲ្យ​ឈប់​ប្រើប្រាស់​ ទំនិញ​វៀតណាម ព្រម​ទាំង ​ដុត​ទង់ជាតិ ​វៀតណាម ដើម្បី​ សម្ដែង​កំហឹង​ ផង​ដែរ។

ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​លើ​គេហទំព័រ​ក្រសួង​ការ​បរទេស​ វៀតណាម ចុះ​ថ្ងៃ​ទី​១៣ ខែ​សីហា អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​វៀតណាម លោក ឡេ ហាយ បិញ (Le Hai Binh) លើក​ឡើង​ថា ប្រទេស​វៀតណាម ប្រឆាំង​ដាច់​ខាត​ចំពោះ​បាតុកម្ម​ខុស​ច្បាប់ និង​ការ​ដុត​ទង់ជាតិ​វៀតណាម ដោយ​បាតុករ​ខ្មែរ​ក្រោម និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា នាំ​ខ្លួន​ពួក​គេ​ទៅ​កាត់​ទោស​តាម​ច្បាប់។

លោក ឡេ ហាយ បិញ ដែល​ចាត់​ទុក​ក្រុម​អ្នក​តវ៉ា ថា​ជា​ជន​ជ្រុល​និយម​នោះ ថ្លែង​ថា សកម្មភាព​របស់​អ្នក​តវ៉ា គឺ​មាន​ចេតនា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ជនជាតិ​វៀតណាម និង​ធ្វើ​ផ្ទុយ​ពី​ទំនាក់ទំនង​មិត្តភាព ប្រពៃណី​ល្អ រវាង​កម្ពុជា និង​វៀតណាម ដែល​ជា​ប្រទេស​ក្បែរ​ខាង​គ្នា។

នេះ​មិន​មែន​ជា​លើក​ទី​១​ទេ ដែល​រដ្ឋាភិបាល​វៀតណាម ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចាត់​វិធាន​បង្ការ​ការ​តវ៉ា​របស់​ពលរដ្ឋ​ខ្មែរ​ប្រឆាំង​ពួក​គេ។ កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៤ ពោល គឺ​បន្ទាប់​ពី​បាតុកម្ម​ខ្មែរ​ក្រោម​ប្រឆាំង​វៀតណាម លើក​ទី​១ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​វៀតណាម ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចាត់​វិធានការ​រារាំង​សកម្មភាព​ខុស​ឆ្គង​របស់​បាតុករ។ ពួក​គេ​ថែម​ទាំង​ចាត់​ទុក​សកម្មភាព​របស់​បាតុករ​ខ្មែរ ថា​បាន​ធ្វើ​ឲ្យ​ខូច​សណ្ដាប់ធ្នាប់ និង​ប៉ះពាល់​ដល់​ទំនាក់ទំនង​មិត្តភាព​ល្អ​រវាង​កម្ពុជា និង​វៀតណាម ទៀត​ផង។

វិទ្យុ​អាស៊ីសេរី នៅ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ កម្ពុជា លោក កុយ គួង បាន​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​១៤ សីហា ដោយ​លោក​មាន​ប្រសាសន៍​ថា​ជាប់​រវល់។

ការ​អំពាវនាវ​របស់​រដ្ឋាភិបាល​វៀតណាម ពេល​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​រដ្ឋសភា លោក ហេង សំរិន គ្រោង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​វៀតណាម ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២០ សីហា ខាង​មុខ។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក ហេង សំរិន នឹង​ជួប​ពិភាក្សា​ជាមួយ​ថ្នាក់​ដឹក​នាំ​កំពូលៗ​របស់​វៀតណាម ស្ទើរ​តែ​ទាំងអស់ ក្នុង​នោះ​រួម​មាន ប្រធាន​រដ្ឋ​វៀតណាម លេខា​បក្ស​កុម្មុយនីស្ត​វៀតណាម ប្រធាន​រដ្ឋសភា និង​នាយក​រដ្ឋមន្ត្រី​វៀតណាម។ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់ លោក ហេង សំរិន នេះ អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ក៏​ស្នើ​ឲ្យ​ប្រធាន​សភា​ខ្មែរ លើក​ឡើង​បញ្ហា​ប្រវត្តិសាស្ត្រ​ទឹក​ដី​កម្ពុជា​ក្រោម ជាមួយ​ថ្នាក់​ដឹក​នាំ​វៀតណាម ផង​ដែរ។

ចំណែក​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា កត់​សម្គាល់​ថា ប្រទេស​នីមួយៗ​មាន​ឯករាជ្យ​ភាព និង​អធិបតេយ្យភាព​រៀងៗ​ខ្លួន គឺ​មិន​មែន​ធ្វើ​អ្វីៗ​តាម​ការ​ស្តាប់​បញ្ជា​របស់​ប្រទេស​ដទៃ​នោះ​ទេ។ លោក កឹម សុខា ថ្លែង​ថា ការ​ធ្វើ​បាតុកម្ម​ទាមទារ​អ្វី​មួយ វា​ជា​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​កាន់​ លទ្ធិប្រជាធិបតេយ្យ ប្រសិន​បើ​បាតុកម្ម​នោះ​ជា​បាតុកម្ម​អហិង្សា។

លោក កឹម សុខា «រដ្ឋាភិបាល​ខ្មែរ ជាពិសេស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គាត់​ធ្លាប់​និយាយ​ហើយ​ថា គាត់​មិន​ធ្វើ​តាម​បរទេស​បញ្ជា​ទេ អ៊ីចឹង​ខ្ញុំ​សង្ឃឹម​ថា គាត់​នឹង​ធ្វើ​តាម​ប្រជាពលរដ្ឋ ប្រជាពលរដ្ឋ​ខ្មែរ​មិន​មែន​ធ្វើ​តាម​បរទេស គេៗ​គ្រាន់​តែ​សុំ​ចឹង គេ​មិន​មែន​បញ្ជា​យើង​ណា ដូច្នេះ​ស្រេច​យើង តើ​យើង​ឆ្លើយ​តប​ជាមួយ​គេ​យ៉ាង​ម៉េច បើ​យើង​ឆ្លើយ​តប​គេ​អ៊ីចឹង គឺ​ប្រជារាស្ត្រ​វាយ​តម្លៃ តែ​បើ​អត់​ឆ្លើយ​តប​តាម​គេ ធ្វើ​តាម​គេ​ទេ ធ្វើ​តាម​ឆន្ទៈ​ប្រជាពលរដ្ឋ អត់​អី​ទេ។»

រីឯ​គណបក្ស​សម្ព័ន្ធ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​វិញ ក៏​បាន​ថ្លែង​ប្រឆាំង​ដាច់​ខាត​ចំពោះ​ការ​លើក​ឡើង​របស់​មន្ត្រី​ស្ថានទូត​ វៀតណាម និង​ចាត់​ទុក​ទង្វើ​នេះ ថា​ជា​ការ​មើល​ងាយ​របស់​រដ្ឋាភិបាល​វៀតណាម មក​លើ​ប្រជាពលរដ្ឋ និង​រដ្ឋាភិបាល​កម្ពុជា ទាំង​មូល។ គណបក្ស​សម្ព័ន្ធ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ក៏​បាន​រិះគន់​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា ដែល​មាន​ជំហរ​មិន​ច្បាស់​លាស់ និង​គ្មាន​វិធានការ​ឆ្លើយ​តប​ចំពោះ​ការ​លើក​ឡើង​របស់​មន្ត្រី​វៀតណាម។ ប្រការ​នេះ​ហើយ ដែល​គណបក្ស​មួយ​នេះ​យល់​ថា រដ្ឋាភិបាល​កម្ពុជា សព្វថ្ងៃ មិន​នៅ​ខាង​ពលរដ្ឋ​របស់​ខ្លួន​ឡើយ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ទទូច​ឲ្យ​បក្ស​ប្រឆាំង​ឈប់​ចាត់​ទុក​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជាជន​ កម្ពុជា ថា​ជា​អាយ៉ង​របស់​យួន។ លោក ហ៊ុន សែន ថែម​ទាំង​លើក​ឡើង​ថា ប្រសិន​បើ​បក្ស​ប្រឆាំង​នៅ​ចាត់​ទុក​ពួក​លោក​ថា​ជា​អាយ៉ង​របស់​យួន នោះ នោះ​មាន​ន័យ​ថា បក្ស​ប្រឆាំង និង​បក្ស​កាន់​អំណាច នៅ​តែ​ជា​សត្រូវ​នឹង​គ្នា​ដដែល។ យ៉ាង​ណា​ក៏ដោយ រហូត​មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​ឃើញ​រដ្ឋាភិបាល​កម្ពុជា បញ្ចេញ​ប្រតិកម្ម​ប្រឆាំង​ចំពោះ​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​របស់​ រដ្ឋាភិបាល​វៀតណាម នៅ​ឡើយ បើ​ទោះ​ជា​មាន​ការ​ស្នើសុំ​ពី​ខ្មែរ​ក្រោម ឲ្យ​រដ្ឋាភិបាល​កោះ​ហៅ​មន្ត្រី​ស្ថានទូត​វៀតណាម បំភ្លឺ​ឲ្យ​បាន​ច្បាស់​អំពី​ប្រវត្តិសាស្ត្រ​នេះ​ក៏ដោយ។

ក្នុង​ពេល​បាតុកម្ម​របស់​ខ្មែរ​ក្រោម និង​យុវជន រយៈពេល ៣​ថ្ងៃ​ចុង​ក្រោយ​នេះ ក៏​ឃើញ​មាន​វត្តមាន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ដែរ។ ក្នុង​នោះ ក៏​មាន​តំណាង​រាស្ត្រ​ខ្លះ​ថ្លែង​ថា ពួក​គេ​នឹង​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា បកស្រាយ​ការ​ឆ្លើយ​តប អំពី​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​របស់​មន្ត្រី​ស្ថានទូត​វៀតណាម នេះ៕



No comments:

Post a Comment