វៀតណាម តែងតាំង ឯកអគ្គរដ្ឋទូត ថ្មី ប្រចាំកម្ពុជា មានដើមកំណើត ជាខ្មែរក្រោម
RFA | ២៨ សីហា ២០១៤
ឯកអគ្គរដ្ឋទូត វៀតណាម ថ្មី ប្រចាំកម្ពុជា ដែលត្រូវ បានតែងតាំង ឲ្យទទួល ការងារបន្ត ពីឯកអគ្គរដ្ឋទូត វៀតណាម ផុតអាណត្តិ, គឺ ជាមន្ត្រី បក្សកុម្មុយនីស្ត វៀតណាម ដែលមាន ដើមកំណើត ជាខ្មែរ កម្ពុជាក្រោម។ ការតែងតាំង មន្ត្រី មានដើមកំណើត ខ្មែរក្រោម ជាឯកអគ្គរដ្ឋទូត វៀតណាម ពេលនេះ កើតឡើង ចំពេល ដែលពលរដ្ឋខ្មែរ និងខ្មែរក្រោម កំពុងតែ ទាមទារ ឲ្យរដ្ឋាភិបាល វៀតណាម ទទួលស្គាល់ ប្រវត្តិសាស្ត្រពិត ទឹកដី កម្ពុជាក្រោម។
តើ ឯកអគ្គរដ្ឋទូត វៀតណាម ថ្មី ដែលជាខ្មែរក្រោមនេះ អាចដោះស្រាយ បញ្ហាជម្លោះ ប្រវត្តិសាស្ត្រ ទឹកដី កម្ពុជាក្រោម បានដែរ ឬទេ?
រដ្ឋាភិបាល វៀតណាម បានតែងតាំង លោក ថាច់ យឺ (Thach Dư) អាយុ ៥៧ឆ្នាំ មានដើមកំណើត ជាខ្មែរក្រោម នៅឃុំ វាលលាក់, ស្រុក មាត់សមុទ្រ, ខេត្ត ព្រះត្រពាំង--ឬវៀតណាម ហៅថា ឃុំ ងូវឡាក់ (Nguu Lac), ស្រុក យៀងហាយ (Duyen Hai) ខេត្ត ត្រាវិញ (Travinh)។ មុនត្រូវ បានតែងតាំង ជាឯកអគ្គរដ្ឋទូត វៀតណាម ប្រចាំកម្ពុជា, លោក ថាច់ យឺ ដែលគេ ដឹងថា ជាអ្នកកាន់ព្រះពុទ្ធសាសនា ដូចខ្មែរក្រោម ភាគច្រើន ដទៃទៀតនោះ មានតួនាទី ជាអនុលេខា បក្សកុម្មុយនីស្ត វៀតណាម នៅខេត្ត ព្រះត្រពាំង។
វា អាចជារឿង ភ្ញាក់ផ្អើលមួយ ដែលរដ្ឋាភិបាលកុម្មុយនីស្តវៀតណាម តែងតាំងមន្ត្រីរបស់ខ្លួនមានដើមកំណើតជាខ្មែរក្រោម ឲ្យមកកាន់តួនាទីជាតំណាងមុខមាត់របស់វៀតណាម នៅកម្ពុជា។ ប្រការគួរឲ្យកត់សម្គាល់ដែរនោះ គឺការតែងតាំងមន្ត្រីមានឈាមជ័រខ្មែរក្រោមនេះ ចំពេលដែលពលរដ្ឋខ្មែរក្រោមកំពុងមានទំនាស់ប្រវត្តិសាស្ត្រទឹកដី កម្ពុជាក្រោមជាមួយវៀតណាម។ គេនៅមិនទាន់អាចដឹងពីចេតនាពិតប្រាកដរបស់រដ្ឋាភិបាលវៀតណាម ក្នុងការតែងតាំងនេះឡើយ។ តែទោះជាក្នុងចេតនាណាក៏ដោយចុះ ទាំងតំណាងខ្មែរក្រោម ទាំងអ្នកនយោបាយខ្មែរ អបអរចំពោះការតែងតាំងនេះ។
ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា សម្ដែងការអបអរសាទរ ដែលឃើញពលរដ្ឋខ្មែរក្រោមត្រូវបានរដ្ឋាភិបាលវៀតណាម តែងតាំងឲ្យកាន់តំណែងកំពូលមួយនេះ។ លោក ថាច់ សេដ្ឋា កត់សម្គាល់ថា ការតែងតាំង លោក ថាច់ យឺ ពេលនេះ អាចជាប្រវត្តិសាស្ត្រមួយសម្រាប់អ្នករដ្ឋការខ្មែរក្រោម ដែលបម្រើការងារជាមួយរដ្ឋាភិបាលវៀតណាម។ លោកបន្តថា នៅមានខ្មែរក្រោមច្រើននាក់ផ្សេងទៀត ដែលបានតស៊ូជាមួយបក្សកុម្មុយនីស្តវៀតណាម ពីដើមមក។ ដូច្នេះ លោកសង្ឃឹមថា រដ្ឋាភិបាលវៀតណាម នឹងតែងតាំងអ្នកទាំងនោះឲ្យកាន់តំណែងខ្ពស់ៗបន្ថែមទៀត។
យ៉ាងណាក៏ដោយចុះ លោក ថាច់ សេដ្ឋា យល់ថា វាមិនមែនជារឿងចៃដន្យទេដែលរដ្ឋាភិបាលវៀតណាម តែងតាំងខ្មែរក្រោមជាឯកអគ្គរដ្ឋទូត ក្នុងពេលដែលពលរដ្ឋខ្មែរ និងខ្មែរក្រោម ទាមទារឲ្យរដ្ឋាភិបាលវៀតណាម សុំទោស និងទទួលស្គាល់ការពិតប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោម។ លោកថា វាអាចជាយុទ្ធសាស្ត្រនយោបាយរបស់បក្សកុម្មុយនីស្តវៀតណាម ដែលមានបំណងយកខ្មែរមកប្រឈមជាមួយខ្មែរ ដើម្បីដោះស្រាយបញ្ហាឲ្យពួកគេ។ លោក ថាច់ សេដ្ឋា ថា ជាការពិតណាស់ មន្ត្រីទូតរបស់ប្រទេសនីមួយៗ តែងគោរព និងធ្វើតាមបន្ទាត់នយោបាយរបស់ប្រទេសខ្លួន ហើយលោកក៏យល់ពីការលំបាករបស់ លោក ថាច់ យឺ ផងដែរ។ ប៉ុន្តែលោកថា បញ្ហារវាងខ្មែរ និងវៀតណាម ពេលនេះ គឺបញ្ហាប្រវត្តិសាស្ត្រ ដែលនរណាក៏ដឹងដែរថា កម្ពុជាក្រោមជាអតីតទឹកដីខ្មែរ ហើយវៀតណាម ជាអ្នកយកដីខ្មែរ។ ដូច្នេះ លោក ថាច់ សេដ្ឋា ថា លោក ថាច់ យឺ ត្រូវហ៊ានទទួលស្គាល់ប្រវត្តិសាស្ត្រពិតនេះ។
លោក ថាច់ សេដ្ឋា៖ «យើងឃើញថា វាជាបញ្ហាមួយដែល លោក ថាច់ យឺ ក៏គាត់ដឹងខ្លួនគាត់ថា គាត់ជាពូជពង្សខ្មែរក្រោមម្នាក់ដែរ។ អ៊ីចឹងគាត់មានការប្រឈមយ៉ាងខ្លាំង ហើយគាត់ក៏ដឹងអំពីរឿងសាវតារប្រវត្តិសាស្ត្ររបស់ខ្មែរយ៉ាងពិត ប្រាកដដែរ មិនត្រឹមតែប្រវត្តិសាស្ត្រខ្មែរ ប្រវត្តិសាស្ត្រយួនអីហ្នឹង គាត់យល់ច្បាស់ហើយ។ អ៊ីចឹងអ្វីដែលជាតួនាទីរបស់គាត់ហ្នឹង យើងសង្ឃឹមថា គាត់ឈរជាអព្យាក្រឹត្យចុះ មិនបាច់ថាខាងយួន ខាងខ្មែរអីទេ ឈរនៅលើគោលការណ៍ប្រវត្តិសាស្ត្រ ធ្វើម៉េចឲ្យមានការទទួលស្គាល់ការពិតនៃប្រវត្តិសាស្ត្ររបស់ខ្មែរ ទៅតាមឯកសារប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា តែប៉ុណ្ណឹងបានហើយ។»
បើទោះជា លោក ថាច់ យឺ ធ្លាប់ធ្វើជាអនុលេខាបក្សកុម្មុយនីស្តវៀតណាម នៅខេត្តព្រះត្រពាំង ក៏ដោយ ក៏ លោក ថាច់ សេដ្ឋា ដែលមានស្រុកកំណើតក្បែរ លោក ថាច់ យឺ នោះមានប្រសាសន៍ថា លោកមិនដែលបានស្គាល់ ឬធ្លាប់ឮឈ្មោះរបស់ លោក ថាច់ យឺ ពីមុនមកនោះទេ។
លោក ថាច់ យឺ ត្រូវមកទទួលតំណែងបន្តការងារពីឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំកម្ពុជា លោក ង៉ូ អាន់យ៉ុង (Ngo Anh Dung) ដែលទើបបានបញ្ចប់អាណត្តិការងាររយៈពេល ៥ឆ្នាំរបស់ខ្លួន ដែលក្នុងចុងអាណត្តិរបស់លោកនេះ ជម្លោះប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោមកើតមានឡើង បន្ទាប់ពីអ្នកនាំពាក្យរបស់លោក គឺលោក ត្រឹង វ៉ាំង ថុង (Tran Van Thong) បានថ្លែងថា ទឹកដីកម្ពុជាក្រោម ជារបស់វៀតណាម តាំងពីយូរមកហើយ មិនមែនបារាំង ទើបបានកាត់ឲ្យក្នុងឆ្នាំ១៩៤៩ នោះទេ។
ទាក់ទងការតែងតាំង លោក ថាច់ យឺ ជាឯកអគ្គរដ្ឋទូតថ្មីនេះ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ឈាង វុន ក៏បានសម្ដែងការសាទរដែរ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី២០ ខែសីហា ភ្លាមៗបន្ទាប់ពីវិលត្រឡប់ពីបំពេញទស្សនកិច្ចរយៈពេល ៣ថ្ងៃនៅប្រទេសវៀតណាម ជាមួយ លោក ហេង សំរិន លោក ឈាង វុន បានឲ្យដឹងថា លោកក៏បានជួបជជែកគ្នាជាមួយ លោក ថាច់ យឺ ក្នុងប្រទេសវៀតណាម ហើយថា វាគឺជាសំណាងមួយដែរដែលខ្មែរក្រោមត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា។
លោក ឈាង វុន៖ «ខ្ញុំទៅហ្នឹងខ្ញុំសប្បាយចិត្តណាស់ ព្រោះខ្ញុំបានជួបបេក្ខជនឯកអគ្គរដ្ឋទូតថ្មីហ្នឹង គាត់ជនជាតិខ្មែរកម្ពុជាក្រោម គាត់និយាយខ្មែររូហ្មង អ៊ីចឹងទេស្រួលយល់គ្នា ថ្ងៃក្រោយទៅជជែកគ្នាស្រួលយល់ទេ។»
ដោយសារតែឯកអគ្គរដ្ឋទូតវៀតណាម ថ្មី មានដើមកំណើតជាខ្មែរក្រោមនេះហើយ ទើប លោក ឈាង វុន មានសុទិដ្ឋិនិយមថា បញ្ហាជម្លោះប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោម នឹងអាចដោះស្រាយបាននៅពេល លោក ថាច់ យឺ ចូលកាន់តំណែងជាផ្លូវការ និងក្រោយពីអ្នកនាំពាក្យ លោក ត្រឹង វ៉ាំង ថុង ត្រូវបានរដ្ឋាភិបាលវៀតណាម ដកទៅប្រទេសគេវិញ។
យ៉ាងណាក៏ដោយ សម្រាប់ លោក ថាច់ សេដ្ឋា និងក្រុមយុវជនតវ៉ា ទោះជា លោក ត្រឹង វ៉ាំង ថុង ត្រូវដកទៅវិញក្តី ក៏បញ្ហាមិនទាន់អាចបញ្ចប់ត្រឹមនេះនៅឡើយ។ ពួកគេនៅតែទាមទារឲ្យរដ្ឋាភិបាលវៀតណាម បញ្ជាក់ឲ្យច្បាស់ពីជំហររបស់ពួកគេ ចំពោះសម្ដីរបស់ លោក ត្រឹង វ៉ាំង ថុង ហើយថា បើរដ្ឋាភិបាលវៀតណាម យល់ថា សម្ដីរបស់ លោក ត្រឹង វ៉ាំង ថុង ត្រឹមត្រូវ ពួកគេត្រូវបង្ហាញភស្តុតាង ប៉ុន្តែបើយល់ថាសម្ដីនោះមិនត្រឹមត្រូវវិញ ពួកគេត្រូវសុំទោសពលរដ្ឋខ្មែរជាសាធារណៈ។ ខុសពី លោក ឈាង វុន លោក ថាច់ សេដ្ឋា អះអាងថា សម្ដីរបស់ លោក ត្រឹង វ៉ាំង ថុង មិនមែនជាសម្ដីបុគ្គលនោះឡើយ ព្រោះថា រដ្ឋាភិបាលវៀតណាម បានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ គាំទ្រអ្នកនាំពាក្យរូបនេះ ហើយថែមទាំងថ្កោលទោសចំពោះបាតុករខ្មែរទៀតផង។
សម្រាប់សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ លោកបណ្ឌិត រស់ រ៉ាវុធ វិញ ក៏យល់ថា ការតែងតាំង លោក ថាច់ យឺ មិនមែនជារឿងចៃដន្យនោះទេ។ លោកថា ការតែងតាំងនេះអាចមានមូលហេតុពីរយ៉ាង។ ទី១ រដ្ឋាភិបាលវៀតណាម ចង់បង្ហាញសហគមន៍អន្តរជាតិឲ្យឃើញថា វៀតណាម ជាប្រទេសគោរពសិទ្ធិមនុស្ស ដែលសូម្បីតែពលរដ្ឋខ្មែរក្រោម ក៏គេអាចតែងតាំងជាឯកអគ្គរដ្ឋទូតបានដែរ។ ទី២ ការតែងតាំង លោក ថាច់ យឺ ដែលមានឈាមជ័រជាខ្មែរនេះ គឺរដ្ឋាភិបាលវៀតណាម ចង់យកខ្មែរមកប្រឈមមុខជាមួយនឹងខ្មែរ ហើយសង្ឃឹមថា ខ្មែរអាចសម្របសម្រួលនឹងខ្មែរបាន។ ទោះយ៉ាងណា លោកបណ្ឌិត រស់ រ៉ាវុធ ហាក់សង្ឃឹមតិចតួចណាស់ដែលថា ឯកអគ្គរដ្ឋទូតថ្មីខ្មែរក្រោមរូបនេះ អាចដោះស្រាយបញ្ហាជម្លោះប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោមបាន ព្រោះលោកថា មិនថាឯកអគ្គរដ្ឋទូតនោះជាខ្មែរក្រោម ឬជាវៀតណាម នោះទេ ពួកគេត្រូវដើរតាមខ្សែញាក់របស់រដ្ឋាភិបាលកុម្មុយនីស្តវៀតណាម។
លោកបណ្ឌិត រស់ រ៉ាវុធ៖ «វាអាចបន្ធូរនូវទិដ្ឋភាពនយោបាយ ប៉ុន្តែរឿងបញ្ហាការដោះស្រាយដើម្បីបង្ហាញថា ទឹកដីកម្ពុជាក្រោម ជាទឹកដីរបស់ខ្មែរហ្នឹង គឺតិចតួចណាស់ ព្រោះអាហ្នឹងជាចេតនារបស់បក្សកុម្មុយនីស្តវៀតណាម ហ្នឹង មិនដែលមានផលល្អសម្រាប់ខ្មែរទេ ចំពោះបញ្ហាប្រទេសវៀតណាម ជាមួយនឹងខ្មែរហ្នឹង គឺវៀតណាម បានប្ដេជ្ញាមិត្តភាពជាមួយខ្មែរតែបបូរមាត់ទេ ចំណែកផលប្រយោជន៍ វៀតណាម តែងតែកេងចំណេញលើខ្មែរទាំងសេដ្ឋកិច្ច ទាំងនយោបាយ។»
ពលរដ្ឋខ្មែរ និងខ្មែរក្រោម បានតវ៉ាចំនួន ៣លើកមកហើយ ដើម្បីទាមទារឲ្យរដ្ឋាភិបាលវៀតណាម សុំទោសចំពោះការបំភ្លៃប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោម។ សន្ទុះនៃការតវ៉ាហាក់បានឡើងកម្ដៅកាន់តែខ្លាំងឡើងៗ រហូតដល់មានការដុតទង់ជាតិវៀតណាម។ ទោះជាយ៉ាងណា រដ្ឋាភិបាលវៀតណាម មិនបានឆ្លើយតបឡើយ។ ផ្ទុយទៅវិញ ពួកគេបានទទូចឲ្យរដ្ឋាភិបាលកម្ពុជា ចាត់វិធានការកុំឲ្យមានបាតុកម្មប្រឆាំងពួកគេ និងចាត់វិធានការចំពោះអ្នកដុតទង់ជាតិវៀតណាម។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលកម្ពុជា បដិសេធមិនធ្វើតាមការស្នើរបស់វៀតណាម នោះទេ ដោយលើកហេតុផលថា កម្ពុជា ជាប្រទេសប្រជាធិបតេយ្យ។ ចំណែកការដុតទង់ជាតិវិញ ក៏ជារឿងសកលទៅហើយ ដែលសូម្បីតែពលរដ្ឋវៀតណាម ខ្លួនឯង ក៏បានដុតទង់ជាតិចិន ដែរ ក្នុងពេលកន្លងមក។ ការប្រកាសកាន់ជំហរបែបនេះរបស់រដ្ឋាភិបាលកម្ពុជា ត្រូវបានពលរដ្ឋខ្មែរអបអរសាទរ។
យ៉ាងណាក៏ដោយ ក្រុមអ្នកដឹកនាំបាតុកម្ម ទុកពេលឲ្យក្រសួងការបរទេសកម្ពុជា ដោះស្រាយជាមួយរដ្ឋាភិបាលវៀតណាម ដល់ដំណាច់ខែសីហា នេះ ហើយប្រសិនបើគ្មានការឆ្លើយតបជាវិជ្ជមានណាមួយនោះទេ ពួកគេនឹងចាប់ផ្ដើមការតវ៉ាជាហូរហែបន្តទៀត៕
No comments:
Post a Comment