ពលរដ្ឋ៖ ក្រុមហ៊ុន វៀតណាម រំលោភ យកដី សហគមន៍ ពង្រីកផ្ទៃ ដីសម្បទាន
RFA / វិទ្យុ អាស៊ី សេរី | ១០ សីហា ២០១៤
ដី ត្រៀមបម្រុង សហគមន៍ ប្រមាណ ១០ហិកតារ ត្រូវ បានកម្មករ ក្រុមហ៊ុន ហ័ង អាញ់ លំផាត់ (Hoang Anh LumPhat) រំលោភយក ជាថ្មីទៀត ដើម្បី ពង្រីកដី សម្បទាន សេដ្ឋកិច្ច។
កាលពីខែកុម្ភៈ ក្រុមហ៊ុន ហ័ង អាញ់ លំផាត់ បានព្រមព្រៀង កាត់ចេញ ផ្ទៃដី មានផលប៉ះពាល់ ប្រជាពលរដ្ឋ នៅជាប់ នឹងតំបន់ ជម្រកសត្វព្រៃ ស្រុកលំផាត់ ជិត២ពាន់ ហិកតារ ប្រគល់ ឲ្យប្រជាពលរដ្ឋ អភិរក្ស បន្ទាប់ ពីគម្រោងផ្តល់ដី សម្បទាននេះ ធ្វើឲ្យ ប្រជាពលរដ្ឋ តវ៉ា អស់ជាង បីឆ្នាំ កន្លងទៅ។
តំណាង សហគមន៍ ភូមិស្រែសូក លោក កែវ ស៊ូឡេង រៀបរាប់ថា កម្មករក្រុមហ៊ុនបានចូលមកបោះបង្គោលព្រំដីថ្មីហួសបង្គោលចាស់ ហើយរាយលួសបន្លាធ្វើជារបងកាត់យកដីសហគមន៍ប្រមាណ ៣ថ្ងៃកន្លងទៅនេះ។
លោក បន្តថា សហគមន៍ បានទៅប្រាប់ ឲ្យកម្មករ ផ្អាកការធ្វើ របង បណ្តោះអាសន្ន ដើម្បី ដោះស្រាយបញ្ជា។ ប៉ុន្តែ ពួកគេ មិនយល់ព្រម៖ «អាហ្នឹង ព្រមព្រៀងហើយ ដល់គេ ធ្វើរបង; គេ ធ្វើចូលក្នុង; គេ អត់ធ្វើ តាមច្បាប់, តាមព្រមព្រៀងហ្នឹង ឯណា។ គេ យកចូលមក ក្នុងវិញ ដី ប្រជាពលរដ្ឋ រហូត ក្រុមហ៊ុនហ្នឹង។»
ក្រុមហ៊ុនវៀតណាមឈ្មោះ ហ័ង អាញ់ លំផាត់ ទទួលបានសិទ្ធិធ្វើអាជីវកម្មបន្តលើដីសម្បទានរបស់ក្រុមហ៊ុន ដូនពេញ អាហ្គ្រីកូ (Daun Penh Agrico)។ កាលពីដើមខែមីនា គ្រឿងចក្រក្រុមហ៊ុនបានឈូសឆាយហួសព្រំដីសម្បទាន ១០០ម៉ែត្រ បន្ទាប់ពីក្រុមហ៊ុនបានវាស់វែងឯកភាពគ្នាជាមួយប្រជាពលរដ្ឋនៅភូមិ ចំនួនពីរនៅជាប់ដីសម្បទាននិងមានអាជ្ញាធរមូលដ្ឋាន និងមន្ត្រីដែនជម្រកសត្វព្រៃចូលរួមមួយលើករួចទៅ ប៉ុន្តែអ្នកភូមិបាននាំគ្នានៅបោះបង្គោលនោះឡើងវិញ ហើយមិនមានប្រតិកម្មណាមួយពីភាគីក្រុមហ៊ុនឡើយ។
ប្រធានភូមិស្រែឈូក លោក ម៉ៃ ចៃ ទទួលស្គាល់ថា ក្រុមហ៊ុនបានរំលោភជាលើកទីពីរបើទោះបីការបោះបង្គោលព្រំដី សម្បទានបានធ្វើរួចរាល់ក្តី។ លោកថា កំពុងស្វែងរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរឃុំស្រុកដោះស្រាយបញ្ហា នេះ៖ «អាព្រមព្រៀងពីមុនវាមានស្អី ឥឡូវវាចូលមកទៀតហ្នឹង វាលួចចូលមកទៀត វាហួសបង្គោលចាស់របស់គេ ខ្ញុំប្រាប់មេឃុំហើយ។»
វិទ្យុអាស៊ីសេរីនៅថ្ងៃទី១០ ខែសីហា មិនអាចទាក់ទងសុំការបំភ្លឺពីតំណាងក្រុមហ៊ុនទាក់ទិនការចោទប្រកាន់នេះបានទេ។
យ៉ាងណាក៏ដោយ អភិបាលស្រុកលំផាត់ លោក គង់ ស្រ៊ុន អះអាងថា លោកជាសាក្សីក្នុងការបោះបង្គោលព្រំដីរវាងសហគមន៍និងក្រុមហ៊ុន ដូច្នេះប្រសិនមានការរំលោភមែនលោកនឹងធ្វើរបាយការណ៍ជូនអាជ្ញាធរ ខេត្តចុះដោះស្រាយ៖ «គេឯកភាពគ្នាហើយតើបង! ប្រសិនបើមានភាពមិនប្រក្រតីទាល់តែយើងរាយការណ៍ជូនថ្នាក់ខេត្ត ដើម្បីឲ្យខេត្តរៀបចំគណៈកម្មការពិនិត្យឡើងវិញ។»
ដូចគ្នានេះដែរ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក ខេត្តរតនគិរី លោក ឆាយ ធី អះអាងដែរថា នេះជាលើកទីពីរហើយដែលសហគមន៍បានប្តឹងសុំកិច្ចអន្តរាគមន៍ពីការ រំលោភដីពីសំណាក់ក្រុមហ៊ុនវៀតណាមនេះ។ លោកថា នេះគឺជាការបំពានទៅលើប្រកាសរួមរបស់ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម ស្តីពីការការកាត់ផលប៉ះពាល់ប្រជាពលរដ្ឋចេញពីដីសម្បទាន៖ «យើង នឹងស៊ើបអង្កេតមើលករណីនេះ។ អ្វីដែលក្រុមហ៊ុនធ្វើគឺខុសនឹងកិច្ចព្រមព្រៀងដែលមានអាជ្ញាធរចូល រួមកាលពីដើមឆ្នាំ២០១៤នោះ។ ប្រជាពលរដ្ឋគាត់មិនសុខចិត្ត គាត់ទាមទារឲ្យអនុវត្តកិច្ចព្រមព្រៀងមានពីមុនមក។»
ក្រសួងបរិស្ថានកាលពីឆ្នាំ២០១១ បានផ្តល់ដីសម្បទានជិត ៩ពាន់ហិកតារក្នុងដែនជម្រកសត្វព្រៃលំផាត់ ទៅឲ្យក្រុមហ៊ុនដូនពេញ អាហ្គ្រីកូ។ បន្ទាប់មកក្រុមហ៊ុននេះបានឈូសឆាយធ្វើព្រំដីសម្បទានចូលកៀកមកក្បែរ ភូមិប្រជាពលរដ្ឋហ៊ុមព័ទ្ធយកដីត្រៀមបម្រុងធ្វើស្រែចំការ ព្រៃចិញ្ចឹមសត្វនិងទីទួលប្រជាពលរដ្ឋស្នាក់នៅគ្រាមានទឹកជំនន់។ សកម្មភាពឈូសឆាយនេះធ្វើឲ្យប្រជាពលរដ្ឋរាប់រយនាក់លើកគ្នាទៅ បញ្ឈប់មិនឲ្យគ្រឿងចក្របន្តការឈូសឆាយ៕
No comments:
Post a Comment