ជនជាតិ ខ្មែរអាមេរិកាំង ៣នាក់ រងការចោទ ពីបទឆបោក ប្រាក់ ១លានដុល្លារ
RFA / វិទ្យុ អាស៊ី សេរី | ៤ កញ្ញា ២០១៤
ជនជាតិខ្មែរ អាមេរិកាំង ម្នាក់ ក្នុងចំណោម បីនាក់ ដែលជាប់ ពាក់ព័ន្ធ ក្នុងករណី ឆបោកប្រាក់ មួយលាន ដុល្លារ ត្រូវ បានសមត្ថកិច្ច កម្ពុជា ឃាត់ខ្លួន កាលពីថ្ងៃពុធ ទី៣ ខែកញ្ញា។
ឯជន ពីរនាក់ទៀត ដែលតុលាការ រកឃាត់ខ្លួន ដែរនោះ, ទីមួយ គឺ ឈ្មោះ ស៊ីវ ស៊ីចាន់ ជាខ្មែរ អាមេរិកាំង មួយរូប ដែលធ្លាប់ បានទទួល តំណែង ដ៏មានកិត្តិយស មួយ នៃរដ្ឋបាល អាមេរិកកាំង បន្ទាប់ ពីលោក ធ្លាប់ជួយ ឃោសនា រកសំឡេងឆ្នោត ឲ្យប្រធានាធិបតី អាមេរិក និងម្នាក់ទៀត ជាជនជាតិ អាមេរិកាំង។ ករណី បោកប្រាស់ ប្រាក់នេះ ត្រូវ ដើមបណ្ដឹង អះអាង ថា ក៏មានជាប់ ពាក់ព័ន្ធ នឹងឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យ ទីស្ដីការ គណៈរដ្ឋមន្ត្រី ផងដែរ។
សាលាដំបូង រាជធានីភ្នំពេញ បានសម្រេច ឃុំបុរសម្នាក់ ឈ្មោះ សាន រីច្ឆឺ (San Richer) ដែលជាខ្មែរ អាមេរិកាំង និងជាអតីត សមាជិក ក្រុមប្រឹក្សា ក្រុមហ៊ុន ក្លែងក្លាយ ឈ្មោះ (Akra) ដែលមាន មូលដ្ឋាន នៅសហរដ្ឋ អាមេរិក។ ជននេះ រួមជាមួយ នឹងគូកន ពីរនាក់ទៀត ត្រូវ បានចោទប្រកាន់ ពីបទឆបោក ដែលបាន ប្រព្រឹត្ត កាលពីឆ្នាំ ២០១២។ ប្រភពព័ត៌មាន ឲ្យដឹងថា, តុលាការ បានបញ្ហា ឲ្យសមត្ថកិច្ច ឃុំខ្លួន លោក សាន រីច្ឆឺ ក្នុងពន្ធនាគារ ជាបណ្ដោះអាសន្នហើយ ដើម្បី រង់ចាំ បើកសវនាការ។
កាលពីខែ កក្កដា សាលាដំបូង រាជធានីភ្នំពេញ បានចោទប្រកាន់ លោក សាន រីច្ឆឺ និងអតីត ឯកអគ្គ រដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំ អង្គការ សហប្រជាជាតិ ជាខ្មែរ អាមេរិកាំង លោក ស៊ីវ ស៊ីចាន់ និងជាអ្នកនិពន្ធ សៀវភៅ ឈ្មោះ ឆ្អឹងមាស (Golden Bones) និងជនជាតិ អាមេរិកាំង ម្នាក់ទៀត ឈ្មោះ ថូម៉ាស វីលៀម (Thomas Willems) ពាក់ព័ន្ធ នឹងការបង្កើត គម្រោងឆបោក ទឹកប្រាក់ ចំនួន ១លានដុល្លារ ពីម្ចាស់ គ្លីនិក ព្យាបាលធ្មេញ ឈ្មោះ ម៉ាស្ទ័រ ឃែរ ដេនថល (Master Care Dental) គឺ លោកស្រី អេង លីគង់។
លោកស្រី អេង លីគង់ កាលពីថ្ងៃ ទី២ កញ្ញា មានប្រសាសន៍ ប្រាប់វិទ្យុ អាស៊ី សេរី ថា, លោកស្រី បានដាក់ ពាក្យបណ្ដឹង ទៅកាន់ តុលាការ ចោទប្រកាន់ អ្នកទាំងបី ពីបទឆបោក ដោយសារ ជនសង្ស័យ ទាំងបីនាក់ បានបង្កើត គម្រោងឆបោក ដោយអះអាង ថា, ពួកគេ បានបង្កើត ក្រុមហ៊ុន កសិកម្ម ទិញអង្ករ ពីកម្ពុជា ឈ្មោះថា អាក្រា (Akra)។ លោកស្រី ថា, លោកស្រី បានផ្តល់ប្រាក់ ចំនួន ១លាន ដុល្លារ ដើម្បី ក្លាយជាសមាជិក ក្រុមប្រឹក្សា ក្រុមហ៊ុន ពីព្រោះ ក្រុមហ៊ុននេះ ត្រូវ ការថវិកា ប្រមាន ៤លានដុល្លារ សម្រាប់ ដំណើរការ នៅឆ្នាំ២០១២។
លោកស្រី បន្តថា, ក្រោយពេល ក្រុមហ៊ុននេះ មិនមាន ដំណើរការ ដូចតាមការសន្យា របស់ ជនជាប់ចោទ ទាំងបីនាក់, លោកស្រី បានទាមទារ ប្រាក់ភាគហ៊ុន លោកស្រី មកវិញ, ប៉ុន្តែ គ្មាន ការឆ្លើយតប។ ចំណែក លោក ស៊ីវ ស៊ីចាន់ និងលោក សាន រីច្ឆឺ ដែលជាអ្នក បញ្ចុះបញ្ចូល ឲ្យលោកស្រី ចូលភាគហ៊ុននោះ អះអាង ថា, ពួកគេ បានលាលែង ពីក្រុមហ៊ុន នេះហើយ។ លោកស្រី អេង លីគង់ បន្ថែមទៀត ថា, លោកស្រី បានជួល ក្រុមហ៊ុន ចំនួន ពីរ ដើម្បីសិក្សា ពីប្រវត្តិក្រុមហ៊ុន អាក្រា, ប៉ុន្តែ ឈ្មោះក្រុមហ៊ុននេះ មិនបានចុះបញ្ជី នៅសហរដ្ឋ អាមេរិកឡើយ គឺ ជាក្រុមហ៊ុន មានតែ ឈ្មោះ តែប៉ុណ្ណោះ។
កាលពីថ្ងៃ ទី២១ សីហា ចៅក្រម ស៊ើបសួរ សាលាដំបូង រាជធានី ភ្នំពេញ លោក អឿង សៀង បានបង្គាប់ ឲ្យសមត្ថកិច្ច ចាប់ និងនាំខ្លួន លោក សាន រីច្ឆឺ ជាជនសង្ស័យ ម្នាក់គត់ ដែលមិនទាន់បាន ចាកចេញ ពីប្រទេសកម្ពុជា ក្រោយចៅក្រម បានធ្វើការ ចោទប្រកាន់មក។ សមត្ថកិច្ច កម្ពុជា មិនទាន់ ចាប់ខ្លួន លោក ស៊ីវ ស៊ីចាន់ និងលោក ថូម៉ាស វីលៀម ដែលបច្ចុប្បន្ន កំពុងស្នាក់នៅ សហរដ្ឋអាមេរិក។
មុនពេល ចាប់ខ្លួន លោក សាន រីច្ឆឺ បានឆ្លើយតប សំណួរ វិទ្យុ អាស៊ី សេរី តាមរយៈ សារអេឡិចត្រូនិក ថា, លោក សោកស្ដាយ ដែលលោកស្រី អេង លីគង់ សម្រេចប្តឹង រូបលោក។ លោក ចោទថា លោកស្រី អេង លីគង់ បានលាក់បាំង ព័ត៌មាន ជ្រុងម្ខាងទៀត នៃបញ្ហា ក្នុងក្រុមហ៊ុន អាក្រា។ ទោះបី ជាយ៉ាងណា ក៏ដោយ, លោក បដិសេធ មិនឆ្លើយតប ទៅនឹងការ ចោទប្រកាន់ របស់ តុលាការ ដោយខ្លួនលោក ផ្ទាល់ឡើយ ដោយលោក ទុកឲ្យ មេធាវីលោក ឆ្លើយជំនួស។
លោកមេធាវី អ៊ឹង កាយា នៃក្រុមហ៊ុន មេធាវី កម្ពុជា បដិសេធ មិនឆ្លើយសំណួរ វិទ្យុ អាស៊ី សេរីឡើយ ដោយលោក អះអាង ថា, លោក ជាប់រវល់។ ចំណែក លោក ស៊ីវ ស៊ីចាន់ មិនបានឆ្លើយតប សំណួរ របស់ វិទ្យុ អាស៊ី សេរី តាមរយៈទូរស័ព្ទ និងសារ អេឡិចត្រូនិក ឡើយ។
លោកស្រី អេង លីគង់ បញ្ជាក់ បន្ថែមទៀត ថា, ពាក់ព័ន្ធ នឹងករណី ឆបោកនេះ, មន្ត្រីជាន់ខ្ពស់ រដ្ឋាភិបាល ក៏បាន ពាក់ព័ន្ធ ក្នុងការការពារ ជនសង្ស័យ ទាំងបីនាក់ នេះដែរ។ លោកស្រី បន្តថា រដ្ឋលេខាធិការ ទីស្ដីការ គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានជួយ ជ្រោមជ្រែង ការពារ អ្នកទាំងបី នាក់នោះ។
លោក ផៃ ស៊ីផាន អះអាង ថា, លោក ស្គាល់ជនសង្ស័យ ជាខ្មែរ អាមេរិកាំង, ប៉ុន្តែ លោក មិនបាន លូកដៃ ចូលកិច្ចការងារ ផ្ទៃក្នុង របស់ តុលាការឡើយ។ លោក ថា, តុលាការ មិនទាន់ រកឃើញ ថា, អ្នកទាំងបី នាក់នោះ មានកំហុស នៅឡើយទេ។
ទោះបី ជាយ៉ាងណា ក៏ដោយ លោកស្រី អេង លីគង់ បន្តអះអាង ថា, ការលូកដៃ ចូលកិច្ចការ របស់ តុលាការ របស់លោក ផៃ ស៊ីផាន បណ្តាល ឲ្យរឿងក្តី លោកស្រី អូសបន្លាយ រយៈពេលវែង។ លោកស្រី បញ្ជាក់ថា, លោកស្រី មានភស្តុតាង គ្រប់គ្រាន់ បង្ហាញថា, លោក ផៃ ស៊ីផាន ពិតជាបាន ជ្រោមជ្រែង ករណីនេះ។
លោក ផៃ ស៊ីផាន ជាខ្មែរ អាមេរិកាំង ដែលធ្លាប់ រស់នៅ ក្នុងរដ្ឋ កាលីហ្វ័រញ៉ា (California) ដែលមាន សហគមន៍ ខ្មែរអាមេរិកាំង ច្រើន។ ចំណែក លោក សាន រីច្ឆឺ ជាអនុប្រធាន សភា ពាណិជ្ជកម្ម ខ្មែរអាមេរិក ដែលមាន មូលដ្ឋាន នៅទីក្រុង ឡុងប៊ិច (Long Beach) រដ្ឋកាលីហ្វ័រញ៉ា។
លោកស្រី ថា, ដំបូង លោកស្រី យល់ព្រម ចូលរួម ភាគហ៊ុន នឹងក្រុមហ៊ុន អាក្រា ដោយសារ តែ លោកស្រី ជឿលើកេរ្តិ៍ឈ្មោះ លោក ស៊ីវ ស៊ីចាន់ ដែលជាមន្ត្រី ជាន់ខ្ពស់ ការទូត សហរដ្ឋអាមេរិក ជាពិសេស លោកស្រី បានអាន សៀវភៅ ដែលនិពន្ធ ដោយលោក ស៊ីវ ស៊ីចាន់។
លោក ស៊ីវ ស៊ីចាន់ ជាអតីត ឯកអគ្គរដ្ឋទូត អាមេរិក នៅក្រុមប្រឹក្សា សេដ្ឋកិច្ច និងសង្គម ប្រចាំ នៅអង្គការ សហប្រជាជាតិ ចាប់ពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០០៦។ លោក ក៏បាននិពន្ធ សៀវភៅមួយ ដែលមាន ចំណងជើង ថា ឆ្អឹងមាស (Golden Bones) ដែលសរសេរ ផ្អែកលើប្រវត្តិ ផ្ទាល់ខ្លួន របស់លោក ដែលបាន រស់រាន មានជីវិត ពីរបបខ្មែរក្រហម។
លោកស្រី អេង លីគង់ បន្តថា, ករណីឆបោកនេះ បណ្តាល ឲ្យម្ចាស់ ក្រុមហ៊ុន ខ្មែរ នៅស្រុក មួយចំនួន បាត់បង់ជំនឿ លើខ្មែរអាមេរិកាំង ដែលមានបំណង មកបណ្ដាក់ទុន នៅកម្ពុជា។
បច្ចុប្បន្ន លោកស្រី អេង លីគង់ បានពឹងពាក់ មេធាវី អាមេរិក នៅសហរដ្ឋ អាមេរិក ដើម្បី ដាក់ពាក្យបណ្តឹ នៅសហរដ្ឋ អាមេរិក ទាមទារ ភាគហ៊ុន របស់ លោកស្រី មកវិញ និងប្រាក់ជំងឺចិត្ត ២សែនដុល្លារ, ព្រមទាំង ផ្តន្ទាទោស តាមផ្លូវច្បាប់៕
No comments:
Post a Comment