Paris Peace Accords 23 Oct. 1991

Sunday, September 7, 2014

អ្នក​ភូមិ​ ៣​នាក់ ​រង​របួស ​ដោយសារ ​សន្តិសុខ​ ក្រុមហ៊ុន ​ប្រើ​អាវុធ​ បាញ់​គំរាម | 3 villagers are wounded when security of company fired to threaten

អ្នក​ភូមិ​ ៣​នាក់ ​រង​របួស ​ដោយសារ ​សន្តិសុខ​ ក្រុមហ៊ុន ​ប្រើ​អាវុធ​ បាញ់​គំរាម

RFA / ​វិទ្យុ ​អាស៊ី សេរី | ៧ កញ្ញា ២០១៤

ពលរដ្ឋ​របួស មណ្ឌលគិរី ៦២០
ពលរដ្ឋ​រង​គ្រោះ លោក តិច ងៀម សម្រាក​ព្យាបាល ​របួស ​នៅ​មន្ទីរពេទ្យ ​បង្អែក ​ខេត្ត​ មណ្ឌលគិរី បន្ទាប់ ​ពី​កង​សន្តិសុខ ​ក្រុមហ៊ុន អិលខេអិល (LKL) បាញ់​កាល​ ពី​ថ្ងៃ​ ទី​៦ ខែ​កញ្ញា ២០១៤។  Adhoc

អ្នក​ភូមិ​ ជនជាតិ​ដើម ​ព្នង ៣​នាក់ ​រង​របួស ​ដោយសារ​ កង​សន្តិសុខ​ ក្រុមហ៊ុន ​ឯកជន​មួយ ​ប្រើ​អាវុធ​បាញ់​ គំរាម។   មន្ត្រី​ ឃ្លាំមើល​ សិទ្ធិ​មនុស្ស ហៅ​ទង្វើ​នេះ​ ជា​អំពើ​ហិង្សា​ រំលោភ​សិទ្ធិ​ មនុស្ស ជា​ពិសេស ​រំលោភ​សិទ្ធិ​ ជនជាតិ​ដើម ​ភាគ​តិច។

មន្ត្រី ​ឃ្លាំមើល​ សិទ្ធិ​មនុស្ស អំពាវនាវ ​ឲ្យ​សមត្ថកិច្ច ​ខេត្ត​ មណ្ឌលគិរី ចាត់​វិធានការ​ ផ្លូវ​ច្បាប់​ ចំពោះ​ កង​សន្តិសុខ បី​នាក់​ ដែល​បាន​បង្ក ​របួស​ស្នាម ​ប្រជាពលរដ្ឋ​ ដោយ​ចេតនា និង​ស្លៀកពាក់​ ឯកសណ្ឋាន ​យោធា, ហើយ​ ប្រើប្រាស់ ​កាំភ្លើង​ កងទ័ព​ជាតិ​ បម្រើ​ក្រុមហ៊ុន ​ឯកជន។

ការ​អំពាវនាវ​នេះ ​ធ្វើឡើង ​បន្ទាប់ ពី​អ្នកភូមិ​ ពូលុ ៣​នាក់ ត្រូវ​ បាន​កង​សន្តិសុខ​ ក្រុមហ៊ុន​ ឈ្មោះ អិលខេអិល (LKL) មិន​ស្គាល់​ឈ្មោះ​ ពីរ​នាក់ ស្លៀកពាក់ ​ឯកសណ្ឋាន​ ទាហាន​ ប៉ារ៉ា កាន់​កាំភ្លើង ​​មួយ​ដើម និង​ម្នាក់​ទៀត ​ស្លៀកពាក់​ ស៊ីវិល កាល​ពី​ថ្ងៃ ​ទី​៦ ខែ​កញ្ញា បាន​បាញ់​ផ្ញុច​ដី ​គំរាម ប្រជាពលរដ្ឋ, ហើយ​ បែក​ថ្ម ​ធ្វើ​ឲ្យ​ ប្រជាពលរដ្ឋ​ ម្នាក់ ​រង​របួស ​ធ្លុះ​សាច់​ ច្រើន​កន្លែង កំពុង​ព្យាបាល​ នៅ​មន្ទីរពេទ្យ​ និង​​ពីរ​នាក់ ​ទៀត ​របួស​ស្រាល។

មន្ត្រី​ សម្រប​សម្រួល ​សមាគម​អាដហុក (Adhoc) ខេត្ត មណ្ឌលគិរី លោក សុក រដ្ឋា ថ្លែង​ថា នេះ​ជា​ចេតនា​​បង្កហេតុ​និង​គំរាម​ស្មារតី​អ្នក​ភូមិ។ លោក​បន្ត​ថា កង​ទាហាន​រដ្ឋាភិបាល​មិន​ត្រូវ​បាន​អនុញ្ញាត​ប្រើប្រាស់​ឯកសណ្ឋាន និង​អាវុធ​បម្រើ​ការ​ឲ្យ​ក្រុមហ៊ុន​ឯកជន​នោះ​ឡើយ។ ហេតុនេះ​បុគ្គលិក​សន្តិសុខ​​ក្រុមហ៊ុន​មាន​កំហុស​បង្ក​របួស​ស្នាម​និង​ ប្រើប្រាស់​តួនាទី​ជា​កង​ប្រដាប់​អាវុធ​រដ្ឋាភិបាល​បម្រើ​ក្រុមហ៊ុន​ឯកជន​ ខុស​គោល​ការ​ហាមឃាត់​របស់​ប្រមុខ​រាជរដ្ឋាភិបាល។

លោក សុក រដ្ឋា «យើង​ សូម​ ធ្វើការ ​ថ្កោលទោស​ ចំពោះ​ សន្តិសុខ ​ក្រុមហ៊ុន​ហ្នឹង​ ដែល​បាន​ ប្រើប្រាស់​ អាវុធ​ លើ​​ប្រជាពលរដ្ឋ​ ដោយ​កម្រោល។  ក្នុង​សកម្មភាព​ នៃ​រឿង​នេះ​ ហាក់​បី​ដូច ជា​ចេតនា ​ចង់​សម្លាប់ ​មនុស្ស។  ប្រជាពលរដ្ឋ​ គាត់​ មិន​បាន​ធ្វើ​អ្វី​ ឲ្យ​មាន​ ការ​ប៉ះពាល់​ ទៅ​លើ​បរិវេណ​ ក្រុមហ៊ុន, ហើយ​ ក៏​មិន​បាន​ ប៉ះពាល់​​ តំបន់​ក្រុមហ៊ុន​ ហ្នឹង​ដែរ។»

ប្រជាពលរដ្ឋ ​រង​របួស​ ទាំង​បី​នាក់ ​មាន​ឈ្មោះ តិច ងៀម, ហ៊ឹម គួយ, និង ប៉ុស កូស រស់​នៅ ​ភូមិ​ ពូលុ, ឃុំ​ ប៊ូស្រា, ស្រុក​ ពេជ្រាដា។

អ្នក​រង​របួស​ឈ្មោះ តិច ងៀម រៀបរាប់​ថា ពួកគាត់ ៨​នាក់ បាន​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​ក្នុង​បំណង​​ចូល​ព្រៃ​មើល​អន្ទាក់​ដាក់​សត្វ។ លុះ​ពួកគាត់​ធ្វើដំណើរ​មកដល់​ចំណុច​ផ្លូវ​ក្បែរ​បរិវេណ​ក្រុមហ៊ុន ម៉ូតូ​មួយ​គ្រឿង​បាន​ខូច​ទើប​ពួកគាត់​សម្រាក​នាំ​គ្នា​ជួសជុល​ម៉ូតូ។ បន្ទាប់​នោះ​ស្រាប់តែ​ឃើញ​ក្រុម​សន្តិសុខ​ក្រុមហ៊ុន​មក​ដល់​ទី​នោះ ហើយ​បណ្ដេញ​អ្នក​ភូមិ​ចេញ ព្រម​ទាំង​ពោល​ពាក្យ​ប្រមាថ បន្ទាប់​មក​សន្តិសុខ​ម្នាក់​បាន​ផ្ទុះ​អាវុធ​បាញ់​ផ្ញុច​ដី តែ​ត្រូវ​ថ្ម​បែក​ខ្ទាត​ធ្លុះ​ខ្លួន​អ្នក​ភូមិ​បី​នាក់​ភ្លាម ក្នុង​នោះ​រូប​លោក​សន្លប់​ដោយសារ​ឈឺ​មុខ​របួស​ទើប​អ្នកភូមិ​ដឹក​ជញ្ជូន​មក​ មន្ទីរពេទ្យ។ ចំណែក​ក្រុម​សន្តិសុខ​ក្រុមហ៊ុន​នាំគ្នា​វិល​ត្រឡប់​ទៅ​ក្រុមហ៊ុន​វិញ។

លោក តិច ងៀម «ប្រជាជន​ខ្ញុំ​ទៅ​មើល​អន្ទាក់​ហ្នឹង​មាន​ខុស​ស្អី​គាត់​បាញ់។ គាត់​និយាយ​ច្រើន​ណាស់ បាញ់​បំបាក់​​ជើង​ម្ខាង​ទៀត គាត់​ថា​អ៊ីចេះ​ទៀត។»

ទាក់ទង​ករណី​នេះ ស្នងការ​ប៉ូលិស​ខេត្ត​មណ្ឌលគិរី លោក ញ៉ែម វន្នី ទទួល​ស្គាល់​ថា សមត្ថកិច្ច​ប៉ូលិស​បាន​ទៅ​កាន់​ទី​កើតហេតុ​ដើម្បី​ធ្វើ​កំណត់ហេតុ​ពី​ករណី​ នេះ។ លោក​អះអាង​ថា ក្រុមហ៊ុន​គ្មាន​សិទ្ធិ​ប្រើប្រាស់​កង​យោធា និង​ប្រើប្រាស់​អាវុធ​ការពារ​ក្រុមហ៊ុន​ឡើយ ហេតុ​នេះ​លោក​នឹង​ធ្វើ​របាយការណ៍​ជូន​អង្គភាព​យោធា​ដើម្បី​ចាត់ការ​ក្នុង​ បញ្ហា​នេះ។

លោក ញ៉ែម វន្នី៖ «ក្រុមហ៊ុន​ហ្នឹង​គេ​ទទួល​ខុស​ត្រូវ​ទេ វា​ខុស​ទាំង​ស្រុង​ហើយ​អា​ហ្នឹង ប៉ុន្តែ​យើង​ព្យាយាម​​សម្របសម្រួល​ទាំង​សង​ខាង។ ខាង​កងកម្លាំង​យើង​ឲ្យ​មេកើយ​គេ​យើង​រាយការណ៍ ឬ​កសាង​សំណុំ​​រឿង​ឲ្យ​គ្រប់គ្រាន់​ទៅ​ហើយ យើង​ឲ្យ​គេ​ដាក់​ពិន័យ​អប់រំ​កូន​ចៅ​គេ។»

យ៉ាង​នេះ​ក្តី​តំណាង​ប្រជាពលរដ្ឋ​ភូមិ​ពូលុ សង្កេត​ឃើញ​ថា ក្រុមហ៊ុន អិល.ខេ.អិល ទើប​ចូល​មក​​បោះ​ទីតាំង​នៅ​តំបន់​នោះ​ហើយ​ដឹក​ជញ្ជូន​ឈើ​មូល​ពី​ក្នុង​ព្រៃ​ ចូល​បរិវេណ​រោង​អារ​ឈើ​ក្នុង​បរិវេណ​ក្រុមហ៊ុន។ ជា​ញឹកញាប់​សន្តិសុខ​ក្រុមហ៊ុន​នេះ​តែង​ប្រើ​អាវុធ​បាញ់​គំរាម​មិន​ឲ្យ​ ប្រជាពលរដ្ឋ​ចូល​ទៅ​ជិត​រោង​អារ​ឈើ​នោះ​ទេ។ ហេតុនេះ​នៅ​សប្ដាហ៍​ក្រោយ​អ្នក​ភូមិ​គ្រោង​នាំ​គ្នា​ធ្វើ​បាតុកម្ម​ទាមទារ​ ឲ្យ​ក្រុមហ៊ុន​ទទួល​ខុស​ត្រូវ​ករណី​បាញ់​អ្នក​ភូមិ​ឲ្យ​របួស និង​សន្យា​បញ្ឈប់​ការ​ផ្ទុះ​អាវុធ​គំរាម​ប្រជាពលរដ្ឋ​​ត​ទៅ​ទៀត។

រហូត​មក​ទល់​នឹង​រសៀល​ថ្ងៃ​ដដែល វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ករណី​នេះ​ពី​តំណាង​ក្រុមហ៊ុន​បាន​នៅ​ឡើយ៕


No comments:

Post a Comment