Paris Peace Accords 23 Oct. 1991

Tuesday, September 23, 2014

មនុស្ស​ ៩​នាក់ ​ស្លាប់ ​និង​៣២​នាក់ ​របួស​ នៅ​ថ្ងៃ​បិណ្ឌ​ ទី​១៤ | 9 died, 32 injured in traffic accidents on Sept. 22, the 14th day of Pchum Ben

មនុស្ស​ ៩​នាក់ ​ស្លាប់ ​និង​៣២​នាក់ ​របួស​ នៅ​ថ្ងៃ​បិណ្ឌ​ ទី​១៤

RFA / ​វិទ្យុ ​អាស៊ី សេរី | ២៣ កញ្ញា ២០១៤

គ្រោះថ្នាក់​ចរាចរណ៍ កំពង់ចាម ៦១០
ម៉ូតូ, ​កង់ ​ដែល​ទទួល ​រង​ការ ​ខូចខាត ​ដោយសារ គ្រោះថ្នាក់ ​ចរាចរណ៍ ត្រូវ ​គេ​ ដឹក​ជញ្ជូន ​ទៅ​ស្នងការ​ ខេត្ត ​កំពង់ចាម នៅ​ថ្ងៃ ទី​២៣ កុម្ភៈ ឆ្នាំ​២០១៤។  RFA/Saut Sokprathna

ករណី ​គ្រោះថ្នាក់ ​ចរាចរណ៍ មុន​ថ្ងៃ ​ភ្ជុំ​ឆ្នាំ​នេះ មាន​ការ​ថយ​ចុះ​ បើ​ ប្រៀបធៀប​ ឆ្នាំ​ទៅ។  ក៏ប៉ុន្តែ ​មន្ត្រី​ជំនាញ ​ចរាចរណ៍​ ទស្សន៍ទាយ​ ថា, ចំនួន​មនុស្ស​ ស្លាប់​ និង​របួស នៅ​តែ ​ខ្ពស់ ​ដូច​មុន​ ដដែល ដោយសារ​ អ្នក​បើកបរ​ មិន​ផ្លាស់​ប្ដូរ ឥរិយាបថ។

មនុស្ស ៩​នាក់ ​ស្លាប់ និង ៣២​នាក់​ របួស ​ក្នុង​គ្រោះ​ថ្នាក់ ​ចរាចរណ៍​ ចំនួន ១៨​លើក កើត​ឡើង​ នៅ​ថ្ងៃ​បិណ្ឌ ទី​១៤ គឺ ថ្ងៃ​ ទី​២២ កញ្ញា។  នេះ ​បើ​ តាម​របាយការណ៍​ របស់​ នាយកដ្ឋាន ​កណ្ដាល​ សណ្ដាប់​ធ្នាប់ ​នៃ​ក្រសួង​ មហាផ្ទៃ បូកសរុប​ នៅ​ល្ងាច ​ថ្ងៃ​ ទី​២២ កញ្ញា។

ប្រធាន​នាយកដ្ឋាន​កណ្ដាល​សណ្ដាប់​ធ្នាប់​នៃ​ក្រសួង​មហាផ្ទៃ លោក​ឧត្ដមសេនីយ៍ ហ៊ឹម យ៉ាន ឲ្យ​ដឹង​បន្ថែម​ថា ចំនួន​គ្រោះថ្នាក់​នៅ​មុនថ្ងៃ​ភ្ជុំ​​ឆ្នាំ​នេះ មាន​ការ​ថយ​ចុះ​ប្រៀប​ធៀប​ថ្ងៃ​ភ្ជុំ​ដំបូង​កាល​ពី​ឆ្នាំ​ទៅ​មិញ៖ «ថ្ងៃ​ នេះ​គ្រោះ​ថ្នាក់​សរុប ១៨​លើក ប្រៀប​ធៀប​ជាមួយ​ឆ្នាំ​ទៅ​គឺ​ថយ ៦​លើក ឆ្នាំ​ទៅ ២៤​លើក។ ស្លាប់​ថ្ងៃ​នេះ ៩​នាក់ ឆ្នាំ​ទៅ​ស្លាប់ ៧​នាក់​ទេ ដោយ​ឡែក​របួស​សរុប ៣២​នាក់ បើ​ឆ្នាំ​ទៅ​គឺ ៨៧​នាក់ ​ថយ ៥៥​នាក់​របួស។»

លោក​បន្ត​ថា គ្រោះថ្នាក់​ភាគ​ច្រើន​កើត​ឡើង​នៅ​ខេត្ត​កណ្ដាល និង​តាកែវ ក្នុង​នោះ​ភាគច្រើន​កើត​ឡើង​ចំពោះ​អ្នក​បើក​ម៉ូតូ មូលហេតុ​ដោយសារ​បើកបរ​មិន​ប្រកាន់​ស្ដាំ បើក​ប្រជែង​គ្នា និង​បើក​លឿន​ពេក ឬ​ក៏​ស្រវឹង។ លោក​ឲ្យ​ដឹង​ថា ​កាលពី​ភ្ជុំ​ឆ្នាំ​ទៅ រយៈពេល​៣​ថ្ងៃ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ៦៥​លើក បណ្ដាល​ឲ្យ​ស្លាប់ ២៤​នាក់​ របួស ១៦៩​នាក់។

នៅ​ពេល​សួរ​ថា តើ​ចំនួន​មនុស្ស​ស្លាប់​និង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ពេល​ភ្ជុំ​ ឆ្នាំ​នេះ​អាច​ថយ​ចុះ​ទេ លោក​ឆ្លើយ​ថា ទំនង​មិន​អាច​ថយ​ចុះ​ទេ៖ «តាម​ខ្ញុំ​ប៉ាន់​មើល​ប្រហែល​ស្អែក​ថ្ងៃ​កណ្ដាល​គឺ​ថយ ប៉ុន្តែ​អាច​កំណើន​ស្មើគ្នា​ឬ​ក៏​លើស​ថ្ងៃ​ដំបូង ឬ​ថ្ងៃ​ទី៣ ថ្ងៃ​ដែល​វិល​មក​វិញ​នេះ នៅ​មាន​កំណើន​ចរាចរណ៍​ច្រើន​ជាង​ថ្ងៃ​មុន ជា​ថ្ងៃ​កណ្ដាល។»

ដោយ​ឡែក​របាយការណ៍​នៃ​គេហទំព័រ​ក្រសួង​មហា​ផ្ទៃ ផ្សាយ​ចុះ​នៅ​ថ្ងៃ​ទី​២១ កញ្ញា ថា គ្រាន់​តែ​ក្នុង​មួយ​ថ្ងៃ នៅ​ថ្ងៃ​ទី​២១ កញ្ញា គឺ​មុន​ថ្ងៃ​បុណ្យ​ភ្ជុំ​មួយ​ថ្ងៃ គ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន ២៧​លើក​នៅ​ទូទាំង​ប្រទេស បណ្ដាល​ឲ្យ​មនុស្ស​ស្រី​ប្រុស​ស្លាប់ ១៣​នាក់ របួស ៤៧​នាក់ និង​ធ្វើ​ឲ្យ​ខូចខាត​យានយន្ត ៤៧​គ្រឿង ក្នុង​នោះ ម៉ូតូ ៣២​គ្រឿង ឡាន​តូច​ធំ ១១​គ្រឿង។

អ្នក​ឯកទេស​​ឯករាជ្យ​ផ្នែក​សុវត្ថិភាព​ផ្លូវ​ថ្នល់ លោក អ៊ា ចរិយា បញ្ជាក់​ថា ដរាបណា​អ្នក​បើកបរ​មិន​គោរព​ច្បាប់ និង​ប៉ូលិស​ចរាចរណ៍​មិន​ពង្រឹង​ច្បាប់​ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ ចរាចរណ៍​នៅ​តែ​មាន​កម្រិត​ខ្ពស់​ដដែល ៖ «យើង​នៅ​តែ​អាច​ស្មាន​ថា គ្រោះថ្នាក់​នៅ​តែ​មាន​ធំ​ដដែល​ ដែល​អាច​ប្រហាក់​ប្រហែល​ ឬ​ក៏​អាច​លើស​ពី​ឆ្នាំ​មុន​ទៀត ដោយសារតែ​ទី​១ ការ​ដឹក​លើស​ចំណុះ។ ទី​២ គឺ​ការ​បើកបរ​ហួស​ល្បឿន ដែល​យើង​ឃើញ​ផ្លូវ​យើង​ឥឡូវ​កាន់​តែ​ស្អាត អ៊ីចឹង​ប្រជាពលរដ្ឋ​គាត់​ក៏​បើក​កាន់​តែ​លឿន​ដែរ។ ទី​៣ ដោយសារ​ពុំ​មាន​ការ​ផាក​ពិន័យ​អី​ឲ្យ​តឹងរ៉ឹង​ខុស​ប្លែក​ពី​ឆ្នាំ​កន្លង​មក​ ដែរ អ៊ីចឹង មាន​ន័យ​ថា សកម្មភាព​នៅ​ដូច​ពី​មុន​ដដែល។»

មន្ត្រី​ជំនាញ​ខាង​សុវត្ថិភាព​ចរាចរណ៍​កត់​សម្គាល់​ថា ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​តែង​កើន​ឡើង​ខ្ពស់​នៅ​ពេល​រដូវ​បុណ្យ​ទាន​ធំៗ ដោយសារ​អ្នក​បើកបរ​មិន​គោរព​ច្បាប់ និង​មិន​មាន​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​បន្ថែម៕


No comments:

Post a Comment