Paris Peace Accords 23 Oct. 1991

Monday, September 8, 2014

វិភាគ៖ ​តើ​ គណបក្ស​ សង្គ្រោះ​ជាតិ ​ដោះស្រាយ​ យ៉ាង​ណា​ ក្នុង​ការបង្កើត គ.ជ.ប. ថ្មី បើ ​គណបក្ស ​ប្រជាជន​កម្ពុជា ​រំលោភ​ កិច្ចព្រមព្រៀង ​២២ កក្កដា?​ Analysis: How will CNRP resolve issue if CPP breaches July 22 agreement?

វិភាគ៖ ​តើ​ គណបក្ស​ សង្គ្រោះ​ជាតិ ​ដោះស្រាយ​ យ៉ាង​ណា​ ក្នុង​ការបង្កើត គ.ជ.ប. ថ្មី បើ ​គណបក្ស ​ប្រជាជន​កម្ពុជា ​រំលោភ​ កិច្ចព្រមព្រៀង ​២២ កក្កដា?​

VOD | កញ្ញា ២០១៤

ស្តាប់សំឡេង៖​

ចម្លងទុក

ប្រធាន គណបក្ស សង្រ្គោះជាតិ សម រង្ស៊ី (ធ្វេង) និងលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន

សប្ដាហ៍​មុន លោក អ្នក​នាង ​បាន​អាន និង​ស្ដាប់ ​បទ​វិភាគ​ អំពី “សញ្ញាណ ​នៃ​ការរំលោភ​ កិច្ចព្រមព្រៀង ​២២ កក្កដា​” រួចហើយ គឺ ​ករណី​ មិន​គោរព​ ការបញ្ចប់ ​ភាព​តានតឹង​ នយោបាយ និង​ការមិន​ បោះឆ្នោត​ គាំទ្រ​ បេក្ខភាព ​ពីររូប ដែល​គណបក្ស​ សង្គ្រោះ​ជាតិ​ដាក់ ​ស្នើ​សុំ​។

ក្នុង​សប្ដាហ៍​ កន្លងទៅ​នេះ សញ្ញាណ ​នៃ​ការរំលោភ​ កិច្ចព្រមព្រៀង ​មួយ​ថ្មី​ទៀត ក៏​បានលេច ​ជា​រូបរាង ​ឡើង​ដែរ គឺ​ ការ​បន្ត​ ប្រើប្រាស់​ យន្តការ គ.ជ.ប. ចាស់ ក្នុង​ការពិនិត្យ និង​ចុះបញ្ជី​ឈ្មោះ ​បោះឆ្នោត ខណៈ ​គណបក្ស​ ឈ្នះឆ្នោត​ ទាំង​ពីរ​ បាន​ព្រមព្រៀង​គ្នា​ បង្កើត គ.ជ.ប. ​ថ្មី, ប៉ុន្តែ​ កំពុង​ស្ថិត ​ក្នុង​ដំណាក់កាល​ នៃ​ការពិភាក្សា​គ្នា ​នៅឡើយ​។​

ថ្វីបើ ការប្រើប្រាស់ ​យន្តការ គ.ជ.ប. ចាស់ មិន​ខុស​ច្បាប់, ប៉ុន្តែ​ សង្គម​ស៊ីវិល​ យល់ថា, វា ​នឹង​ជាការ​ ចំណាយ​លុយ ​ឥតប្រយោជន៍ ខណៈ​ គណបក្ស​ ឈ្នះឆ្នោត​ ទាំង​ពីរ ​ព្រមព្រៀង​ នឹង​ប្រើ​យន្តការ គ.ជ.ប. ថ្មី។

បើសិនជា កិច្ចព្រមព្រៀង ២២ កក្កដា ត្រូវ​ បាន​រំលោភ, តើ​ គណបក្ស​ សង្គ្រោះ​ជាតិ ​នឹង​ធ្វើ​ យ៉ាងណា ដើម្បី បង្កើត​ក្បាលម៉ាស៊ីន គ​.​ជ​.​ប. ថ្មី​?


សម្រាប់​អ្នក​ស្រាវជ្រាវ​ពី​ ការអភិវឌ្ឍ​សង្គម លោក កែម ឡី យល់ថា ផ្អែក​តាម​ការបោះឆ្នោត​ជ្រើសរើស​គណកម្មការ​ទី​៨ និង​ទី​១០ នា​ពេលកន្លងមក ឃើញថាគណបក្ស​ប្រជាជន​កម្ពុជា អាច​មិន​បោះឆ្នោត​គាំទ្រ​បេក្ខភាព​ទាំងឡាយណា​មកពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​គេ​គិតថា គេ​មិន​អាច​និយាយ​គ្នា​បាន៖ «គណបក្ស​សង្គ្រោះ​ជាតិ​អត់​ អាចមាន​វិធី​អី​បន្តទៅ​ទៀត​បាន​ទេ ពីព្រោះ​ឱកាស​របស់​គាត់​បាន​ផុតរ​លុត​ទៅហើយ​។ មាន​តែ​ប្រជាជន​កម្ពុជា យុវជន បញ្ញាជន​ទេ ដែល​ចាប់ផ្ដើម​ចង​គ្នា ហើយ​មាន​ឥទ្ធិពល​ទៅលើ​អ្នកនយោបាយ​ទាំងសងខាង ដើម្បី​បង្ខំ​ឲ្យមាន​ការអនុវត្ត​កិច្ចព្រមព្រៀ​ង ឬក៏​បង្ខំ​ឲ្យមាន​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ស្រប​ទៅតាម​រដ្ឋធម្មនុញ្ញ​ ប៉ុណ្ណោះ​»​

ចំណែក ឯ​លោក​បណ្ឌិត​ សុខ ទូច វិញ​យល់ ថា, ផ្អែក​លើ​បទពិសោធ​ន៍នៃ​ការបោះឆ្នោត​ជ្រើសរើស​ប្រធាន​គណកម្មការ​ទី​៨ និង​ទី​១០ គណបក្ស​សង្គ្រោះ​ជាតិ​គួរ​គិតគូរ​ដល់​រូបមន្ត​បោះឆ្នោត​ជា​កញ្ចប់ មិន​ដូច្នោះ​ទេ គណបក្ស​ប្រជាជន​កម្ពុជា​នឹង​មិន​បោះឆ្នោត​គាំទ្រ​បេក្ខភាព​បួន​រួប ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​ស្នើ​នោះទេ បើ​គេ​មិន​ពេញចិត្ត វៀ​លែងតែ​បេក្ខភាព​បួនរូ​បដែល​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​ស្នើ​សុំ​នោះ គណបក្ស​ប្រជាជន​កម្ពុជា​ពេញចិត្ត​ដែរ ទើប​គេ​បោះឆ្នោត​គាំទ្រ៖ «បើសិនជា​ គណបក្ស​សង្គ្រោះ​ជាតិ​ឆ្លាត វាងវៃ មិន​ត្រូវ​ដាក់​អញ្ចឹង​ទេ ត្រូវ​ដាក់​បេក្ខជន​ឲ្យ​ហើយ ថា​ឥឡូវនេះ​បេក្ខជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មាន​មួយ ពីរ បី​បួន​អុីចឹង​មក ឯ​រឿង​ប្រជាជន​ដាក់​មក​អ្នកឯង​យល់ព្រម​ទេ បើ​អត់​ព្រម​យើង​និយាយ​គ្នា​មុន និយាយ​ក្រោម​តុ​សិន​។ ក្រោយ​ពី​និយាយ​ក្រោម​តុ​ហើយ បាន​យក​ទៅ​អនុម័ត​នៅក្នុង​សភា បើ​មិន​អញ្ចឹងទេ​នៅតែ​អត់​បោះ ព្រោះ​នៅក្នុង​ច្បាប់ គជបមាន​ពីរ​ភាគ​បី​ឯណា តែ​៥០បូក១»

​កាលពី​សប្ដាហ៍​មុន ក្នុង​កម្មវិធី​ពិភាក្សា​តុមូល​នៅ​វិទ្យុ​អាស៊ីសេរី ដែលមាន​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក ​កឹម សុខា និង​លោក​បណ្ឌិត​ សុខ ទូច ជា​វាគ្មិន លោក​កឹម សុខា បាន​ពន្យល់​ពី​សារប្រយោជន៍​នៃ​ការបោះឆ្នោត​ជា​សម្ងាត់​ថា គណបក្ស​សង្គ្រោះ​ជាតិ​ខ្វះ​តែ​៧​សំឡេង​ទៀត​ប៉ុណ្ណោះ នឹង​អាច​បោះឆ្នោត​ទម្លាក់​រដ្ឋមន្ត្រី​ណា​ម្នាក់​បាន​។ លោក​ថា ក្នុងករណី​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ពេញចិត្ត​នឹង​ រដ្ឋមន្ត្រី​ណាមួយ គេ​អាច​ខ្ចីដៃ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ទម្លាក់​រដ្ឋមន្ត្រី​នោះ​បាន​។​

​ត្រង់​ចំណុច​នេះ ថ្វី​បើ​លោក ​កឹម សុខា មិន​បាន​និយាយ​ដល់​ការបោះឆ្នោត​ទម្លាក់​នាយក​រដ្ឋមន្ត្រី ប៉ុន្តែ​តាម​ខ្លឹមសារ​ដែល​លោក​មានប្រសាសន៍​នោះ គេ​ក៏​អាច​បោះឆ្នោត​ទម្លាក់​នាយក​រដ្ឋមន្ត្រី​បានដែរ បើ​មាន​តំណាងរាស្ត្រ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ត្រឹមតែ​៧​នាក់​ចូលរួម​ ជាមួយ​គ្នា​បក្ស​សង្គ្រោះ​ជាតិ​។ តើ​នរណា​ទៅ​ដឹង​បាន​ថា តំណាងរាស្ត្រ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា សុទ្ធតែ​ពេញចិត្ត​នាយករដ្ឋមន្ត្រី​ទាំងអស់​គ្នា​នោះ​។​

​ផ្អែក​តាម​ចំណុច​នេះ ទំនង​ជា​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​មិន​ធ្វើ​ការបោះឆ្នោត​ជា​កញ្ចប់​ឡើយ​។ ណាមួយ តាម​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នា​ពេលកន្លងមក ក៏​មិន​ចង់​បោះឆ្នោត​ជា​កញ្ចប់ និង​ដោយ​ការលើកដៃ​នោះដែរ​។​

សម្រាប់ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី ចរិយា វិញ​យល់​ឃើញ​ខុស​ពី​អ្នកវិភាគ​ខាងលើ លោក​ថា ការបោះឆ្នោត​ជ្រើសរើសគណៈកម្មាការ​ជាតិ​រៀបចំ​ការបោះឆ្នោត មិន​លំបាក​ដូច​ការ​បោះឆ្នោត​ជ្រើសរើស​គណៈកម្មការ​អចិន្ត្រៃនៃ​រដ្ឋសភា​ទេ ព្រោះ​នៅក្នុង​កិច្ចព្រមព្រៀង គេ​បាន​ចែង​ច្បាស់ អំពី​សមាសភាព​នៅក្នុង​គណៈកម្មាការ​ជាតិ​រៀបចំ​ការបោះឆ្នោត គឺ៤-៤-១ ដែល​មិន​អាច​កែប្រែបាន៖ «​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត ត្រូវតែ​មាន​មាន​៩​នាក់ អាហ្នឹង​ជា​លក្ខខណ្ឌ​មួយ ទី​២ គឺ​បួន បួន មួយ ជា​លក្ខខណ្ឌ​ទី​២ ហើយ​លក្ខខណ្ឌ​ទី​៣ គឺ​បញ្ជី​ឈ្មោះ​នេះ​ត្រូវ​បញ្ជូន​ទៅ​ដោយ​គណៈកម្មកា​រ​អចិន្ត្រៃនៃ​រដ្ឋសភា​។ អ៊‍ីចឹង​នៅពេល​ដែល​គណៈកម្មការ​អចិន្ត្រៃយ៍នៃ​រដ្ឋសភា​បញ្ជូន​ទៅ​ហើយ វា​អត់​មាន​អាច មិន​អាច​គឺ​ថា រី​ជែក [ច្រានចោល​] បានទេ​។ ព្រោះ​គណៈកម្មការ​អចិន្ត្រៃយ៍នៃ​រដ្ឋសភា វា​ស្មើនឹង​ចំនួន​មនុស្ស​១០០​នាក់​នៅក្នុង​រដ្ឋសភា​រួចទៅហើយ»

ជារួម អ្នកវិភាគ​មាន​ការយល់ឃើញ​ផ្ទុយគ្នា​ក្នុង​បញ្ហាបង្កើត​ស្ថាប័ន គ.ជ.ប ថ្មី​នេះ ប៉ុន្តែ​ការវិវឌ្ឍ​នយោបាយ​ជា​រឿង​ដែល​មិន​អាច​ទស្សន៍ទាយ​បាន​។ ទោះយ៉ាងណា ដាន​ចាស់ ដែល​គេ​គិតថា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ធ្លាប់​រំលោភ​កិច្ចព្រមព្រៀង​ជាមួយ​អង្គការ​សហប្រជាជាតិ​ដល់​ទៅ​ពីរ​ដង​ រួចមកហើយ រួម​ទាំង​សញ្ញាណ​ថ្មីៗ​ផង វា​ជា​រឿង​ដែល​អ្នកតាមដាន​នយោបាយ​មាន​ការព្រួយបារម្ភ​ថា កិច្ចព្រមព្រៀង២២កក្កដា ក៏​នឹង​ត្រូវ​រំលោភ​ផងដែរ​។​

​បើ​កិច្ចព្រមព្រៀង​២២កក្កដាត្រូវ​បាន​រំលោភ​មែន វា​បង្ហាញ​យ៉ាង​ច្បាស់​ថាគណបក្ស​ប្រជាជន​កម្ពុជា​គ្មាន​ឆន្ទៈ​ក្នុង​ ការបញ្ចប់​វិបត្តិ​ជាប់គាំង​ នយោបាយ​ក្រោយ​ការបោះឆ្នោត​ទេ ហើយ​ស្ថានភាព​ដដែល ឬ​ដុនដាប​ធ្ងន់ធ្ងរ​ជាង​នេះ​ផង នឹង​វិលត្រឡប់​មក​វិញ​នៅក្រោយ​ការបោះឆ្នោត​អាណត្តិ​ទី​៦​ខាងមុខ​៕



No comments:

Post a Comment