Paris Peace Accords 23 Oct. 1991

Monday, September 1, 2014

​វិភាគ​៖ សញ្ញាណ ​នៃ​ការរំលោភ ​កិច្ចព្រមព្រៀង​ ២២ កក្កដា​​ | Analysis: Signs of breach of Agreement

​វិភាគ​៖ សញ្ញាណ ​នៃ​ការរំលោភ ​កិច្ចព្រមព្រៀង​ ២២ កក្កដា​​

VOD | ១ កញ្ញា ២០១៤

ស្តាប់សំឡេង៖​

ចម្លងទុក

(រូបថត៖ តាំង​ វីដា)

ក្នុង​បទ​វិភាគ​ កាលពី​ថ្ងៃ​ ទី​១១ សីហា ២០១៤ អំពី “​តើ​ លោក​ ហ៊ុន សែន ​អាច​រំលោភ​ កិច្ចព្រមព្រៀង​ ២២ កក្កដា ជាមួយ​ គណបក្ស ​សង្គ្រោះ​ជាតិ ​ដែរ ឬទេ​?” លោក អ្នក​នាង​ បាន​ស្ដាប់​ រួចមកហើយ​ ថា, ចាស់ៗ ​មាន​ពិសោធន៍​ ខាង​នយោបាយ បាន​មើលឃើញ ​ថា, លោក​ ហ៊ុន សែន ធ្លាប់​រំលោភ​ កិច្ចព្រមព្រៀង​ ជាមួយ ​អង្គការ​ សហប្រជាជាតិ​ ដល់​ទៅ​ពីរ​ដង​ រួចមកហើយ, គឺ​ ករណី​កិច្ច ព្រមព្រៀង ​ទីក្រុង​ប៉ារីស ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១ និង​កិច្ចព្រមព្រៀង ​បង្កើត​តុលាការ​ ខ្មែរក្រហម​។

​ប៉ុន្តែ ​កាលនោះ ទាំង​អ្នកវិភាគ និង​ទាំង​មន្ត្រី ជាន់ខ្ពស់ ​គណបក្ស​ សង្គ្រោះ​ជាតិ​ សុទ្ធ​តែ​ យល់​ថា, លោក​ ហ៊ុន សែន មិន​អាច ​រំលោភ​ កិច្ចព្រមព្រៀង ​២២ កក្កដា ២០១៤ បានទេ ព្រោះ​ ប្រជាពលរដ្ឋ​ បច្ចុប្បន្ន​ ចូលរួម​ តាមដាន ​ព្រឹត្តិការណ៍​ នយោបាយ​ យ៉ាងសកម្ម, ហើយ​ មាន​បណ្ដាញ​ ទំនាក់ទំនង ​សង្គម ជា​ជំនួយ​ ឲ្យ​ពួកគេ ​អាច​ទទួលបាន​ ព័ត៌មាន​ យ៉ាង​ឆាប់រហ័ស ​បំផុត​។​


យ៉ាងណា ក៏ដោយ ការកោះហៅ ​យុវជន និង​សកម្មជន​ គណបក្ស​ សង្គ្រោះ​ជាតិ​ ជា​បន្តបន្ទាប់ ដោយ​តុលាការ ដែល​គេ​និយាយ​គ្រប់គ្នា​ថា ជា​ឧបករណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការគាបសង្កត់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​ឲ្យចូល​ប្រជុំ​សភា​នោះ និង​ការ​ដែល​សមាជិក​សភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា មិន​បោះឆ្នោត​គាំទ្រ​បេក្ខភាព​ពីរ​រូប​មកពី​គណបក្ស​សង្គ្រោះ​ជាតិ ជា​ប្រធាន​គណកម្មការ​ទី​៨ និង​ទី​១០ នៃ​រដ្ឋសភា ត្រូវ​គេ​មើលឃើញ​ថា សញ្ញាណ​មួយ​នៃ​ការរំលោភ​កិច្ចព្រមព្រៀង​២២ កក្កដា​។​

​តើ​ក្រុមអ្នកវិភាគ​យល់​យ៉ាងណា​ចំពោះ​សញ្ញាណ​នៃ​ការរំលោភ​កិច្ចព្រមព្រៀង​នេះ​?

អ្នក​ស្រាវជ្រាវ​ពី​ការអភិវឌ្ឍ​សង្គម លោក កែម ឡី យល់ថា ដោយសារ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ទាន់​ខ្សោយ ខ្លាច​គុក​ច្រវាក់ គ្មាន​ជំហរ​រឹងមាំ​ច្បាស់លាស់ ទើប​ជា​ហេតុ​ធ្វើឲ្យ​ថ្លោះធ្លោយ​ក្នុង​ការចរចា ជា​ឱកាស​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា កេងចំណេញ​ពីលើ​រឿង​នេះ​បាន៖ «​យើង​ ក៏​ដឹង​ដែរ​ថា គណបក្ស​ប្រជាជន​គឺ​នៅ​បន្ត​គ្រប់គ្រង​ប្រព័ន្ធ​ទាំងមូល បើទោះបីជា​កិច្ចព្រមព្រៀង​ដល់​ណាក៏ដោយ ក៏​គណបក្ស​ប្រជាជន​គាត់​មិន​ធ្វើ​តាម​ដែរ​»​

សម្រាប់​លោក​បណ្ឌិត​សុខ ទូច យល់ថា សញ្ញាណ​ទាំងពីរ​នោះ មិន​បញ្ជាក់​ពី​ការរំលោភ​កិច្ចព្រមព្រៀង​ទេ​។ ទី​១ លោក​ថា ការ​ដែល​តុលាការ​ចេញ​ដីកា​កោះហៅ​យុវជន និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​បំភ្លឺ​ជា​បន្តបន្ទាប់ គឺជា​ចេតនា​ព្រមាន​គណបក្ស​សង្គ្រោះ​ជាតិ កុំ​ឲ្យធ្វើ​សកម្មភាព​ណា​ខុស​ប្រក្រតី ព្រោះថា អ្នក​ដែល​អាច​គេចផុត​ពី​សំណាញ់​ច្បាប់ មានតែ​៥៥​នាក់​ប៉ុណ្ណោះ ឯ​អ្នក​ដទៃ​ទៀត តែ​ធ្វើ​ខុស​នឹង​គោលការណ៍ នោះ​គេ​នឹង​កោះហៅ ហើយ​នឹង​ត្រូវ​ទទួលរ​ង​ពិរុទ្ធ​តាម​ប្រព័ន្ធតុលាការ​។

ទី​២ ករណី​មិន​បោះឆ្នោត​គាំទ្រ​ប្រធាន​គណកម្មការ​ទី​៨ និង​ទី​១០ មកពី​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ចេតនា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ចង់ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​បញ្ចុះបញ្ចូល​ពួកគេ​ឲ្យ​គាំទ្រ​បេក្ខភាព​ ទាំង​ពីរ​រូប​នេះ បើ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទៅ​បញ្ចុះបញ្ចូល​ទេ នោះ​គេ​នឹង​មិន​បោះឆ្នោត​គាំទ្រ​ឡើយ នៅពេល​នោះ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​នឹង​មាន​ការយល់ច្រឡំ ថា​គណបក្ស​នេះ​ធ្វើ​តាមតែ​ការចង់បាន​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា៖ «​បើ ​សិន​ថា គណបក្ស​សង្គ្រោះ​ជាតិ​អត់​ធ្វើ​បែប​ហ្នឹង គណបក្ស​សង្គ្រោះ​ជាតិ​នឹង​មាន​បញ្ហា ធ្វើ​ឲ្យ​អ្នកគាំទ្រ​បាត់​ជំនឿ​។ ម៉េច​បាន​បាត់​ជំនឿ ពី​ព្រោះ​ខ្លួន​ធ្វើ​ទៅ​តាម​ការចង់បានរ​បស់​គណបក្ស​ប្រជាជន មិនមែន​ជា​ការចង់បាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​»​​

សម្រាប់​ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី ចរិយា វិញ​យល់ថា  សញ្ញាណ​ទាំងពីរ​នេះ​បញ្ជាក់ថា កិច្ចព្រមព្រៀង​២២ កក្កដា មិនទាន់​ត្រូវបាន​ទទួល​យក ឬ​ត្រូវ​បាន​គោរព​មួយរយ​ភាគរយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ទេ គឺ​គេ​នៅតែ​ឆ្លៀត​ប្រើប្រាស់​យុទ្ធសាស្ត្រ​គំរាមកំហែង​នៅឡើយ​។ លោក​ថា កត្តា​នេះ​អាច​ធ្វើឲ្យប៉ះពាល់​ដល់​កិច្ចព្រមព្រៀង​។​
លោក​នី ចរិយា មានប្រសាសន៍​បន្ថែម​ថា តាម​លោក​យល់ សញ្ញាណ​នេះ​គឺ​មាន​រូបភាព​ពីរ ទី​១ គណបក្ស​ប្រជាជន​កម្ពុជា​ចង់​ពិសោធ​មើល ថា​បើ​ខ្លួន​រំលោភ​កិច្ចព្រមព្រៀង តើ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​កម្លាំង​ប៉ុនណា​ក្នុង​ការតវ៉ា និង​ទី​២ អាច​ជា​យុទ្ធសាស្ត្រ​មួយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការរំលាយ​កិច្ចព្រមព្រៀង ព្រោះ​កិច្ចព្រមព្រៀង​នេះ បានបញ្ជាក់​ច្បាស់​ពី​ការរៀបចំ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថ្មី ​។

លោក​នី ចរិយា បញ្ជាក់ថា តាម​លោក​ពិនិត្យមើល និង​តាមដាន​ការចរចា​នេះ លោក​យល់ថា ចេតនា​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​មិន​ចង់បាន គជប ថ្មី​នោះ​ទេ​។ ដូច្នេះ​វា​អាច​ជា​ចេតនា​បញ្ឆេះ​ភ្លើងកំហឹង ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ រំលាយ​កិច្ចព្រមព្រៀង​ដោយ​ខ្លួនឯង នៅពេល​នោះ​អ្វីៗ​នឹង​ចប់ ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចូល​ក្នុង​សភា​ទៅហើយ៖ «​អាច​ជា​ការអុជ​ ឲ្យមាន​ភ្លើង​មួយ​ឆេះ គឺ​ថា​ធ្វើ​អ៊‍ីចឹង​ទៅ​ដើម្បី​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ទប់ខ្លួន​មិនបាន ទប់​កំហឹង​មិន ក៏​អាច​ឆេះឆាប​ទៅ រំលាយ​កិច្ចព្រមព្រៀង​នេះ​ទៅ​។ ដល់​ពេល​រំលាយ​កិច្ចព្រមព្រៀង គឺថា គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចូល​ក្នុង​សភា​ហើយ អី​ហើយ អ៊‍ីចឹង​ដំណើរការ​សភា​ត្រឹមត្រូវ​ហើយ ក៏ប៉ុន្តែ​មិន​អាច​ទៅ​បង្កើត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថ្មី​ បាន​។ អ៊‍ីចឹង​ទេ គណបក្ស​ប្រជាជន​នឹង​យក​ឱកាស​នេះ សម្រាប់​ប្រើប្រាស់​ក្នុង​ការប្រើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ចាស់​ហ្នឹង​បន្តទៅទៀត​»​



No comments:

Post a Comment