Paris Peace Accords 23 Oct. 1991

Monday, September 8, 2014

ក្រុម​ការងារ​ បក្ស​ទាំង​២ ​បន្ត​កិច្ចប្រជុំ​ វិសោធនកម្ម​ ច្បាប់​បោះ​ឆ្នោត ​ថ្ងៃ​ ៨ កញ្ញា | Both parties continue work on Sept. 8 to amend Constituion on election law

ក្រុម​ការងារ​ បក្ស​ទាំង​២ ​បន្ត​កិច្ចប្រជុំ​ វិសោធនកម្ម​ ច្បាប់​បោះ​ឆ្នោត ​ថ្ងៃ​ ៨ កញ្ញា

RFA / ​វិទ្យុ ​អាស៊ី សេរី | ៨ កញ្ញា ២០១៤

បោះ​ឆ្នោត ភ្នំពេញ ២០១៣
ពលរដ្ឋ​ចូល​រួម​បោះ​ឆ្នោត​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ នីតិកាល​ទី​៥ នា​មណ្ឌល​បោះ​ឆ្នោត ក្នុង​សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែនជ័យ នៅ​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៣។  RFA/Mom Sophon

ក្រុម​ការងារ​ គណបក្ស​ ជាប់​ឆ្នោត​ ទាំង​ពីរ​ បន្ត​កិច្ចប្រជុំ​ ក្រុម​ ការងារ​ វិសោធនកម្ម ច្បាប់​បោះ​ឆ្នោត​ នៅ​ថ្ងៃ​ ទី​៨ ខែ​កញ្ញា។  ក្រុម​ចរចា​ បក្ស​ទាំង​ពីរ​ គ្រោង​ជជែក​គ្នា ​ពី​តួនាទី ​និង​ភារកិច្ច​ គណៈកម្មការ ​ឃុំ​ រៀបចំ​ ការ​បោះឆ្នោត ​ដើម្បី​ ធានា​ ថា, មន្ត្រី​ រៀបចំ​ ការ​បោះឆ្នោត​ នៅ​ថ្នាក់​មូលដ្ឋាន​ ជំនាន់​ក្រោយ​ អាច​បំពេញ​ ការងារ​ ប្រកប​ ដោយ​តម្លាភាព។

សេចក្ដី​ស្នើ​ច្បាប់ ​ដែល​គណបក្ស​ ទាំង​ពីរ​ គ្រោង​ នឹង​ពិនិត្យ​ នៅ​រសៀល​ ថ្ងៃ​ ទី​៨ ខែ​កញ្ញា នោះ រៀប​​រាប់ លំអិត​ តាំង​ពី​របៀប​ ជ្រើសរើស ​មន្ត្រី​ រៀបចំ​ ការ​បោះឆ្នោត ​ថ្នាក់​ឃុំ និង​ថ្នាក់​ការិយាល័យ រហូត​ ដល់​ប្រាក់​កម្រៃ ​ក្នុង​ពេល​បំពេញ​ ការងារ ​របស់ ​មន្ត្រី​ទាំង​នោះ។  ប៉ុន្តែ ​ខ្លឹមសារ​ លំអិត​ នៃ​សេចក្ដី ​ស្នើ​ច្បាប់​​​នោះ​ មិន​ទាន់ ត្រូវ​ បាន​បង្ហាញ​ ឲ្យ​ដឹង ​នោះ​ឡើយ។


​ប្រធាន ​ក្រុម​ចរចា ធ្វើ​វិសោធនកម្ម​ ច្បាប់​បោះ​ឆ្នោត​ គណបក្ស​ សង្គ្រោះ​ជាតិ លោក គួយ ប៊ុនរឿន មាន​ប្រសាសន៍​ថា គណបក្ស​ទាំង​ពីរ​នឹង​ពន្លឿន​កិច្ចពិភាក្សា​ពី​សេចក្ដី​ស្នើ​ច្បាប់​បោះឆ្នោត ​ថ្មី​នេះ​ឲ្យ​បាន​ឆាប់ ហើយ​គ្រោង​បញ្ជូន​ឲ្យ​សភា​ពេញ​អង្គ​ពិនិត្យ​និង​អនុម័ត​នៅ​ដើម​ខែ​តុលា ខាង​មុខ។

លោក​បន្ត​ថា គណបក្ស​ទាំង​ពីរ​នឹង​ពិគ្រោះ​ឲ្យ​គ្រប់​ជ្រុងជ្រោយ​ជា​មុន​សិន តាំង​ពី​មូលដ្ឋានគ្រឹះ​ដែល​ដក​ស្រង់​ចេញ​ពី​ច្បាប់​ចាស់ និង​មតិ​យោបល់​នានា​ដែល​សង្គម​ស៊ីវិល​បាន​លើក​ឡើង៖ «សប្ដាហ៍​ក្រោយ​ថ្ងៃ​ ច័ន្ទ​នេះ យើង​នឹង​ជជែក​គ្នា​បន្ត​ទៀត​ពី​តួនាទី​គណៈកម្មការ​ឃុំ​និង​ថ្នាក់​ការិយាល័យ ជា​ស្មារតី​ឯកភាព​របស់​គណបក្ស​ទាំង​ពីរ​ហ្នឹង ធ្វើ​ម៉េច​ពន្លឿន​ពេល​សភា​ចូល​​បវេសនកាល​វិញ ដាក់​ពង្រាង​ហ្នឹង​ស្នើ​សុំ​ឲ្យ​សភា​ពិនិត្យ​អនុម័ត​និង​សម្រេច»

កាល​ពី​ថ្ងៃ​ច័ន្ទ​ដើម​សប្ដាហ៍​នេះ ភាគី​ទាំង​សង​ខាង​បាន​ព្រមព្រៀង​គ្នា​លើ​សេចក្ដី​ស្នើ​ច្បាប់​ដែល​ចែង​ពី​ តួនាទី​របស់​គណៈកម្មការ​ខេត្ត​រៀបចំ​ការបោះឆ្នោត។ សេចក្ដី​ស្នើ​ច្បាប់​បោះឆ្នោត​ថ្មី​នោះ ខុស​ពី​ច្បាប់​ចាស់​នៅ​ត្រង់​ថា ច្បាប់​នេះ​នឹង​មាន​ចែង​ពី​បុព្វសិទ្ធិ​របស់​ប្រធាន​និង​អនុ​ប្រធាន​ព្រម​ ទាំង​បុគ្គលិក​គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត។ បើ​ច្បាប់​ត្រូវ​បាន​អនុម័ត​មែន​នោះ នៅ​ថ្ងៃ​អនាគត​ប្រធាន​គណៈកម្មការ​ខេត្ត​រៀបចំ​ការ​ឆ្នោត​នឹង​មាន​តួនាទី​ ស្មើ​នឹង​ប្រធាន​នាយកដ្ឋាន អនុ​ប្រធាន​គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត​មាន​តួនាទី​ស្មើ​អនុ​ ប្រធាន​នាយកដ្ឋាន ហើយ​សមាជិក​ថ្នាក់​ខេត្ត​នោះ​មាន​តួនាទី​ស្មើ​នឹង​ប្រធាន​ការិយាល័យ​ក្នុង​ ស្ថាប័ន​រដ្ឋមន្ត្រី​ថ្នាក់​ខេត្ត​ទាំង​នេះ នឹង​ត្រូវ​ជ្រើស​តាំង​ដោយ​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហើយ​ក៏​នឹង​មាន​ប្រាក់ខែ​ប្រហាក់​ប្រហែល​នឹង​តួនាទី​ទាំង​នេះ​ដែរ។

សមាជិក​សភា​ទាំង​អស់​នឹង​ចូល​ធ្វើ​ការ​ក្នុង​សភា​វិញ​នៅ​ថ្ងៃ​ទី​១ ខែ​តុលា បន្ទាប់​ពី​ពួកគេ​សម្រាក​វិស្សមកាល​អស់​រយៈពេល ៦​ខែ​មក​នោះ។ ច្បាប់​ដំបូង​ដែល​សភា​គ្រោង​នឹង​អនុម័ត​នោះ​ទំនង​ជា​អនុម័ត​លើ​វិសោធនកម្ម​ រដ្ឋធម្មនុញ្ញ ដែល​ចែង​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។

អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ពី​កិច្ចប្រជុំ​​របស់​ក្រុម​ការងារ​វិសោធនកម្ម​ ច្បាប់​បោះ​ឆ្នោត​នេះ​ទេ នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១៤។

ទោះ​ជា​គណបក្ស​ទាំង​ពីរ​កំពុង​ជជែក​គ្នា​ពី​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ បោះ​ឆ្នោត​ថ្មី​ក៏ដោយ​ចុះ តែ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​តែ​បំពេញ​ការងារ​ជា​ធម្មតា​ នៅ​ឡើយ។ គ.ជ.ប ថែម​ទាំង​ប្រកាស​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​២០ ខែ​តុលា ទៀត​ផង។ ដំណើរការ​ចុះ​ឈ្មោះ​បោះឆ្នោត​នេះ​នឹង​ត្រូវ​ចាយ​ថវិកា​ជាតិ​អស់​ប្រមាណ ១​លាន​ដុល្លារ។ សង្គម​ស៊ីវិល​ឲ្យ​រិះគន់​ថា ការ​រៀបចំ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​នេះ ដូចជា​ការ​ចាយ​លុយ​ជាតិ​ខ្ជះខ្ជាយ នៅ​ពេល​ដែល​កម្ពុជា កំពុង​ក្រីក្រ។ ក៏ប៉ុន្តែ គ.ជ.ប តប​វិញ​ថា ខ្លួន​ធ្វើតាម​ច្បាប់​ដែល​កំពុង​ឋិត​នៅ​ជា​ធរមាន៕


No comments:

Post a Comment