លោក ប្រេដ អាដាម៖ ច្បាប់កម្ពុជា មិនអាច បំបាត់ អំពើ ពុករលួយ ទ្រង់ទ្រាយ ធំ បានទេ
RFA / វិទ្យុ អាស៊ី សេរី | ៩ កញ្ញា ២០១៤
មន្ត្រីសិទ្ធិមនុស្ស អន្តរជាតិ លោក ប្រេដ អាដាម (Brad Adams) និយាយ ថា, ច្បាប់ប្រឆាំង អំពើ ពុករលួយកម្ពុជា មិនអាចបំបាត់ អំពើ ពុករលួយ ទ្រង់ទ្រាយធំ បានទេ, ហើយ ដែលត្រូវ កែប្រែ។ មន្ត្រីសិទ្ធិមនុស្ស អន្តរជាតិរូបនេះ ក៏ព្រមាន ថា, អំពើពុករលួយ នៅកម្ពុជា ប្រៀបដូច ជាគ្រាប់បែក កំណត់ពេល។ បើ មិនខិតខំ ដោះស្រាយ ដោយយកចិត្ត ទុកដាក់ មែនទែនទេ, វា អាច នឹងផ្ទុះឡើង នាពេល ឆាប់ៗ ខាងមុខ។
ក្នុងនាទី ច្បាប់សប្ដាហ៍នេះ លោក ជី វិតា មានបទសម្ភាសន៍ មួយ ជាមួយ លោក ប្រេដ អាដាម នាយកប្រតិបត្តិ ទទួលបន្ទុក ផ្នែកអាស៊ី នៃអង្គការ ឃ្លាំមើល សិទ្ធិមនុស្ស អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អំពីបញ្ហានេះ៖
លោក ជី វិតា៖ សួស្តី! លោក ប្រេដ អាដាម, លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធី បើកសន្និបាត ប្រឆាំង អំពើ ពុករលួយ ប្រចាំតំបន់ អាស៊ី ប៉ាស៊ីហ្វិក កាលពីព្រឹក ថ្ងៃ ទី៣ ខែកញ្ញា នៅរាជធានី ភ្នំពេញ, លោក ថ្លែងរិះគន់ អង្គការ អន្តរជាតិ ដែលវាយតម្លៃ ចំណាត់ថ្នាក់ ពុករលួយ ក្នុងប្រទេសក្រីក្រ ដូចជា កម្ពុជា ថា,មិនតម្លាភាព និងមិនយុត្តិធម៌។ តើ លោក មានការយល់ ឃើញយ៉ាងម៉េច ដែរ?
លោក ប្រេដ អាដាម៖ កម្ពុជា ជាប្រទេស ដែលមាន អំពើ ពុករលួយ ខ្លាំងបំផុតមួយ ដែលមិនអាច ប្រកែកបាន។ អ្នក ដែលពុករលួយ ភាគច្រើន គឺ ជាមន្ត្រី ដែលមាន យសស័ក្ដិ ធំៗ។ ឧទាហរណ៍ ដូចជាលោក ហ៊ុន សែន ក្នុងជីវិត ពេញវ័យ របស់លោក, លោក គឺ ជាមន្ត្រីរាជការ។ ប្រសិនបើ អ្នកបូកសរុប ប្រាក់ខែ, ប្រាក់បៀវត្ស តាំងពីគាត់ ចូលបម្រើការរដ្ឋ ទៅ នឹងលុយកាក់ ទ្រព្យសម្បត្តិ ផ្ទាល់ខ្លួន ទាំងអស់ របស់លោក ហ៊ុន សែន ដែលមាន សព្វថ្ងៃនេះ, អ្នក នឹងឃើញ ថា, វា មិនស៊ីសង្វាក់ គ្នាទេ ឬមិនអាចពន្យល់ បកស្រាយ បានទេ, ពីព្រោះ វា ច្រើន ខុសគ្នា ឆ្ងាយណាស់។ ដូចគ្នា ទៅនឹងមន្ត្រី ជាន់ខ្ពស់ ដទៃទៀតដែរ, ដូចជា លោក ឧបនាយករដ្ឋមន្ត្រី សុខ អាន និងថ្នាក់ដឹកនាំ ទាហាន និងប៉ូលិស ជាដើម។
ពួកគេ មានវីឡា ធំៗ និងរថយន្ត ទំនើប ថ្លៃៗ។ គ្មាន ពលរដ្ឋ កម្ពុជាណា ដឹងទេ ថា, លុយកាក់ ទ្រព្យសម្បត្តិ សម្បូរ ហូរហៀរ របស់ ពួកគេ ទាំងនោះ បានមក ពីណាទេ នៅខណៈ ប្រាក់ខែ របស់ ពួកគេ មានមិនច្រើន ទេនោះ។
ក្រៅពីនេះ ក៏មានអ្នកឧកញ៉ាច្រើនរាប់មិនអស់ ដែលមានទ្រព្យសម្បត្តិហូរហៀរនៅកម្ពុជា។ ពួកអ្នកឧកញ៉ាទាំងនោះ មានបានហូរហៀរតាមរយៈសូកប៉ាន់មន្ត្រីរាជការ អោយបានកិច្ចសន្យាធ្វើអាជីវកម្មកាន់កាប់ដីធ្លី និងធនធានធម្មជាតិនានា។
បញ្ហានេះ ជាការពិតដែលមិនមែនកើតឡើងតែនៅក្នុងប្រទេសកម្ពុជា ទេ ប៉ុន្តែក៏កើតមាននៅក្នុងប្រទេសផ្សេងៗទៀតក្នុងពិភពលោក។
អំពើពុករលួយ គឺជាការដំបៅសង្គម ដែលបណ្ដាលអោយមានអ្នកអត់ឃ្លានកើតមានច្រើន។ វាជាប្រធានបទដ៏ក្តៅមួយ ដែលបង្កអោយមានកំហឹង។ ប្រសិនបើអ្នកធ្វើការស្ទង់មតិអំពីបញ្ហាពុករលួយនៅកម្ពុជា និងនៅក្នុងប្រទេសមួយចំនួនទៀត លទ្ធផលនឹងបង្ហាញថា អំពើពុករលួយ គឺតែងតែឈរក្នុងលំដាប់ថ្នាក់ទី១ ដែលធ្វើអោយសាធារណជនក្តៅក្រហាយក្រៃលែង។ ខ្ញុំធ្វើការនៅក្នុងប្រទេសប៉ាគីស្ថាន (Pakistan) បង់ក្លាដេស (Bangladesh) ឥណ្ឌា (India) ប្រទេសថៃ (Thailand) វៀតណាម (Vietnam) និងចិន (China)។ អំពើពុករលួយក្នុងប្រទេសទាំងនោះ គឺជាបញ្ហាចម្បងបំផុតដែលធ្វើអោយមហាជនមានកំហឹងពុះកញ្ជ្រោល។
លោក ជី វិតា៖ លោកក៏ធ្លាប់ធ្វើការនៅក្នុងប្រទេសកម្ពុជា អស់រយៈពេលយូរឆ្នាំដែរ តើលោកអាចនិយាយបានទេថា អំពើពុករលួយនៅកម្ពុជា ឈានដល់កម្រិតណាហើយ?
លោក ប្រេដ អាដាម៖ ចំពោះកម្ពុជា មនុស្សជាច្រើនយល់ឃើញថា អំពើពុករលួយនាពេលបច្ចុប្បន្ន ប្រៀបដូចជាគ្រាប់បែកកំណត់ពេល ដែលរង់ចាំតែផ្ទុះ។ ខ្ញុំយល់ស្របទៅនឹងការយល់ឃើញនោះ។ ខ្ញុំយល់ថា ប្រសិនបើរដ្ឋាភិបាលមិនបោសសម្អាតអំពើពុករលួយទេ វិបត្តិសង្គមនឹងផ្ទុះឡើងនៅថ្ងៃណាមួយ។ ភស្តុតាងនៃសក្ដានុពលនេះ ស្ដែងចេញអោយឃើញខ្លះៗហើយ។ ឧទាហរណ៍ មូលហេតុមួយដែលគណបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជា ចាញ់ឆ្នោត ឬបាត់កៅអីច្រើនកន្លងទៅ គឺដោយសារតែប្រជាជនឆ្អែតឆ្អន់នឹងអំពើពុករលួយនេះឯង។ ពួកគេស្អប់ខ្ពើមអំពើពុករលួយរបស់មន្ត្រីរាជការ ដែលកេងប្រវ័ញ្ចជញ្ជក់ញើសឈាមពីរាស្ត្រ។
ដូច្នេះ វាដល់ពេលហើយដែលត្រូវធ្វើសកម្មភាពជាក់ស្តែង ជាជាងនិយាយតែមាត់ ក្នុងការបំបាត់អំពើពុករលួយ។ ការចង្អុលព្យាយាមចង្អុលរបស់ លោក ហ៊ុន សែន ទៅធនាគារពិភពលោក (World Bank) និងស្ថាប័នរូបិយវត្ថុអន្តរជាតិ (IMF) ថានៅទីនោះក៏មានអំពើពុករលួយដែរនោះ វាមិនអាចជួយកាត់បន្ថយកំហឹងរបស់ប្រជាពលរដ្ឋខ្មែរ ចំពោះអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា ឡើយ។ ប្រជារាស្ត្រខ្មែរចង់ដឹងថា តើពេលណាដែល លោក ហ៊ុន សែន ចាប់ផ្ដើមបោសសម្អាតអំពើពុករលួយ ដោយចាប់ផ្ដើមពីមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល។
លោក ជី វិតា៖ ចំពោះថា តើមន្ត្រីរាជការជាន់ខ្ពស់ មេប៉ូលិស និងមេទាហានទាំងនោះ ដែលមានមាសប្រាក់ទ្រព្យសម្បត្តិហូរហៀររាប់ភ្លេចទាំងនោះ ម្តងម្កាលពួកគេអះអាងថា ការដែលមានបានទាំងនោះ គឺដោយសារតែពួកគេ ឬក្រុមគ្រួសាររបស់គេមានមុខរបរជំនួញជួញដូរ។ តើលោកថាយ៉ាងម៉េចទៅអ៊ីចឹង?
លោក ប្រេដ អាដាម៖ ហាសហា! សុទ្ធតែកុហកទាំងអស់។ តើប្រពន្ធៗរបស់អ្នកមានអំណាចទាំងអស់នោះ បានទៅរៀនរបៀបធ្វើធុរកិច្ចនៅសាលាជំនាញណាខ្លះ ទើបបានជាមានជោគជ័យក្នុងការប្រកបអាជីវកម្មរកស៊ីខ្លាំងម្ល៉េះ? ពួកគេប្រហែលជាបានទៅរៀននៅសាលាមន្តវិជ្ជាការ ឬសិល្បៈវិធីណាមួយហើយមើលទៅ ដើម្បីរៀនធ្វើជាអ្នកជំនួញដ៏មានជោគជ័យសម្រាប់គ្រួសារខ្លួននោះ ប៉ុន្តែនេះជាចម្លើយដោះសាដែលគ្មាននរណាជឿទេ។
ចូរនិយាយពីការពិតវិញ។ រឿងជាក់ស្តែង គឺថាមន្ត្រីរាជការដែលពុករលួយ គឺពួកគេមានបានដោយទទួលសំណូក ទាមទារសំណូក ដើម្បីបញ្ចេញកិច្ចសន្យារវាងរដ្ឋ និងក្រុមហ៊ុន។ ពួកគេលួចយកថវិកាដែលបែងចែកសម្រាប់វិស័យយោធា ដូចជា សម្ភារៈ និងឧបករណ៍យោធា មានឯកសណ្ឋានសម្រាប់កងទ័ព ជាដើម។ ពួកគេលក់ទ្រព្យសម្បត្តិ ធនធានធម្មជាតិរបស់ជាតិ យកលុយដាក់ហោប៉ៅខ្លួន។ មិនចាំបាច់ជជែកប្រកែកអីទេ ពីព្រោះទាំងអស់នេះពិតជាបានកើតមាន។ លោក ហ៊ុន សែន ខ្លួនឯងទទួលស្គាល់ថា មានអំពើពុករលួយ។ ក្រុមប្រទេសម្ចាស់ជំនួយក៏ឃើញមានអំពើពុករលួយ ហើយរដ្ឋាភិបាលកម្ពុជា ក៏ប្រកាសប្ដេជ្ញាថា នឹងបំបាត់ដំបៅសង្គមនេះ។ ប៉ុន្តែសំណួរត្រង់ថា តើនៅពេលណា ទើបត្រូវបញ្ចប់បញ្ហាពុករលួយ? ហើយដែលត្រូវបញ្ចប់មុនពេលប្រទេសទាំងមូលក្ស័យធន ដួលគ្រឹបលែងដំណើរការកើតនោះ។
លោក ជី វិតា៖ ទាក់ទងទៅនឹងថា បញ្ចប់នៅពេលណានោះ គឺទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអង្គភាពប្រឆាំងនឹងអំពើពុករលួយបានប្រកាសថា ពួកគេកំពុងខិតខំធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីកម្ចាត់អំពើពុករលួយនៅកម្ពុជា ហើយដូចជាកន្លងមកនេះ ក៏បានចាប់ខ្លួន និងផ្ដន្ទាទោសមន្ត្រីមួយចំនួនទៀផង។ តើលោកមានសុទិដ្ឋិនិយម ឬក្តីសង្ឃឹមទេ?
លោក ប្រេដ អាដាម៖ នេះ គឺអ្វីដែលខ្ញុំចង់ឃើញ។ នៅពេលណាខ្ញុំឃើញមានមន្ត្រីដែលមានអំណាច ឬអ្នកនយោបាយដ៏មានឥទ្ធិពលទាំងឡាយណា ដែលមានសម្ព័ន្ធភាពស្និទ្ធស្នាលជាមួយនាយករដ្ឋមន្ត្រី ឬជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា ត្រូវបានស៊ើបអង្កេត ត្រូវបានចោទប្រកាន់ និងត្រូវបានចាប់ខ្លួនដោយស្ថាប័នឯករាជ្យ ពីបទពុករលួយ ពេលនោះទើបខ្ញុំចាប់ផ្ដើមជឿថា មានសញ្ញានៃសកម្មភាពបំបាត់អំពើពុករលួយចាប់ផ្ដើមមែនទែនហើយ។ បើមិនដូច្នេះទេ សកម្មភាពប្រឆាំងនឹងអំពើពុករលួយនៅកម្ពុជា គ្រាន់តែត្រូវគណបក្សកាន់អំណាចប្រើសម្រាប់បង្ក្រាបគណបក្សប្រឆាំង និងអ្នកទាំងឡាយណាដែលជំទាស់នឹងរដ្ឋាភិបាលតែប៉ុណ្ណោះ។
លោក ជី វិតា៖ លោកធ្លាប់និយាយថា ច្បាប់ប្រឆាំងអំពើពុករលួយខ្មែរមិនអាចចាប់ត្រីធំៗបានទេ។ តើហេតុអ្វីទៅ?
លោក ប្រេដ អាដាម៖ ច្បាប់នោះមិនមានប្រសិទ្ធភាពទេ ពីព្រោះអង្គភាពប្រឆាំងអំពើពុករលួយ ត្រួតត្រាគ្រប់គ្រងដោយមនុស្សដែលត្រូវបានចាត់តាំងដោយនយោបាយ មិនមែនគ្រប់គ្រងដោយអ្នកបច្ចេកទេសមានជំនាញ និងឯករាជ្យទេ។ នៅហុងកុង (Hong kong) និងសិង្ហបុរី (Singapore) ការប្រឆាំងអំពើពុករលួយទទួលបានជោគជ័យទៅបាន គឺដោយសារគណៈកម្មការប្រឆាំងអំពើពុករលួយ គ្រប់គ្រងដោយអ្នកបច្ចេកទេស មានជំនាញដែលឯករាជ្យពីអ្នកនយោបាយ ហើយមានធនធានគ្រប់គ្រាន់សម្រាប់ដំណើរការងារនេះ។ ប៉ុន្តែមានការគាំទ្រពីក្រុមអ្នកនយោបាយ អោយអនុវត្តបេសកកម្មនេះដោយឯករាជ្យ។
លោក ជី វិតា៖ ចំពោះបញ្ញត្តិប្រកាសទ្រព្យសម្បត្តិរបស់មន្ត្រីរាជការវិញ លោកថាយ៉ាងម៉េចដែរ?
លោក ប្រេដ អាដាម៖ កម្ពុជា មានច្បាប់ប្រកាសទ្រព្យសម្បត្តិខុសគេ ដែលគួរអោយចង់សើចណាស់។ ច្បាប់នេះចែងថា មន្ត្រីរដ្ឋាភិបាលត្រូវប្រកាសទ្រព្យសម្បត្តិដែលខ្លួនមាន។ ប៉ុន្តែត្រូវប្រកាសដាក់ក្នុងស្រោមសំបុត្រដោយស្ងាត់ៗ។ គ្មានប្រទេសណាមួយក្នុងពិភពលោកនេះ គេធ្វើច្បាប់ប្រកាសទ្រព្យសម្បត្តិដាក់ស្រោមសំបុត្រ មិនអោយសាធារណៈអ៊ីចឹងទេ។ គោលបំណងសំខាន់បំផុតនៃច្បាប់ប្រកាសទ្រព្យសម្បត្តិ គឺត្រូវប្រកាសជាសាធរណៈ ដើម្បីអោយប្រជាពលរដ្ឋកម្ពុជា ដឹងថា មេដឹកនាំប្រទេសរបស់ខ្លួនមានទ្រព្យសម្បត្តិប៉ុន្មាន? ហើយបើក្រោយពេលប្រកាសជាសាធារណៈ ឃើញថា មន្ត្រីណាមួយមានទ្រព្យសម្បត្តិច្រើនប្លែកពីធម្មតា មិនស៊ីសង្វាក់នឹងប្រាក់ខែខ្លួន ប្រជាពលរដ្ឋនឹងចាប់ផ្ដើមសួរថា តើគាត់បានមកពីណាច្រើនម្ល៉េះ? ហើយបើគ្មានការបកស្រាយត្រឹមត្រូវទេ វាអាចបានមកពីអំពើពុករលួយ។
ដូច្នេះ បើកម្ពុជា ចង់លុបបំបាត់អំពើពុករលួយដោយស្មោះមែន ត្រូវកែប្រែច្បាប់នេះចេញ ដោយតម្រូវអោយមានការប្រកាសទ្រព្យសម្បត្តិជាសាធារណៈ អោយគេឯងដឹងឮ មិនមែនប្រកាសដាក់ក្នុងស្រោមសំបុត្រ ដែលមានតែប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មានសិទ្ធិសម្រេចបើកមើលស្ងាត់ៗនោះទេ។ ហើយសមាសភាពនៃអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវជាមនុស្សឯករាជ្យ មិនមែនជាអ្នកនយោបាយជំនិតរបស់ លោក ហ៊ុន សែន ដូច លោក ឱម យ៉ិនទៀង នេះទេ។ ប្រសិនបើនាយករដ្ឋមន្ត្រីចាប់ផ្តើមធ្វើការកែទម្រង់ ដោយផ្លាស់ប្ដូរច្បាប់ និងតែងតាំងអ្នកដឹកនាំអង្គភាពប្រឆាំងអំពើពុករលួយ ដែលមានកេរ្តិ៍ឈ្មោះក្នុងសង្គម ឯករាជ្យពីនយោបាយ និងមានសមត្ថភាព សហគមន៍ជាតិ និងអន្តរជាតិ នឹងមានក្តីរំភើបថា ពីមុនមិនល្អមែន ប៉ុន្តែឥឡូវ រដ្ឋាភិបាលកម្ពុជា ចាប់ផ្ដើមប្រឆាំងអំពើពុករលួយមែនទែនហើយ។ រដ្ឋាភិបាលអាចនៅមានឱកាសកែលំអយ៉ាងដូច្នេះ។ មើលមិនឃើញដែរនៅថ្ងៃស្អែក លោក ហ៊ុន សែន អាចចាប់ផ្ដើមយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយមែន ទែន។
លោក ជី វិតា៖ អរគុណច្រើន លោក ប្រេដ អាដាម សម្រាប់ពេលវេលា៕
No comments:
Post a Comment