លោក ឈាង វុន ប្រកាស រៀបចំច្បាប់ គ្រប់គ្រង អ៊ីនធឺណិត ឲ្យបាន ក្នុងអាណត្តិ ទី៥
RFA / វិទ្យុ អាស៊ី សេរី | ២៥ កញ្ញា ២០១៤
លោក ឈាង វុន ប្រធាន គណៈកម្មការ កិច្ចការបរទេស, សហប្រតិបត្តិការ អន្តរជាតិ, ឃោសនាការ, និងព័ត៌មាន (ឬហៅ ថា, គណៈកម្មការ ទី៥ រដ្ឋសភា) ប្រកាស រៀបចំច្បាប់ ស្ដីពី ការគ្រប់គ្រង ប្រព័ន្ធអ៊ីនធឺណិត (Cyber Crime Law or Internet Law) ឲ្យបាន នៅក្នុងសភា អាណត្តិ ទី៥នេះ។
ប្រធាន គណៈកម្មការ ទី៥ រដ្ឋសភា ថ្លែង នៅក្នុង សន្និសីទកាសែត ថ្ងៃ ទី២៥ កញ្ញា ថា, ច្បាប់ ស្ដីពី ការគ្រប់គ្រង អ៊ីនធឺណិត មានភាពចាំបាច់ ដើម្បី ទប់ស្កាត់ បទល្មើស សង្គម និងរាំងស្កាត់ ការផ្សាយព័ត៌មាន គ្មានការពិត តាមអ៊ីនធឺណិត។
លោក ឈាង វុន លើកឡើង ថា, ប្រទេស ជាច្រើន នៅលើពិភពលោក មានច្បាប់ គ្រប់គ្រង អ៊ីនធឺណិតនេះ ជាយូរ មកហើយ និងលោក យល់ថា, ច្បាប់នេះ មានសារប្រយោជន៍ ក្នុងការទប់ស្កាត់ ការផ្សាយ ព័ត៌មាន អាសអាភាស, ប៉ះពាល់ យុវវ័យ ក្នុងសង្គម។
លោក ឈាង វុន៖ «ស្រុកណា ក៏មាន ច្បាប់នេះដែរ, គ្រាន់តែ ថា, យើង សរសេរ យ៉ាងម៉េច ឲ្យត្រឹមត្រូវ។ ឧបមា ថា, ឥឡូវនេះ គេ សរសេរ ស្អីមួយល្អ, អាពាក្យ សរសេរ ល្អនេះ មិនបានន័យ ថា, គេ សរសេរ មានន័យ អាក្រក់ទេ, អាគេទិតៀននេះ ក៏ល្អដែរ។ អានេះ យើង ត្រូវ កោតសរសើរគេ។ ត្រូវ លើកសរសើរ អ្នកសរសេរ ហ្នឹង។ ក៏ប៉ុន្តែ បើ គេ និយាយ ពីរឿងជ្រូក, រឿងអី យី [?] ពិបាក ទទួលដែរណា។ ខ្ញុំ មានកូន តូចៗ, មានចៅ ដែរហ្នឹង។ ទទួលយក ម៉េចបាន, អារឿង អ៊ីចឹងៗ។ អានេះ ត្រូវ មានច្បាប់ គ្រប់គ្រងហើយ។ យើង បង្ហោះព័ត៌មាន ផ្ដេសផ្ដាស ដូចជា យករូប ថ្នាក់ដឹកនាំម្នាក់, យកខ្លួនឆ្កែ, ក្បាលមនុស្ស ទៅដាក់។ អានេះ មិនមែន ព័ត៌មានទេ។ ត្រូវ ចែក ឲ្យដាច់, ស្អីហៅ ថា, ព័ត៌មាន; ស្អី មិនមែន ព័ត៌មាន។»
បច្ចុប្បន្ន ប្រទេសកម្ពុជា គ្មាន ច្បាប់គ្រប់គ្រង អ៊ីនធឺណិតទេ, ហើយ បទល្មើស ដែលកើតឡើង ទាក់ទង ការប្រើប្រព័ន្ធ អ៊ីនធឺណិត ដូចជាការជំរិត យកប្រាក់ បានកើតមាន ជាច្រើនករណី, ជាពិសេស មានជនជាតិ ចិន ប្រព្រឹត្ត បទល្មើសនេះ នៅកម្ពុជា។ លោក ឈាង វុន មានប្រសាសន៍ ថា, ដោយសារ ប្រទេសកម្ពុជា គ្មាន ច្បាប់គ្រប់គ្រង អ៊ីនធឺណិត នេះហើយ, នៅពេល មានបទល្មើស កើតឡើង អាជ្ញាធរ និងចៅក្រម តុលាការ បានប្រើ ក្រមព្រហ្មទណ្ឌ ដើម្បី ផ្ដន្ទាទោស ជនល្មើស ទៅវិញ។
លោក ឈាង វុន៖ «ប៉ុន្តែ ច្បាប់ ព្រហ្មទណ្ឌនេះ និយាយអត់ចំ cyber crime នេះទេ។ បទឧក្រិដ្ឋ ពីអ៊ីនធឺណិត នេះទេ។ អ៊ីចឹងហើយ បានជានៅ ទីក្រុងហ្សឺណែវ, គេ មានបង្កើត អង្គការមួយ ហៅថា អាយធីយូ (ITU), ហើយ គាត់ ទទួលខុសត្រូវ លើសកលលោក តែម្តង។ គាត់ បានអញ្ជើញខ្ញុំទៅ, ហើយ គាត់ ថា ឯកឧត្តម ជាអ្នកទទួល ខុសត្រូវ ខាងគណៈកម្មការ ព័ត៌មាន របស់ រដ្ឋសភា, ដូច្នេះ ឯកឧត្តម ត្រូវ ជំរុញយ៉ា ងណា ឲ្យបង្កើត ច្បាប់នេះ ជាបន្ទាន់, គឺ ការគ្មាន ច្បាប់គ្រប់គ្រង នេះហើយ ដែលធ្វើ ឲ្យសង្គមខូច ទៅថ្ងៃក្រោយ។ ហើយ យុវជនយើង អត់មាន អនាគត។ នៅក្នុង អ៊ីនធឺណិត, កុនកូនជ្រូក មានពាស វាលពាសកាល។ នៅស្រុកគេ អត់បានទេ អាហ្នឹង។»
គម្រោងរៀបចំឲ្យមានច្បាប់ស្ដីពីគ្រប់គ្រងអ៊ីនធឺណិតនេះ តែងតែមានការជំទាស់ពីសំណាក់អង្គការមិនមែនរដ្ឋាភិបាល ដោយសារច្បាប់នេះអាចប៉ះពាល់ដល់សេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិក្នុងការទទួលព័ត៌មាន។
ប្រធានក្រុមប្រឹក្សាភិបាលរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា លោកមិនគាំទ្រចំពោះគំនិតផ្ដួចផ្ដើមរៀបចំច្បាប់ស្ដីពីការគ្រប់គ្រង អ៊ីនធឺណិតនេះទេ ពីព្រោះនៅប្រទេសកម្ពុជា មាត្រាមួយចំនួននៃក្រមព្រហ្មទណ្ឌ មានចែងអំពីការផ្ដន្ទាទោសអ្នកប្រព្រឹត្តិបទល្មើសតាមអ៊ីនធឺណិតបាន ហើយ៖ «ហើយបើយើងមើលពីខ្លឹមសារនោះ គឺយើងមានការព្រួយបារម្ភមែនទែន។ វាអាចទាក់ទងជាមួយសេរីភាពបញ្ចេញមតិដែរ។ ហើយអាចមានការជំរុញឲ្យមានការភ័យខ្លាចដល់យុវជនយើង ដែលថ្មីៗទើបទទួលបានសេរីភាពក្នុងការបញ្ចេញមតិតាមអ៊ីនធឺណិត។ ហើយបើតាមច្បាប់ព្រហ្មទណ្ឌវិញ អ្វីដែលខុសច្បាប់ ប្រទេសកម្ពុជា យើង គឺមានចែងក្នុងច្បាប់ព្រហ្មទណ្ឌទៅហើយ។ បើច្បាប់ព្រហ្មទណ្ឌចែងហើយ យើងមិនចាំបាច់មានច្បាប់ពិសេស ដែលផ្ដោតទៅលើការសម្ដែងមតិតាមអ៊ីនធឺណិតទេ។»
ការប្រើប្រាស់អ៊ីនធឺណិតកំពុងពេញនិយមនៅប្រទេសកម្ពុជា ហើយដោយសារប្រជាពលរដ្ឋ ជាពិសេសយុវវ័យ និយមប្រើបណ្ដាញសង្គម ដូចជា ហ្វេសប៊ុក (Facebook) ជាដើម ដើម្បីចែកចាយព័ត៌មាននេះហើយ ដែលធ្វើឲ្យការបោះឆ្នោតមានការប្រែប្រួលលទ្ធផល គឺគណបក្សប្រឆាំងបានទទួលអាសនៈ៥៥នៅក្នុងអាសនៈ១២៣របស់រដ្ឋសភា៕
No comments:
Post a Comment