Paris Peace Accords 23 Oct. 1991

Thursday, September 11, 2014

អ្នក​ធ្វើ​ការ ​ខាង​កុមារ​ ស្វែង​រក​ ដំណោះស្រាយ​ កាត់​បន្ថយ ​ការ​ប្រើ​ អំពើ​ហិង្សា ​លើ​កុមារ | Child advocates search for solutions to decreasing violence against children

អ្នក​ធ្វើ​ការ ​ខាង​កុមារ​ ស្វែង​រក​ ដំណោះស្រាយ​ កាត់​បន្ថយ ​ការ​ប្រើ​ អំពើ​ហិង្សា ​លើ​កុមារ

RFA | កញ្ញា ២០១៤

ទារុណ្ឌកម្ម​កុមារ ព្រៃវែង ៦២០
កុមារា ​ដែល​ត្រូវ ​យុវជន​ម្នាក់​ ចាប់​ជ្រមុជ​ទឹក និង​យុវជន​ ម្នាក់​ទៀត​ ជា​អ្នក ​ថតរូប នៅ​ស្រុក​ ពារាំង ខេត្ត ​ព្រៃវែង កាល​ពី​ថ្ងៃ​ ទី​២៨ ខែ​សីហា ឆ្នាំ​២០១៤។  Photo Facebook

បើ ​ទោះ​បី​ ជា​នៅ​ប្រទេស​ កម្ពុជា មាន​ច្បាប់​ និង​គោល​នយោបាយ រួម​ទាំង​ យន្តការ​ ពាក់ព័ន្ធ​ នឹង​កិច្ច​ការពារ​ កុមារ​ ជា​ច្រើន ​ត្រូវ​ បាន​ បង្កើត​ឡើង ​យ៉ាង​ណា ​ក៏​ដោយ ក៏​បញ្ហា​ ប្រឈម​ ពាក់ព័ន្ធ​ នឹង​អំពើ​ហិង្សា​ ប្រឆាំង​កុមារ និង​ការ​ដាក់ ​ទណ្ឌកម្ម​ លើ​កុមារ ​នៅ​តែ​ កើត​មាន។

កុមារ​ បាន​រងគ្រោះ ​ដោយ​អំពើ​ហិង្សា និង​ទារុណកម្ម ​លើ​រូបរាង​កាយ នៅ​តាម​ផ្ទះ, សាលា​រៀន, កន្លែង​ធ្វើ​ការ, និង​នៅ​ក្នុង​ សហគមន៍។  ចំណែក ​ឯ​បញ្ហា​ កុមារ​ សុំ​ទាន និង​ប្រកប ​របរ​ ផ្សេងៗ ​នៅ​តាម​ដង​ផ្លូវ នៅ​តែ​ មាន​បរិមាណ ​គួរ​ ឲ្យ​កត់​សម្គាល់។

អង្គការ​ មិនមែន​ រដ្ឋាភិបាល ​ធ្វើការ ​លើក​ស្ទួយ​សិទ្ធិ​ កុមារ, អាជ្ញាធរ​ ពាក់ព័ន្ធ, និង​បណ្ដាញ​កុមារ បន្ទាប់ ​ពី​ជួប​ប្រជុំ​គ្នា នឹង​ចងក្រង ​របាយការណ៍​ មួយ​ ដាក់​ជូន​ ស្ថាប័ន​រដ្ឋ​ ចំនួន​២ ដើម្បី​ ដាក់​បញ្ហា ​របស់​កុមារ ​ទៅ​ក្នុង​ ផែនការ​ សកម្មភាព ​របស់​ ស្ថាប័ន​ទាំង​ពីរ ​នោះ ឲ្យ​ដោះស្រាយ​ ការ​ប្រើប្រាស់ ​អំពើ​ហិង្សា​ និង​ទារុណកម្ម​ លើ​កុមារ​ ដែល​នៅ​តែ ​កើត​មាន។

អគ្គលេខាធិការ​ នៃ​សម្ព័ន្ធ​ អង្គការ​ មិនមែន ​រដ្ឋាភិបាល​ដើម្បី​សិទ្ធិ​ កុមារ លោក មាស សំណាង មាន​ប្រសាសន៍​ថា ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ និង​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី នឹង​ទទួល​បាន​របាយការណ៍​មួយ​ដែល​បាន​មក​ពី​ការ​វែកញែក​នៅ​ក្នុង​កិច្ច​ ពិភាក្សា​នៅ​ពេល​នេះ។  លោក​ ថា ពួកគាត់​នឹង​ចងក្រង​ជា​របាយការណ៍​ពី​បញ្ហា​ប្រឈម ភាព​រងគ្រោះ និង​អំពើ​ហិង្សា ទារុណកម្ម​មក​លើ​កុមារ រួម​ទាំង​អនុសាសន៍​ផង ដាក់​បញ្ចូល​ទៅ​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ត្រីមាស​របស់​ក្រុម​ប្រឹក្សា​ ជាតិ​កម្ពុជា​ដើម្បី​កុមារ​នៅ​អំឡុង​ខែ​តុលា និង​ខែ​វិច្ឆិកា។

មាស សំណាង 620
អគ្គលេខាធិការ​ នៃ​សម្ព័ន្ធ​ អង្គការ​ មិនមែន ​រដ្ឋាភិបាល​ ដើម្បី​ សិទ្ធិ​កុមារ លោក មាស សំណាង ផ្ដល់​បទសម្ភាសន៍ ​ក្នុង​កិច្ច​ពិភាក្សា ​ថ្នាក់​ជាតិ ស្ដីពី​ អំពើ​ហិង្សា ​លើ​កុមារ កាល​ពី​ថ្ងៃ​ ទី​១០ កញ្ញា ឆ្នាំ​២០១៤ នា​រាជធានី ​ភ្នំពេញ។ RFA/Khe Sonorng
ការ​ថ្លែង​នេះ នៅ​ក្នុង​កិច្ច​ពិភាក្សា​ថ្នាក់​ជាតិ ស្ដីពី​អំពើ​ហិង្សា​លើ​កុមារ​ និង​ផល​ប៉ះពាល់​លើ​ការ​រស់​នៅ​របស់​កុមារ នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា នៅ​រាជធានី​ភ្នំពេញ។

កុមារ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា បច្ចុប្បន្ន​កំពុង​រងគ្រោះ​ដោយ​អំពើ​ហិង្សា និង​អំពើ​ទារុណកម្ម​នៅ​តាម​ទីកន្លែង​នានា ដូចជា​នៅ​តាម​ផ្ទះ សាលា​រៀន កន្លែង​ធ្វើការ និង​នៅ​ក្នុង​សហគមន៍។ ចំណែក​ឯ​អ្នក​ដែល​បាន​ប្រើប្រាស់​ហិង្សា​មក​លើ​កុមារ​មាន​ពី​សំណាក់​ក្រុម​ គ្រួសារ គ្រូបង្រៀន អ្នក​ថែទាំ​កុមារ​នៅ​ក្នុង​មណ្ឌល អ្នក​មាន​ទ្រព្យ​សម្បត្តិ និង​អ្នក​មាន​បុណ្យស័ក្ដិ​ដែល​យក​កុមារ​ទៅ​ធ្វើការ​ក្នុង​ផ្ទះ ការ​បង្ខិតបង្ខំ​ឲ្យ​កុមារ​ចេញ​ធ្វើ​ពលកម្ម​ដើម្បី​រក​លុយ​ជា​ដើម ។ល។ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​ការ​រីក​ចម្រើន​ផ្នែក​ប្រាជ្ញា​ ស្មារតី​របស់​កុមារ។

កុមារី​ឈ្មោះ មុំ ចាន់ធឿន រស់​នៅ​ស្រុក​ស្វាយអន្ទរ ខេត្ត​ព្រៃវែង បាន​ថ្លែង​ថា មាន​ឪពុកម្ដាយ និង​អាណាព្យាបាល​ភាគ​ច្រើន​ក្នុង​សហគមន៍​គាត់​រស់នៅ​បាន​បង្ខំ​ឲ្យ​កុមារ​ បោះបង់​ការ​រៀន​សូត្រ ដើម្បី​ចេញ​រក​លុយ។

កុមារី​រូប​នេះ ស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សព្វផ្សាយ​ច្បាប់​ការពារ​កុមារ​ឲ្យ​បាន​ទូ​លំ​ទូលាយ។

ចំណែក​កុមារី​មួយ​រូប​ទៀត មក​ពី​បណ្ដាញ​កុមារ​អ្នក​តស៊ូ​មតិ ក្នុង​រាជធានី​ភ្នំពេញ កុមារី លីលី អាយុ ១៦​ឆ្នាំ បាន​លើក​យក​ករណី​ដែល​មិត្ត​របស់​នាង​បាន​រងគ្រោះ​ដោយ​អំពើ​ហិង្សា​ក្នុង​ គ្រួសារ​ដោយសារ​ឪពុក​ម្ដាយ​បង្ខំ​ឲ្យ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ។
នាង​បាន​ដំណាល​ដូច្នេះ។
សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ រវៀង ស្រុក​សំរោង ខេត្ត​តាកែវ អ្នកស្រី ជា សារឿន ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​នេះ​ដែរ មាន​មតិ​ថា ភាព​អសកម្ម​មួយ​ចំនួន​ក្នុង​ពេល​អន្តរាគមន៍​បាន​កើត​ឡើង​ដោយសារ​តែ​ខ្វះ​ កិច្ច​សហការ​ពី​ថ្នាក់​ដឹកនាំ​ឃុំ ឬ​មន្ត្រី​ពាក់ព័ន្ធ។


នៅ​ក្នុង​កិច្ច​ពិភាក្សា​នោះ មន្ត្រី​មក​ពី​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ ដែល​បាន​ឡើង​ធ្វើ​បទ​បង្ហាញ​បាន​បដិសេធ​មិន​អត្ថាធិប្បាយ​នោះ​ទេ។

យ៉ាង​នេះ​ក្ដី លោក​មេធាវី សុក សំអឿន មាន​ប្រសាសន៍​ថា ថ្វី​ត្បិត​តែ​នៅ​កម្ពុជា​មាន​ច្បាប់ និង​គោល​នយោបាយ​ជា​ច្រើន​ដើម្បី​គាំពារ​កុមារ ក៏​ប៉ុន្តែ​លោក​មើល​ឃើញ​ថា កម្ពុជា​នៅ​ត្រូវ​ការ​មាន​តុលាការ​កុមារ និង​សភា​កុមារ​ដែល​ជា​ប្រព័ន្ធ​យុត្តិធម៌​របស់​កុមារ​ដាច់​ដោយ​ឡែក។ លោក​ថា មាន​តែ​ច្បាប់ ក៏​ប៉ុន្តែ​នៅ​មាន​កង្វះ​យន្តការ​ក្នុង​ការ​អនុវត្ត​ច្បាប់​ទាំង​នោះ។  ចំណែក​ការ​យល់​ដឹង​របស់​មន្ត្រី​ដែល​មាន​តួនាទី​ក្នុង​ការ​អនុវត្ត​ច្បាប់​ ពាក់ព័ន្ធ​កុមារ​នៅ​មាន​កម្រិត ដែល​ត្រូវ​ការ​ឲ្យ​មាន​ការ​យល់​ដឹង​បន្ថែម និង​គិតគូរ​ក្នុង​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​អនុវត្ត​សិទ្ធិ​កុមារ៕


No comments:

Post a Comment