Paris Peace Accords 23 Oct. 1991

Monday, September 15, 2014

អង្គការ​ ក្រៅ​រដ្ឋាភិបាល ​ស្នើ​រដ្ឋាភិបាល ​បន្ត​ជំរុញ​ ឲ្យ​មាន ​លទ្ធិប្រជាធិបតេយ្យ | Civil society calls on govt to have more democracy

អង្គការ​ ក្រៅ​រដ្ឋាភិបាល ​ស្នើ​រដ្ឋាភិបាល ​បន្ត​ជំរុញ​ ឲ្យ​មាន ​លទ្ធិប្រជាធិបតេយ្យ

RFA / ​វិទ្យុ ​អាស៊ី សេរី | ១៤ កញ្ញា ២០១៤

គល់ បញ្ញា ៦១០
នាយកប្រតិបត្តិ ​គណៈកម្មាធិការ ​ដើម្បី​ ការ​បោះ​ឆ្នោត​ ដោយ​សេរី​ និង​ត្រឹម​ត្រូវ​ នៅ​កម្ពុជា (Comfrel) លោក គល់ បញ្ញា ផ្ដល់​បទសម្ភាសន៍ ​ដល់​អ្នក​កាសែត ​នៅ​ថ្ងៃ​ ទី​២៦ ធ្នូ ២០១៣។  RFA/Tin Zakariya

នៅ​ក្នុង​ទិវា​ អន្តរជាតិ ​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ ទី​១៥ ខែ​កញ្ញា, ក្រុម​អង្គការ​ សមាគម​ ក្រៅ​រដ្ឋាភិបាល ​មួយ​ចំនួន ​នៅ​កម្ពុជា ស្នើ​ដល់​ រដ្ឋាភិបាល​ បន្ត​ជំរុញ​ ឲ្យ​មាន​ លទ្ធិប្រជាធិបតេយ្យ និង​បញ្ចូល​ស្ត្រី​ ក្នុង​វិស័យ​ នយោបាយ ​ឲ្យ​បាន​ច្រើន ​នៅ​ថ្ងៃ​អនាគត។  ប៉ុន្តែ​ មន្ត្រី​រដ្ឋាភិបាល ​អះអាង ​ថា, លទ្ធិប្រជាធិបតេយ្យ ឬ​សិទ្ធិ​ បញ្ចេញ​មតិ​ នៅ​កម្ពុជា រដ្ឋាភិបាល ​បាន​បើក​ចំហ​ ដល់​គ្រប់ ​គណបក្ស​ នយោបាយ និង​សង្គម​ស៊ីវិល ​ជាង​ប្រទេស​ មួយ​ចំនួន ​នៅ​ក្នុង​តំបន់។

ការ​ប្រារព្ធ​ ទិវា អន្តរជាតិ​នេះ ធ្វើ​ឡើង ​នៅ​សាកលវិទ្យាល័យ​ ខេមរៈ ដោយ​មាន ​តំណាង ​អង្គការ​ សមាគម​ មិនមែន ​រដ្ឋាភិបាល និង​និស្សិត​ មក​ពី​តាម​ សកល​វិទ្យាល័យ​នានា ​ចូល​រួម, ហើយ​ មានបំណង​ បង្ហាញ​ អំពី ​ស្ថានភាព​ ប្រជាធិបតេយ្យ ​កំពុង​កើត​មាន​ នៅ​កម្ពុជា។

លោក គល់ បញ្ហា នាយក​ប្រតិបត្តិ ​អង្គការ ​ខុមហ្វ្រែល (Comfrel) ស្ថិត​ក្នុង​ចំណោម​ សង្គម​ស៊ីវិល​ ផ្សេង​ទៀត បាន​ឲ្យ​ដឹង​ ថា,  ប្រទេស​កម្ពុជា មាន​ឧបសគ្គ​ ជា​ច្រើន​ ទាក់ទង​ ដំណើរការ​ ប្រជាធិបតេយ្យ។  ប៉ុន្តែ​ នៅ​ថ្ងៃ​ ទី​១៥ ខែ​កញ្ញា ជា​ថ្ងៃ​ទិវា​ អន្តរជាតិ​ ប្រជាធិបតេយ្យ​នេះ, អង្គការ​ សង្គម​ស៊ីវិល​ បាន​លើក​យក​ ប្រធានបទ ​ចំនួន៣​ មក​បង្ហាញ, មាន​ដូចជា ការ​ផ្សះផ្សា​ជាតិ ​ដើម្បី​ប្រជាធិបតេយ្យ, សមភាព ​រវាង ​ស្ត្រី​ និង​បុរស​ ក្នុង​វិស័យ​ នយោបាយ, និង​សេរីភាព ​ក្នុង​ការ​បញ្ចេញ​មតិ។

លោក ​បន្ត​ថា ចំណុច​ចម្បង​ ទាំង ៣​នេះ ទាមទារ​ ឲ្យ​រដ្ឋាភិបាល​ ជួយ​ជំរុញ និង​ត្រូវ​ ដំណោះស្រាយ ​ឲ្យ​បាន​ច្រើន​ នៅ​​ថ្ងៃ​អនាគត។


លោក គល់ បញ្ហា បញ្ជាក់​ថា ការ​ផ្សះផ្សា​ ជាតិ ​ដើម្បី​ ប្រជាធិបតេយ្យ គឺ​ ជា​មូលដ្ឋានគ្រឹះ ​ដ៏​សំខាន់ និង​ត្រូវ ​ធ្វើ​តាម ​រយៈ​ការ​បោះ​ឆ្នោត​ ដោយ​យុត្តិធម៌ ​ដើម្បី យក​អំណាច​ នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ។  ជាង​នេះ ការ​កំណត់​អាណត្តិ​របស់​នាយករដ្ឋមន្ត្រី​ត្រឹម​ពីរ​អាណត្តិ ឬ​ស្នើ រយៈពេល ១០​ឆ្នាំ គឺ​ មាន​សារសំខាន់ ​ក្នុង​ការ​ប្ដូរ​អំណាច​ដឹកនាំ ឬ​នីតិប្រតិបត្តិ​រវាង​អ្នក​នយោបាយ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។

លោក​ឲ្យ​ដឹង​ថា ស្ថានភាព​ប្រជាធិបតេយ្យ ឬ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អាច​នឹង​មាន​ភាព​ប្រសើរ​នៅ​ថ្ងៃ​អនាគត បន្ទាប់​ពី​គណបក្ស​នយោបាយ​ទាំង​ពីរ និង​រដ្ឋ​សភា រួមគ្នា​អនុវត្ត  និង​ធ្វើ ​វិសោធនកម្ម​ ច្បាប់ ​មួយ​ចំនួន ​ថ្មីៗ​នេះ ជាពិសេស​ បាន​បើក​ទីលាន​ប្រជាធិបតេយ្យ​ ឲ្យ​ពលរដ្ឋ​បាន​សម្ដែង​មតិ​ឡើង​វិញ៖ «យើង ​រក​ឃើញ​ ចំណុច ៣​ហ្នឹង​ ជា​ស្នូល​ នៃ​ដំណើរការ​ ប្រជាធិបតេយ្យ​ នៅ​កម្ពុជា អាច​មាន ​ការ​រីក​ចំរើន បើ​សិន​ជា​ មាន​ការ​ខិតខំ​ ប្រឹងប្រែង​ តាម​ឆន្ទៈ​ នយោបាយ, ការ​ដឹកនាំ​ រដ្ឋាភិបាល ​របស់ ​រដ្ឋ​សភា ដើម្បី​ យក​ទៅ​អនុវត្តន៍។  ចំណុច ​ចំនួន៣ ដែល​យើង ​ជួយ​ផ្ដល់​ យោបល់​ហ្នឹង, យើង​ គិត​ថា ប្រហែល​ ជា​ជួយ​ ឲ្យ​លទ្ធិប្រជាធិបតេយ្យ​ នៅ​កម្ពុជា នឹង​បោះ​ជំហាន​ ទៅ​មុខ​ នៅ​ក្នុង​អ្វី​ ដែល​ជា​គោលដៅ​ ធ្វើ​ឲ្យ​មាន ​ភាព​រុងរឿង​ នៅ​ក្នុង​ប្រទេស​ កម្ពុជា​យើង។»

ឆ្លើយ​តប​ បញ្ហា​នេះ លោក ផៃ ស៊ីផាន មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​បាន​បើក​ទូលាយ​ដល់​សិទ្ធិ​បញ្ចេញ​មតិ​ច្រើន​ជាង​ប្រទេស​មួយ​ ចំនួន​នៅ​ក្នុង​តំបន់ ហើយ​ថា សិទ្ធិ ឬ​លទ្ធិប្រជាធិបតេយ្យ គឺ​រដ្ឋាភិបាល​កម្ពុជា បាន​បើក​ទូលាយ​ដល់​គ្រប់​គណបក្ស​នយោបាយ និង​សង្គម​ស៊ីវិល​ដោយ​គ្មាន​ការ​រើស​អើង។

ទោះ​ជា​បែប​នេះ​ក្តី សង្គម​ស៊ីវិល​អះអាង​ថា កម្ពុជា​នៅ​មាន​ឧបសគ្គ ឬ​បញ្ហា​ជាច្រើន មាន​ដូចជា មិន​ទាន់​មាន​ការ​ផ្សះផ្សា​ជាតិ និង​សេរីភាព​បញ្ចេញ​មតិ​ឲ្យ​បាន​ទូលំទូលាយ​ទេ។

ត្រង់​ចំណុច​នេះ លោក ផៃ ស៊ីផាន បញ្ជាក់​ថា នៅ​លើ​ពិភពលោក​មិន​ទាន់​មាន​ប្រទេស​ណា​មួយ​ហ៊ាន​អះអាង​ថា ប្រទេស​ខ្លួន​មាន​ប្រជាធិបតេយ្យ ១០០​ភាគរយ​ទេ សូម្បី​តែ​សហរដ្ឋអាមេរិក ក៏​ស្ថិត​ក្នុង​ការ​តម្រង់​ទិស​ទៅ​មុខ​ជា​រហូត​ដែរ។ លោក​បន្ត​ថា ទោះ​បី​កម្ពុជា មិន​ទាន់​មាន​លទ្ធិប្រជាធិបតេយ្យ​បាន ១០០​ភាគរយ​បែប​ណា​ក្តី ក៏ប៉ុន្តែ​រដ្ឋាភិបាល​បាន​បង្កើត​ឲ្យ​មាន​ស្ថិរភាព​នយោបាយ សេដ្ឋកិច្ច និង​សិទ្ធិ​ក្នុង​ការ​សម្ដែង​មតិ ដោយ​គ្មាន​ការ​រើសអើង​ក្រុម ឬ​គណបក្ស​នយោបាយ​ណា​មួយ​ទេ ជាពិសេស ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ មក​ដល់​ឆ្នាំ​២០១៤។

លោក ផៃ ស៊ីផាន«នៅ​ក្នុង​លទ្ធិប្រជាធិបតេយ្យ ​យើង ​មើល​ឃើញ​អ្វី​ ដែល​បាន​ជះ ​ពី​ប្រជាធិបតេយ្យ ដែល​យើង​ កសាង​បាន គឺ​ សន្តិភាព និង​ស្ថិរភាព​ នយោបាយ, ហើយ​ បាន​ប៉ះ ​រហូត ដល់​កំណើន​ នៃ​សេដ្ឋកិច្ច​ កម្ពុជា​យើង។  យើង​ ឃើញ​មាន ៧,៥​ ភាគរយ នៃ​ផល ជីឌីភី (GDP)។  ចំពោះ​ ចំណូល​កើន​ជាង ១​ពាន់​ដុល្លារ​ក្នុង​មនុស្ស​ម្នាក់ៗ។ នេះ​ជា​ហេតុផល​ដែល​យើង​ទទួល​បាន និង​រហូត​ដល់​ពេល​នេះ យើង​ កំពុងតែ​ អបអរសាទរ​ នូវ​អ្វី​ ដែល​ជា​ទស្សនាទាន នៃ​លទ្ធិប្រជាធិបតេយ្យ, គឺ ​យើង​ បាន​ធ្វើ​ច្រើន​ណាស់។ ទាំង​នេះ ​គឺ​ ជា​សមិទ្ធផល​ ដែល​ត្រូវតែ​ គោរព, ត្រូវតែ​ វាយតម្លៃ​ខ្ពស់ និង​មោទនភាព​ សម្រាប់​យើង​ ជា​ខ្មែរ​ ទាំង​អស់​គ្នា។»

​យ៉ាង​ណា​ក៏ដោយ នៅ​ក្នុង​ទិវា​អន្តរជាតិ​ប្រជាធិបតេយ្យ​ឆ្នាំ​នេះ ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​នៅ​កម្ពុជា ក៏​បាន​រួមគ្នា​ចេញ​សេចក្ដី​ថ្លែងការណ៍ អបអរសាទរ​ដូច​គ្នា បណ្ដា​ប្រទេស​នៅ​លើ​ពិភពលោក​ដែល​ប្រារព្ធ​ទិវា​អន្តរជាតិ​នៃ​ លទ្ធិប្រជាធិបតេយ្យ ដើម្បី​គាំទ្រ​និង​រំលឹក​ពី​គុណ​តម្លៃ​ជា​សកល​នៃ​លទ្ធិប្រជាធិបតេយ្យ ហើយ​បាន​ស្នើ​ដល់​រដ្ឋាភិបាល​ចូល​រួម​គាំទ្រ និង​សហការ​ជំរុញ​ឲ្យ​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​រីក​ចម្រើន​ច្រើន​ថែម​ ទៀត​នៅ​ថ្ងៃ​អនាគត៕



No comments:

Post a Comment