Paris Peace Accords 23 Oct. 1991

Wednesday, September 3, 2014

សង្គម​ស៊ីវិល ​ស្វែង​រក​គន្លឹះ​ កសាង​សន្តិភាព​ ដាក់​ជូន​ គណ​បក្ស​ ជាប់​ឆ្នោត​ | Civil society explores ways to help elected parties find peace

សង្គម​ស៊ីវិល ​ស្វែង​រក​គន្លឹះ​ កសាង​សន្តិភាព​ ដាក់​ជូន​ គណ​បក្ស​ ជាប់​ឆ្នោត

RFI | ​២ កញ្ញា ២០១៤

ក្រុមអ្នកវិភាគនៅក្នុងវេទិកាស្តីពីការកសាងសន្តិភាពប្រកបដោយនិរន្តរភាពនៅកម្ពុជា។
ក្រុមអ្នកវិភាគ នៅក្នុងវេទិកា ស្តីពី ការកសាងសន្តិភាព ប្រកបដោយនិរន្តរភាព នៅកម្ពុជា។  RFI/ Seoung Phearak

កម្ពុជា ​គ្មាន​សង្គ្រាម​, ប៉ុន្តែ​ ក៏​មិន​ទាន់​មាន​ សន្តិភាព ​ពេញ​លេញ​ដែរ។ ​ នេះ​ ជា​ការ​កត់​សម្គាល់​ របស់ ​ក្រុម​អ្នក​វិភាគ​ នៅ​ក្នុង​វេទិកា​ ស្តី​ពី​ ការ​កសាង​សន្តិភាព​ ប្រកប​ដោយ​ និរន្តរភាព នៅ​ កម្ពុជា​។  ​វេទិកា​នេះ​ បាន​ប្រព្រឹត្ត​ទៅ​ ពេញ​មួយ​ថ្ងៃ​ នា​ថ្ងៃ ​ទី​២ ​ខែ​កញ្ញា​នេះ ​ក្នុង​ទី​ស្នាក់​ការ​ របស់​ វិទ្យា​ស្ថាន​ សន្តិភាព​ កម្ពុជា ​និង​អង្គការ​ យុវ​សន្តិភាព ​ក្នុង​ទី​ក្រុង ​ភ្នំពេញ​។ ​ អ្នក​វិភាគ​ និង​ក្រុម​យុវជន​ ដែល​បាន​ចូល​រួម ​ក្នុង​វេទិកា​នេះ​ ព្យា​យាម​ ស្វែង​រក​ គន្លឹះ​ កសាង​សន្តិភាព​ ដើម្បី​ ដាក់​ជូន​គណបក្ស​ ជាប់​ឆ្នោត ទាំង​ពីរ​។

អ្នក​ចូល​រួម ​ប្រមាណ​ជា ​១០០​នាក់​ ដែល​ភាគ​ច្រើន​ ជា​យុវជន ​បាន​ជួប​ជុំ​គ្នា ​ក្នុង​គោល​បំណង​ ជជែក​ ពិភា​ក្សា​ ពី​បញ្ហា​សន្តិ​ភាព​ នៅ​កម្ពុជា​។​  ទំនាស់​ដី​ធ្លី, ​បញ្ហា​សេរីភាព​ បញ្ចេញ​មតិ,​ អំពើ​ពុក​រលួយ,​ អយុតិធម៌​សង្គម, ដែល​ពល​រដ្ឋ​ ជា​ច្រើន ​បាន​ជួប​ប្រទះ ​ត្រូវ​ បាន​វា​គ្មិន​នា​នា ​ចាត់​ទុក​ ថា​ គឺ ​ជា​ដើម​ហេតុ ​បណ្តាល ​ឲ្យ​សន្តិភាព​ នៅ​កម្ពុជា ​មិន​ទាន់​មាន ​ស្ថិរ​ភាព​ គ្រប់​គ្រាន់ ​នៅ​ឡើយ​។


លោក​ សុខ​ ទូច​ អ្នក​វិ​ភាគ​ និង​ជា​វា​គ្មិន​ ក្នុង​វេទិកា​នោះ ​បាន​ថ្លែង​ ថា, ក្រៅ​ពី​មូល​ហេតុ​ ដែល​បាន លើក​ឡើង ​ខាង​ដើម​ កង្វះ​ចំ​ណេះ​ដឹង ​របស់ ​មេ​ដឹក​នាំ​ ក៏​ជា​មូល​ហេតុ​ ចម្បង​មួយ ​ផង​ដែរ​។   ដោយ​សារ​តែ ​បញ្ហា​នេះ​ហើយ​ ទើប ​សន្តិភាព ​របស់​ កម្ពុជា​ បាត់​បង់ ​ទៅ​វិញ ​ក្រោយទសវត្ស រ៍​ឆ្នាំ​៦០​។  លោក ​បន្ត​ថា​ ចំណេះ​ដឹង​របស់​មេ​ដឹក​នាំ​សំ​ខាន់​ណាស់​ តែ​ទន្ទឹម​នឹង​នោះ​ប្រជា​ពលរដ្ឋ​ក៏​ត្រូវ​មាន​ចំណេះ​ដឹង​គ្រប់​គ្រាន់​ដែរ​ ទើប​សង្គម​មួយ​អាច​ស្វែង​រក​សន្តិភាព​បាន​ពិត​ប្រាកដ​។

លោក ​ឡុង ​ខែត ​នាយក​ប្រតិបត្តិ​ នៃ​អង្គ​ការ​ យុវ​សន្តិភាព ​បាន​ថ្លែង​ ផង​ដែរ​ ថា, ​សន្តិភាព​ មិន​មែន​ មាន​ន័យ​ ថា ​ជា​ការ​គ្មាន​ សង្គ្រាម ​នោះ​ឡើយ​។  ​ដូច្នេះ ​ការ​សម្រេច​ ទិស​ដៅ ​ទៅ​រក​សន្តិភាព​ ពិតប្រាកដ​ កំ​ពុង​ស្ថិត ​នៅ​លើ ​ផ្លូវ​វែងឆ្ងាយ ​មួយ​ សម្រាប់​ ប្រ​ទេស​កម្ពុជា​។  ​ចំណែក​លោក ​ឡៅ ​ម៉ុងហៃ ​អ្នក​វិ​ភាគ​សង្គម​ និង​នយោ​បាយ ​ក៏​បាន​កត់​សម្គាល់ ​ដែរ​ ថា,​ ពល​រដ្ឋ​ ដែល​រស់​ ក្នុង​សន្តិភាព ​តែ ​គ្មាន​សេរីភាព​ គឺ​ មាន​ន័យ​ស្មើ​ នឹង​ទាសករ​។

យ៉ាង​ណា ​ក៏​ដោយ ​លោក​ សុខ​ ទូច​ បញ្ជាក់​ថា ​បើ​ប្រៀប​ធៀប​នឹង​ប្រ​ទេស​ជិត​ខាង​ កម្ពុជា​ជា​ប្រទេស​ដែល​មាន​សន្តិភាព​គួរ​សម​។ ​ ជាក់​ស្តែង​ កម្ពុជា​មិន​ទាន់​មាន​វិបត្តិ​នយោបាយ​ធ្ងន់​ធ្ងរ​ដូច​ប្រទេស​ជិត​ខាង​នោះ​ទេ ​។  លោក​ ផ្តល់​យោបល់​ថា ​ដើ​ម្បី​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ទទួល​បាន​សន្តិ​ភាព​ពេញ​លេញ ​លុះ​ត្រា​តែ​តំ​ណាង​រាស្ត្រ​បច្ចុប្បន្ន​ មិន​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ប្រ​ធាន​គណបក្ស​ មនុស្ស​គ្រប់​គ្នា​មិន​ថា​អ្នក​មាន​ឬ​អ្នក​ក្រ​ត្រូវ​ស្ថិត​នៅ​ក្រោម​ច្បាប់ ​តែ​មួយ ​ហើយ​ច្បាប់​មិន​ត្រូវ​ស្ថិត​នៅ​លើ​មាត់​អ្នក​មាន​អំ​ណាច​នោះ​ទេ។

គួរ​បញ្ជាក់​ដែរ​ថា ​វេទិកា​ពិ​ភាក្សា​នេះ​មាន​គោល​ដៅ​ប្រ​មូល​និង​ចង​ក្រង​គំ​និត​របស់​អ្នក​ ចូល​រួម​ទាំង​អស់​ដើ​ម្បី​ដាក់​បញ្ចូល​នៅ​ក្នុង​ញត្តិ​មួយ​។​ ញត្តិ​នោះ​នឹង​ត្រូវ​ផ្ញើរ​ទៅ​កាន់​គណ​បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ និង​ទៅ​រដ្ឋ​សភា​ដើ​ម្បី​ជា​ជំ​នួយ​ស្មារតី​ក្នុង​ការ​កសាង​វប្បធម៌​ សន្តិភាព​ប្រកប​ដោយ​និរន្តរ​ភាព​នៅ​កម្ពុជា​៕




No comments:

Post a Comment