សង្គមស៊ីវិល ជំរុញ ឲ្យគណបក្ស ទាំងពីរ ពន្លឿន សេចក្តីព្រាងច្បាប់ នៃការបោះឆ្នោត
RFA / វិទ្យុ អាស៊ី សេរី | ៤ កញ្ញា ២០១៤
ប្រធាន គណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី (ឆ្វេង)
ចាប់ដៃ ជាមួយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ក្រោយជំនួប ចរចា នាវិមាន ព្រឹទ្ធសភា នៅថ្ងៃ ទី២២ កក្កដា ២០១៤។ RFA/Tin Zakariya
អ្នកវិភាគ និងមន្ត្រី អង្គការ សង្គមស៊ីវិល ជំរុញ ឲ្យគណបក្ស នយោបាយ ទាំងពីរ ត្រូវ ពន្លឿន ធ្វើសេចក្ដី ព្រាងច្បាប់ ការរៀបចំ ការប្រព្រឹត្តិទៅ នៃគណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត (គ.ជ.ប.) និងសេចក្ដី ព្រាងច្បាប់ បោះឆ្នោត ឲ្យបានឆាប់ ដើម្បី ឈានទៅដល់ ដំណើរការ រៀបចំ បង្កើត អង្គការ រៀបចំ ការបោះឆ្នោត។
មន្ត្រី អង្គការ សង្គមស៊ីវិល លើកឡើង ថា, សេចក្ដីព្រាងច្បាប់ ដែលធ្វើឡើង គ្មាន អ្នកឯករាជ្យ ចូលរួមនេះ អាចអាក្រក់ ជាងច្បាប់ចាស់ ក៏ថាបាន ដែលករណីនេះ ទាមទារ ឲ្យយក អនុសាសន៍ ពីអង្គការ សង្គមស៊ីវិល ដែលស្នើឡើង ខ្លះ ដើម្បី ធ្វើឲ្យសេចក្ដី ព្រាងច្បាប់ ទាំងពីរនេះ ប្រព្រឹត្តទៅ បានល្អ។
អ្នកវិភាគ នយោបាយ លើកឡើង ថា, គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត ចាស់ កំពុងតែ ដំណើរការ ធម្មតានេះ ជាយុទ្ធសាស្ត្រ របស់ គណបក្ស ប្រជាជនកម្ពុជា ដើម្បី ឲ្យគណបក្ស សង្គ្រោះជាតិ ទទួលយក បញ្ជីឈ្មោះ បោះឆ្នោត ដែល គ.ជ.ប. បច្ចុប្បន្ន កំពុងតែធ្វើ។
អ្នកវិភាគ ពន្យល់ថា នៅខណៈ ដែលគណបក្ស នយោបាយ ទាំងពីរ កំពុងតែ ដំណើរការ ធ្វើសេចក្ដី ព្រាងច្បាប់ ទាក់ទង នឹងការបង្កើត អង្គការ រៀបចំ ការបោះឆ្នោត ថ្មី និងការធ្វើ វិសោធនកម្ម ច្បាប់បោះឆ្នោតនោះ, គ.ជ.ប. ចាស់ ត្រូវតែ ផ្អាកសកម្មភាព សិន។
ព្រឹទ្ធបុរស មហាវិទ្យាល័យ នយោបាយ និងទំនាក់ទំនង អន្តរជាតិ នៃសាកលវិទ្យាល័យ ខេមរៈ លោក ឯម សុវណ្ណរា មានប្រសាសន៍ ថា, ការរៀបចំ ស្ថាប័នបោះឆ្នោត ថ្មីនេះ នៅមាន ឧបសគ្គច្រើន ដែលគណបក្ស ទាំងពីរ ត្រូវ ធ្វើសេចក្ដី ព្រាងច្បាប់នេះ ឲ្យបាន ច្បាស់លាស់។ លោក ឲ្យដឹងថា, យន្តការ នៃការរៀបចំ ការបោះឆ្នោតនេះ មិនងាយស្រួល ដូចគណបក្ស ទាំងពីរ បានយល់ព្រម ក្នុងកិច្ចព្រមព្រៀង កាលពីថ្ងៃ ទី២២ កក្កដា នោះទេ។
នៅគ្រា ដែលកំពុងតែ ដំណើរការ ធ្វើសេចក្ដី ព្រាងច្បាប់ ស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត មិនទាន់បញ្ចប់ នៅឡើយ តែ គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត ចាស់ បានបន្ត សកម្មភាព ចុះឈ្មោះ និងពិនិត្យ បញ្ជីឈ្មោះ អ្នកបោះឆ្នោត ឆ្នាំ២០១៤។
ទាក់ទង នឹងបញ្ហានេះ អ្នកឃ្លាំមើល ផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត កែម ឡី មានប្រសាសន៍ ថា, សកម្មភាព គ.ជ.ប. ចាស់ នៅតែ បន្តនេះ ជាយុទ្ធសាស្ត្រ នយោបាយ មួយ របស់ គណបក្ស ប្រជាជនកម្ពុជា ដើម្បី កុំឲ្យ គណបក្ស សង្គ្រោះជាតិ តវ៉ា ច្រើនពេក ទាក់ទង នឹងសេចក្ដី ព្រាងច្បាប់ ទាំងពីរនេះ។ កាលណា គណបក្ស សង្គ្រោះជាតិ តវ៉ា ច្រើន នឹងអូសបន្លាយ ការបង្កើត ស្ថាប័ន បោះឆ្នោតថ្មី, នៅពេលនោះ ចង់ មិនចង់ គណបក្ស សង្គ្រោះជាតិ នឹងទទួលយក បញ្ជីឈ្មោះ បោះឆ្នោតថ្មី។
អគ្គលេខាធិការ គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត លោក ទេព នីថា បានឲ្យដឹង កាលពីថ្ងៃ ទី៣ ខែកញ្ញា ថា, ស្ថាប័ននេះ នឹងអនុវត្ត តាមបទបញ្ជា និងនីតិវិធី គ.ជ.ប. ឲ្យស្រប តាមច្បាប់ បោះឆ្នោត កំពុងស្ថិតនៅ ជាធរមាន នៅឡើយនោះ។ ហេតុដូច្នេះ រយៈពេល នៃការពិនិត្យ បញ្ជីឈ្មោះ, ការចុះឈ្មោះ បោះឆ្នោត, និងការផ្តល់ សុពលភាព លើបញ្ជី បោះឆ្នោត ប្រចាំឆ្នាំ ត្រូវ ចាប់ផ្ដើម ពីថ្ងៃ ទី១ ខែតុលា រហូត ដល់ថ្ងៃ ទី៣១ ខែធ្នូ ឆ្នាំ២០១៤។
លោក បន្ថែមថា នៅគ្រា មិនទាន់មាន ស្ថាប័ន គ.ជ.ប. ថ្មី ត្រូវ បានបង្កើតឡើងទេ គឺ គ.ជ.ប. ចាស់ នឹងនៅតែ បន្តសកម្មភាព របស់ខ្លួន ឲ្យស្របតាម នីតិវិធី បោះឆ្នោត មិនផ្លាស់ប្ដូរទេ៖ «ទោះបី ជាមាន ការព្រមព្រៀង រវាង គណបក្ស ថា នឹងកែទម្រង់ ការបោះឆ្នោត ឬក៏បង្កើតបញ្ជី បោះឆ្នោត ថ្មី ក៏ដោយ ក៏យើង ពុំទាន់ កំណត់ច្បាស់ ថា, តើ ការធ្វើបញ្ជី បោះឆ្នោត ថ្មីហ្នឹង ចុះឈ្មោះ ទាំងស្រុង ឬក៏ផ្អែក តាមបញ្ជី បោះឆ្នោតចាស់។ គ.ជ.ប. ត្រូវតែ ត្រៀម គ្រប់លក្ខណៈ សម្បត្តិ ទាំងអស់ ដើម្បី ធ្វើការ កែទម្រង់ ថ្មីផង និងដើម្បី អនុវត្តច្បាប់ ដែលនៅ ជាធរមានផង។»
គណបក្ស ជាប់ឆ្នោត ទាំងពីរ បានជួបគ្នា កាលពីថ្ងៃ ទី១ កញ្ញា និងបាន ឯកភាពគ្នា បានចំនួន ១២មាត្រា ក្នុងជំពូក ទី២ នៃសេចក្ដី ព្រាងច្បាប់ ស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត។
មន្ត្រីជាន់ខ្ពស់ គណបក្ស សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង មានប្រសាសន៍ ថា, កាលពីថ្ងៃ ទី១ កញ្ញា កន្លងទៅ គណបក្ស ទាំងពីរ បានជជែក អំពី ការបង្កើត អង្គការ រៀបចំ ការបោះឆ្នោត និងការរៀបចំ ការគណៈកម្មការ ខេត្ត រៀបចំ ការបោះឆ្នោត។ លោក បញ្ជាក់ ថា, តំណាង គណបក្ស ទាំងពីរ នឹងជួបគ្នាទៀត នៅដើមសប្ដាហ៍ក្រោយ នៅថ្ងៃ ទី៨ កញ្ញា។ លោក អេង ឆៃអ៊ាង សង្កត់ធ្ងន់ ថា, សេចក្ដី ព្រាងច្បាប់នេះ នឹងធ្វើ ឲ្យស្ថាប័ន បោះឆ្នោត នឹងក្លាយ ជាស្ថាប័នមួយ ឯករាជ្យ។
បន្ថែម ពីនេះទៀត ប្រធាន គណៈកម្មាធិការ អព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បី ការបោះឆ្នោត ដោយសេរី នៅកម្ពុជា លោក ហង្ស ពុទ្ធា លើកឡើង ថា, នៅក្នុងដំណាក់កាល គណបក្ស ទាំងពីរ កំពុងធ្វើ សេចក្ដីព្រាងច្បាប់ រៀបចំ អង្គការ រៀបចំ ការបោះឆ្នោតនេះ, គ.ជ.ប. ចាស់ ត្រូវតែ ផ្អាកសកម្មភាព របស់ខ្លួន ដើម្បី កុំឲ្យ ខាតថវិកា ជាតិ ច្រើន ក្នុងការ រៀបចំបញ្ជី បោះឆ្នោតនេះ ព្រោះ គណបក្ស ទាំងពីរ បានព្រមព្រៀង រៀបចំ បញ្ជីឈ្មោះ ថ្មី ហើយនោះ។
នៅក្នុងកិច្ចព្រមព្រៀង នយោបាយ របស់ គណបក្ស ជាប់ឆ្នោត ទាំងពីរ មុន នឹងបញ្ចប់ ការជាប់គាំង នយោបាយ, គណបក្ស ទាំងពីរ ឯកភាព រៀបចំ ក្បាលម៉ាស៊ីន គ.ជ.ប. ៩រូប, ក្នុងនោះ បេក្ខភាព មកពី គណបក្ស ទាំងពីរ ម្ខាង ៤រូប [និងមកពី សង្គមស៊ីវិល ៤រូបទៀត។?] មកទល់ពេលនេះ គណបក្ស ទាំងពីរ មិនទាន់ ជជែក អំពី ការរៀបចំ សមាសភាព គ.ជ.ប. ថ្មី នេះ នៅឡើយទេ, រង់ចាំ សភា អនុម័តច្បាប់ ស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត និងការអនុម័ត សេចក្ដីព្រាងច្បាប់ ការវិសោធនកម្ម ច្បាប់ បោះឆ្នោត ជាមុនសិន។
ទាក់ទង នឹងបញ្ហានេះ លោក អេង ឆៃអ៊ាង មានប្រសាសន៍ ថា, គណបក្ស ទាំងពីរ នឹងពន្លឿន ធ្វើសេចក្ដី ព្រាងច្បាប់ អង្គការ រៀបចំ ការបោះឆ្នោត, សេចក្ដីព្រាងច្បាប់ ស្ដីពី ច្បាប់បោះឆ្នោត, និងអនុម័ត សេចក្ដីព្រាង រដ្ឋធម្មនុញ្ញ មាត្រា៧ ថ្មី ក្នុងពេល ឆាប់ៗនេះ គឺ នៅពេល ដាច់ឆ្នាំ២០១៤។
ដំណើរការ រៀបចំ សេចក្ដីព្រាងច្បាប់ ស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃការរៀបចំ គណៈកម្មាធិការ ជាតិ រៀបចំ ការបោះ ឆ្នោតនេះ, គណបក្ស នយោបាយ ទាំងពីរ មិនបាន បើកចំហ ឲ្យឬទទួលយក អនុសាសន៍ ពីអង្គការ សង្គមស៊ីវិល ដែលបាន ទាមទារ ឲ្យយកអនុសាសន៍ របស់ ពួកគេ នៅឡើយ។
អ្នកឃ្លាំមើល ផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត កែម ឡី អះអាង ថា, ការធ្វើ សេចក្ដីព្រាងច្បាប់ ដែលគណបក្ស ទាំងពីរ កំពុងធ្វើ កំណែទម្រង់ នេះ អាចមិនល្អ ជាងច្បាប់ចាស់ ក៏ថាបាន ពីព្រោះ ការធ្វើសេចក្ដី ព្រាងច្បាប់ ទាំងនោះ ពុំបាន បើកចំហ និងទទួលយក អនុសាសន៍ របស់ អង្គការ សង្គមស៊ីវិលនោះ។
អនុសាសន៍ របស់ អង្គការ សង្គមស៊ីវិលនោះ, រួមមាន អង្គការ សង្គមស៊ីវិល ចង់ឲ្យមាន ការរៀបចំ អគ្គលេខាធិការដ្ឋាន នៃ គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត និងគណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត ខេត្ត-ឃុំ មានគណបក្ស ចម្រុះ និងមានអង្គការ សង្គមស៊ីវិល, ការធ្វើ សេចក្ដី សម្រេចចិត្ត របស់ គណៈកម្មាធិការ រៀបចំ ការបោះឆ្នោតនេះ សម្រេច ដោយសំឡេង ២ ភាគ៣, ចង់ឲ្យ មានប្រព័ន្ធ ឃោសនា ដោយឯករាជ្យ, និងមាន យន្តការ ដោះស្រាយ ទំនាស់ ការបោះឆ្នោត ឯករាជ្យ, ចង់ឲ្យមាន ប្រព័ន្ធ តាមដាន ការត្រួតពិនិត្យ ការប្រព្រឹត្តទៅ របស់ គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត និងករណី ផ្សេងៗទៀត៕
No comments:
Post a Comment