ក្លឹប អ្នកកាសែត អំពាវនាវ ដល់តុលាការ ខេត្ត កំពង់ឆ្នាំង ផ្ដល់យុត្តិធម៌ ដល់អ្នកកាសែត ៦នាក់
RFA / វិទ្យុ អាស៊ី សេរី | ៥ កញ្ញា ២០១៤
ក្លឹប អ្នកកាសែត កម្ពុជា ចេញសេចក្ដី ប្រកាសព័ត៌មាន មួយ នៅថ្ងៃ ទី៤ កញ្ញា អំពាវនាវ ដល់សាលាដំបូង ខេត្ត កំពង់ឆ្នាំង ឱ្យផ្ដល់យុត្តិធម៌ ពិតប្រាកដ ដល់អ្នកកាសែត ៦នាក់ ដែលនឹងត្រូវ បើកសវនាការ នៅថ្ងៃ ទី៩ កញ្ញា សប្ដាហ៍ក្រោយ។
មន្ត្រី ក្លឹប អ្នកកាសែត កម្ពុជា មួយរូប ដែលមិនចង់ បញ្ចេញឈ្មោះ និងសំឡេង ថ្លែងថា, អ្នកកាសែត ទាំង ៦នាក់ ត្រូវ សាលាដំបូង ខេត្ត កំពង់ឆ្នាំង ចេញដីកា កាលពីសប្ដាហ៍មុន បង្គាប់ ឱ្យចូលខ្លួន ក្នុងសវនាការ នៅថ្ងៃ ទី៩ កញ្ញា ដែលជាប់ចោទ ពីបទកំហែងយក។ មន្ត្រី ដដែល ឱ្យដឹងថា, អ្នកកាសែត ទាំងនេះ រងការ ចោទប្រកាន់ ពីបទកំហែងយក ប្រាក់ ពីអ្នករកស៊ី ដឹកឈើ កាលពីឆ្នាំ២០១១។
មេធាវី ជាប់កិច្ចសន្យា នៅមជ្ឈមណ្ឌល សិទ្ធិមនុស្ស កម្ពុជា ដែលការពារក្ដី អ្នកកាសែត ទាំង៦ នាក់នោះ គឺ លោក ឈឹម ច័ន្ទសត្យានន្ទ ថ្លែងថា, លោក បានទទួល ដីកា របស់ សាលាដំបូង ខេត្ត កំពង់ឆ្នាំង អំពី សវនាការ សំណុំរឿងនេះ នៅថ្ងៃ ទី៤ កញ្ញា។ លោក សង្ឃឹមថា, លោក នឹងអាច ដោះបន្ទុក កូនក្ដី របស់លោក នៅក្នុង សវនាការនោះ៖ «ពួកខ្ញុំ ជាមេធាវី។ ខ្ញុំ មិនហ៊ាន ថាទេ ព្រោះ អ្នក សម្រេច ជាលោកចៅក្រម។ អ៊ីចឹង មេធាវី តាមសាច់រឿង, គឺ ខ្ញុំ សង្ឃឹមច្រើន, ព្រោះ មើលទៅ អត់មាន ភស្តុតាង ដាក់បន្ទុក កន្លែងណាមួយ ដែលថា កូនក្ដីខ្ញុំ បានប្រព្រឹត្ត បទល្មើស ដូចការ ចោទប្រកាន់ទេ។ តាមខ្ញុំ សិក្សាសំណុំរឿង គឺ សាក្សី ដាក់បន្ទុក ទាំងអស់ហ្នឹង គឺ ភាគច្រើន ឆ្លើយមិនស៊ីសង្វាក់ ទៅនឹង អង្គហេតុ។ ចំណុច ឆ្លើយ ខុសៗគ្នា ទាំងអស់។ វា មិនបាន ឆ្លុះបញ្ចាំង ពីអង្គហេតុ ពិត, ថ្ងៃ កើតហេតុ ពិត។ អ៊ីចឹង កន្លែងហ្នឹងហើយ, វា ជាចំណុចមួយ ដែលយើង យកទៅដោះបន្ទុក កូនក្ដីយើង។»
លោកមេធាវី មានប្រសាសន៍បញ្ជាក់ថា កូនក្ដីលោកទាំង ៦នាក់ កំពុងនៅក្រៅឃុំ, ប៉ុន្តែក្នុងចំណោម ៦នាក់នោះ មាន ៣នាក់មានដីកាចាប់ខ្លួនពីសាលាដំបូងខេត្តកំពង់ឆ្នាំង។ លោក មិនទាន់ប្រាកដថា កូនក្ដីរបស់លោកនឹងចូលរួមសវនាការនៅថ្ងៃទី៩ កញ្ញា សប្ដាហ៍ក្រោយដែរ ឬយ៉ាងណាទេ ព្រោះនោះជាសិទ្ធិរបស់ពួកគាត់។ រីឯលោកជាមេធាវី នឹងចូលរួមសវនាការតំណាងឱ្យកូនក្ដីលោកទាំង ៦នាក់នោះ៖ «បីនាក់ទៀតដែលមានដីកាចាប់ខ្លួន យើងមិនដឹងទេ ជាសិទ្ធិរបស់គាត់។ គាត់ចូល ឬមិនចូលជារឿងរបស់គាត់ ព្រោះគាត់មានដីកាចាប់ខ្លួន។ គាត់ដឹងហើយថា គាត់ត្រូវចូល ឬមិនចូល។ តែបីនាក់ទៀត ដែលមិនមានដីកាចាប់ខ្លួន គាត់អាចនឹងមានវត្តមាន។ ខ្ញុំប្រើពាក្យថាអាចនឹងមានវត្តមាន។ ហ្នឹងជាសិទ្ធិរបស់គាត់។ គាត់ចូល ឬមិនចូលជាសិទ្ធិរបស់គាត់។ សំខាន់ឱ្យតែគាត់បានទទួលដំណឹងពីការកោះឱ្យចូលរួមសវនាការ។ តាមពិត ទោះជាគាត់មិនចូលក៏ដោយ គឺឥឡូវមានមេធាវីហើយ គឺមេធាវីខ្ញុំនឹងចូលការពារគាត់។ តែខ្ញុំជឿជាក់ថា កូនក្ដីបីនាក់ទៀតនឹងចូលតុលាការ ដើម្បីបង្ហាញភាពត្រឹមត្រូវរបស់គាត់ ដើម្បីឆ្លើយតបតុលាការអំពីហេតុការណ៍ពិត ដែលគេចោទប្រកាន់មកលើគាត់។»
សេចក្ដីប្រកាសព័ត៌មានរបស់ក្លឹបអ្នកកាសែតកម្ពុជា បង្ហាញថា អ្នកកាសែតដែលកំពុងជាប់ចោទក្នុងសំណុំរឿងរបស់សាលាដំបូងខេត្ត កំពង់ឆ្នាំង ទាំង ៦នាក់ គឺជាអ្នកយកព័ត៌មានឱ្យស្ថាប័នសារព័ត៌មានចំនួន៥ គឺមានកាសែតដើមអម្ពិល ទូរទស្សន៍អប្សរា កាសែតនគរវត្ត កាសែតប្រជាធិបតេយ្យ និងកាសែតថ្ងៃនេះ។
ក្លឹបអ្នកកាសែតកម្ពុជា កន្លងមក ធ្លាប់ធ្វើអន្តរាគមន៍ជាបន្តបន្ទាប់ទាក់ទងនឹងសំណុំរឿងនេះ ដោយការចេញសេចក្ដីថ្លែងការណ៍ និងធ្វើលិខិតទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីបញ្ជាក់ពីភាពមិនប្រក្រតីលើការចោទប្រកាន់អ្នកកាសែត និងសុំឱ្យស្ថាប័នជំនាញផ្ដល់យុត្តិធម៌ពិតប្រាកដដល់អ្នកកាសែតទាំង ៦នាក់។
សេចក្ដីថ្លែងការណ៍បន្តថា ទន្ទឹមនឹងការព្រួយបារម្ភអំពីសុវត្ថិភាព សេរីភាពអ្នកសារព័ត៌មាន ក្លឹបអ្នកកាសែតកម្ពុជា បានតាមដាន និងស្រាវជ្រាវឃើញថា អ្នកកាសែតទាំង ៦នាក់ ពុំបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរដូចការចោទប្រកាន់នោះឡើយ៕
No comments:
Post a Comment