សម្ព័ន្ធ កំណែទម្រង់ ការបោះឆ្នោត បន្តពិភាក្សា លើសេចក្ដី ស្នើច្បាប់ បោះឆ្នោត ថ្មី
RFA / វិទ្យុ អាស៊ី សេរី | ១ កញ្ញា ២០១៤
សម្ព័ន្ធ កំណែទម្រង់ ការបោះឆ្នោត (ហៅកាត់ ថា, អ៊ីរ៉ា ឬERA) បានបន្ត ពិភាក្សា ទៅលើសេចក្ដី ស្នើច្បាប់ ឬសេចក្ដីព្រាងច្បាប់ ស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត (គ.ជ.ប.) ដើម្បី ត្រៀមដាក់ជូន គណបក្ស ប្រជាជនកម្ពុជា និងគណបក្ស សង្គ្រោះជាតិ ដាក់បញ្ជូន ទៅក្នុងកំណែទម្រង់ ស្ថាប័នបោះឆ្នោត ឲ្យមាន ឯករាជភាព នៅថ្ងៃអនាគត។
កិច្ចពិភាក្សានេះ មានតំណាង អង្គការ មិនមែនរដ្ឋាភិបាល, គណបក្ស នយោបាយ ជាច្រើន បានចូលរួម, ប៉ុន្តែ មិនមាន វត្តមាន តំណាង គណបក្ស ប្រជាជនកម្ពុជា ចូលរួម តាមការអញ្ជើញ របស់ អ្នករៀបចំ កម្មវិធីទេ។
លោក គល់ បញ្ញា នាយកប្រតិបត្តិ អង្គការ ខុមហ្វ្រែល (Comfrel) ជាសមាជិក សម្ព័ន្ធ កំណែទម្រង់ ការបោះឆ្នោត ឬ អ៊ីរ៉ា បានឲ្យដឹង ក្នុងកិច្ចពិភាក្សា នៅព្រឹកថ្ងៃច័ន្ទ ទី១ ខែកញ្ញា នាសណ្ឋាគារ អ៊ីមភើរៀល (Imperial) ថា, សកម្មភាព របស់ អ៊ីរ៉ា ពេលនេះ គឺ ដើម្បី មានបំណង ចង់បាន ស្ថាប័ន បោះឆ្នោតមួយ ដែលឯករាជ្យ ពិតប្រាកដ នៅកម្ពុជា។
កិច្ចពិភាក្សាថ្ងៃនេះ គណបក្ស ប្រជាជនកម្ពុជា មិនបាន បញ្ជូនតំណាង មកចូលរួម ទៅតាម ការអញ្ជើញ របស់ អ៊ីរ៉ាទេ។ ប៉ុន្តែ សម្រាប់លោក កែវ ភីរម្យ សមាជិក សភា គណបក្ស សង្គ្រោះជាតិ ដែលចូលរួម ក្នុងកិច្ចពិភាក្សា ឲ្យដឹងថា, សេចក្ដីព្រាងច្បាប់ បោះឆ្នោត ដែលអ៊ីរ៉ា លើកឡើងនេះ, គណបក្ស សង្គ្រោះជាតិ នឹងយកទៅពិភាក្សា ដាក់បញ្ជូន ក្នុងកំណែទម្រង់ បោះឆ្នោត ឬច្បាប់បោះឆ្នោត ឲ្យបានច្រើន នៅថ្ងៃអនាគត។
លោក បន្តថា, កន្លងមក ក្នុងកិច្ចពិភាក្សា ធ្វើកំណែទម្រង់ បោះឆ្នោត រវាង គណបក្ស សង្គ្រោះជាតិ ជាមួយ គណបក្ស ប្រជាជនកម្ពុជា គឺ បានដាក់បញ្ជូន អនុសាសន៍ របស់ សង្គមស៊ីវិលបាន មួយចំនួនហើយ៖ «មកដល់ ពេលនេះ, ខ្ញុំ ឃើញ ការព្រមព្រៀងគ្នា មួយចំនួន ធំហើយ។ របៀប នៃការជ្រើសរើស សមាសភាព គណៈកម្មការ ទាំង៩រូបហ្នឹង។ យើង ពីរៀបចាត់ចែង ក្នុងការ ឲ្យមាន អគ្គលេខាធិការ ជាដើមហ្នឹង។ វា មិនខុសគ្នា ប៉ុន្មានទេ។»
ចំណែកលោក កែម ឡី អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម និងអ្នកវិភាគឯករាជ្យ ដែលចូលរួមក្នុងតុពិភាក្សានេះដែរ ថ្លែងថា សេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ គ.ជ.ប. ដែលអ៊ីរ៉ាកំពុងពិភាក្សាចែកចេញជា ៧ជំពូក និង ៤២មាត្រានេះ គួរត្រូវបន្ថែមជំពូក និងមាត្រាខ្លះទៀតចូលទៅក្នុងច្បាប់នេះ មានដូចជា៖ ត្រូវកំណត់ឲ្យច្បាស់ អំពីការប្រកាសលទ្ធផលនៅតាមការិយាល័យបោះឆ្នោតនីមួយៗ និងការប្រកាសលទ្ធផលបឋមនៅតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅល្ងាចថ្ងៃបោះឆ្នោត ឬការប្រកាសលទ្ធផលចុងក្រោយនៃលទ្ធផលបោះឆ្នោតឲ្យបានច្បាស់។ ជាងនេះ ក៏ត្រូវបង្កើតឲ្យមានគណៈកម្មការឯករាជ្យ និងបង្កើតឲ្យមានគណៈកម្មការសម្របសម្រួលនយោបាយនៅពេលមានការជាប់ គាំងនយោបាយក្រោយការប្រកាសលទ្ធផលបោះឆ្នោតជាដើម។
លោក កែម ឡី៖ «ស្នើឲ្យមានគណៈកម្មការឯករាជ្យសម្រាប់ស៊ើបអង្កេត ការបោះឆ្នោត។ អ៊ីចឹងយើងត្រូវដាក់ជំពូកមួយទាក់ទងទៅនឹងការរៀបចំគណៈកម្មការ ឯករាជ្យមួយនៅក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយពេលដែលមានភាពមិនប្រក្រតីច្រើន គឺគណៈកម្មការស៊ើបអង្កេតឯករាជ្យពីភាពមិនប្រក្រតីហ្នឹងដំណើរការ តែម្ដង។ អ៊ីចឹងអាហ្នឹងត្រូវមានមួយជំពូក និងមាន ២ ទៅ ៣មាត្រាទៀត។ នៅពេលដែលមានការជាប់គាំងខាងផ្នែកនយោបាយ យើងត្រូវមានការសម្របសម្រួលនយោបាយ។ អ៊ីចឹងការសម្របសម្រួលនយោបាយយើងត្រូវរៀបចំយន្តការមួយទៀត។»
ដោយមិនអាចអត់ទ្រាំ និងធ្លាប់មានបទពិសោធន៍ជូរចត់ក្នុងបញ្ហានេះ លោក ញឹក ប៊ុនឆៃ អគ្គលេខាធិការគណបក្សហ្វ៊ុនស៊ិនប៉ិច ថ្លែងថា សេចក្ដីព្រាងច្បាប់បោះឆ្នោតដែលអ៊ីរ៉ា កំពុងពិភាក្សាដាក់ជូនគណបក្សឈ្នះអាសនៈសភាទាំងពីរពេលនេះ គួរត្រូវកំណត់ការដាក់ទោសទណ្ឌ ដាក់ពិន័យជាប្រាក់ ឬដាក់ពន្ធនាគារឲ្យបានធ្ងន់ធ្ងរទៅដល់មន្ត្រីបម្រើការនៅក្នុង ស្ថាប័នបោះឆ្នោត ចាប់ពីថ្នាក់ជាតិដល់មូលដ្ឋាន ដែលបានប្រព្រឹត្តកំហុសពីច្បាប់បោះឆ្នោត។ ជាងនេះ ក៏ត្រូវដាក់ពិន័យឲ្យបានធ្ងន់ធ្ងរទៅដល់មន្ត្រីគ្រប់គណបក្សនយោបាយ នានា ដែលបានប្រព្រឹត្តខុសឆ្គងផ្ទុយពីច្បាប់បោះឆ្នោត ទើបស្ថាប័នបោះឆ្នោតនេះ មានឯករាជភាពនៅថ្ងៃខាងមុខ។
លោក ញឹក ប៊ុនឆៃ៖ «អ៊ីចឹងដើម្បីឯករាជ្យបានហ្នឹងវាត្រូវចងគាត់ នូវទោសបញ្ញត្តិហ្នឹងឲ្យធ្ងន់ធ្ងរដែរ ពីព្រោះច្បាប់បោះឆ្នោតយើងមុនហ្នឹងមិនមាននរណាខ្លាចទេ គឺធ្វើបំពាន ធ្វើខុសច្បាប់ មិនគោរពច្បាប់អ្វីទាំងអស់។ ចាប់បានមានភស្តុតាងគ្រប់គ្រាន់ គឺហ្វ៊ុនស៊ិនប៉ិចខ្ញុំចាប់បានច្រើនណាស់បោះឆ្នោតកន្លងមក ប៉ុន្តែវាអត់ប្រយោជន៍។ ទៅប្ដឹងឯណាក៏អត់ប្រយោជន៍? ប្ដឹងឯណា បើប្ដឹង គ.ជ.ប ជាអ្នកកាត់ក្តីដដែលហ្នឹង? បើសមាសភាពដែលនៅថ្នាក់រាជធាន-ខេត្ត ឬឃុំសង្កាត់ជាអ្នកប្រព្រឹត្តខុស។»
ត្រង់ចំណុចនេះ លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែល ថ្លែងថា នៅក្នុងជំពូក ៥ នៃសេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ គ.ជ.ប ដែលអ៊ីរ៉ាកំពុងពិភាក្សាគ្នានេះ ក៏បានកំណត់ពីទោសបញ្ញត្តិ ឬដាក់ទោសទណ្ឌដល់មន្ត្រី គ.ជ.ប គ្រប់លំដាប់ថ្នាក់ រាប់ទាំងការផាកពិន័យចាប់ពី ១០លានរៀល ដល់ ៥០លានរៀល និងរហូតបញ្ជូនទៅកាន់តុលាការផ្ដន្ទាទោសជាដើម៕
No comments:
Post a Comment