កំណែទម្រង់ ការបោះឆ្នោត មានការ ប្រទាញប្រទង់
VOA | ២៣ កញ្ញា ២០១៤
ភ្នំពេញ— ក្រុមមន្ត្រី សង្កេតការណ៍ ក្នុងប្រទេស កម្ពុជា បាននិយាយ ថា, ការចរចា រឿង កំណែទម្រង់ ការបោះឆ្នោត ជួបបញ្ហា ប្រទាញប្រទង់ខ្លះ ទោះ ជាគណបក្ស ទាំងពីរ បានធ្វើការ តាក់តែង សេចក្តីព្រាង រដ្ឋធម្មនុញ្ញ ទាក់ទង នឹងការកែទម្រង់ ការបោះឆ្នោត ហើយក្តី។ បញ្ហាទាំងនោះ, រួមទាំង រឿងសញ្ជាតិ ពីរ របស់ សមាជិក គណៈកម្មការ ជាតិ រៀបចំ ការបោះឆ្នោត ថ្មី, បញ្ហាគ្រួសារនិយម, និងបញ្ហា ជ្រើសរើស ប្រធាន គ.ជ.ប. ថ្មី ជាដើម។
គណបក្ស ទាំងពីរ--គឺ, គណបក្ស ប្រជាជនកម្ពុជា និងគណបក្ស សង្គ្រោះជាតិ--បានព្រមព្រៀងគ្នា ថា, នឹងកែទម្រង់ ការបោះឆ្នោត ឲ្យមាន លក្ខណៈសេរី និងយុត្តិធម៌ មែន។ តែ អ្នកតាម ឃ្លាំមើល ស្ថានការណ៍ នយោបាយខ្លះ បានកត់សម្គាល់ ថា, បញ្ហាយ៉ាងតិច បី ដែលគេ ដឹងថា នៅមាន ការប្រទាញប្រទង់គ្នា និងអាច ដាក់ជូន មេដឹកនាំ គណបក្ស ទាំងពីរ សម្រេច៖ គឺ, ការមិនចង់ ឲ្យសមាជិក គណៈកម្មការ ជាតិ រៀបចំ ការបោះឆ្នោត (គ.ជ.ប.) មានសញ្ជាតិ ពីរ, ការមិន ដាក់បញ្ចូល សាច់ញាតិ ដែលមាន ទាក់ទង នឹងមេដឹកនាំ គណបក្ស ទាំងពីរ, ហើយ នឹងការជ្រើសរើស ប្រធាន គ.ជ.ប. ជាដើម។ នេះ ជាការអះអាង របស់ លោកបណ្ឌិត ពុទ្ធា ហង្ស នាយកប្រតិបត្តិ នៃអង្គការ ឃ្លាំមើល ការបោះឆ្នោត មួយ ឈ្មោះ នីចហ្វ៊ិច។
«អ្វី ដែលទុក ឲ្យមេដឹកនាំ ទាំងពីរ សម្រេចនោះ គឺ ការសម្រេច តែងតាំង ប្រធាន គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត ថ្មី។ តើ ជាអ្នកណា? អាហ្នឹង ជាចំណុច សំខាន់មួយ។ ហើយ មួយទៀត ពាក់ព័ន្ធ នឹងសញ្ជាតិពីរ របស់ សមាជិក គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត ថ្មី ក៏នៅតែ ជាបញ្ហាមន្ទិល។ ហើយ មួយទៀត អ្នក ដែលជាប់ ខ្សែស្រឡាយ សាច់ញាតិ របស់ បេក្ខជន តំណាងរាស្ត្រ, ឬក៏មេបក្ស, អនុប្រធានបក្ស នោះ ក៏អាច ជាបញ្ហា ត្រូវ ពិភាក្សាគ្នា បន្ថែមទៀតដែរ។»
គណបក្ស ទាំងពីរ បានបញ្ចប់វិបត្តិ នយោបាយ កាលពីថ្ងៃ ទី២២ ខែកក្កដា ឆ្នាំ២០១៤ បន្ទាប់ ពីជាប់គាំងដំណើរ រយៈពេល ១ឆ្នាំ ក្រោយការបោះឆ្នោត កាលពីឆ្នាំ ២១០៣ ដែលមាន ការចោទប្រកាន់ ពីការគៃបន្លំ សន្លឹកឆ្នោត ដ៏ធ្ងន់ធ្ងរនោះ។ បន្ទាប់មក គណបក្ស ទាំងពីរ បានព្រមព្រៀង គ្នា លើបញ្ហា មួយចំនួន ទាក់ទង នឹងការ កែទម្រង់ គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត។ គណបក្ស ទាំងពីរ បានសម្រេច ជ្រើសរើស សមាជិក គ.ជ.ប. តាមរូបមន្ត ៤ បូក៤ បូកនឹង១ ដោយមានន័យ ថា, គណបក្ស នីមួយៗ ជ្រើសរើស សមាសភាព បួនរូបម្ខាង, ហើយ គណបក្ស ទាំងពីរ ត្រូវ ជ្រើសរើស សមាសភាព ទី៩ ដោយការព្រមព្រៀងគ្នា ជាឯកឆន្ទ។ ឥស្សរជន មួយរូបនោះ ត្រូវ បានជ្រើសរើស រួចហើយ គឺ លោកស្រី ពុង ឈីវកេក ប្រធាន អង្គការ សិទ្ធិមនុស្ស លីកាដូ ដែលគេ ចាត់ទុក ថា, ជាជន ឯករាជ្យ។ ក្រុមការងារ ទាំងពីរ នៅតែ បន្តជួបប្រជុំគ្នា ជាហូរហែ លើបញ្ហា ផ្សេង ទៀត ដែលបញ្ហា ទាំងនោះ ត្រូវ គេ រំពឹង ថា, នឹងដាក់បញ្ចូល ក្នុងសេចក្តីព្រាង រដ្ឋធម្មនុញ្ញ ដែលគេ រំពឹង ថា, សភា នឹងពិភាក្សា អនុម័ត នៅខែតុលា ខាងមុខ។
លោក ពុទ្ធា ហង្ស បានអះអាង ថា, ទំនុកចិត្ត រវាង គណបក្ស ទាំងពីរ ក្រោយការបញ្ចប់ វិបត្តិ នយោបាយ ដែលគាំងដំណើរ មួយឆ្នាំ ជារឿងសំខាន់ ក្នុងការបន្ត ការកែទម្រង់ ការបោះឆ្នោត។ តែ ក្រុមពលរដ្ឋ មានការភ្ញាក់ផ្អើល នៅពេល មានសង្គ្រាម ពាក្យសម្តី រវាង មេដឹកនាំ គណបក្ស ជំទាស់, គឺ លោក កឹម សុខា អនុប្រធាន សភា ទី១ និងមេដឹកនាំ គណបក្ស គ្រប់គ្រង ប្រទេស, គឺ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ទាក់ទង នឹងការដក ឬកម្រិតមុខ តំណែងគ្នា ទៅវិញ ទៅមកនោះ។
«ជាការ ព្រួយបារម្ភ ទៅវិញទេ នៅពេល ដែលនាយករដ្ឋមន្ត្រី ខ្មែរ និងអនុប្រធាន សភា មានការប្រឈម ពាក្យសម្តី ជាមួយគ្នា, ធ្វើឲ្យ ប្រជាពលរដ្ឋ មានការមន្ទិល ថា, តើ គណបក្ស ទាំងពីរ នៅមាន ការកាច់កុងគ្នា អី តទៅទៀត?»
ក្រុម អ្នកសង្កេតការណ៍ ដែលចង់បាន ច្បាប់បោះឆ្នោត មួយ មានលក្ខណៈ សេរី និងយុត្តិធម៌ ត្រឹមត្រូវនោះ បានបញ្ជាក់ ថា, ការតាក់តែងច្បាប់ និងការជ្រើសរើស សមាសភាព ឲ្យបានល្អ នឹងក្លាយ ជារឿងពិបាក សម្រាប់ ការសម្រេចចិត្ត របស់ មេដឹកនាំ គណបក្ស ទាំងពីរ, ជាពិសេស ប្រធាន គ.ជ.ប. ថ្មី។ នេះ ជាការអះអាង របស់ លោក គុល បញ្ហា នាយកប្រតិបត្តិ នៃអង្គការ ឃ្លាំមើល ការបោះឆ្នោត មួយទៀត ឈ្មោះ ខុមហ្រ្វែល។
«ទោះបី គណបក្ស ទាំងពីរ ចង់បាន ឥទ្ធិពល ទៅលើប្រធាន ហ្នឹងក្តី ក៏ប្រហែល ជាមានបញ្ហាដែរ ប្រសិនបើ នៅតែ ប្រទាញប្រទង់ ថា ម្នាក់ៗ ចង់បាន ឥទ្ធិពល ទៅលើរឿង រើសប្រធាន គ.ជ.ប. ហ្នឹង។ រឿងហ្នឹង ប្រហែល មិនចេញទេ។»
លោក ផ្តល់យោបល់ដែរ ថា, មានវិធីខ្លះ ដែលអាច ទទួលយកបាន ទាំងអស់គ្នា គឺ គណបក្ស ទាំងពីរ ស្រុះស្រួល ជ្រើសរើស អ្នកឯករាជ្យម្នាក់ ដែលគណបក្ស ទាំងពីរ បានព្រមព្រៀងហើយ ឲ្យធ្វើ ជាប្រធាន ឬក៏សមាជិក គ.ជ.ប. ទាំងអស់ ត្រូវ សម្រេចខ្លួនគេ ក៏ជាលទ្ធភាព មួយដែរ។ នៅមាន លទ្ធភាព ច្រើនទៀតដែរ ដូចជា ថា, គណបក្ស ទាំងពីរ បង្កើតយន្តការ ត្រួតពិនិត្យគ្នា ទៅវិញទៅមក ដល់មូលដ្ឋាន តាមរយៈ គណបក្សមួយ ជាប្រធាន, គណបក្ស មួយទៀត ជាអគ្គលេខាធិការ ឬក៏គណបក្ស ប្រជាជន ជាប្រធាន, ហើយ គណបក្ស សង្គ្រោះជាតិ ជាអនុប្រធាន ជាដើម។
លោក សុខ ទូច សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ខេមរៈ និងជាអ្នកវិភាគ មួយរូប បានអះអាង ថា, ច្បាប់ប្រទេស កម្ពុជា មានការចែង ច្បាស់លាស់ហើយ ចំពោះ បញ្ហាសញ្ជាតិពីរ, ហើយ បញ្ហាដាក់បញ្ចូល ខ្សែស្រឡាយនោះ ជារឿងកើតឡើង ដដែលៗ ក្នុងប្រទេស កម្ពុជា ទាំងក្នុង គណបក្សជំទាស់ និងគណបក្ស គ្រប់គ្រង ប្រទេស។
«ជាការណ៍ពិត នៅក្នុងច្បាប់ រដ្ឋធម្មនុញ្ញ បានចែងច្បាស់ ថា, បើសិន ជាគាត់ មានសញ្ជាតិខ្មែរ ពីកំណើត, គាត់ អាចឈរបាន ទោះបី គាត់ មានសញ្ជាតិ ពីរ ក៏ដោយ។ រឿងហ្នឹង គឺ ជាបញ្ហាមួយ។ បញ្ហាទីពីរ ទាក់ទង ទៅនឹង បញ្ហាបងប្អូននេះ, គឺ ជាទម្លាប់ គេ ហៅថា ផ្នត់គំនិត របស់ អាស៊ី, ហើយ កម្ពុជា រឿងបងប្អូន ខ្សែស្រឡាយហ្នឹង គឺ មិនអាច កាត់ផ្តាច់ បានទេ។»
ការព្រួយបារម្ភ អំពី រឿងនេះ កើតឡើង ដោយសារ តែ គេ អាចដឹងថា, មានបេក្ខជន សមាជិក គ.ជ.ប. ខ្លះ ដែលមាន ដើមកំណើត ខ្មែរ, តែ ចូលសញ្ជាតិ បរទេស, ហើយ នឹងមាន ការជាប់សាច់ញាតិ មេដឹកនាំ គណបក្ស នយោបាយដែរ ទោះជាគេ មិនទាន់បាន បញ្ចេញ អត្តសញ្ញាណ ឲ្យដឹងជាផ្លូវការក្តី។
ទោះ ជាយ៉ាងណាក្តី លោក សុខ ទូច បានបន្ថែមថា លោក ចង់ឲ្យគេ ផ្តោតការ យកចិត្ត ទុកដាក់ បង្កើតយន្តការ គ.ជ.ប. ដ៏ល្អមួយ ជាជាង ការជ្រើសរើស សមាសភាព ដែលជារឿង សំខាន់ បន្ទាប់នោះ។
ក្រុមការងារ បច្ចេកទេស នៃគណបក្ស ទាំងពីរ គ្រោងនឹងជួប ប្រជុំគ្នា ជាថ្មី នៅចុងខែ កញ្ញានេះ ដើម្បី អ្វីមួយ ដែលគេ អះអាង ថា, មានគោលបំណង បញ្ចប់បញ្ហា សេសសល់ មុនពេល សភា ចាប់ផ្តើម កិច្ចប្រជុំ នៅខែតុលា។ គណបក្ស ទាំងពីរ ក៏នឹងបន្ត ពិភាក្សា លើបញ្ហា ផ្សេងៗ ទៀត ទាក់ទង នឹងសេចក្តី ព្រាងច្បាប់ បោះឆ្នោត ដែលត្រូវ ចែងលម្អិត ពីតួនាទី និងការទទួល ខុសត្រូវ ឬនីតិវិធីនានា សម្រាប់ ការអនុវត្ត ពីថ្នាក់ជាតិ ដល់ថ្នាក់ មូលដ្ឋាន នោះ៕
No comments:
Post a Comment